ភ្នំពេញៈ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃទី ៦ ​មិថុនា ​បានប្រកាស​សាលដីកា​កំបាំងមុខ​ ជនជាប់ចោទ​ជនជាតិ​ជប៉ុន​ម្នាក់​ និង​មេធាវី​របស់​គាត់​ ដោយ​សម្រេច​តម្កល់​ទោស​ ២៥ ឆ្នាំ​ដដែល​របស់​សាលាឧទ្ធរណ៍ ​បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី ៣០ ​ឧសភា​ ឆ្នាំ ២០២២​ ពាក់ព័ន្ធ​គ្រឿង​ញៀន​មេ​តំ​ហ្វេតាមីន​ទម្ងន់​ជិត ​២ គីឡូក្រាម។

លោក​ចៅក្រម ​សេង នាង ​បាន​អាន​សាលដីកា​ក្នុង​បន្ទប់​សវនាការ​កំបាំង​មុខ​ជនជាប់ចោទ​នៅ​ថ្ងៃទី ៦ ​មិថុនា​ ថា ​កាលពី​ថ្ងៃ​ទី ៣០ ឧសភា​ ឆ្នាំ ២០២២ ​តុលាការ​កំពូល​បាន​បើកសវនាការ​ជំនុំជម្រះ ​សំណុំរឿង​គ្រឿងញៀន​របស់​ជនជាប់ចោទ​ឈ្មោះ​ NONAKA SHUNICHI ​អាយុ​ ៧៣ ឆ្នាំ​ជា​ជនជាតិ​ជប៉ុន។

លោក​ចៅក្រម​ថ្លែង​ក្នុង​បន្ទប់​សវនាការ​ជា​សាធារណៈ​ថា​៖ «តុលាការ​កំពូល​អាន​តែ​សេចក្តី​សម្រេច​ ពី​ការប្រកាស​សាល​ដីកា​នេះ​តែ​ប៉ុណ្ណោះ។ តុលាការ​កំពូល ​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ ដែល​ប្រកាស​នៅ​ថ្ងៃទី ២៨​ ខែ កញ្ញា ​ឆ្នាំ ២០២១ ​ទុកជា​បានការ​ដដែល»។

គួរ​រំឭកថា​ កាលពី​ថ្ងៃទី ៣០ ​ឧសភា ​ឆ្នាំ ២០២២ ​ដែលជា​ថ្ងៃ​បើក​សវនាការ​ ជនជាប់ចោទ​ឈ្មោះ​ NONAKA SHUNICHI បាន​និយាយប្រាប់​ចៅក្រម​ថា ​គិត​ដល់​ឆ្នាំ ២០២២ នេះ ​គាត់​មាន​អាយុ​៧៣ ឆ្នាំ ​ហើយ​ក៏មាន​វ័យ​ចំណាស់​ដែរ។ ​ម្យ៉ាង​ទៀត​គាត់​មានកូន​ចំនួន ​៤ នាក់ ​និង​មាន​ប្រពន្ធ​ដែល​គាត់​ត្រូវ​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ និងមាន​ឪពុកម្តាយ​ចាស់ជរា​ផង។

ជន​ជាប់ចោទ ​SHUNICHI ​បាន​ទទូច​ស្នើសុំ​ដល់​តុលាការ​ថា​៖ «ខ្ញុំ​ស្នើសុំ​តុលាការ​កំពូល​មេត្តា​បង្វិល​សំណុំរឿង​ទៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ដើម្បី​ជំនុំជម្រះ​ឡើង​វិញ។ ខ្ញុំ​មានកូន​ប្រុស​ម្នាក់​ត្រូវ​ប្រឡង​នៅ​ប្រទេស​ជប៉ុន​ ហើយ​ខ្ញុំ​ជា​ឪពុក​ចង់​ផ្តល់​កម្លាំង​ចិត្ត​ឱ្យគេ​នៅពេល​ដែល​គេ​ឃើញ​វត្តមាន​របស់​ខ្ញុំ»។

តាម​អង្គហេតុ​បង្ហាញថា​ កាលពី​ដើមខែ​អំឡុង​ខែកុម្ភៈ​ ឆ្នាំ ២០២០ ​ជនជាប់ចោទ​បានធ្វើ​ដំណើ​រ​ពី​ប្រទេស​ជប៉ុន​ មក​កម្ពុជា​ ដើម្បី​ជួប​ជាមួយ​បុរស​បរទេស​ម្នាក់នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ពិភាក្សា​ពី​ជំនួញ។ បន្ទាប់​មក​គាត់​បាន​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​អំឡុងពេល​ស្នាក់នៅ​នោះ​ក៏មាន​បុរស​ជនជាតិ​ថៃ​ម្នាក់​បានផ្ញើ​វ៉ាលិស ១ ​តាមរយៈ​គាត់ ​ដើម្បី​យក​ទៅ​ឱ្យ​សាច់ញាតិ​របស់គេ​ ដែល​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន។

អង្គហេតុ​បន្តថា ​លុះដល់​យប់​ថ្ងៃទី ១៥ ​ខែ កុម្ភៈ ​ឆ្នាំ ២០២០ ​ជន​ជាប់ចោទ​បាន​យួរ​វ៉ាលិស​ចំនួន ​២ ​ចូល​ក្នុង​ព្រលានយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​បម្រុង​ជិះ​យន្តហោះ​ទៅ​ប្រទេស​ជប៉ុន។ ប៉ុន្តែ​ពេល​ជន​ជាប់ចោទ​កំពុង​មាន​វត្តមាន​ក្នុង​ព្រលានយន្ត​ហោះ ​មន្ត្រី​គយ ​និង​នគរបាល​ប្រចាំ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ​មានការ​សង្ស័យ​ទៅលើ​វ៉ាលិស ​ដែល​ជន​ជាប់ចោទ​កំពុង​យួរ។ ពេល​នោះ​សមត្ថកិច្ច​គយ​បានហៅ​ជនជាប់ចោទ ​ដើម្បី​សុំ​ពិនិត្យ​វ៉ាលិស។ ក្រោយ​ឆែកឆេរ ​សមត្ថកិច្ច​បាន​រក​ឃើញ​ម្សៅ​គ្រឿងញៀន​មេតំហ្វេ​តាមីន ​៥ ដុំ ​ទម្ងន់ ​១ ៧០៥,៨៥ ក្រាម​ដាក់​សៀត​ក្នុង​វ៉ាលិស។ បន្ទាប់​មក ​ជនជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​និង​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​ដើម្បី​សាកសួរ​បន្ត។

សំណុំ​រឿងនេះ ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ ​និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ១៥ ​កញ្ញា ​ឆ្នាំ ២០២០​ ផ្តន្ទាទោស​ជន​ជាប់ចោទ​ដាក់​ពន្ធនាគារ ​២៥ ឆ្នាំ ​និង​ពិន័យ​ប្រាក់​ចំនួន​ ៤០ លាន​រៀល​ចូល​ថវិការដ្ឋ ​ចោទ​ពីបទ​ជួញដូរ​រក្សា​ទុក ​និង​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

ដោយ​មិន​សុខចិត្ត​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ​ជនជាប់ចោទ​បាន​ប្តឹង​ឧទ្ធរណ៍​ភ្នំពេញ ហើយ​ត្រូវបាន​សាលា​ឧទ្ធរណ៍​បើក​សវនាការ ​និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី ២៨​ ខែកញ្ញា ​ឆ្នាំ ២០២១ ​សម្រេច​តម្កល់​ទោស​ដដែល៕