​ភ្នំពេញៈ គិត​ត្រឹម​រយៈពេល​ ៥ ​ខែ ឆ្នាំ ​២០២២ កម្ពុជា​បាន​​បញ្ជូន​ពលករ​ស្របច្បាប់​ជាង​ ១៥ ០០០ ​នាក់ ទៅ​បម្រើ​ការងារ​នៅ​បណ្តា​រោងចក្រ សហគ្រាស នៅ​ប្រទេស​ថៃ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង បន្ទាប់ពី​ភាគី​​ថៃ​បន្ធូរបន្ថយ​នីតិវិធី និង​ប្រទេស​ទាំង​ ២ ក៏​បើក​ច្រកព្រំដែន​ឡើងវិញ ដោយសារ​ស្ថានភាពនៃ​ជំងឺ​​កូ​វីដ ​១៩ ធូរស្រាល​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​​ហត្ថ​ពលកម្ម​កម្ពុជា លោក​ អន ប៊ុន​ហាក់ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ពលករ​ស្របច្បាប់ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​៦ មិថុនាថា បើ​គិតពី​ខែមករា ដល់​ខែឧសភា ពលករ​កម្ពុជា​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ជាង​ ១៥ ០០០ ​នាក់ តាមរយៈ​ទី​ភ្នា​ក់​ងារ​បញ្ជូន​ពលករ​ដែ​ល​ទទួល​​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ពលករ​ភាគច្រើន​ទៅធ្វើ​ការ​ផ្នែក​កសិកម្ម រោងចក្រ​ចំណីអាហារ សេវាកម្ម និង​រោងចក្រ​ឧស្សាហ​​កម្ម​គ្រឿងយន្ត​ជាដើម​។ ក្នុង ​១ ​ខែ ​នឹង​ទទួលបាន​ប្រាក់​ចន្លោះ​ពី ​៥០០ ទៅ ៦០០ ​ដុល្លារ​អាមេរិក អាស្រ័យ​លើ​ការងារ​ជាក់ស្តែង និង​ការ​ថែម​ម៉ោង​។

​លោក​បញ្ជាក់ថា​ ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង ដោយសារ​ភាគី​​កម្ពុជា ​និង​ថៃ ​បាន​បើក​ច្រកព្រំដែនឡើងវិញ​បណ្តោះអាសន្ន ខណៈ​ភាគី​ថៃ​ក៏បាន​បន្ធូរបន្ថយ​នីតិវិធី​សម្រាប់​ពលករ​កម្ពុជា​ផងដែរ​។

​លោក​ថ្លែងថា​៖ «​នីតិវិធី​បញ្ជូន​ពលក​រ វា​ចង់​ត្រឡប់​ទៅ​ដូច​ធម្មតា កាល​មិនទាន់មាន​កូ​វីដ​ ១៩​។ ឥឡូវនេះ​ពលករ​ដែល​ត្រូវ​បង្ហាញ នោះ​មានតែ​ ២ ​ចំណុច​ទេ គឺ​ត្រូវ​ចុះឈ្មោះ​នៅ Thailand Pass ហើយ​និយោជក​មាន​កាតព្វកិច្ច​ចុះឈ្មោះ​បង់ថ្លៃ​ធានារ៉ាប់រង​កូ​វីដ​ឱ្យ​ពលករ​យើង និង​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​»​។

​លោក​បន្តថា​៖ «​ប៉ុន្តែ​កាត​វ៉ា​ក់​សាំង​នេះ​ខ្មែរ​យើង​មិនមាន​បញ្ហា​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​យើង​ប្រមាណ​ ៩៣​ ភាគរយ​ ដែល​ទទួល​ការចាក់​ [​វ៉ាក់សាំង​]​។ អ៊ីចឹង​យើង​អត់​ដែលមាន​បញ្ហា​រឿង​ចាក់​វ៉ាក់សាំង​ទេ ហើយ​ថៃ​ក៏​គាត់​ហាក់បីដូច​មាន​ទំនុកចិត្ត​លើ​ពលករ​យើង​សឹងតែ ១០០ ​ភាគរយ ដោយសារ​គាត់​មើល​​ឃើញ​ស្ថានភាព​ប្រទេស​យើង​ធូរស្រាល​»​។​

​បើតាម​លោក ​អន ប៊ុន​ហាក់ ពលករ​ដែល​នឹងត្រូវ​បញ្ជូនទៅ​ប្រទេស​ថៃ មិនមែនជា​ពលករ​ជំនាញ​នោះទេ និង​ត្រូវ​រង់ចាំ​រយៈពេល​ប្រហែល ​១ ​ខែ ប៉ុន្តែ​ត្រូវការ​បណ្តុះបណ្តាល មុន​ចាកចេញ​រយៈពេល​ ១ ​ថ្ងៃ ដែល​បណ្តុះ​បណ្តាល​លើ​លក្ខខណ្ឌ​ការងារ កិច្ចសន្យាការងារ និង​ចំណុច​អ្វីដែល​ត្រូវធ្វើ និង​មិន​ត្រូវធ្វើ​នៅ​ប្រទេស​ថៃ ហើយ​ណែនាំ​ឱ្យ​គាត់​ចេះ​សន្សំ​លុយកាក់​។ ជាទូទៅ​ការបណ្តុះបណ្តាល​នោះ​មាន​មន្ត្រី​ក្រសួង​ការងារ​ចូលរួម​បណ្តុះ​បណ្តាល និង​ធ្វើ​បទ​បង្ហាញ​អ្វី ដែលជា​កិច្ចសន្យា​ជាមួយ​ភាគី​ថៃ​។ ត្រូវ​ទទួលខុសត្រូវ​ទៅលើ​អ្វីខ្លះ​? ដូចជា​គ្រោះថ្នាក់​ការងារ និង​នីតិវិធី​ដោះស្រាយ​វិវាទ ជាពិសេស ណែនាំ​គាត់​កុំឱ្យ​ធ្វើ​អ្វី ដែល​ខុសច្បាប់ ចៀសវាង​បង្កបញ្ហា​ប៉ះពាល់​ដល់​ក្រសួង និង​សមាគម​ពាក់ព័ន្ធ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ព្រោះ​យើង​មិន​ចង់ឱ្យ​មួយជីវិត​គាត់​ធ្វើ​តែ​ពលករ​ទេសន្តរប្រវេសន៍​ទេ​។ មានន័យថា គាត់​សន្សំ​លុយ​បាន ត្រឡប់មកវិញ បង្កើតជា​មុខរបរ​ផ្ទាល់ខ្លួន ឬ​ធ្វើ​កសិកម្ម ឬអ្វី​ដែល គាត់​រៀន​នៅ​ថៃ​ផ្នែក​កសិកម្ម​មកវិញ អាច​ចេះ​ដាំ​ដុះ តាម​​របៀប​ទំនើប​របស់គេ​»​។

​លោក​បន្ថែមថា ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ច្រើន ហើយត្រឡប់មកវិញ​ធ្វើ​ចម្ការ ពេលខ្លះ​គាត់​អាច​ចិញ្ចឹម​មាន់​លក់​ទៅឱ្យ​ឈ្មួញ គឺជា​ចំណុច​មួយ​ល្អ ដែល​គាត់​រៀនសូត្រ​ពី​ប្រទេស​គេ​មក​អភិវឌ្ឍ​ក្នុងប្រទេស​វិញ​។ បច្ចុប្បន្ន​ពលករ​ខ្មែរ​ដែល​ត្រូវបញ្ជូន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ តាមរយៈ​ MoU រវាង​រដ្ឋាភិបាល​ទាំង ​២ មាន​ភាពប្រសើរ ព្រោះ​និ​យោ​​ជក​ថៃ​មាន​ការយល់​ច្បាប់​ច្រើន ដោយសារ​មាន​អង្គការ​អន្តរជាតិ​ច្រើន​ដាក់​ការិយាល័យ​នៅ​ទីនោះ ដូចជា អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO) អង្គការ​អន្តរជាតិ​ទេ​សន្តរ​ប្រវេសន៍​ (IOM)​។

លោក​ថា ទន្ទឹមនឹងនោះ អ្នកបញ្ជា​ទិញ​នៅ​អាមេរិក សហគមន៍​អឺរ៉ុប ជួយ​សម្របសម្រួល​ដាក់​លក្ខខណ្ឌ ជាមួយ​និយោជក​ថៃ ឱ្យ​មើលថែ​ពលករ ហើយ​រាល់​ការចំណាយ គឺជា​បន្ទុក​របស់​និយោជក​។

​លោក​ថ្លែងថា​៖ «​និយាយ​រួម ពលករ​ទៅមានតែ​កម្លាំង​ទេ អ៊ីចឹង​បញ្ហា​មួយចំនួន​របស់​ពលក​រ​ត្រូវបាន​កាត់បន្ថយ​បើ​ប្រៀបធៀប​ទៅ​ ១៥​ ឆ្នាំមុន​»​។

​ទោះយ៉ាងណា លោក​ អន ប៊ុន​ហាក់ លើកទឹកចិត្ត​ពលករ​ខ្មែរ​ឱ្យទៅ​ធ្វើការ​តាម​ប្រព័ន្ធ​ស្របច្បាប់ ដែលជា​យន្តការ​នៃ​ការការពារ ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​ទាំង ​២ និង​អង្គការ​អន្តរជាតិ​នានា ដែល​ទទួលស្គាល់ ជាពិសេស​ពលករ​មាន​ការធានារ៉ាប់រង ឬ​គ្រោះថ្នាក់​ការងារ​។​

​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿ​ន តុលា លើកឡើងថា មូលហេតុ​ដែល​ពលករ​នៅតែ​សម្រេច​ចេញទៅ​ធ្វើការ​នៅ​ប្រទេសថៃ​ ដោយសារ​ទទួលបាន​កម្រៃ​ខ្ពស់ និង​ទីផ្សារការងារ​ទូលំទូលាយ ជាង​នៅ​ខ្មែរ​។

​លោក​ថា​៖ «​តាម​អ្វីដែល​យើង​ធ្លាប់​សួរ​គាត់ ចំនួន​ការងារ​នៅ​ស្រុក នៅមានកម្រិត​នៅឡើយមួយទៀត ប្រាក់​ឈ្នួល​ក្នុងស្រុក​មាន​ចំនួន​តិច បើ​ប្រៀបធៀប​នៅ​ថៃ​»​។​

​អ្នកនាំពាក្យ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ ហេង សួរ ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ ពីថ្ងៃ​ទី ​៦ ខែមិថុនា​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​-​វិជ្ជាជីវៈ ឱ្យដឹងថា បច្ចុប្បន្នកម្ពុ​ជាមាន​ពលករ​កំ​ពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ​ចំនួន​ ១ ២២០ ១៩៧ ​នាក់ ដោយ​ធ្វើ​ការងារលើ​ផ្នែក​សំណង់ កសិកម្ម នេសាទ និង​រោងចក្រ​ចំណីអាហារ​៕