ភ្នំពេញៈ ​ប្រទេស​ក្នុង​តំបន់​ចំនួន​ ៣​ គឺ​កម្ពុជា វៀតណាម​ និង​ឡាវ​ បាន​ឯកភាព​គ្នា​ចាត់វិធានការ​អនុវត្ត​ការដាក់​ទោស​ទណ្ឌ​ឱ្យមាន​ប្រសិទ្ធភាព​ចំពោះ​ជនល្មើស​សត្វព្រៃ និង​បានប្រកាស​ប្តេជ្ញា​ចាត់ទុក​បទល្មើស​នេះ​ថា ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ខណៈ​ចំនួន​ករណី​បទល្មើស​សត្វព្រៃ​ដែល​បាន​ឈានដល់​តុលាការ​នៅ​ប្រទេស​ទាំង ​៣ ​នេះ​មាន​កម្រិត​ទាប​។

តំណាង​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក ប្រចាំ​កម្ពុជា ​(WWF) ​កាលពី​ថ្ងៃទី​ ២-៣ ខែមិថុនា បាន​ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​ស្តីពី​យុត្តិធម៌​សម្រាប់​ឧក្រិដ្ឋកម្ម​សត្វព្រៃ​ (Justice for Wildlife Crime) ដែល​ធ្វើឡើង​នៅ​តុលាការ​កំពូល​កម្ពុជា និង​តាម​ប្រព័ន្ធ​វីដេអូ​។

ក្នុង​សន្និសីទ​រយៈពេល​ ២ ​ថ្ងៃនេះ ចៅក្រម និង​ព្រះរាជអាជ្ញា​នៃ​ប្រទេស​ទាំង​ ៣ បានមក​ចូលរួម​ពិភាក្សា​អំពី​បទល្មើស​សត្វព្រៃ​ ដោយសារ​ចំនួន​ករណី​បទល្មើស​ដែល​បាន​ឈានដល់​តុលាការ​មាន​កម្រិត​ទាប​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ WWF ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​ ៣ ខែមិថុនា បាន​ឱ្យដឹងថា តុលាការ​កំពូល​ជាតិ​ចំនួន​ ៣​ នៃ​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ​បាន​ជួបប្រជុំគ្នា​ ដើម្បី​ពិភាក្សា​លើ​ការកាត់ទោស​ឧក្រិដ្ឋកម្ម​សត្វព្រៃ ដោយ​ចាត់ទុក​ថា ជា​ឧក្រិដ្ឋកម្ម​ដែលមាន​ការរៀបចំ​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​មហា​ទន្លេមេគង្គ និង​កំណត់​ផ្លូវ​ឆ្ពោះ​ទៅរក​ភាពប្រសើរ​ឡើង​នៃ​យុត្តិធម៌​សម្រាប់​សត្វព្រៃ​។

សន្និសីទ ដែល​សហការ​រៀបចំ​ដោយ​តុលាការ​កំពូល​ប្រជាជន​ឡាវ និង​ក្រសួងកសិកម្ម​ និង​រុក្ខាប្រមាញ់​ឡាវ​ត្រូវបាន​កោះប្រជុំ​ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ ការកាត់ទោស និង​អត្រា​ផ្តន្ទាទោស​ចំពោះ​ឧក្រិដ្ឋកម្ម​សត្វព្រៃ​នៅក្នុង​តំបន់​។

អនុប្រធាន​តុលាការ​កំពូល​ប្រជាជន​ឡាវ លោក ខាំផាញ ប៊ុនខាខុម បានឱ្យ​ដឹងថា នេះ​ជា​លើក​ទី​ ១ ​ហើយ​ដែល​តុលាការ​បានរៀបចំ​ព្រឹត្តិការណ៍​ដែលជា​សមត្ថភាព​ដ៏សំខាន់​លើ​ការគាំទ្រ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​កាត់ទោស​ឧក្រិដ្ឋកម្ម​សត្វ​ព្រៃ​។

លោក​បាន​លើកឡើង​ថា៖ «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ឮថា សម​ភាគី​របស់​យើង​នៅ​កម្ពុជា​ និង​វៀតណាម​ក៏​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទៅវិញ​ទៅមក​របស់​យើង​លើ​យុត្តិធម៌​សម្រាប់​សត្វព្រៃ ហើយ​ខ្ញុំ​សង្ឃឹមថា យើង​អាច​បន្ត​ប្រើប្រាស់​យន្តការ​ដែលមាន​ស្រាប់ ដើម្បី​ចែករំលែក​បទពិសោធ និង​មេរៀន​របស់​យើង​ក្នុង​វិស័យ​តុលាការ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​​ហើយ​ចាត់ទុក​វា​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​»​។

ចំណែក​លោក​ JedsadaTaweekan ​អ្នកគ្រប់គ្រង​ពាណិជ្ជកម្ម​សត្វព្រៃ​ខុសច្បាប់​ក្នុង​តំបន់​សម្រាប់ WWF-Greater Mekong ​បាន​លើកឡើង​ដែរ​ថា លោក​បាននិង​កំពុង​ធ្វើការ​ ដើម្បី​ជួយ​កែលម្អ​ការសម្រប​សម្រួល​ ​និង​កិច្ចសហប្រតិបត្តិការ​រវាង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ទាំង​ក្នុង​ប្រទេស និង​ឆ្លង​ព្រំដែន ហើយ​លោក​បាន​ទទួល​ស្គាល់ពី​តួនាទី​សំខាន់​ដែល​ព្រះរាជអាជ្ញា​ និង​តុលាការ​ត្រូវធ្វើ​ និង​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​បទល្មើស​សត្វព្រៃ​ឱ្យ​ដូចនឹង​បទល្មើស​គ្រឿងញៀន​ និង​ការជួញដូរ​មនុស្ស​ដែរ​។

លោក​បានឱ្យ​ដឹងថា​៖ «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​ចៅក្រម​មកពី​តុលាការ​កំពូល​នៃ​ប្រទេស​ទន្លេមេគង្គ​ទាំង​ ៣​ កំពុង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការកែលម្អ​ការកាត់ទោស​ឧក្រិដ្ឋកម្ម​សត្វព្រៃ​ ​និង​ផ្ញើ​សារ​ច្បាស់លាស់​ទៅកាន់​ប្រទេស​របស់​ពួកគេ​ និង​សហគមន៍​អាស៊ាន​ធំៗ​ថា ពួកគេ​ចាត់ទុក​ឧក្រិដ្ឋកម្ម​សត្វព្រៃ​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​»​។

នាយក​អង្គការ WWF-កម្ពុជា លោក សេង ទៀក បាន​ឱ្យដឹងថា កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ជិតខាង ដើម្បី​ដោះស្រាយ​​ឧក្រិដ្ឋកម្ម​សត្វព្រៃ​តាមរយៈ​ប្រព័ន្ធតុលាការ​ដ៏​មាន​ប្រសិទ្ធភាព​អាច​លុបបំបាត់​បណ្តាញ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ និង​សមាគម​សត្វព្រៃ​ផងដែរ​។

លោក​ថា ឧក្រិដ្ឋកម្ម​សត្វព្រៃ​ឆ្លងដែន​មិន​ត្រឹមតែ​បំផ្លាញ​កិច្ចខិតខំ​ប្រឹងប្រែង​នូវ​ការអភិរក្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ វិបុលភាព​សេដ្ឋកិច្ច និង​សុខភាព​សាធារណៈ​ផងដែរ​។

លោក សេង ទៀក បាន​បញ្ជាក់ថា​៖ «​អង្គការ WWF ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើការ​ជាមួយ​ប្រព័ន្ធ​យុត្តិធម៌​នៃ​ប្រទេស​កម្ពុជា​ក្នុងការ​ពង្រឹង​ឧបករណ៍​ផ្លូវច្បាប់​​ និង​ការបង្កើន​ការកាត់ទោស​ដែលនាំឱ្យ​មានការ​កាត់ទោស​កាន់តែ​ធ្ងន់ធ្ងរ​ចំពោះ​ជនល្មើស​នៃ​ឧក្រិដ្ឋកម្ម​សត្វព្រៃ​អន្តរជាតិ​»៕