​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ម្សិលមិញ​បាន​បញ្ចេញ​ព័ត៌មាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា លទ្ធផល​បណ្ដោះអាសន្ន​នៃ​សំឡេងឆ្នោត គណបក្ស​ន​យោ​បាយ​ទាំង ១៧ ដែល​បាន​ចូល​​រួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កាលពី​ថ្ងៃទី ​៥ ខែ មិថុនា ឆ្នាំ ​២០២២ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​(CPP)​ទទួលបាន​សំឡេងឆ្នោត​ ៧៤,៣២​ ភាគរយ និង​គណបក្ស​ភ្លើងទៀន​ទទួលបាន​សំឡេង​ ២២,២៦ ​ភាគរយ ក្នុង​លំដាប់ថ្នាក់​លេខ​ ២ ខណៈ​គណបក្ស​ផ្សេងទៀត​ទទួលបាន​សំឡេង​ស្មើ ​១,២៧ ​ភាគ​រយ និង​ក្រោម ​១ ​ភាគរយ​។​

​គ​.​ជ​.​ប និង​ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរជាតិ ហើយ​រួមទាំង​គណបក្សនយោបាយ​មួយ​​ចំនួន​បានចេញ​សេចក្ដី​ថ្លែង​ការណ៍​ប្រហាក់ប្រហែលគ្នា​ដោយ​ចាត់ទុកថា ដំណើរការ​បោះឆ្នោតបាន​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌ ត្រឹមត្រូវ តម្លាភាព និង​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ដោយ​រីករាយ​ប្រកប​ដោយ​លទ្ធិ​​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។

​ទោះជា​យ៉ាងណាក៏ដោយ គណបក្ស​ភ្លើងទៀន បានចេញ​សេចក្តីថ្លែងការណ៍ដោយ​សម្ដែង​ការសោកស្តាយ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ​ទី​៥ នៅ​ថ្ងៃទី​៥ ខែ មិថុនា ឆ្នាំ ​២០២២ ​នេះ ជាល​ទ្ធផល​មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ដោយ​គណ​​បក្ស​នេះ​ទទួល​ការគាបសង្កត់​បំភិតបំភ័យ ចាប់តាំងពី​ការ​រៀបចំ​បញ្ជី​បេក្ខជន​រហូតដល់​ការដាក់​បញ្ជី​អ្នកសង្កេតការណ៍ ហើយ​រាល់​សកម្មភាព​កៀរគរ​ពលរដ្ឋ​តាមរយៈ​ការទិញ​សន្លឹកឆ្នោត តាមដាន សម្លុត គំរាម មាន​ជា​ហូរហែ​ដោយ​មិនមាន​ការអង្កេត និង​ហាមប្រាម​ពី គ​.​ជ​.​ប នោះទេ​។​

​សេចក្ដីថ្លែងការណ៍​រប​ស់​គណបក្ស​ភ្លើងទៀន បាន​អះអាងថា​៖ «​ការបោះឆ្នោត​នៅ​ថ្ងៃទី ​៥ ខែ មិថុនា ឆ្នាំ​ ២០២២​ នេះ គឺមិនមាន​បរិយាកាស​ស្មើ​​ភាព ពលរដ្ឋ​មិនមាន​សេរីភាព​ក្នុងការ​ចូលរួម​កិច្ចការ​ន​យោ​បាយ និង​ការបញ្ចេញមតិ​បាន​ត្រឹមត្រូវនៅឡើយ ហើយ​ស្ថាប័ន​បោះឆ្នោត​ទៀតសោត ក៏​មិនទាន់​ឯករាជ្យ ព្រោះ​ការ​ចាត់ចែង និង​ការសម្រេច​លើ​ការងារ​មួយចំនួនធំ គឺ​ធ្វើ​ដោយ​លម្អៀង រួមទាំង​សមាសភាព​សមាជិក​ដឹកនាំ​ស្ថាប័ន​នេះ​ពីលើ​ដល់​ក្រោម​ជា​សមាជិក​មកពី​គណបក្សកាន់អំណាច​ស្ទើរ​​តែ​ទាំងអស់​»​។​

​សេចក្ដីថ្លែងការណ៍​រប​ស់​គណបក្ស​ភ្លើងទៀន បាន​អះអាង​ទៀតថា នៅ​ថ្ងៃ​បោះ​​ឆ្នោត​ស្ទើរ​គ្រប់​មណ្ឌល​បោះ​​ឆ្នោត​ទូទាំងប្រទេស ដែល​យក​សាលារៀន​ជាទី​តាំង បាន​ត្រូវ​បិទទ្វារ​របង ចាប់ពី​ម៉ោង​ ៣ ​រសៀល ហើយ​បណ្ដេញ​ពលរដ្ឋ​ចេញ​មិនឱ្យ​នៅតាម​ដាន​ការ​​រាប់​សន្លឹកឆ្នោត ដូចដែល​បាន​ណែនាំ​និង​អនុញ្ញាត​ដោយ គ​.​ជ​.​ប ដោយមាន​ការផ្ដល់ឱ្យ​មន្ត្រី ភូមិ-ឃុំ​របស់​បក្ស​កាន់អំណាច និង​តំណាង​អង្គការ​ជាច្រើនរូប​របស់​គណបក្ស​នេះ មាន​សិទ្ធិ​ស្ថិតក្នុង​បរិវេណ​សាលា ចំណែក​ភ្នាក់ងារ​គណបក្ស​ក្រៅ​រដ្ឋា​ភិ​​បាល​មួយចំនួន ត្រូវគេ​បណ្តេញ​ឱ្យនៅ​ក្រៅ​ការិយាល័យ​បោះ​​ឆ្នោត នៅពេល​រាប់​សន្លឹកឆ្នោត​ ហើយ​មាន​ករណីខ្លះ​គ្រាន់តែ​ថត​យក​លទ្ធផល ដែល​បិទ​នៅ​ការិយាល័យ​បោះឆ្នោត​ក៏​មិនត្រូវ​អនុញ្ញាត​ដែរ​។ «​ការរំលោភបំពាន​ទាំងនេះ រួមទាំង​ករណី​រំលោភបំពាន​ច្រើន​ទៀត​បានបង្ហាញ​ពី​សកម្មភាព​នៃ​ការលួចបន្លំ​សន្លឹកឆ្នោត​។ គណបក្ស​ភ្លើងទៀនចាត់ទុកថា ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ថ្ងៃទី ​៥ ខែ មិថុនា ឆ្នាំ ​២០២២ ​នេះ មិន​សេរី និង​មិន​យុត្តិធម៌​ទេ​»​។​

​ទោះបីជា​យ៉ាងណា លោក សោម សូ​រី​ដា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែង​កាលពី​ម្សិលមិញ​ដោយបាន​ច្រានចោល​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​គណ​​បក្ស​ភ្លើងទៀន ដោយហេតុ​មិន​ស្របទៅនឹង​ស្ថានភាព​ទូទៅ​នៃ​ដំណើរការ​មុនពេល ក្នុងពេល និង​ក្រោយពេល​បោះឆ្នោតនោះទេ ព្រោះ​យោងតាម​ការ​​វាយតម្លៃ​ជាទូទៅ​របស់​មតិ​ជាតិ និង​អន្តរជាតិ ក៏បាន​បង្ហាញឱ្យឃើញថា ស្ថានភាព សុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សា​ធារណៈ នៅមុន​ពេល ក្នុងពេល និង​ក្រោយពេល​បោះឆ្នោត គឺមាន​លក្ខណៈ​ល្អប្រសើរ គ្មាន​​អំពើហិង្សា និង​គំរាមកំហែង​នោះទេ​។​

​លោក សោម សូ​រី​ដា បាន​បញ្ជាក់ថា ចំពោះ​ករណី​ដែល​មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ ឬ​បុគ្គល​ដែល​ពុំមាន​សិទ្ធិ​ចូលទៅក្នុង​ការិយាល័យ​បោះឆ្នោត រួមទាំង​បរិវេណ​ខាងក្នុង​កា​រិ​យា​ល័យ​រាប់​សន្លឹកឆ្នោត ត្រូវបាន​កំណត់ដោយ​ច្បាប់​ស្តីពី​ការ​​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​។

​តាម​ទិន្នន័យ​ដែល​ ភ្នំពេញ​ ​ប៉ុស្តិ៍ ​ទទួលបាន​ពី គ​.​ជ​.​ប នៅ​ថ្ងៃទី ​៦ ខែមិថុនា បានឱ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា បានឈ្នះ​នាំមុខគេ​ក្នុង​ការបោះ​​ឆ្នោត​នេះ ដោយ​ទទួលបាន​សំ​ឡេង​ចំនួន ៥ ៣៧៧ ៧៥៤ ស្មើនឹង ៧៤,៣២ %​។ គណ​​បក្ស​ភ្លើងទៀន​ទទួលបាន​សំឡេង​ចំនួន ១ ៦១០ ៤៣៤ ស្មើនឹង ២២,២៦ %​។ គណ​​បក្ស​ហ្វុ​៊​ន​ស៊ិនប៉ិច​ទទួលបាន​សំឡេង​ចំនួន ៩១ ៧៩៣ ស្មើនឹង ១,២៧ %​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួលបាន​សំ​​ឡេង​ចំនួន ៦៣ ៩៤៧ ស្មើនឹង ០,៨៨%​។​ គណបក្ស​ស្រឡាញ់​ជាតិ​ទទួលបាន​សំឡេង ៣៣ ៣០៥ ស្មើនឹង ០,៥២ % គណបក្ស​យុវជន​កម្ពុជា​ទទួលបាន​សំឡេង ១៣ ៨៤៤ ស្មើ​នឹង ០,២៣ %​។ គណបក្ស​សញ្ជាតិ​កម្ពុជា​ទទួលបាន​សំឡេង​ចំនួន​ ១៣ ១៤១ ស្មើនឹង​ ០,២០ %​។ គណបក្ស​កែ​​ទម្រង់​កម្ពុជា​ទទួលបាន​សំឡេង ៧ ៧៧៥ ស្មើនឹង ០,១៧ %។ គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋា​ន ទទួលបាន​សំឡេង​ចំនួន ៦ ៨០៧ ស្មើនឹង ០,១២ %​។ គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួលបាន​សំឡេង​ចំនួន ៥ ០២៦ ស្មើនឹង ០,១០ %​។ គណបក្ស​កម្ពុជានិយម​ទទួលបាន​សំឡេង​ចំនួន ៤ ៨៥៨ ស្មើនឹង ០,១២ %​។ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ទទួលបាន​សំឡេង​ចំនួន ២ ៤៦១ ស្មើនឹង ០,០៥ %​។ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​ទទួល​បាន​សំឡេង​ចំនួន ១ ៦៣៤ ស្មើនឹង ០,៥៧ %​។ គណបក្ស​ខ្មែរ​តែមួយ​ទទួលបាន​សំឡេង​ចំនួន ១ ៥៩៩ ស្មើនឹង ០,០៤ %​។ គណបក្ស​ឯកភាព​ជាតិខ្មែរ​ទទួល​បាន​សំឡេង​ចំនួន ១ ១២៦ ស្មើនឹង ​០,០៨ %​។ គណបក្ស​រស្មីខេមរា ទទួលបាន​សំឡេង​ចំនួន ៤៤៦ ស្មើនឹង ០,០៤ គណ​​បក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទទួលបាន​សំឡេង​ចំនួន​ ២៩៤ ស្មើនឹង​ ០,០២។​

​តំណាង​អង្គការ​ (IPTP) ​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​​មាននៅ​ថ្ងៃទី​ ៦ ខែមិថុនាថា ការសង្កេត​ការណ៍​នៅតាម​មណ្ឌលបោះឆ្នោត​ជាច្រើនទីតាំងនៅ​ទីក្រុង​ភ្នំពេញឃើញថា ការរៀបចំ​ការបោះឆ្នោត​រៀបចំ​បានល្អ ប្រសិទ្ធភាព និងសន្តិភាព​។

​ខណៈអ្នកសង្កេតការណ៍​ឯក​​រាជ្យ ICAPP ថ្លែង​នៅក្នុង​ស​ន្និ​សីទ​សារព័ត៌មាន​នោះដែរ​ថា ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​សមធម៌​ទៅតាម​ក្បួនច្បាប់​អន្តរជាតិ​។

​រីឯ​តំណាងអង្គការ (CAPDI) ថ្លែងថា​៖ «​គណៈប្រតិភូ​មិនបាន​ស​ង្កេ​ត​ឃើញ​មានការ​តវ៉ា​ណាមួយ ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ ឬ​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ ​២០២២ នោះទេ​»​។​

​គណបក្ស​ខ្មែរ​តែមួយ គណ​​បក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានចេញ​សេចក្តីថ្លែងការណ៍ កាល​​ពី​ម្សិលមិញ ដោយ​អះអាង​ប្រហាក់​ហែល​គ្នា​ថា ជាទូទៅដំណើរការ​នៃ​ការបោះឆ្នោត នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ក្នុងស្ថានភាព សន្តិសុខ​ល្អ សណ្តាប់ធ្នាប់​ល្អ និង​ក្នុង​បរិយា​កាស​ត្រឹមត្រូវ យុត្តិធម៌ គ្មាន​រូបភាព​គំរាមកំហែង ប្រ​កប​ដោយ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស គ្មាន​ការ​បង្ខិត​បង្ខំ គ្មាន​ឧបសគ្គ និង​គ្មាន​អំពើហិង្សា ព្រមទាំង​ការរាប់​សន្លឹក​​ឆ្នោត និង​លទ្ធផល​បោះឆ្នោត​អាច​ទទួលយកបាន​។​

​លោក ស ខេង អនុប្រធាន​ CPP​ កាលពី​ម្សិលមិញ​បញ្ជាក់ថា ដំណើរការ​បោះឆ្នោត​ប្រ​ព្រឹ​ត្ត​ទៅដោយ​ជោគជ័យ ក្រោម​បរិយាកាស​ស្ងប់ស្ងាត់ សុខ​​សន្តិភាព និង​គ្មាន​អំពើហិង្សា ដែល​បានបង្ហាញ​ទៅកាន់មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ឱ្យឃើញ​នូវ​ភាព​កាន់តែ​ចាស់ទុំ និង​ភាពម្ចាស់ការ​៕

វីដេអូ៖