ភ្នំពេញៈ ភោជ​នីយដ្ឋាន​​គ្រឿង​សមុទ្រ និង​មន្ទីរ​ពហុ​ព្យាបាល​អន្តរ​ជាតិខេ​មា នៅ ​២ ទី​តាំង​ផ្សេងគ្នា​ ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ នៅ​ថ្ងៃទី ៦ ខែ​មិថុនា ដែល​ករណី​ទាំង​ពីរ​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា ប​ណ្តា​ល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី​ ។

លោក ព្រហ្ម យ៉​ន នាយ​ការិយាល័យ​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅ​ថ្ងៃទី ៦ មិថុនា មាន​ករណី​អគ្គិភ័យ​ឆេះ២​ទីតាំង​ផ្សេងគ្នា​ នៅក្នុង​ខណ្ឌចំនួន​ ២។

ការឆេះ​នេះ​ សមត្ថកិច្ច​កង​អន្តរា​គមន៍​ពន្លត់អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានជួយ​អន្តរា​គមន៍​ពន្លត់ភ្លើង​បាន​ទាន់ពេលវេលា​ ដោយ​មិនមាន​ការបាត់បង់​អាយុជីវិត​មនុស្ស ​ឬ​រង​ការខូចខាត​ព្រ​ទ្យ​សម្បត្តិ​ច្រើន​ឡើយ ​ក្នុង២ទីតាំង​នេះ។

លោក​ថ្លែងថា៖ «ជា​លទ្ធផល​នៃ​ការស៊ើបអង្កេត​ស្រាវជ្រាវ ​របស់​សមត្ថកិច្ច​ជំនាញ​បញ្ជាក់ថា មូលហេតុ​នៃ​ការឆេះ​នេះ​គឺ​បណ្តាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី។ បញ្ហា​នេះ​ខាង​ខ្ញុំ​ បានធ្វើ​កោសល្យវិច្ច័យ​គឺ​ឃើញ​រូបភាព​បែប​ហ្នឹង»។

កាលពី​វេលា​ម៉ោង​ជាង ​៧ ព្រឹក​ថ្ងៃទី ​៦ មិថុនា សមត្ថកិច្ចនៃ​អង្គភាព​ពន្លត់​អគ្គិភ័យ​ បានទទួល​សេចក្តីរាយការណ៍​ពី​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ថា មាន​ករណី​អគ្គិភ័យ​ឆេះ​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិខេ​មា ស្ថិតនៅ ភូមិ ៦ សង្កាត់ បឹង​កេងកង​ទី១ ខណ្ឌ ​បឹង​កេងកង។

ភ្លាមៗក្រោយ​ទទួល​បាន​ព័ត៌មាន​មក​ កម្លាំង​​សមត្ថ​កិច្ច​ពន្លត់​អគ្គិភ័យ​បានចេញ​រថយន្ត​ទៅ​កាន់​គោលដៅ​ ដោយ​​បានប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ ​អស់​ចំនួន​៣គ្រឿង​ បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេល​វេលា​ ដោយ​មិនមាន​ការឆ្លង​រាលដាល​ដល់​កន្លែង​ផ្សេង​ទៀត​ នៅក្នុង​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិខេ​មានោះ​ឡើយ​។

ដោយ​ឡែក​លោក គល់ សុផាត នាយ​ប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​ បឹង​កេងកង១ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ៦ មិថុនាថា ទីតាំង​ឆេះ​ដែលជា​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិខេ​មា បើតាម​ការស្រាវជ្រាវរ​បស់​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​បង្ហាញ​ថា ភ្លើង​បាន​ឆេះ​ចេញពី​ទូ​រផ្ទុក​ចរន្ត​អគ្គិសនី​ សម្រាប់​ចែក​ចាយ​នៅក្នុង​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ ខេ​មា​ដែល​បន្ទប់​ចែក​ចាយ​ចរន្ត​អគ្គិសនី​នោះ ​មាន​ទំហំ​តែ ១​ ម៉ែត្រ​កន្លះ​ គុណ​នឹង ២ ម៉ែត្រ​។ ដូច្នេះមាន​ការ​ខូច​ខាត​តែ​ទូ​ចែក​ចាយ​ចរន្ត​អគ្គិ​សនី​តែ១​ប៉ុណ្ណោះ​។

ចំពោះ​ករណី​ភ្លើងឆេះ​មួយ​ទីតាំង​ទៀត​ដែល​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ដែរនោះ​ ត្រូវ​បាន​លោក ព្រហ្ម យ៉​ន បញ្ជាក់​ប្រាប់​ថា ជា​ភោជនីយ​ដ្ឋាន​លក់​គ្រឿង​សមុទ្រ​ ដែលមាន​យីហោ​ ​អ៊ូ​ហ៊ូ​សឺ​ហាយ​ ហើយ​ភ្លើង​បានចាប់ផ្តើម​ឆេះ ​នៅ​ប្រហែល​វេលា​ម៉ោង​ជាង ៦​ ព្រឹក​ថ្ងៃទី ​៦ ខែ​មិថុនា ស្ថិតក្នុង ភូមិ ១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ចំពោះ​សម្ភារ​ដែល​ឆេះ​ខូច​ខាត​មាន ម៉ាស៊ីន​ត្រជាក់ ១ ​គ្រឿង ។

ក្នុងការ​ពន្លត់​អគ្គិភ័យ​នេះ ​កម្លាំង​របស់លោក​ បាន​ប្រាស់​រថយន្ត​ទឹក អស់​ចំនួន​ ៣ គ្រឿង​ ហើយ​ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​រង់​ចាំជា​ជំនួយ​បន្ថែម​របស់​ក្រម​ហ៊ុន OCIC ៣ ​គ្រឿង​ផង​ដែរ​៕