បន្ទាយមានជ័យៈ គិត​ត្រឹម​រយៈពេល ​១ សប្តាហ៍ ​ដើម​ខែមិថុនា​នេះ ​ពលករខ្មែរ​ជិត ​៦០ នាក់ ​ដែលបម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ​តាម​ច្រក​ខេត្ត​បន្ទាយមានជ័យ ​ត្រូវបាន​សមត្ថកិច្ច​ទប់ស្កាត់​ទាន់​ពេលវេលា ​និង​បានណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​បែបនេះ​ដែល​នឹង​អាច​បង្ក​គ្រោះ​ថ្នាក់​ផ្សេងៗ។

បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ថៃ ​ព្រមព្រៀង​គ្នា​បើក​ច្រកទ្វារ​ព្រំដែន​ឡើងវិញ​ជាបណ្តោះ​អាសន្ន ​កាលពី​ដើម​ខែឧសភា ​ឆ្នាំ ២០២២​ មក​ ពលករ​ខ្លះ​សម្រុក​ធ្វើ​បណ្ណ​ព្រំដែន ​និង​ឯកសារ​ផ្សេង ​ដើម្បី​បានទៅ​ធ្វើការ​ស្របច្បាប់​នៅ​ថៃ។ ទន្ទឹម​នឹង​នោះ​ក៏មាន​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​ខ្វះខាត ​និង​មិនមាន​លទ្ធភាព​ធ្វើ​ឯកសារ​ផ្សេងៗ ​សម្រេច​ចិត្ត​លួច​ឆ្លង​ដែន​ខុសច្បាប់​ទាំង​ប្រថុយ​ប្រថាន​ ទោះបី​អាជ្ញាធរ​កម្ពុជា​រឹតបន្តឹង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក៏ដោយ។

លោក​ សួង សៅ ​មេបញ្ជាការ​វរសេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​ ៨១៥ ​នៃ​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ឱ្យដឹងថា ​កម្លាំង​ព្រំដែន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ចំបក់ ​និង​កម្លាំង​យោធា​ផ្នែក​សឹករង​ក្រុង​ប៉ោយប៉ែត ​បាន​ចេញ​ប្រតិបត្តិការ​ក្នុង​ការទប់ស្កាត់​ពលករ​បាន​ ៥៩ នាក់ ​ក្នុង​នោះ​ស្រី​ ២១ នាក់ ​នា​ដើម​ខែមិថុនា​នេះ ​ដែលបម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ។ ប្រតិបត្តិការ​នោះ​ធ្វើឡើង​នៅ​ស្រុក​ម៉ាឡៃ ​ដោយ​នៅ​ថ្ងៃទី ៦ ​មិថុនា ​ទប់ស្កាត់​បាន​ ១៥ នាក់ ​និង​ថ្ងៃទី ៤ ​មិថុនា ​ទប់ស្កាត់​បាន​រហូត​ដល់ ​៤៤ នាក់។

លោក​បញ្ជាក់ថា​៖ «ក្នុង​ចំណោម​ពលករ​ទាំងនោះ​មកពី​ខេត្ត​បន្ទាយ​មានជ័យ ​សៀមរាប ​បាត់ដំបង ​កំពត ​ព្រៃវែង​ ឧត្ដមានជ័យ ​កំពង់ស្ពឺ ​និង​ត្បូងឃ្មុំ​ជាដើម ​ហើយ​ពលករ​ទាំងអស់​បន្ទាប់ពី​ធ្វើការ​សួរនាំ ​អប់រំ ​និង​ធ្វើការ​សន្យា​រួច​ គឺ​បានអនុញ្ញាត​ឱ្យវិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​រៀងៗ​ខ្លួន»។

ជាមួយ​គ្នានេះ​លោក​បានណែនាំ​ដល់​កងកម្លាំង ​ត្រូវយក​ចិត្តទុក​ដាក់​ការពារ​ សណ្តាប់​ធ្នាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​ ជាពិសេស​ពង្រឹង​ទប់ស្កាត់​ការលួច​ឆ្លងដែន​ខុស​ច្បាប់។

នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ក្បាល​ទំនប់ ​លោក​ រឿម ប៊ុនរិទ្ធ ​ឱ្យដឹងថា ​ពលករ​នៅ​បន្ត​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ជាបន្តបន្ទាប់ ​ទោះបី​សមត្ថកិច្ច​ធ្លាប់​ផ្សព្វផ្សាយ​ អប់រំ ​និង​បានដាក់​កម្លាំង​ការពារ​នៅព្រំដែន​យ៉ាងណា​ក៏ដោយ​។

លោក​បញ្ជាក់ថា​៖ «សមត្ថកិច្ច​យើង​ខំ​ប្រឹងប្រែង​ទាំង​យប់​ ថ្ងៃ​ ​ដើម្បី​ទប់ស្កាត់ ​និង​បានបាន​ណែនាំ ​អប់រំ​គាត់ឱ្យ​ទៅ​តាម​ច្រក​ព្រំដែន​ស្របច្បាប់ ​ព្រោះ​ទៅ​ច្រក​ខុសច្បាប់​ វា​ប្រឈម​គ្រោះថ្នាក់​ច្រើន​ ដូចជា​ការគេច​ពី​សមត្ថកិច្ច ​ឬ​គ្រោះ​ថ្នាក់​ផ្សេង»។

លោក​ឱ្យដឹងថា ​តាម​អ្វី​ដែល​មត្ថកិច្ច​សួរនាំ​កន្លងមក ​ពលករ​ទាំងនោះ​ភាគច្រើន​ថា ​មិនមាន​លិខិត​ឆ្លងដែន ​និង​ខ្វះ​ថវិកា ​ទើប​ពួកគេ​សម្រេច​ចិត្ត​ឆ្លង​ដែន​ខុសច្បាប់​ទាំង​ប្រថុយ​ប្រថាន។

លោក​និយាយថា​៖ «ដោយសារ​គាត់​អត់​មាន​លិខិត​ឆ្លងដែន ​អ៊ីចឹង​ដោយ​យោង​តាម​ជីវភាព​ខ្វះខាត​ផង ​និង​ខ្លះ​ជំពាក់​លុយ​ធនាគារ ​ទើប​ពលរដ្ឋ​នៅតែ​លួច​ឆ្លងដែន ​ទោះបី​យើង​ខំ​ទប់ស្កាត់ ​អប់រំ​យ៉ាង​ណា ​ក៏គាត់​នៅ​តែ​ឆ្លៀត​ពេល​លួច​ឆ្លងដែន ​ហើយ​គាត់​ជាពលរដ្ឋ​យើង។ អ៊ីចឹង ​គ្រាន់តែ​អប់រំ​ណែ​នាំ​គាត់​ឱ្យទៅ​តាម​ផ្លូវ​ត្រូវ ​យើង​មិន​ធ្វើ​ទារុណកម្ម ​ដាក់​ពិន័យ​ទេ»។

អភិបាល​ស្រុក​កំរៀង ​នៃ​ខេត្ត​បាត់ដំបង ​លោក​ គឿន សត្យា ​បានឱ្យដឹង​ថា ​ដោយសារ​ច្រក​អន្តរ​ជាតិ​ដូង ​ខេត្ត​បាត់​ដំបង​ ជាប់​ខេត្ត​ច័ន្ទ​បុរី ​ត្រូវបាន​បើក​ឡើង​វិញ​ជាបណ្តោះ​អាសន្ន ​ទើប​ពលករ​សម្រុក​ទៅ​ធ្វើ​បណ្ណ​ស្របច្បាប់​ និង​កាត់បន្ថយ​ការឆ្លង​ដែន​ខុស​ច្បាប់។

លោក​ថ្លែងថា​៖ «យើង​បានផ្សព្វផ្សាយ ​ចាក់​មេក្រូ​នៅតាម​ភូមិ-​ឃុំ ​ជាហូរហែ ​ណែនាំ​កុំឱ្យ​ឆ្លងដែន​ខុសច្បាប់ ​ហើយ​ឥឡូវ​នេះ​ពលករ​សម្រុក​មក​ធ្វើ​បណ្ណ​ឆ្លង​ដែន។ គិត​ពី​ដើម​ខែមិថុនា​មក ​អត់​មាន​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​ទេ»៕