ស្វាយរៀងៈ ភ្នាក់ងារ​ពេទ្យសត្វ​ខេត្តស្វាយរៀង នឹង​បើក​យុទ្ធនា​ការចាក់​ថ្នាំ​ការពារ​ជំងឺសា​ទឹក​គោ ក្របី​បន្ថែមទៀត​ចាប់ពី​ថ្ងៃទី​ ៨ ខែមិថុនាតទៅ ដោយ​ប្រើ​ថ្នាំ​ប្រមាណ​ជាង ​៤០០ ​ដូ​ស ​ស្មើ​ចំនួន​សត្វ​ជាង ៤០០ ​ក្បាល នៅតាម​ភូមិ​ឃុំ​នានា ដែលមាន​សត្វ​ឈឺ ក្នុងស្រុក​ចន្ទ្រា ខណៈ​បណ្តា​ខេត្ត​មួយចំនួនទៀត​ក៏បាន​ចាក់​ថ្នាំ​ការពារ​ជំងឺ​ដូចគ្នានេះ​ដល់​គោក្របី​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

​លោក ប៉ែន ចាន់​ធី មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ខេត្ត​ស្វាយ​រៀង ថ្លែង​នៅ​ថ្ងៃទី ​៦ ខែមិថុនាថា យុទ្ធ​នា​ការចាក់​វ៉ា​ក់​សាំង​នេះ អាច​នឹង​ចាប់ផ្តើម​ធ្វើឡើង​នៅ​ថ្ងៃទី ​៨ ខែមិថុនា ហើយ​ការ​ចាក់​ថ្នាំ​ការពារ​នេះ​ទៀតសោត គឺ​ចាក់​សំដៅ​សត្វ​គោក្របី​ពលរដ្ឋ​ណា ដែល​មិនទាន់បាន​ចាក់ កាលពីពេល​បើក​យុទ្ធនា​​ការចាក់​ថ្នាំ​ការពារ​លើក​មុន​។ ចន្លោះ​ពី​ខែកុម្ភៈ ដល់​ថ្ងៃទី​ ២ ខែមិថុនា ភ្នាក់ងារ​ពេទ្យសត្វ​ខេត្តស្វាយរៀង​បាន​ចាក់​ថ្នាំ​ការពារ​ជំងឺសា​ទឹកស​ត្វ​គោក្របី បាន ២ ៣៦៦ ក្បាល ខណៈ​សត្វ​ឈឺ ១១៩ ក្បាល ​បានជា​វិញ​ស្ទើរ​ទាំងអស់ និង​មិនមាន​ករណី​ឈឺ​ថ្មី​ទៀត​ទេ​។

លោក​ថ្លែងថា​៖ «​ឧបមា​ថា ក្នុងភូមិ​ហ្នឹង មាន​គោក្របី​ច្រើន​ក្បាល ដែល​មិនទាន់បាន​ចាក់​អាចមាន​ខ្លះ​ ៥០​ ក្បាល ខ្លះ ៧០ ក្បាល អ៊ីចឹងទៅ វា​មិនទាន់​ចាក់​ដោយសារ​ប្រជាពលរដ្ឋ​មិន​ចូលរួម​»​។

​ចំណែក​លោក ហ៊ុយ ទូច ប្រធាន​កា​រិ​​យា​ល័យ​ផលិតកម្ម ​និង​បសុព្យាបាល ខេត្តបន្ទាយមានជ័យ ថ្លែង​នៅ​ថ្ងៃទី ​៦ មិថុនា​ថា មាន​សត្វ​គោក្របី​ឈឺ​ជំងឺសា​ទឹក និង​ងាប់​រប៉េះរប៉ោះ នៅ​ដោយ​កន្លែង ប៉ុន្តែ​ការ​​ជួយ​អន្តរាគមន៍​ពី​មន្ត្រី​ភ្នាក់ងារ​ពេទ្យសត្វ បាន​ជួយ​ព្យាបាល​ទាន់ពេលវេលា ធ្វើឱ្យ​ស្ថានភាព​វិល​មករក​ភាព​ធម្មតា​វិញ​។​

​លោក​ថា នៅ​ខេត្តបន្ទាយមានជ័យ​មិនមាន​ករណី​ផ្ទុះ​ជំងឺ​សត្វ​ឈឺ​នោះ​ធំដុំ​ទេ​។ ក្នុងពេល​ឆាប់ៗ​នេះ មន្ត្រី​បសុសត្វ ក៏​នឹង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ជំងឺសា​ទឹក​គោក្របី​ផងដែរ បន្ទាប់ពី​ទទួលបាន​ថ្នាំ​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​។

លោក​ថា​៖ «​កសិករ​យើង​អត់​សូវ​មានការ​ចូលរួម​ទេ ពាក់ព័ន្ធ​ការងារ​ចាក់​វ៉ាក់សាំង​។ អ៊ីចឹង យើង​មិនអាច​បង្ខំ​គាត់​បានទេ ព្រោះ​គាត់​ឥឡូវ​បើ​ចាក់គាត់​ថា គោ​គាត់​អត់​ឈឺ​អី​ផង យើង​ពន្យល់​ផង​អី​ផង​ក៏​នៅ​មិន​ព្រម លុះ​​ត្រាតែ​សត្វ​គាត់​ឈឺ​បាន​ស្រែ​ករក​យើង​»។

​លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ខេត្ត​បាត់​​ដំបង បានឱ្យដឹង​ដែរ​ថា រយៈពេល​ជាង ៥ ​ខែ ​ក្នង​ឆ្នាំ ​២០២២ មិនមាន​ផ្ទុះ​ករណី​សត្វ​ឈឺ​នៅ​ស្រុក​ណាមួយ​គួរឱ្យ​កត់​​សម្គាល់​នោះទេ។

លោក​ថា ក្នុង​ ១ ​ឆមាស ការិយាល័យ​បសុសត្វ ខេត្តបាត់ដំបង ទទួលបាន​ថ្នាំ​វ៉ាក់សាំង​ការពារ​សត្វ​ឈឺ​ជាង ៥ ​ម៉ឺន​ដូ​ស ដែល​ចំនួន​ទាំងនោះ​ត្រូវបាន​មន្ត្រី​កសិកម្ម បើក​យុទ្ធនា​ការចាក់​ដល់​សត្វ​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​​ថ្លៃ​រហូតដល់​អស់ពី​ស្តុក​។

លោក​ថ្លែងថា​៖ «​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​យើង​ទទួល​ម្តង​ជាង ៥ ​ម៉ឺន​ដូ​ស ប៉ុន្តែ​បើ​ធៀប​នឹង​សត្វ​គោក្របី​ដែល​យើង​មាននៅ​ក្នុង​ខេត្ត យើង​មាន​ជាង ៩ ម៉ឺន​ក្បាល​។ អ៊ីចឹង​យើង​បាន​ជាង ៥ ​ម៉ឺន​ ចាក់​មិនបាន​គ្រប់សព្វ​នោះទេ ហើយ​មួយទៀត ពលរដ្ឋ​មួយចំនួន​ខ្លះ​គាត់​មិន​ងាយ​យក​សត្វ​មកចាក់​នៅពេល​យើង​ប្រកាស​អំពាវនាវ​ឱ្យ​ចាក់​វ៉ាក់សាំង​នោះទេ​»​។

លោក ប៉ែន សេដ្ឋា ប្រាប់ថា របាយការណ៍​នៃ​ការចាក់​វ៉ាក់សាំង ការពារ​សត្វ​ឈឺ​នៅក្នុង​រយៈពេល​ជិត ៦ ​ខែ​ដើម ឆ្នាំ​ ២០២២​ នេះ មិនទាន់​ចេញ​នៅឡើយ ប៉ុន្តែបើតាម​របាយការណ៍ ​៦ ខែ​ចុង ២០២១ បានឱ្យដឹងថា មន្ត្រី​កសិកម្មបាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជំងឺសា​ទឹក ដល់​គោ​ប្រជាពលរដ្ឋ​បានចំនួន ២៦ ៨៨២ ក្បាល និង​ក្របី ១១៦ ក្បាល ខណៈ​ជំងឺ​ដុំ​ពក​ស្បែក​គោ​ចាក់​បាន​ចំនួន ៣ ២៥៨ ​ក្បាល​ផងដែរ​៕