ភ្នំពេញៈ​ គ្រោះថ្នាក់​ចរាច​រណ៍ គឺជាឃាតក​លាក់​មុខ​ ដ៏កាច​សាហាវ​ដែល​បាន​សម្លាប់​មនុស្ស​​ជារៀង​រាល់​ថ្ងៃ​​នៅ​លើដង​ផ្លូវ ​ចំណែក​ន្ទាក់ដាក់​​នៅក្នុង​ព្រៃ ​វា​ក៏​ជា​ឃាត​ករ​លាក់មុខ​ ដ៏​កាច​សាហាវ​​ផងដែរ ក្នុង​ការ​សម្លាប់​ជីវិត​សត្វ​ព្រៃ​។ ​​​​នេះ​បើ​យោង​តាម​ការ​​លើក​ឡើង​​របស់​មន្ត្រី​ជំនាញ​។

ក្រោយ​ពី​​មើល​ឃើញ​ធន​ធាន​សត្វ​ព្រៃ កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ ដោយសារ​វិបត្តិ​នៃការ​បរបាញ់ និង​ការ​ដាក់​អន្ទាក់ ដែល​បាន​និង​កំពុង​កើត​ឡើង បណ្តាល​មក​ពី​ការ​ប្រើប្រាស់ និង​ជួញ​ដូរសត្វ​ព្រៃដោយ​ខុស​ច្បាប់​នោះ រាជ​រដ្ឋា​ភិបាល និង​អង្គការ​ដៃ​គូ​ ក្នុង​វិស័យ​បរិស្ថាន បាន​ប្តេជ្ញា រួម​គា្ន ដើ​ម្បី​បញ្ចប់​វិបត្តិ​អន្ទាក់​ ដោយ​​បាន​​​ធ្វើ​យុទ្ធនា​ការណ៍ ​«អន្ទាក់​​សូន្យ» ក្នុង​តំបន់​ការពារ​ធ​ម្មជាតិ​ កាល​ពីថ្ងៃទី​ ៣ ខែ មីនា ឆ្នាំ​ ២០២២។

ស្ថា​ប័ន​ជំនាញ​ពាក់​ព័ន្ធ និង​អង្គការ​អន្តរ​ជាតិ​ជា​ដៃ​គូ ក្នុ​ង​វិស័យ​បរិ​ស្ថាន​ បាន​មក​រួម​គ្នា​ធ្វើ​​យុទ្ធនាការអន្ទាក់​សូន្យ​នៅតាម​ខេត្ដ​គោល​ដៅ​ ក្នុង​តំបន់​ការពារ​ធម្មជាតិ ពីព្រោះ​ប្រសិន​បើ​គ្មាន​វិធាន​ការ​បន្ទាន់​ទេ​នោះ កម្ពុជានឹ​ង​ប្រឈម​ទៅ​ដល់​ការ​បាត់​បង់​ធន​ធាន សត្វព្រៃ​របស់​ខ្លួន​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ជា​សក​ល​ក្នុង​ពេល​អនាគត​ខាង​មុខ ដោយ​សារ​តែ​វិបត្ដិ​អន្ទាក់​នេះ​។

ក្នុង​ឆ្នាំ ២០២១ ក្រសួង​បរិស្ថាន និង​ស្ថា​ប័ន​អង្គការ​ដៃ​គូបាន​ដក​អន្ទាក់​បាន​ជាង ៦ ម៉ឺន អន្ទាក់​ចេញ​ពី​តំបន់ ការ​ពារ​ធម្ម​ជាតិ​ចំនួន ៧២ និង​ច្រក​របៀង​ជីវ​ចម្រុះ​ផ្សេងៗ​ទៀត ខណៈជា​មធ្យម​ក្នុង ១ ឆ្នាំ មាន​អន្ទាក់​ប្រមាណ​ជាង​ ៤ ម៉ឺន ត្រូវ​បាន​ដក​ចេញ​ពី​តំបន់​ការ​ពារ​ធម្មជាតិ​ទាំង​នេះ។ ​នេះ​បើតាម​ក្រសួង​បរិស្ថាន។

​ការ​បើក​យុទ្ធនាការ​អន្ទាក់​សូន្យ នៅ​តាម​​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃទី៦ ខែ​មេសា និង​​ខេត្ដ​ព្រះវិហារ​កាល​ពីថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​នេះ​។

តាម​រយៈ​យុទ្ធ​នាការ​ជាបន្ត​បន្ទាប់​នេះ ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ​ បានបន្ត​​អំពាវ​នាវ​ ឱ្យ​​​មាន​ការ​ចូល​រួម​យ៉ាង​សកម្មថែម​ទៀត ​ពីប្រជា​ពលរដ្ឋ និង​សហគមន៍​មូល​ដ្ឋាន​ទាំង​អស់​ ដើម្បី​បញ្ឈប់​ការដាក់​អន្ទាក់​គ្រប់​ប្រ​ភេ​​ទ​​ នៅ​ក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​។

តេជ​គុណ វ៉ា សារុំ ចៅ​អធិការ វត្ត​ព្រះ​ពុទ្ធបុរី​បារមី​ព្រះអង្គ​សួង ស្ថិត​នៅក្នុង​ភូមិ​ត្មាត​ប៉ើយ ភូមិ​ព្រីង​ធំ ស្រុក​ជាំក្សាន្ត​ ខេត្ដ​ព្រះ​វិហារ មាន​សង្ឃដីកា​ថា ក្នុង​ពេល​សម្ដែង​ព្រះធម៌​ទេសនា​​ ឬពេល​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ ឬ​ពិធី​សាសនា ព្រះអង្គ​តែង​តែ​ផ្ដល់​ឱវាទ​ដល់​ពុទ្ធ​បរិ​ស័ទ និង​ប្រជា​ពលរដ្ឋ​ទូទៅ​កុំ​ឱ្យ​សម្លាប់​សត្វ ព្រោះជា​អំពើ​បាប​។

តេជ​គុណ​មាន​សង្ឃដីកា​ថា៖«ការ​សម្លាប់​សត្វនេះ​ តាម​ព្រះធម៌​ គឺចូល​ទៅ​ក្នុង​អង្គនៃ​ការ​រក្សាសីល​៥ ក្នុង​ព្រះពុទ្ធ​សាសនា គឺ​បា​ណា​តិបាតា មា​ន​ន័យ​ថា ចេតនា​ជាហេតុ​វៀរចាក​កិរិយា ធ្វើ​ឱ្យ​សត្វមាន​ជីវិត​ឱ្យធ្លាក់​ចុះ​គន្លង គឺ​សម្លាប់​សត្វ ឬការ​វៀ​ចាក​ការ​​សម្លាប់​សត្វ។ ក្រៅ​ពីនេះ​អាត្មា ក៏បាន​ណែនាំ​ពលរដ្ឋ​ឱ្យស្វែង​យល់​បន្ថែម​តាម​ផ្លូវ​សង្គម​បច្ចុប្បន្ន គឺការ​សម្លាប់​សត្វ គឺជា​ការ​បំផ្លាញ​​ធនធាន​ធម្ម​ជាតិ​​»។

ព្រះអង្គ​បន្តថា​៖«សត្វ​មាន​ជីវិត​ក៏​គេ​ក៏ចង់រ​ស់ដូច​យើង​ដែរ។ ក្នុង​ពេល​បច្ចុប្ប​ន្នេះ សត្វ​ស្លាប​ក៏មាន សត្វ​ដើរ​លើដី​ក៏មាន ដូច្នេះ​ការ​ដាក់​អន្ទាក់​នេះ មិនត្រឹ​ម​តែ​អាច​សម្លាប់​សត្វ​ប៉ុណ្ណោះ​ទេ សូម្បី​មនុស្ស​ក៏អាច​រងគ្រោះ​ថ្នាក់​ដែរ​។ ចំណុច​មួយ​ទៀត ក្នុង​ព្រះ​ពុទ្ធ​សាសនា ​ហាម​ប្រាម​មិ​នឱ្យ​សម្លាប់​ជិវិត​សត្វ​ឡើយ​ ទោះបី​​សម្លាប់​ដោយ​ខ្លួន​ឯង ឬ​ប្រើ​គេ​ឱ្យ​សម្លាប់​គឺ​មិន​អនុញ្ញ​ត​ទេ​​»។

តាម​រយៈ​ការ​ធ្វើ​យុទ្ធ​នាការ​អន្ទាក់​សូន្យ​នៅ​​ខេត្ដ​ព្រះវិហារ​​ តេជគុណ សារុំ មាន​សង្ឃដីកា​ថា ព្រះអង្គ​នឹង​បន្ត​ផ្ដល់​ឱវាទ​ដល់​ពុទ្ធ​បរិស័ទ​ តាម​ស្រុក តាមភូមិ ពេល​មាន​ពិធីបុណ្យ ឬពិធី​សាសនា​ផ្សេងៗ​ ដើម្បី​ណែនាំ​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​ដាក់ទន្ទាក់​សម្លាប់​សត្វ​ព្រៃ​បន្ត​ទៀត​។

អ្នក​ស្រី នឹម ស្រីអូន អាយុ ៣៤ ឆ្នាំ​ ជា​ពលរដ្ឋ​ម្នាក់​ រស់នៅ​សហគមន៍​ត្មាត​ប៉ើយ​ ឃុំ​ក្រសាំង ស្រុក​ជាំក្សាន្ត បាន​លើក​ឡើង​ថា សហ​គមន៍​ត្មាត​ប៉ើយ មានការ​គាំទ្រ​ពី​ក្រសួង​បរិស្ថាន និង​អង្គការ​មក​ផ្សព្វ​ផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​ដាក់​អន្ទាក់​សម្លាប់​សត្វ​ព្រៃ ដោយ​ត្រលប់​មក​ប្រកប​របរ​ថ្មីៗ​បន្ថែម​វិញ​ ដូច​ជាការ​ចិញ្ចឹម​សត្វ​ និង​ការ​ប្រមូល​អនុផល​ព្រៃ​ឈើ​ជាដើម​។

អ្នក​ស្រី​ប្រាប់​ថា​៖«ខ្ញុំ​បាន​ណែនាំ​ប្ដី​ខ្ញុំ​ឱ្យ​ឈប់​បរ​បាញ់ និង​ដាក់​អន្ទាក់​សត្វ​ព្រៃ​ ហើយ​មក​បង្កើត​មុខ​របរ​ថ្មីវិញ ដូចជា​ចិញ្ចឹម​ត្រី ចិញ្ចឹម​ជ្រូក គោ និង​មាន់​ជំនួស​វិញ​»។

អ្នកស្រី​បាន​ឱ្យ​ដឹង​ថា ក្នុង​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ​ត្មាត​ប៉ើយ មាន​ស​ត្វ​ស្លាប​កម្រ​មួយ​ចំនួន ដូច​ជា​ សត្វ​ត្រយង​យក្ស និង​​សត្វ​ទាព្រៃស្លាប​ស។ ​ ​

សត្វ​កម្រទាំង​នេះ​ធ្វើ​ឱ្យ​មាន​ការ​​គាំទ្រ​អភិរក្សពីក្រ​សួង​បរិស្ថាន​ និង​អង្គការ​​អភិ​រក្ស​​សត្វ​ព្រៃ​ផ្សេង​ទៀត​ ដែល​អាច​​ផ្ដល់​ផល​ប្រយោជន៍មួយចំនួន ​​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​តាម​រយៈ​ការ​ចូល​រួម​ថែ​រក្សា​ អភិរក្ស​សត្វ​ព្រៃ​កម្រទាំង​នេះ​។

តាម​រយៈ​ការ​ធ្វើ​យុទ្ធនា​ការ​អន្ទាក់​សូន្យ ​ទៅដល់​​ខេត្ដ​​ព្រះវិហារ ​កាល​ពីថ្ងៃទី​១៦ ខែ​ឧសភា​ ក្រសួង​បរិស្ថាន សហការ​ជាមួយ​ អង្គការ WCS មន្ទីរ​បរិស្ថាន​ខេត្ត រដ្ឋបាល​ខេត្ត​ព្រះវិហារ គម្រោង​ព្រៃ​ឡង់​បៃតង និង​អង្គការ​អភិរក្ស​អន្តរ​ជាតិ (CI) បាន​ អំពាវ​នាវ​ឱ្យ​មាន​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​បន្ទាន់​នានា ដើម្បី​បង្កើន ការ​ពង្រឹង​ការ​អនុវ​ត្ត​ច្បាប់ និង​ពិនិត្យ​មើល​បទ​បញ្ញត្តិ​ពាក់​ព័ន្ធ​ក្នុង​គោល​បំណង​ទប់​ស្កាត់​ការបរបាញ់ ​សត្វ​ព្រៃ​ខុស ច្បាប់ និង​បញ្ចប់​វិបត្តិ អន្ទាក់​ដែល​កំពុង​គំរាម​កំហែង​ដល់​ជីវិត​សត្វព្រៃ​កម្ពុជា​កាន់តែ​ខ្លាំង​ឡើង​។

លោក កែន សេរីរដ្ឋា នាយក​អង្គការ WCS បាន​ថ្លែង​ថា​ ការ​ទប់​ស្កាត់​សកម្ម​ភាព​ដាក់​អន្ទាក់​នៅ​ក្នុង ប្រទេស​កម្ពុជា នឹង​មិន​អាច​ទទួល​បាន​ជោគ​ជ័យ​ទេ ប្រសិន​បើគ្មាន​ការ​ចូល​រួម ពីសាធារណ​ជន។ យុទ្ធ​នាការ​នេះ​គឺ ជា​យន្ត​ការ​មួយ​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​សម្រាប់​យើង​ទាំង​អស់គ្នា ក្នុង​ការផ្សព្វ​ផ្សាយ​សារ​បន្ទាន់​ទៅ​កាន់​សាធា​រណ​ជន​ ដើម្បី​បញ្ឈប់​ការ​ប្រើ​ប្រាស់​ផលិត​ផល​សត្វ​ព្រៃ ឱ្យបាន​ទា​ន់ពេល​វេលា​។

លោក​ថ្លែង​ថា៖«អង្គ​ការ WCS សូម​ទទូច​ស្នើសុំ​ឱ្យអ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ចូល​រួម​អនុវត្ត​តាម​ការអំពាវ​នាវ​នេះ ទាំង​អ្នក​ដែល​បង្កើ​ត​ឱ្យ​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​ផលិត​ផល​សត្វ​ព្រៃ និង ទាំង​អ្នក​ជួញ​ដូរសាច់​សត្វ​ព្រៃ។ សត្វព្រៃគឺ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រ​​ព័ន្ធ​អេកូ​ឡូ​ស៊ី។ ការចូ​ល​រួមរបស់​លោក​អ្នក​ថ្ងៃនេះ​ នឹង​ធានា​ដល់​ការ​រស់​រាន​របស់​សត្វ ព្រៃ​នាពេល​អនា​គត​»។

លោក Jackson Frechette នាយក​កម្ម​វិធី​នៃ​មហា​តំបន់​មេគង្គ​នៃអង្គ​ការ CI ថ្លែងថា៖«​ចំណុច សំខាន់​ដែល​នាំ​ឱ្យ​យុទ្ធ​នាការ​នេះ​ទទួល​ជោគ​ជ័យ គឺ​គេត្រូវ​ទទួល​ស្គាល់​ថា ការ​ទិញ​និងបរិភោគ​សាច់​សត្វ​ព្រៃគឺ​ជា បុព្វ​ហេតុ​ដែល​នាំ​ឱ្យ​មាន​ទីផ្សា​រ​ជួញ​ដូរ​សត្វ​ព្រៃ ដែលនាំ​ឱ្យមានការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ និង​បង្ក​ឱ្យ​ឆ្លង​ជំងឺ​ផ្សេងៗ​ពីសត្វ​ព្រៃ​»។

លោក នេត្រ ភក្ត្រា រដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន ថ្លែង​ក្នុង​ពេល​ដឹកនាំការ​បើក​យុទ្ធនាកា​រ​«អន្ទាក់​សូន្យ​»នៅ​ខេត្ដ​ព្រះវិ​ហារ​ថា ការ​ចូល​រួម​របស់​ប្រជា​សហគមន៍​និង​អ្នក​ពាក់ព័ន្ធ​ គឺដើ​រ​តួយ៉ាង​សំខាន់ ​ក្នុង​ការ​ផ្តល់​សុវត្ថិ​ភាព​ដល់​ការ​រស់​រាន​នៃ​សត្វ​ព្រៃ​គ្រប់​ប្រភេទ ក្នុង​ទីជម្រក​ព្រៃ​ធម្មជាតិ ​និង​ជា​ការ​ចូល​រួមប​ញ្ឈប់ការ​ប្រើប្រាស់​ និងកា​រ​ ដាក់​អន្ទាក់​ចាប់​សត្វព្រៃ។

ក្រសួង​បរិស្ថាន សូម​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំ​ង​អស់ ឱ្យ​បញ្ឈប់​ការ​ទទួល​ទាន សាច់​សត្វ​ព្រៃ ឬ​ជាវ​ផលិត​ផល សត្វ​ព្រៃ​ដទៃ​ទៀត​ជាដា​ច់​ខាត។

លោក​បាន​អំពាវ​នាវ​៖«យើង​ខ្ញុំ​សូម​អំពាវ​នាវ​យ៉ាង​ទទូច ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ ឱ្យ​និយាយ​ថា​ទេ ចំពោះ​សាច់​សត្វ​ព្រៃ និង​ចូល​រួម​ក្នុង​សកម្ម​ភាព​ អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ឱ្យ​នៅស្ថិត​ស្ថេរ​គ​ង់វង្ស​»។

បើ​តាម​លោក ភក្ត្រា ខេត្ត​ព្រះវិហារ​ជាខេត្ត​ទិសដៅ​ទី៣ បន្ទាប់​ពីខេត្ត​ស្ទឹង​ត្រែង ដែល​បាន​បើក​​យុទ្ធនាការ​កាលពី ថ្ងៃទី​៦ ខែ​មេសា​។ យុទ្ធនាការ​អន្ទាក់​សូន្យ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធ​នាការ​អន្ទាក់​សូន្យ​រយៈ​ពេល ៦ ខែ​ ក្នុ​ងខេត្ត​ចំនួន ៦ ក្នុង​ភូមិ​សាស្ត្រ​ភាគ​ខាង​កើត​ទន្លេ​មេគង្គ រួម​មាន​ខេត្ត​ស្ទឹង​ត្រែង​ក្រចេះ មណ្ឌល​គិរី រតន​គិរី ព្រះវិហារ និង​កំពង់ធំ ដែល​ផ្តួច​ផ្តើម​និង​ដឹកនាំ​ធ្វើដោយ​ក្រសួង​បរិស្ថាន និង​អង្គ​ការ​ដៃគូ​ដែល​សហ​ការ​ក្នុង​ការ​ងារ​អភិ​រក្ស។

លោក​បញ្ជាក់​ថា​៖«គោល​បំណង​សំខាន់​នៃយុទ្ធនាការ​អន្ទាក់​សូន្យ​នេះ គឺដើម្បី​បញ្ឈប់​ការ​ដាក់​អន្ទាក់​គ្រប់​ប្រភេទ និង​បញ្ឈប់​ការ​​បរ​បាញ់​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​របស់កម្ពុជា ​ធ្វើឱ្យ​​ព្រៃ​ធម្ម​ជាតិ​កាន់​តែ​មាន​សុវត្ថិ​ភាព​សម្រាប់​​សត្វ​ព្រៃ និង​ជីវៈចម្រុះផ្សេង​ទៀត ធ្វើជា​ជម្រក​សម្រាប់​រស់នៅ និង​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ដើម្បី​បន្ត​ពូជ​បង្កើត​កូន​ពូន​ជា​​ចៅ​​រាប់​ជំនាន់​ទៅមុខ​ទៀត និង​បង្កើន​វត្តមាន​ជីវៈចម្រុះ ឱ្យ​កាន់​តែសម្បូរ​ឡើង​វិញ»​។

លោក​បាន​ឱ្យដឹ​ង​ថា កម្ពុជា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​ប្រទេស​ដែល​សម្បូរ​ដោយ​ជីវៈ​ចម្រុះ​ដែល​សរុប​មាន​ចំនួន​ជិត ៥ ពាន់​ប្រភេទ ដែល​ចំនួន​នេះ អាច​នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត ក្រោយ​ពីមាន​ការ​សិក្សា​ស្រាវ​ជ្រាវ និង​រក​ឃើញ​ប្រភេទ​សត្វ​ថ្មីៗ​ជា​​បន្ត​បន្ទាប់។ ​

យុទ្ធនា​ការ​អន្ទាក់​សូន្យ​នៅពេល​នេះ ដើម្បី​ចូល​រួម​ផ្លាស់​ប្តូរឥរិយា​បថ និង​ផ្នត់​គំនិត​របស់ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​ប្រកប​របរ​ដាក់​អន្ទាក់​ និង​បរ​បាញ់​សត្វ​ព្រៃ​ឱ្យ​បញ្ឈប់​សកម្ម​ភាព​ខុស​ច្បាប់​នេះ​ និង​ងាក​​ទៅ​ចាប់​មុខ​របរថ្មី​ជំនួសវិញ និង​ដើម្បី​ឱ្យប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​ចូល​ចិត្ត​ ហូប​សាច់​សត្វ​ព្រៃ​ ឱ្យ​បញ្ឈប់​ការ​ហូប​​សាច់​សត្វ​ព្រៃ បញ្ឈប់​ការ​ជួញ​ដូរ​សត្វ​ព្រៃគ្រប់​ប្រភេទ បញ្ឈប់​ការជួញ​ដូរ​សំណាក​សត្វ​ព្រៃ និង​ងាក​មក​ចូល​រួម​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ការ​ពារ អភិ​រក្ស​សត្វ ព្រៃ​ដើម្បី​ផល​ប្រយោ​ជន៍​នៃ​ប្រព័ន្ធ​អេកូ​ឡូស៊ី និង​ផល​ប្រយោជន៍​ទេស​ចរណ៍​ធម្ម​ជាតិ​។

លោក​ថ្លែង​ថា៖«យុទ្ធនាការនេះក៏ជា​ការ​ផ្តល់​សញ្ញា​មួយ​ថ្មី​នៃ​ការ​អនុ​វត្ត​ច្បាប់​យ៉ាង​ម៉ឹង​ម៉ាត់​រប​ស់​អាជ្ញាធរ​មាន​សម​ត្ថ​កិច្ច​ក្នុង​ការ ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ ប​ទ​ល្មើស​សត្វ​ព្រៃគ្រប់​ប្រភេទ​នៅតាម​ទីផ្សារ​តាម ភោជ​នីយ​ដ្ឋាន តាម​សណ្ឋា​​​គារ ផ្ទះ​សំណាក់ និង​នៅតាម​តំបន់​ទេសចរណ៍​នានា តាម​រយៈក្រុម​ការ​ងារ​​សង្គ្រោះ​សត្វ​ព្រៃ​បន្ទាន់​ជា​ក្រុម​អ្នក​អនុ​វត្ត​ច្បាប់»​។

លោក​បន្ត​ថា​៖«អន្ទាក់​ជាឃាតក​លាក់មុខ​សម្លាប់​សត្វព្រៃ​កម្ពុជា និង​គំរាម​កំហែង​ដល់​សុវ​ត្ថិ​ភាព​របស់​បង​ប្អូន​ប្រជា​សហ​គមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ និង​សហគមន៍​ទេសចរណ៍​ធម្ម​ជាតិ ដែល​ចូល​ព្រៃ​រក​អនុផល​ព្រៃ​ឈើ​ចិញ្ចឹម​ជីវិ​ត​»។

បើតាម​លោក ភក្រ្ដា កាលពី​ឆ្នាំ ២០២១ ក្រុម​សង្គ្រោះ​សត្វ​ព្រៃ​បន្ទាន់​ដែល​ជាអង្គភាព​ចម្រុះ បា​ន​ចុះ​ប្រ​តិបត្តិ​ការ​ក្នុង​ការ​បង្ក្រាប​ការ​ជួញ​ដូរ​សត្វ​ព្រៃ បាន​ចំនួន ៦២៥ លើក សង្គ្រោះ​សត្វ​ព្រៃ​បាន ១ ២៧១ ក្បាល រឹប​អូស​សត្វ​ព្រៃ​ស្លាប់​ចំនួន ៣ ៦០៩ ក្បាល និង​រឹប​អូស​សាច់​សត្វ​ព្រៃ​គ្រប់​ប្រភេទ​ចំនួន ៣៥៤ គីឡូក្រា​ម បញ្ជូន​សំណុំរឿង​ទៅ​តុលាកា​រ​ចំនួន ១១ និង​បាន​ដោះលែង​សត្វព្រៃ​ចូល​ទៅ​ព្រៃ​ធម្មជាតិ​វិញចំ​នួន ៨៦៤ ក្បាល។

លោក​បាន​ឱ្យដឹង​ថា​ជារៀង​រាល់ថ្ងៃ សត្វ​ព្រៃ​ដ៏មាន​តម្លៃ​របស់​កម្ពុជា​​ត្រូវ​បាន​សម្លាប់​ដោយ​សារ​តែ​ព្រាន​ព្រៃ​ប្រើ​អន្ទាក់​គ្រប់​ប្រភេទ និង​គ្រាប់កាំ​ភ្លើង​កែច្នៃ សម្លាប់​ដើម្បី​យក​ទៅ​ធ្វើជា​ម្ហូប​សម្រាប់​គ្រួសារ​ និង​សម្រាប់​លក់​នៅ​លើទី​ផ្សារ​ដល់​អ្នក​ដែល​ចូល​ចិត្តហូប​សាច់​សត្វ​ព្រៃ៕