ភ្នំពេញៈ សហរដ្ឋអាមេរិក​ប្រកាស​ប្តេជ្ញាចិត្ត​ក្នុង​ការ​ពិភាក្សា​គ្នា​ដោយ​បើកចំហ​ជាមួយ​យុវជន​កម្ពុជា​ និង​ពង្រីក​ទំនាក់​ទំនង​យូរអង្វែង​រវាង​សហរដ្ឋអាមេរិក និង​ប្រជាជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ស្របពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ ២០២២ នេះ​។

ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ឱ្យដឹង​តាមរយៈ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ៣ ខែមិថុនាថា លេខា​ទី​១ នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ និង​ជា​អ្នកសម្របសម្រួល​កិច្ចការ​អាស៊ាន លោកស្រី Bic Leu បាន​ថ្លែង​ទៅកាន់​និស្សិត​ជិត​ ៤០ នាក់​ ​ដែល​មកពី​សាកល​វិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​មជ្ឈមណ្ឌល AmCam របស់​ស្ថានទូត​អាមេរិក ​កាលពី​ថ្ងៃទី ២៤ ខែឧសភា​។ ប្រធានបទ​នៃ​កិច្ចពិភាក្សា​នេះ គឺ​ស្តីអំពី​ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋអាមេរិក ​និង​សមាគម​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​សហរដ្ឋអាមេរិក និង​សមាគម​អាស៊ាន​កាលពី​ខែឧសភា​នៅ​ទីក្រុង​វ៉ាស៊ីនតោន ដែល​រៀបចំ​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden​។

ស្ថានទូត​អាមេរិក​បញ្ជាក់ថា និស្សិត​ដែល​ចូលរួម​កិច្ចពិភាក្សា​នេះ​បាន​សួរ​សំណួរ​ «​ល្អ​ណាស់​» ទៅកាន់​លោកស្រី Bic Leu ស្តីពី​អនាគត​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​សមាគម​អាស៊ាន​។ ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​សហរដ្ឋ​អាមេរិក​មាន​ការប្តេជ្ញាចិត្ត ចំពោះ​ការពិភាក្សា​គ្នា​ដោយ​បើកចំហ​ជាមួយ​យុវជន​កម្ពុជា​។ ក្នុងពេល​ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ ២០២២ នេះ យើង​សូម​អបអរ​ទំនាក់ទំនង​យូរអង្វែង​រវាង​សហរដ្ឋអាមេរិក និង​ប្រជាជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​»​។

លោក ហេង គីមគង់ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​ថ្លែងថា វា​គឺជា​ការប្រសើរ​ដែល​ឃើញ​សកម្មភាព​តភ្ជាប់​ទំនាក់ទំនង​របស់​អាមេរិក ជាពិសេស​ជាមួយ​យុវជន​កម្ពុជា​ដែលជា​ក្តីសង្ឃឹម​ និង​អនាគត​របស់​កម្ពុជា​។ ការពិភាក្សា​ដោយ​បើកចំហ​នេះ​នឹង​អនុញ្ញាត​ឱ្យ​យុវជន​កម្ពុជា​លើកឡើង​នូវ​កង្វល់ និង​បំណងប្រាថ្នា​របស់​ពួកគេ​សម្រាប់​ប្រទេស​កម្ពុជា​៕