ភ្នំពេញៈ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​និយាយថា ​ការបណ្ដោយឱ្យ​កូន​ក្រោម​អាយុ​ ១៨ ឆ្នាំ ​បើកបរ​រថយន្ត​លើ​ដងផ្លូវ​សាធារណៈ ​គឺជា​ការរំលោភ​បំពាន​ច្បាប់​ចរាចរណ៍​ដ៏ធ្ងន់​ធ្ងរ​ ដែល​ធ្វើឱ្យ​មាន​សោកនាដកម្ម ​និង​ការខាត​បង់​ធនធាន​ជាច្រើន​ទៀត ​ទាំង​ក្នុង​សង្គម​គ្រួសារ ​និង​សង្គម​ជាតិ។

ការលើក​ឡើង​នេះ ​បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​មួយ​នៅ​ឃុំក្របៅ ​ស្រុក​កំចាយមារ​ ខេត្ត​ព្រៃ​វែង ​កាលពី​ថ្ងៃទី ៥​ ខែ ឧសភា ​ឆ្នាំ ​២០២២ ​ដែល​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ ២ នាក់។

លោក ​គង់ រតនៈ ​អ្នកជំនាញ​ផ្នែក​សុវត្តិភាព​ចរាចរណ៍​ផ្លូវគោក ​ថ្លែង​នា​ថ្ងៃទី ៦ ​មិថុនា ​យោងតាម​មាត្រា ​៨ ថ្មី​ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថា ​អ្នកដែល​អាច​បើកបរ​រថយន្តបាន ​លុះត្រា​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​បើកបរ​រថយន្ត​នៅ​តាម​សាលា​បង្រៀន​បើកបរ​រថយន្ត។

អ្នកបើកបរ​ត្រូវបាន​ទទួល​ស្គាល់​ដោយ​ក្រសួង​ជំនាញ ​និងបាន​ប្រឡង​ជាប់​បណ្ណបើកបរ​រថយន្ត ​ជាពិសេស ​អ្នក​មាន​អាយុ​ចាប់​ពី ​១៨ ឆ្នាំ​ឡើង​ទៅ​សម្រាប់​រថយន្ត​តូច​លក្ខណៈ​គ្រួសារ។ ចាប់​ពី​អាយុ​២២ ឆ្នាំ​ឡើងទៅ ​សម្រាប់​រថយន្ត​ទេសចរណ៍ ​ដែលមាន​ ២៥ កៅអី​ចុះ ​និង​ចាប់ពី​អាយុ​ ២៤ ឆ្នាំ​ឡើង ​សម្រាប់​រថយន្ត​សណ្ដោង​រ៉ឺម៉ក ​និង​រថយន្ត​កុងតឺន័រ។

លោក​បញ្ជាក់ថា​៖ «ការបណ្ដោយ​ឱ្យ​កូនៗ​របស់​ខ្លួន​ក្រោម​អាយុ​ ១៨ ឆ្នាំ​ បើក​រថយន្ត​នៅតាម​ផ្លូវ​សាធារណៈ​ គឺជា​កំហុស​ឆ្គង​ដ៏ធំ​មួយ​របស់​ឪពុក​ម្ដាយ ​និង​អាណាព្យាបាល ​ហើយ​វា​មិន​ត្រឹមតែ​បង្កឱ្យ​មាន​សោកនាដកម្ម​នៅ​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ ​ថែមទាំង​បង្ក​ការខូចខាត​ធ្ងន់​ធ្ងរ​ដល់​សង្គមជាតិ​ផង​ដែរ»។

លោក​បន្តថា ​ទោះបី​ច្បាប់​ មិនបាន​ចែង​អំពី​ការដាក់​ទោសទណ្ឌ​ដល់​យុវជន ​ក្រោម​អាយុ ​១៨ ឆ្នាំ​ បើកបរ​រថយន្ត​តាម​ដង​ផ្លូវ​សាធារណៈ ​ប៉ុន្តែ​ឪពុកម្ដាយ ​និង​អាណាព្យាបាល​របស់​ពួកគេ​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​សំណង​រដ្ឋប្ប​វេណី ​ដល់​ជនរងគ្រោះ ​ឬបង់​ផាកពិន័យ​ជូន​រដ្ឋ ​នៅពេល​សមត្ថកិច្ច​រកឃើញ​ថា ​ពួកគេ​មិន​គ្រប់​អាយុ​បើកបរ​រថយន្ត ​ឬ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​ដោយ​មាន​ជន​រងគ្រោះ។ ទន្ទឹម​នឹងនេះ ​ពួកគេ​ក៏ជាប់​ក្នុង​បណ្ដឹង​អាជ្ញា ​ដែល​តម្រូវ​ឱ្យ​មាន​ការអនុវត្ត​ទោស​ នៅពេល​ពួកគេ​គ្រប់​អាយុ ​១៨ ឆ្នាំ​ផង​ដែរ​ ក្នុង​ករណី​ពួកគេ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មាន​ស្លាប់។

លោក​ រតនៈ ​ថ្លែងថា​៖ «គ្រោះ​ថ្នាក់​ចរាចរណ៍​នាពេល​បច្ចុប្បន្ន ​មាន​ការថយចុះ ​បើ​ធៀប​ទៅនឹង​ប៉ុន្មាន​ឆ្នាំមុន ​មាន​ការរាត​ត្បាត​នៃ​ជំងឺ​កូវីដ ១៩។ ប៉ុន្តែ​វា​នៅតែ​ជាក្ដីព្រួយ​កង្វល់​ ខណៈ​អ្នកបើកបរ​យានយន្ត ​រថយន្ត ​ឬ​អ្នកប្រើប្រាស់​មធ្យោ​បាយ​នៅលើ​ដងផ្លូវ​សាធារណៈ ​មាន​ការយល់​ដឹង​និង​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​តិចតួច​នៅ​ឡើយ ​ហើយ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​មាន​ភាពធូរ​រលុង»។

លោក ​ខៀវ សុខុម ​អធិការ​ស្រុក​កំចាយមារ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​បណ្ដាល​ឱ្យ​ស្ត្រី​ជាមន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ​សួង សុភាក់ ​អាយុ​ ២៨ ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​អណ្ដូង​ស្អាត ​ឃុំ​ក្របៅ​ ស្រុក​កំចាយមារ ​ខេត្ត​ព្រៃវែង ​និង​ប្អូនប្រុស​របស់​គាត់ ​ឈ្មោះ​សួង វិសាល ​អាយុ ​១៥ ឆ្នាំ ​ជាអ្នក​បើកបរ​រថយន្ត ​បាន​ស្លាប់ ​នៅពាក់​កណ្ដាល​ផ្លូវ​ក្នុងពេល​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ។

លោក​ថ្លែថា​៖ «អ្នកស្រី​ សួង សុភាក់ ​ជាមន្ត្រី​នគរបាល​សកម្ម​ម្នាក់ ​ហើយ​គាត់​បានស្លាប់​ក្នុង​ដំណើរ​បំពេញ​បេសក​កម្ម​ការងារ ​ចុះទៅ​យាម​ប្រចាំការ ​រក្សា​សណ្ដាប់​ធ្នាប់ ​និង​សន្តិសុខ ​នៅ​ការិយាល័យ​បោះឆ្នោត ​លេខ ​០១៦១។​ការស្លាប់​របស់​គាត់ ​គឺជា​ការបាត់​បង់​មន្ត្រី​ដ៏ល្អ​ម្នាក់​របស់​អង្គភាព​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃុំក្របៅ ​ និង​ជាការបាត់​បង់​ភរិយា ​ម្ដាយ ​បង ​ប្អូន ​និង​ជាកូន​ល្អ​ម្នាក់​នៅ​ក្នុង​គ្រួសារ»។

បើ​តាម​លោក​អធិការ ​នៅ​ព្រឹក​ថ្ងៃទី ៦ ​ខែមិថុនា ​ថ្នាក់​ដឹកនាំ​សំខាន់​នៃ​រដ្ឋបាល​ខេត្ត​ព្រៃវែង ​ដែល​រួមមាន​អភិបាល​ខេត្ត ​ស្នងការ​ខេត្ត ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ​នឹង​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋបាល​ស្រុក​កំចាយមារ ​មាន​អភិបាល​ស្រុក ​និង​មេបញ្ជាការ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​៣ប្រភេទ ​រួមទាំង​មន្ត្រី​នៃ​អង្គភាព​ពាក់​ព័ន្ធ​មួយចំនួន​ទៀត​ បានអញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​របស់​នាង ​និង​នាំយក​ថវិកា​មួយចំនួន​ទៅ​ចូលរួម​ជួយ​ដល់​គ្រួសារ​សព។

លោក​បន្តថា​ អ្នកស្រី​ សុភាក់ ​បានបន្សល់​ទុក​នូវ​កូន​ប្រុស​ស្រី ​២ នាក់ ​ក្នុង​នោះ​កូន​ប្រុស​ច្បង​មាន​អាយុ​ជាង​ ២ ឆ្នាំ ​និង​កូនស្រី​មាន​អាយុ​ជាង ​៣ ខែ​ប៉ុណ្ណោះ។

យោង​តាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍​ស្រុក​កំចាយមារ​ គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ អាច​បណ្ដាល​មក​ពី​កត្តា​ផ្លូវ ​និង​កត្តា​មនុស្ស ​ដោយហេតុ​ថា​ នៅ​ចំណុច​គ្រោះថ្នាក់​ចរាចរណ៍​នោះ ​គឺ​ពុំ​មាន​រថយន្ត ​ម៉ូតូ ​ឬ​អ្នកថ្មើរ​ជើង​ឆ្លង​កាត់​នោះ​ទេ។ ប៉ុន្តែ​ជាចំណុច​ផ្លូវកោង ​ជាផ្លូវ​គ្រោះ​ក្រហម ​ដែល​ងាយ​នឹង​រអិល ​ធ្លាក់​ផ្លូវ ​ប្រសិនបើ​អ្នកបើកបរ​ខ្វះ​ការប្រុង​ប្រយ័ត្ន ​និង​មិនស្គាល់​ពី​ស្ថានភាព​ផ្លូវ​គ្រោះ​ថ្នាក់។

ទោះ​យ៉ាងណា ​របាយ​ការណ៍​នោះ ​នគរបាល​ជំនាញ​មិនបាន​បញ្ជាក់​ថា ​ជនរងគ្រោះ​ជាប្អូន​ប្រុស​ អាយុ​ ១៥ ឆ្នាំ​ ដែល​ជាអ្នកបើកបរ​រថយន្ត​នោះ ​មាន​បណ្ណ​បើកបរ​រថយន្ត ​ឬ​ធ្លាប់​បាន​ឆ្លងកាត់​សាលា​បើកបរ​រថយន្ត​ត្រឹមត្រូវ​ដែរ​ ឬ​យ៉ាង​ណា​នោះ​ទេ។ គ្រាន់តែ​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង ២​ ហើយថា ​អ្នកភូមិ​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ ​បានឃើញ​រថយន្ត​នោះ​រេចង្កូត​ក្រឡាប់​ធ្លាក់​ចូលទឹក ​ហើយ​ពួកគេ​បាននាំគ្នា​ទៅជួយ​សង្គ្រោះ​ចេញ​ពី​រថយន្ត​ ដឹក​ទៅ​មន្ទីរពេទ្យ​ដែរ ​តែ​អកុសល​ជនរងគ្រោះ​ទាំង២ ​បានស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។

របាយ​ការណ៍​ប្រចាំ​ថ្ងៃ​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​បានបង្ហាញ​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ក្នុង​ថ្ងៃទី ៥ ​ខែ មិថុនា​ ឆ្នាំ ​២០២២​ បានបណ្ដាល​ឱ្យ​មនុស្ស​៣នាក់​ស្លាប់ ​និង​ ៧ នាក់​ទៀត ​បាន​រង​របួស៕