ភ្នំពេញៈ ប្រទេស​កម្ពុជា​ដែល​ធ្លាប់តែ​ល្បីល្បាញ​អំពី​ការធ្វើ​សង្គ្រាម​ និង​ប្រល័យ​ពូជសាសន៍​បាន​ប្រែក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​ធ្វើការ​ជ្រើសរើស​មេដឹកនាំ​តាមរយៈ​ការបោះឆ្នោត​។ នេះ​ជាការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី ​៤ ខែមិថុនា ក្នុង​ជំនួប​ជាមួយនឹង​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ ដែល​មក​សង្កេតការណ៍​ពី​ដំណើរការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​ ៥​។

អ្នកសង្កេតការណ៍​អន្តរជាតិ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​សង្កេតការណ៍​ពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​មានដូចជា​អង្គការ CDI, CAPDI, ICAPP, IPTP និង AIPA ជាដើម​។ ប្រតិភូ​អ្នក​សង្កេតការណ៍​អន្តរជាតិ​នេះ ពួកគេ​អញ្ជើញ​ចុះ​ទៅតាម​មណ្ឌល​បោះឆ្នោត​នានា ដើម្បី​សង្កេត​ និង​វាយតម្លៃ​ដោយផ្ទាល់​ពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ថ្ងៃទី ​៥ មិថុនា ឆ្នាំ​ ២០២២​។

ក្នុង​ជំនួប​នេះ លោក Andres Pastrana និង​ប្រតិភូ​ទាំង ១១ ​ក្រុម រួមទាំង​ប្រតិភូ​ខ្មែរ​សញ្ជាតិ​បរទេស​មកពី​ប្រទេស​អូស្ត្រាលី និង​កូរ៉េ បាន​គោរព​សម្ដែង​នូវ​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អញ្ជើញ​ប្រតិភូ​ទាំងអស់​មក​សង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅពេលនេះ​។

នាឱកាស​នោះ លោក ហ៊ុន សែន ​ក៏បាន​ថ្លែង​អំណរគុណ​ជូន​ចំពោះ​ប្រតិភូ​សង្កេតការណ៍​ទាំងអស់ ដែល​បានមក​ធ្វើការ​សង្កេតការណ៍​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​នាពេលនេះ ដោយ​សង្កេតមើល​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​មួយ ដែល​ធ្លាប់តែ​ល្បីល្បាញ​អំពី​ការធ្វើ​សង្គ្រាម ការកាប់សម្លាប់​ប្រល័យ​ពូជសាសន៍ ប្រែក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​។

លោក​បាន​លើកឡើង​ថា​៖ «​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​ ២០០២ ដែល​នេះ​ជាការ​បោះឆ្នោត​សកល ហើយ​ការបោះឆ្នោត​នេះ គឺជា​ការផ្ទេរ​អំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​បោះឆ្នោត​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា ស្រុក ខេត្ត ព្រឹទ្ធសភា​»​។ លោក​ ហ៊ុន សែន ក៏បាន​ប្រាប់​ប្រតិភូ​អំពី​ភាព​ជោគជ័យ​នៃ​ការគ្រប់គ្រង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​មកដល់​ពេលនេះ កម្ពុជា​មិនមាន​ការឆ្លង​រយៈពេល​ជិត​ ៣០ ថ្ងៃ​ហើយ ហើយ​លើសពីនោះ​ទៀត ការ​ដំណើរការ​ឃោសនា​បោះឆ្នោត​ ១៤ ​ថ្ងៃ​កន្លងមកនេះ គឺមាន ភាពរលូន​ល្អ គ្មាន​អំពើហិង្សា ទាំង​ពាក្យសម្ដី ទាំង​កាយវិការ​។

កាលពី​ថ្ងៃទី​ ៣​ មិថុនា លោក​ ហ៊ុន សែន បាន​ធ្វើការ​កោតសរសើរ​ និង​អរគុណ​ចំពោះ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​ ៤ កន្លងទៅ​ដែល​នឹងត្រូវ​ផុត​អាណត្តិ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដែល​ពួកគាត់​ «​បាន​ខិតខំ ប្រឹងប្រែង​ការពារ និង​បម្រើ​ប្រជាពលរដ្ឋ​បានល្អ​ណាស់​» ជាពិសេស​អំឡុងពេល​នៃ​ការប្រយុទ្ធ​ជាមួយនឹង​វីរុស​កូវីដ-១៩ រួម​នឹង​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ នៅតាម​ភូមិ ឃុំ ផងដែរ​។ លោក ហ៊ុន សែន បាន​ថ្លែង​នា​ថ្ងៃទី​ ០៣ ខែមិថុនា ថា​ថ្នាក់​ក្រុមប្រឹក្សាឃុំ សង្កាត់ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​បម្រើ​ដល់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ក្លា ក្នុង​អំឡុងពេល​កម្ពុជា​មាន​ជំនន់​ជន់​លិច​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​រួម​នឹង​រាជធានី​ភ្នំពេញ​ផងដែរ​។ លោក​ថា​៖ «​ការបិទខ្ទប់​នៅតាម​តំបន់​ខ្លះ ដោយសារ​ការរីករាល​នៃ​ជំងឺ​កូវីដ​ ១៩ តម្រូវ​ឱ្យ​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​ឃុំ ធ្វើ​សកម្មភាព​យ៉ាងច្រើន​ដើម្បី​បម្រើ​ដល់​ប្រជាពលរដ្ឋ​។ ទាំងនេះ​ជា​ការ​មិនអាច​បំភ្លេច​បាន​នូវ​គុណបំណាច់ ដែល​បងប្អូន​បាន​លះបង់​បានធ្វើ​នាពេល​កន្លង​ទៅនេះ​»​។ លោក ហ៊ុន សែន បន្ថែមថា កំហុសឆ្គង​ខ្លះ​បាន​កើតមានឡើង​ដោយ​ចៀស​មិន​រួច ប៉ុន្តែ​កំហុស​នោះ បើ​ប្រៀបធៀប​ជាមួយនឹង​គុណសម្បត្តិ​ដែល​ក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើ​នាពេល​កន្លងទៅ​គឺមាន​គុណ​ធំធេង លើសលប់ ប្រៀបធៀប​ទៅនឹង​គុណវិបត្តិ​ដែល​កើតមាន​ដោយ​អន្លើ​។

លោក​បាន​បញ្ជាក់ថា៖ «​ខ្ញុំ​សុំ​អរគុណ​ចំពោះ​សមាជិក​សមាជិការ​ក្រុមប្រឹក្សាឃុំ សង្កាត់​ទាំងអស់ ដែល​បានធ្វើ​កិច្ចការ​ដ៏​ល្អ​ក្នុង​រយៈពេល​កន្លងទៅនេះ ហើយ​ខ្ញុំ​ក៏​នៅតែ​ទុកចិត្ត​ទៅលើ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​នៅតែ​បន្ត​អាណត្តិ​បន្ត​យកចិត្ត​ទុកដាក់ មើល​ប្រជាពលរដ្ឋ​ទៀត​»​។ ជាមួយ​គ្នា​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​មានការ​ពិនិត្យ​លើ​ការប្រើប្រាស់​គ្រឿង​ស្រវឹង មុនពេល​ និង​ថ្ងៃ​បោះឆ្នោត និង​វិធានការ​សុខាភិបាល ៣ ​កុំ និង​ ៣ ​ការពារ​ផងដែរ​។ លោក ក៏បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​បណ្តា​គណបក្ស​នយោបាយ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​ច្បាប់​តាមរយៈ​នៃ​ការរៀបចំ​ដំណើរការ​តាមច្បាប់​បោះឆ្នោត និង​ការ​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

លោក​ថា​៖ «​សង្ឃឹមថា បណ្តា​គណបក្ស​នយោបាយ​ទាំងអស់​នឹង​ចូលរួម​ជាមួយ​គ្នា ដើម្បី​ជោគជ័យ​នៃ​ដំណើរការ ប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុង​ប្រទេស​របស់​យើង​នៅ​ថ្ងៃអាទិត្យ​ខាងមុខ​នេះ ​(៥ មិថុនា​) ហើយ​សង្ឃឹមថា យើង​ទាំងអស់​គ្នា​ទទួល​យក​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ប្រជាជន​នឹង​ផ្តល់​សម្រាប់​យើង​»​។

លោកស្រី គង់ សុភាព មេឃុំ​​រហាត់ទឹក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ដែលជា​ថ្ងៃ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ថា លោកស្រី​សប្បាយចិត្ត​ក្នុង​ការ​បំពេញ​តួនាទី​ជា​មេឃុំ​រហាត់ទឹក​នេះ ដោយ​លោកស្រី​បាន​ជួយ​ប្រជាពលរដ្ឋ ជួយ​ដល់​ប្រទេសជាតិ​របស់​លោកស្រី​ផងដែរ​។

លោកស្រី​បាន​ថ្លែងថា៖ «​ក្នុងអំឡុង​ពេលដែល​ប្រទេស​យើង​ជួបនឹង​ផល​លំបាក​ខ្លាំង​ក្នុងពេល​នៃ​ការរីក​រាលដាល​ពី​ជំងឺ​កូវីដ-១៩ គឺជា​ពេលវេលា​មួយ ដែល​គ្រប់គ្នា​ជួប​ទុក្ខ​ធុរៈ​មិនថា​តែ​ពលរដ្ឋ អាជ្ញាធរ​នោះទេ គឺ​ថ្នាក់​ដឹកនាំ​ជួប​ការលំបាក​ជាងគេ ប៉ុន្តែ​ក្នុង​នាម​ជា​អាណាព្យាបាល​ប្រជាពលរដ្ឋ​យើង​ជួយ​ពួកគាត់​ដោយ​មិន​ខ្លាច​នឿយហត់​ឡើយ​»​។

លោកស្រី​ គង់ សុភាព ​អះអាងថា លោកស្រី​បាន​បំពេញ​ការងារ​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​មិនដែល​គិតពី​ម៉ោង​ការងារ​រដ្ឋបាល​ឡើយ ដោយ​ធ្វើយ៉ាងណា​ត្រូវ​ការពារ​ និង​ជួយ​ដោះស្រាយ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា​៕