ដើម្បី​ផ្សព្វផ្សាយ​ប្រពៃណី​ដ៏​ល្អ​របស់​ប្រជាជាតិ​ចិន ក៏​ដូចជា​លើក​កម្ពស់​ទំនាក់​ទំនង​និង​ការ​អភិវឌ្ឍ​វប្បធម៌​រវាង​កម្ពុជា​និង​ចិន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ នៅ​ថ្ងៃ​ទី ០៣ ខែ​មិថុនា ឆ្លៀត​ក្នុង​ឱកាស​បុណ្យ​សែន​នំចាំង​ប្រពៃណី​ចិន សមាគម​ជំរុញ​ឧស្សាហកម្ម​វប្បធម៌​និង​ទេសចរណ៍ កម្ពុជា-ចិន និង​វិទ្យាស្ថាន ខុងជឺ នៃ​សាកល​វិទ្យាល័យ​ជាតិ​បាត់ដំបង បាន​ប្រារព្ធ​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ព្រម​ទាំង​ប្រារព្ធ​ពិធី​អបអរ​បុណ្យ​សែន​នំចាំង ក្រោម​ប្រធានបទ «ទស្សនាភាព​រស់​រវើក​នៃ​វប្បធម៌​ចិន អបអរ​ពិធី​បុណ្យ​សែន​នំចាំង​ជាមួយ​គ្នា»។

នៅ​ក្នុង​ពិធី​នោះ​ទទួល​បាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រឹទ្ធបុរស​វិទ្យាស្ថាន ខុងជឺ នៃ​សាកល​វិទ្យាល័យ​ជាតិ​បាត់ដំបង លោក​សាស្រ្ដាចារ្យ YI YONGZHONG ថ្នាក់ដឹកនាំ​សមាគម​ជំរុញ​ឧស្សាហកម្ម វប្បធម៌​និង​ទេសចរណ៍ កម្ពុជា-ចិន អគ្គនាយក​រង​នៃ​ក្រុមហ៊ុន NET1 លោក MO MINQING គឺជា CEO ក្រុមហ៊ុន ធួរអឹរ៉ោន (ខេមបូឌា) ឯ.ក លោកស្រី LISA LIANG អគ្គនាយក​រង​នៃ​ក្រុមហ៊ុន ហូណានអឺរកាង (ខេមបូឌា) អ៊ិនវេសមេន ដែល​មាន​លោក LI HAIYI លោក ZHANG LICHENG លោក YANG JIANPING និង​ភ្ញៀវ​កិត្តិយស​ជាច្រើន​រូប​ទៀត។

កម្មវិធីនេះ ទទួល​បាន​ការ​គាំទ្រ​ និង យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​លោក​ឧកញ៉ា DENG PIBING ប្រធាន​សមាគម​ជំរុញ​ឧស្សាហកម្ម វប្បធម៌ និង ទេសចរណ៍ កម្ពុជា-ចិន ហើយ​ថែម​ទាំង​ទទួល​បាន​ការ​ជូនពរ​ពី​សំណាក់​មិត្តភ័ក្តិ​កម្ពុជា​និង​ចិន​ ពី​គ្រប់​មជ្ឈដ្ឋាន​ផងដែរ។

ជាមួយ​នឹង​បរិយាកាស​ដ៏​អធិកអធម​នៃ​ពិធី​បុណ្យ​សែន នំចាំង ដោយ​ផ្ដើម​ចេញ​ពី​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ហើយ​នា​ពេល​ខាង​មុខ​ផងដែរ​ភាគី​ទាំង ២​ នឹង​ខិតខំ​លើក​កម្ពស់​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​របស់​ប្រទេស​ចិន និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​លើ​គ្រប់​វិស័យ។

ក្នុង​នោះ​ក៏​មាន​ការ​ចែក​រំលែក​បទពិសោធន៍​ក្នុង​ការ​សិក្សា​និង​ការ​បង្រៀន​ភាសាចិន ក្រៅពី​នេះ​ក៏​មាន​ការ​សំដែង​ប្រដាល់​ចិន ការ​សំដែង​របាំ​បុរាណ​ចិន ការ​សរសេរ​អក្សរ​ផ្ចង់​ចិន និង​ការ​សំដែង​សិល្បះ​ជាច្រើន​ផ្សេង​ទៀត ក្នុង​គោល​បំណង​បង្ហាញ​អំពី​អរិយធម៌​និង​ពិធី​បុណ្យ​វប្បធម៌​ដ៏​សម្បូរ​បែប​ជូន​ដល់​ដល់​ថ្នាក់​ដឹក​នាំ​ភ្ញៀវ​កិត្តិយស លោកគ្រូ​អ្នកគ្រូ និង សិស្សានុសិស្ស។

តាម​រយៈការ​ប្រារព្ធ​កម្មវិធី​នេះ​ដែរ គឺ​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ដ៏​ផូរផង់​របស់​ប្រជាជាតិចិន និង​រឹត​ចំណង​សម្ព័ន្ធ​ភាព​រវាង​ប្រទេស​ទាំង ២ នឹង​បាន​បង្ហាញ​ទស្សនិក​ជន​អំពី​ភាព​ទាក់ទាញ​នៃ​វប្បធម៌​ប្រពៃណីចិន ក៏​ដូចជា ពង្រឹង​ចំណង​មិត្តភាព​និង​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​និង​ការ​អភិវឌ្ឍ​វប្បធម៌​របស់​ប្រទេស​ទាំង ២ ផងដែរ៕