ភ្នំពេញៈ លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​បាន​ប្តេជ្ញា​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៅ​កម្ពុជា​បន្ថែមទៀត​ ដើម្បី​ជំរុញ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ឱ្យមាន​វឌ្ឍនភាព​តទៅ​មុខ​។ ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​ ២​ មិថុនា ក្នុងជំនួប​រវាង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក Christian Berger ដែល​នឹងត្រូវ​ចប់​បេសកកម្ម​ឆាប់ៗ​ក្នុងពេល​ខាងមុខ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២ ខែ​មិថុនា​ បាន​ឱ្យដឹងថា លោក ស ខេង បាន​រំឭកថា ក្នុង​អាណត្តិ​ការទូត​របស់​ឯកអគ្គ​រដ្ឋទូត​នៅ​កម្ពុជា ពិតជា​មាន​ទំនាក់ទំនង​ការងារ​ជាមួយ​ភាគី​ទាំង​ ២​ យ៉ាង​ល្អប្រសើរ ព្រមទាំង​មាន​អនុស្សាវរីយ៍​ជាមួយ​គ្នា​យ៉ាងច្រើន​ពាក់ព័ន្ធ​នឹង​ទស្សនកិច្ច​សិក្សា និង​ការចុះ​ទៅកាន់​មូលដ្ឋាន​នានា ​ដើម្បី​ពិនិត្យ​ការងារ​ពាក់ព័ន្ធ​ដែល​គាំទ្រ​ដោយ​អាល្លឺម៉ង់ ក៏ដូចជា​ដៃគូ​មកពី​ប្រទេស​នានា​នៃ​សហភាព​អឺរ៉ុប​។

លោក ស ខេង ជឿជាក់​ថា ការធ្វើ​ទស្សនកិច្ច​រវាង​ភាគី​ទាំង​ ២​ កន្លងមក​នឹង​ក្លាយជា​ការអនុវត្ត​ជាក់ស្តែង​លើ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដោយសារ​ការងារ​នេះ​ពិតជា​មាន​សារៈសំខាន់​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ពុះពារ និង​ប្រឹងប្រែង​នាពេល​កន្លងមក​។ ខណៈ លោក Berger បាន​បង្ហាញ​ក្តី​រីករាយ​លើ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ពីព្រោះ​អាល្លឺម៉ង់​ក៏​ជា​ប្រទេស​មួយ​ដែលមាន​បទពិសោធ​យូរ​ឆ្នាំ​ក្នុង​កិច្ចការ​នេះដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ឯកឧត្តម [Berger] ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្ត​ទុកដាក់​ក្នុងការ​អនុវត្ត​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ដំណាក់កាល​ទី​ ២ ​បន្តទៀត ផ្អែកលើ​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ​ដ៏​មាន​សារៈសំខាន់​នេះ ឯកឧត្តម​នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​ដែល​នឹងត្រូវ​បន្តការងារ​ ដើម្បី​ធ្វើយ៉ាងណា​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​ បន្ថែមទៀត​ ដើម្បី​ជំរុញ​កិច្ចការងារ​នេះ​ឱ្យមាន​វឌ្ឍនភាព​តទៅ​មុខ​»​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៥ ខែមិថុនា ថា អាល្លឺម៉ង់​កន្លងមក​តែងតែ​គាំទ្រ​កិច្ចការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា​។

លោក​ថា​៖ «​ប្រសិនបើ​អាល្លឺម៉ង់​មានការ​គាំទ្រ​កិច្ចការ​នេះ​ជា​បន្តទៀត​វា​គឺជា​ប្រការ​ល្អ​ដែល​អាច​នឹង​ជួយ​ពង្រឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ការអភិវឌ្ឍ​ឃុំ​សង្កាត់ និង​ជួយ​កសាង​សមត្ថភាព​ឃុំ​សង្កាត់​ក្នុងការ​អនុវត្ត​អំណាច​វិមជ្ឈការ​របស់​ខ្លួន​»៕