ភ្នំពេញៈ ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​ (​កកជ​) សហការ​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP) របស់​អង្គការ​សហប្រជាជាតិ រៀបចំ​កម្មវិធី​សម្ពោធ​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ស្តីពី​បណ្ដាញ​ធុរកិច្ច​នៃ​ចលនា​បង្កើន​អាហារូបត្ថម្ភ​កាលពី​ចុងខែ​ឧសភា តាមរយៈ​ប្រព័ន្ធ​វីដេអូ Zoom ដែលមាន​អ្នកចូលរួម​ប្រមាណ​ ១១៥ ​នាក់​។

យោងតាម​ការិយាល័យ​ប្រព័ន្ធ​ព័ត៌មាន​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​កម្ពុជា បាន​ឱ្យដឹង​កាលពី​ចុងខែ​ឧសភា​កន្លង​ទៅនេះ ថា យុទ្ធសាស្ត្រ​ស្តីពី​បណ្ដាញ​ធុរកិច្ច​នៃ​ចលនា​បង្កើន​អាហារូបត្ថម្ភ​ត្រូវ​បាន​សម្ពោធ​ផ្សព្វផ្សាយ ដោយ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ដោយ​មាន​ការសហការ​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​។

លោក​ សុខ ស៊ីឡូ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​អ្នក​សម្របសម្រួល​ប្រចាំ​ប្រទេស​នៃ​ចលនា​បង្កើន​អាហារូបត្ថម្ភ​កម្ពុជា បាន​លើក​ឡើងថា ចលនា​បង្កើន​អាហារូបត្ថម្ភ​នៅ​កម្ពុជា​មាន​បណ្តាញ​សំខាន់​ចំនួន​ ៤​។ បណ្តាញ​ទាំងនោះ​មាន​បណ្តាញ​អង្គការ​សហប្រជាជាតិ ដឹកនាំ​សម្របសម្រួល​ដោយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​។ បណ្តាញ​ម្ចាស់ជំនួយ ដែល​ដឹកនាំ​សម្របសម្រួល​ដោយ​តំណាង​ស្ថានទូត​សហព័ន្ធ​អាល្លឺម៉ង់​។ បណ្តាញ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល ដឹកនាំ​សម្របសម្រួល ដោយ​អង្គការ FIDR និង​បណ្តាញ​ធុរកិច្ច ដែល​បង្កើត​ដោយ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។

លោក​ សុខ ស៊ីឡូ បាន​បញ្ជាក់ថា​៖ «​បណ្តាញ​ធុរកិច្ច​នៃ​ចលនា​បង្កើន​អាហារូបត្ថម្ភ គឺជា​វេទិកា​សម្រាប់​វិស័យ​ឯកជន​ក្នុង​ការ​ចូលរួម​លើកកម្ពស់​អាហារូបត្ថម្ភ តាមរយៈ​ការប្តេជ្ញាចិត្ត ការវិនិយោគ ការជួបជុំ​ពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធ​ និង​គំនិត​ផ្តួចផ្តើម​ថ្មីៗ និង​បំផុស​តួអង្គ​ដទៃទៀត​ឱ្យចូល​រួមជាមួយ​»​។

បណ្តាញ​នេះ ក៏​ជា​វេទិកា​ ដើម្បី​រៀនសូត្រ​ពីគ្នា​ទៅវិញ​ទៅមក និង​ពី​អ្នកជំនាញ​នានា ដើម្បី​កែលម្អ​ប្រតិបត្តិការ និង​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​។ ការចូលរួម​របស់​វិស័យ​ឯកជន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការលើក​កម្ពស់​អាហារូបត្ថម្ភ​ និង​របប​អាហារ​សុខភាព​ប្រកបដោយ​ចីរភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។

ការិយាល័យ​ប្រព័ន្ធ​ព័ត៌មាន​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​កម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា វិស័យ​ឯកជន​មាន​វត្តមាន និង​ទំនាក់​ទំនង​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​នៃ​ប្រព័ន្ធ​ស្បៀង រាប់​ពី​ផលិតកម្ម​ស្បៀង ខ្សែចង្វាក់​ផ្គត់ផ្គង់ ការកែច្នៃ ការបង្កើត​ផលិតផល​ថ្មី និង​ការធ្វើ​ទីផ្សារ​ផលិតផល​។

ប្រភព​ដដែល​បន្តថា​៖ «​ខ្សែចង្វាក់​ផ្គត់ផ្គង់​ស្បៀងអាហារ បរិស្ថាន​ស្បៀងអាហារ និង​ឥរិយាបថ​អ្នក​បរិភោគ មាន​ទំនាក់ទំនង​ប្រទាក់ក្រឡា​គ្នា និង​ផ្សារភ្ជាប់​យ៉ាងខ្លាំង​ជាមួយ​វិស័យ​ឯកជន ដែល​ទំនាក់​ទំនង​នេះ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​គុណភាព​របប​អាហារ និង​អាហារូបត្ថម្ភ​»​។

វិស័យ​ឯកជន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​លើកកម្ពស់​អាហារូបត្ថម្ភ​នៅ​កម្ពុជា តាមរយៈ​សកម្មភាព​ផលិត​ម្ហូបអាហារ​ដ៏សម្បូរបែប ចម្រុះ​មុខអាហារ​។ មាន​អាហារូបត្ថម្ភ​ល្អ មាន​សុវត្ថិភាព​ និង​មានតម្លៃ​សមរម្យ ដែល​អាច​រកបាន​គ្រប់​ទីកន្លែង ក៏ដូចជា​ការផ្គត់ផ្គង់​នូវ​សម្ភារ ឬ​ការ​ផ្តល់នូវ​សេវាកម្ម​នានា ដែល​ជួយ​លើកកម្ពស់​ការអនុវត្ត​វិធាន​អនាម័យ​ និង​លើកកម្ពស់​សុខុមាលភាព​មនុស្ស​ទូទៅ​។ កត្តា​ទាំងនេះ​ជះ​ផលវិជ្ជមាន​ដល់​លទ្ធផល​អាហារូបត្ថម្ភ​។

លើសពីនេះ​វិស័យ​ឯកជន​មួយចំនួន​បាន​ចាប់ផ្តើម​ធ្វើការ​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​អាហារ​មូលដ្ឋាន​សម្រាប់​បរិភោគ​ប្រចាំថ្ងៃ ដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល​អ៊ីយ៉ូដ​ជាដើម​។ កិច្ចការ​នេះ​គឺជា​កិច្ច​អន្តរាគមន៍​មួយ​ដ៏សំខាន់​មាន​ប្រសិទ្ធភាព​ខ្ពស់ ចំណាយ​តិច ចំណេញ​ពេលវេលា និង​អាចជួយ​លើកកម្ពស់​ស្ថានភាព​អាហារូបត្ថម្ភ និង​ផលិតភាព​ការងារ​របស់​ប្រជាជន​។

ការិយាល័យ​ប្រព័ន្ធ​ព័ត៌មាន​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​កម្ពុជា​បញ្ជាក់​ថា​៖ «​ការអនុវត្ត​នូវ​កម្មវិធី​អាហារូបត្ថម្ភ​នៅ​កន្លែង​ការងារ ជាពិសេស​សម្រាប់​ក្រុមហ៊ុន ដែលមាន​កម្លាំង​ពលកម្ម​ច្រើន ដូចជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ជាដើម ពិតជា​មាន​សារៈសំខាន់​ដល់​ការលើក​កម្ពស់​សុខភាព​ និង​ប្រសិទ្ធភាព​ការងារ​»៕