ភ្នំពេញៈ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ​(CCFC) កំពុង​ធ្វើ​យុទ្ធ​នា​ការបញ្ឈប់​ការប្រើប្រាស់​ថ្នាំ​គីមី​ ដែលមាន​សារជាតិ​ពុល​លើ​ដំណាំ​ចាប់ពី​ថ្ងៃ​​ទី ​៥ ​ខែមិថុនា រហូតដល់​ដំណាច់ខែ​នេះ​ ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណជន​​ពី​ផលប៉ះពាល់ ដល់​ខួរក្បាល​និង​សរី​​រា​ង្គ​នៃ​ការលូតលាស់​ដំបូង​របស់​កុមារ ពិសេស​ពលរដ្ឋ​ក្នុង​ខេត្ដ​គោលដៅ​ដែល​បាន​ប្រើ​ថ្នាំ​គីមី​នេះ​។​

​លោក ថេ​ង សាវឿន ប្រធាន​សមាគម CCFC បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ​ពីថ្ងៃ​ទី ​៥ ខែមិថុនា​ថា យុទ្ធនាការ​នេះ​មានបំណង​ទី​១ ដើម្បី​អបអរ​ទិវា​កុមារ​អន្តរ​ជាតិ និង​ទី​២ ដើម្បី​បញ្ឈប់​ការប្រើ​

​ប្រាស់​ថ្នាំ​គីមី​ដែលមាន​ជា​សារ​ជាតិពុល ផលប៉ះពាល់​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​អាច​បំផ្លាញ​ខួរក្បាល និង​សិរី​រា​ង្គ នៃ​ការលូតលាស់​ដំបូង​របស់​កុមារ​។​

​លោក​ថ្លែងថា​៖ «​សកម្មភាព​នៃ​យុទ្ធ​នា​ការ​នេះ ​យើង​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​និង​ជួប​ជជែក​ផ្ទាល់​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ និង​ប្រជា​​ពលរដ្ឋ ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បញ្ឈប់​ការ​​ប្រើប្រាស់​ថ្នាំ​គីមី ​ដែលមាន​ជា​សារជាតិ​​ពុល​របស់​សហគមន៍​កសិករ​នៅ​ខេត្ដ​គោលដៅ​មួយចំនួន​ដូចជា ខេត្ដ​ព្រៃ​វែង ស្វាយរៀង ត្បូងឃ្មុំ តាកែវ កំពង់ស្ពឺ កោះកុង និង​ព្រះសីហនុជាដើម​»​។​

​លោក​បន្តថា យុទ្ធនាការ​នេះ មាន​កិច្ចសហប្រតិបត្ដិការ​ជាមួយ​បណ្ដាញ​អង្គការ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​តែង​​តែ​ជំរុញ​នូវ​ការលើកកម្ពស់​សិទ្ធិ​កុមារ ជាពិសេស​បញ្ឈប់​ការប្រើ​ថ្នាំ​គីមី​ដែលមាន​សារជាតិ​ពុល​លើ​វិស័យ​ស្បៀងអាហារ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការលូតលាស់ និង​សុខភាព​របស់​កុមារ​។​

លោក ​សាវឿន បានឱ្យដឹងថា បច្ចុប្បន្ន CCFC មើលឃើញថា ការប្រើ​ថ្នាំ​គីមី​មាន​សារជាតិ​ពុល​លើ​ស្បៀងអាហារ និង​លើ​ដំណាំ​មាន​ច្រើន​នៅ​កម្ពុជា និង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​។

​លោក​ថា​៖ «​យើង​សង្ឃឹមថា​ តាមរយៈ​យុទ្ធនាការ​នេះ នឹងមាន​ការចូលរួម​ពី​​ពលរដ្ឋ ពិសេស​ប្រជា​សិ​ករ​ និង​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការចូលរួម​ផ្សព្វផ្សាយ​អំពី​ការ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​គីមី​ដែលមាន​ជា​សារជាតិ​ពុល​នេះ​បន្ថែមទៀត​»​។​

​បើតាម​លោក សាវឿន ផលប៉ះពាល់​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត​អាច​បំផ្លាញ​ខួរ​​ក្បាល និង​សរីរាង្គ​នៃ​ការលូតលាស់​ដំបូង​របស់​កុមារ​។ ដូច្នេះ​ត្រូវ​រួមគ្នា លើក​​កម្ពស់​សិទ្ធិ​កុមារ​ ដើម្បី​សុខភាព​ល្អ និង​

​ពិភពលោក​គ្មាន​ថ្នាំ​សារជាតិ​ពុល​។​

​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គ​​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​ក​សិ​កម្ម​មិនអាច​បកស្រាយ​បានទេ ដោយ​លោក​ថា កំពុង​រវល់​នៅ​ខេត្ដ​។

​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សមាសភាព​ចង្រៃ​គឺ​ឧបសគ្គ​​ចម្បង​មួយ​ដែល​កសិករ​តែង​ខ្វល់ខ្វាយ​ពី​ការបង្កបង្កើន​ផលដំណាំ​របស់​ពួក​​គាត់​។ ការគ្រប់គ្រង​សមាសភាព​ចង្រៃ​តាម​បទដ្ឋាន​បច្ចេកទេស​អាច​ជួយ​ឱ្យ​កសិករ​កាត់បន្ថយ​ការចំណាយ​លើ​ផលិតកម្ម កាត់បន្ថយ​ផលប៉ះពាល់​លើ​សុខភាព​អ្នកប្រើប្រាស់​និង​បរិស្ថាន ព្រមទាំង​ការពារ​ការបាត់បង់​ផលដំណាំ​ពី​សមាសភាព​ចង្រៃ​។​

​ក្រសួង​បញ្ជាក់ថា ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី ក្រសួង​​បានរៀបចំ​គោលការណ៍​គតិយុត្ត​ស្តីពី​ការណែនាំ​សម្រាប់​ស្លាក​សញ្ញា​ព័​ត៌​​មាន ​និង​គំរូ​ស្លាក​សញ្ញា​ព័ត៌មាន​នៃ​ថ្នាំ​

​កសិកម្ម ដើម្បី​គ្រប់គ្រង​ថ្នាំ​កសិកម្ម​ប្រកប​​ដោយ​សុវត្ថិ​ភាពស្រប​តាមច្បាប់​។​

​លោក កែវ មុ​ន្ធី​វុ​ធ ប្រធាន​នាយក​​ដ្ឋា​ន​ការពារ​ដំណាំ អនាម័យ និង​ភូត​​គា​ម​អនាម័យ ធ្លាប់បាន​លើកឡើង​ពី​ខែឧសភា ឆ្នាំមុន​ថា​៖ «​បញ្ហា​ប្រឈម​​មួយ​ដែល​ប្រជាកសិករ តែងតែ​ជួប​​ប្រទះ​ក្នុង​ការធ្វើ​កសិកម្ម ​គឺ​សមាសភាព​ចង្រៃ​កើតឡើង​កាន់តែច្រើន​ ឬ​ភាព​ធន​​នឹង​ថ្នាំ​ជាង​មុន ​គឺ​ដោយសារ​ការប្រើ​​ប្រាស់​ថ្នាំ​កសិកម្ម​មិន​ចំ​មុខសញ្ញា​»​។

​លោក ភុំ រ៉ា ប្រធាន​នាយកដ្ឋាន​នីតិ​​កម្ម​កសិកម្ម​ក៏​ធ្លាប់​លើកឡើង​ពី​ឆ្នាំមុន​​ដែរ​ថា លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​បាន​ឈ្វេងយល់​ខ្លាំង​លើ​បញ្ហា​នេះ ​និង​​បានចេញ​សេចក្ដីណែនាំ​ពី​ការប្រើប្រាស់​ឈ្មោះ​របស់​សមាសភាព​ចង្រៃ​លើ​ដំណាំ នៅលើ​ស្លាក​សញ្ញា​ព័ត៌មាន​ថ្នាំ​កសិកម្ម និង​សម្ភារ​ផ្សព្វផ្សាយ​តាំងពី​ខែមេសា ឆ្នាំ​ ២០១៨ មកម្ល៉េះ។​

​លោក​ថា​៖ «​ក្នុង​សេចក្ដីណែនាំ​នេះ​​ គឺ​បាន​ណែនាំ​ចំពោះ​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​ត្រូវដាក់​យ៉ាងម៉េច​ឱ្យស្រប​គ្នា​កុំឱ្យ​និយាយថា សមាសភាព​ចង្រៃ​នោះ​ខ្លះ ហៅ​មេ​ត្នោត ចំណែក​ខ្លះទៀត​ហៅថា ក្រា​ភ្លើង ដូច្នេះ​យើង​ធ្វើឱ្យមាន​កុងសង់ស៊ីស​គ្នា​លើ​ពាក្យ​នីមួយៗ​នេះ​ទាំងអស់គ្នា​»​។​

​លោក គង់ រ័ត្ន កសិករ​ម្នា​ក់នៅ​ខេត្ដ​តាកែវ បាន​ថ្លែងថា បញ្ហា​ប្រឈម​ខ្លាំង​​ជាងគេ​ក្នុង​ការធ្វើ​កសិកម្ម​នេះ គឺ​បញ្ហា​សត្វ​ចង្រៃ​ផង​និង​ជំងឺ​លើ​ដំណាំ​ផង​។

​លោក​ថា​៖ «​បើ​យើង​មក​ឃើញ​ជំងឺ​ក្នុង​​ដំណាំ​របស់​យើង យើង​ត្រូវ​ឡើងទៅ​វិញ ទៅ​ដេប៉ូ​ទិញ​ថ្នាំ​ឱ្យ​ត្រូវ​នឹង​ជំងឺ​ដែល​កំពុង​កើត​ឡើងលើ​ដំណាំ​កសិកម្ម​របស់​យើង​។ កសិករ​ខ្លះ​បាន​ទៅ​ទិញ​ថ្នាំ​

​កសិកម្ម​យកមកប្រើ​ប្រាស់ មិនត្រូវ​នឹង​​ជំងឺ​នាំឱ្យ​ខាត​ទាំង​លុយ ហើយ​មិន​​អាច​កម្ចាត់​សត្វ​ចង្រៃ ក៏​ដូច​ជំងឺ​លើ​​ដំណាំ​បាន​ទៀត​»៕​