ភ្នំពេញៈ អង្គការ​សម្ព័ន្ធ​សន្តិភាព​សកល (UPF) របស់​កូរ៉េ​ខាងត្បូង ស្នើសុំ​ទស្សនៈ​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សម្ព័ន្ធ​សន្តិភាពសកល ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​ការស្វែងរក​សន្តិភាព​សម្រាប់​ពិភពលោក​។ នេះ​បើតាម​ហ្វេសប៊ុក​លោក​ ហ៊ុន សែន​។

ការស្នើសុំ​នេះ​ធ្វើឡើង​ក្នុងជំនួប​នា​ថ្ងៃទី​ ៤ ខែមិថុនា រវាង​លោក ហ៊ុន សែន និង​លោក យុន យ៉ុង ហូ (Yun Young Ho) អគ្គនាយក​អង្គការ UPF ក្នុងឱកាស​ដែល​លោក​មក​ប្រទេស​កម្ពុជា​នាពេល​នេះ ដើម្បី​ចូលរួម​សង្កេត​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​។

បើតាម​ហ្វេសប៊ុក លោកនាយក​រដ្ឋមន្ត្រី លោក Yun Young Ho លើកឡើង​ថា តាមរយៈ​ប្រវត្តិរូប​របស់​លោក ហ៊ុន សែន ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុងពេល​នៃ​ការទទួល​ពានរង្វាន់​ស៊ុនហាក់ ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ពេល​កន្លងទៅ បាន​ធ្វើ​ឱ្យ​មាន​ការចាប់​អារម្មណ៍ និង​ស្ញប់ស្ញែង​យ៉ាងខ្លាំង​នៅ​ទូទាំង​ពិភពលោក​។

ហ្វេសប៊ុក​ដដែល​បាន​ដកស្រង់​សម្តី​លោក Yun Young Ho ថា លោក ហ៊ុន សែន បាន​ឆ្លងកាត់ និង​ជម្នះ​នូវ​រាល់​បញ្ហា​យ៉ាងច្រើន ដើម្បី​រំដោះ​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍ បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង និង​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ពិសេស​ជម្នះ​បាន​នូវ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​-១៩ និង​ដំណើរការ​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​ឯកឧត្តម​ [​លោក Yun Young Ho] បាន​សុំ​នូវ​ទស្សនៈ​របស់​សម្តេច​តេជោ​ធ្វើយ៉ាងណា​ឱ្យ​សម្ព័ន្ធ​សន្តិភាព​សកល​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុងការ​ស្វែងរក​សន្តិភាព​សម្រាប់​ពិភពលោក​»​។

លោក ហ៊ុន សែន បាន​អរគុណ​លោក Yun Young Ho ដែល​បានមក​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​នៅ​កម្ពុជា ដែលជា​កត្តា​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក​ស្នើឱ្យ​មាន​ការ​ជួបជុំគ្នា​រវាង​ឥស្សរជន​ជាន់ខ្ពស់ និង​អ្នកវាយតម្លៃ ធ្វើការ​សម្របសម្រួល ធ្វើការ​ជាមួយ​អង្គការ​ផ្សេងៗ​លើ​បញ្ហា​សន្តិភាព មិន​សម្រាប់តែ​អាស៊ី​ប៉ាស៊ីហ្វិក​ទេ ប៉ុន្តែ​សម្រាប់​ពិភពលោក​ទាំងមូល ជាពិសេស​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​ពិភពលោក​ក្នុងពេល​បច្ចុប្បន្ន​។

ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​ ២០២២ កាលពី​ខែកុម្ភៈ ដែល​រៀបចំ​ដោយ​អង្គការ UPF នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​កំពូលៗ និង​អ្នកជំនាញ​មកពី​ជាង ១០០ ប្រទេស លោក ហ៊ុន សែន បាន​ចែករំលែក​បទពិសោធ​របស់​កម្ពុជា ក្នុង​ការ​ស្វែងរក​សន្តិភាព ការកសាង​សន្តិភាព និង​ការផ្សះផ្សា​ជាតិ ដោយ​លោក​លើកឡើង​ថា សង្គ្រាម​មិនអាច​បញ្ចប់​សង្គ្រាម​បានទេ​តែ​ត្រូវ​ជំរុញ​ឱ្យមាន​កិច្ចសន្ទនា​ដោយ​សន្តិវិធី និង​ការចរចា​ឈ្នះ ឈ្នះ ដើម្បី​បញ្ចប់​សង្គ្រាម​។

កាល​ខែកុម្ភៈ​នោះដែរ​អង្គការ UPF បានប្រគល់​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ ដល់​លោក ហ៊ុន សែន ដែលជា​ពានរង្វាន់​អន្តរជាតិ សម្រាប់​បុគ្គល​ដែល​បានធ្វើ​ពលិកម្ម​អាយុជីវិត​ ដើម្បី​បុព្វហេតុ សន្តិភាព និង​បាន​បំផុសគំនិត​មនុស្ស​ជាតិ​ឱ្យ​ស្វែងរក​សន្តិភាព​ពិភពលោក​។

អង្គការ UPF បាន​ទទួល​ស្គាល់​លោក ហ៊ុន សែន ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អស់​ ១ ​ជីវិត និង​សមិទ្ធផល​ក្នុង​ការបញ្ចប់​សង្គ្រាម​ស៊ីវិល ដែល​អូសបន្លាយ​អស់​ជាច្រើន​ទសវត្សរ៍ និង​ការបង្កើត​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា​៕