ភ្នំពេញៈ ក្នុង​ព្រះរាជសារ​ផ្ញើ​ជូន​ប្រធានាធិបតី​ឥណ្ឌា ​លោក​ Ram Nath Kovind ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី៧០ ​នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២ ​ព្រះមហាក្សត្រ ​នរោត្តម ​សីហមុនី ​មាន​ព្រះរាជបន្ទូល​ថា ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ​ដែល​បានចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏យូរលង់ ​នៃ​បេតិកភណ្ឌ​សាសនា ​វប្បធម៌ ​និង​ភាសា​រួម​ នៅ​តែ​បន្ត​រឹងមាំ​ក្នុង​រយៈពេល ​៧០ ឆ្នាំ​ចុង​ក្រោយ​នេះ។

ទោះ​បីជា​មាន​ការប្រឈម​មួយចំនួន ​ដែល​ប្រទេស​ទាំង ២​ បាន​ជួប​ប្រទះ ​ក៏​ដោយ ​ក៏​ទំនាក់​ទំនង​ រវាង​ប្រទេស​ទាំង២​បាន​បន្ត​រីក​ចម្រើន ​និង​ត្រូវបាន​ពង្រឹង។ នេះ​បើ​តាម​ព្រះរាជសារ ​ចុះ​ថ្ងៃទី ៣១ ​ឧសភា។

ព្រះអង្គ​បញ្ជាក់ថា​៖ «ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែលបាន​ឃើញ​ពី​ទំនុក​ចិត្ត ​រវាង​ប្រទេស​របស់​យើង ​ដែល​បាន​ឈាន​ដល់​កម្រិត​ថ្មី​មួយ​ដូច ​ដែលបាន​ឆ្លុះ​បញ្ចាំង​ តាមរយៈ​ការកើន​ឡើង​នៃ​គណៈប្រតិភូ​ផ្លូវការ ​ព្រម​ទាំង​ការផ្លាស់​ប្តូរ ​រវាង​ប្រជាជន​និង​ប្រជាជន ​វប្បធម៌ ​ពាណិជ្ជកម្ម ​និង​សេដ្ឋកិច្ច»។

ព្រះអង្គ​បន្តថា ​ប្រទេស​ទាំង ២ ​អាច​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ​និង​ការរួមចំណែក​រួមគ្នា​នៃ​ប្រទេស​ទាំង ២​ ដើម្បី​ទទួល​បាន​សន្តិភាព ​ស្ថិរភាព ​និង​វិបុលភាព​រួម​សម្រាប់​តំបន់ ​និង​ពិភពលោក​ទាំង​មូល។

ព្រះអង្គ​បន្ថែមថា​៖ «ខណៈ​ដែល​កម្ពុជា ​និង​ឥណ្ឌា ​បន្ត​ដំណើរ​រួមគ្នា ​ឆ្ពោះទៅ​កាន់​អនាគត​ដ៏ភ្លឺស្វាង​នោះ ​ខ្ញុំ​ជឿជាក់ថា ​មូល​ដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​ដែល​មាន​អាយុ​៧០ឆ្នាំ​នឹង​ដើរតួ​ជាឈ្នាន់​ដែលអាច​ឱ្យ​យើង​បង្កើត​ភាពជា​ដៃគូ​ដ៏រឹងមាំ​ជាងមុន ​ដែល​អាច​នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាជន ​តំបន់ ​និង​ភពផែនដី​របស់​យើង»។

ជាមួយ​គ្នានេះ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក៏បាន​បង្ហាញ​ពី​បំណង​របស់​លោក​ប្រាប់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​លោក​ Narendra Modi ​ក្នុង​ការបន្ត​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​លោក​ Modi ​ដើម្បី​ប្រែក្លាយ​កិច្ច​សហប្រតិបត្តិការ​ដែល​អាច​នាំមក​នូវ​សន្តិភាព ​ស្ថិរភាព ​និង​វិបុលភាព​សម្រាប់​ផលប្រយោជន៍​ប្រទេស​ទាំង ២។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ២៧ ​ខែឧសភា ​ផ្ញើ​ជូន​លោក ​Modi ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៧០ ​នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត ​រវាង​ប្រទេស​ទាំង​២ លោក​ហ៊ុន សែន ​ថ្លែងថា ​បន្ទាប់ពី​ធ្វើការ​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល​ទ្វេភាគី ​នៃ​ប្រទេស​ទាំង ២​ ក្នុង​រយៈពេល​ ៧០ ឆ្នាំ​កន្លង​មក​នេះ ​លោក​ជឿជាក់​ថា ​កាលានុវត្តភាព ​នៃ​សហប្រតិបត្តិការ​ជាច្រើន​ទៀត​អាចត្រូវ​បាន​ចាប់យក​ដើម្បី​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង២។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​មាន​បំណង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម​ដើម្បី​ប្រែក្លាយ​កិច្ចសហប្រតិបត្តិការ​របស់​យើង​ទៅ​ជា​សហប្រតិបត្តិការ​ដែល​អាច​នាំមក​នូវ​សន្តិភាព ​ស្ថិរភាព ​និង​វិបុលភាព​សម្រាប់​ប្រជាជន ​និង​ប្រទេស​ជាតិ​របស់​យើង»។

លោក​ ហ៊ុន សែន ​បន្ថែមថា ​ចាប់​តាំងពី​បង្កើត​ទំនាក់​ទំនង​ការទូត​នៅ​ឆ្នាំ ១៩៥២ ​កម្ពុជា ​និង​ឥណ្ឌា​បានពង្រឹង​ភាព​ជាដៃគូ​ដ៏រឹង​មាំ ​និង​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅមក​គ្រប់​កម្រិត ​មិនថា​ក្នុង​កម្រិត​ទ្វេភាគី ​តំបន់ ​និង​ពហុភាគី។

បើ​តាម​នាយក​រដ្ឋមន្ត្រី ​លោកបាន​កត់សម្គាល់​ថា ​ប្រទេស​ទាំង ២ ​បានពង្រីក​កិច្ចសហប្រតិបត្តិការ​របស់​ខ្លួន​ ទាំង​ក្នុង​វិសាល​ភាព​និង​ភាពស៊ីជម្រៅ​លើ​វិស័យ​ជាច្រើន​នៃ​ផលប្រយោជន៍​រួម ​រាប់​ចាប់ពី​នយោបាយ ​សន្តិសុខ ​រហូត​ដល់​ការអភិវឌ្ឍ​សង្គម-​សេដ្ឋកិច្ច។

លោក​ ហ៊ុន សែន ​សរសេរថា​៖«ខ្ញុំ​រង់ចាំ​សកម្មភាព​រួមគ្នា ​រយៈពេល​ ១ ឆ្នាំ​ពេញ ​ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ​នៃ​ទំនាក់​ទំនង​ការទូត​របស់​យើង ​ទាំង​នៅ​កម្ពុជា ​និង​ឥណ្ឌា ​ដែល​តាម​ទស្សនៈ​របស់​ខ្ញុំ ​សកម្មភាព​នេះ​នឹង​ក្លាយជា​សក្ខីភាព​ដ៏ល្អ ​ចំពោះ​ចំណង​មិត្តភាព​ដ៏​យូរអង្វែង​របស់​យើង»។

លោក​បន្តថា ​ក្នុង​នាម​ជាប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ ​កម្ពុជា​ក៏ត្រៀម​ខ្លួន​រូច​ជាស្រេច​ក្នុង​ការធ្វើការ​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេង​ទៀត ​និង​ឥណ្ឌា ​ដើម្បី​ពង្រឹង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-ឥណ្ឌា។ លោក​រង់ចាំ​ទទួល​ស្វាគមន៍​លោក​ Modi ​មក​កាន់​កម្ពុជា ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-ឥណ្ឌា ​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​ខែតុលា ​ឆ្នាំ២០២២។

លោក​ ហេង គីមគង់​ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​ថ្លែងថា ​ក្នុង​បរិបទ​នៃ​ការកើន​ឡើង​នូវ​ការប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​នៃ​ប្រទេស​មហាអំណាច ​ជាពិសេស ​រវាង​សហរដ្ឋអាមេរិក ​និង​ចិន ​កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​មហាអំណាច​នានា​ក្នុង​តំបន់​ដូចជា​ឥណ្ឌា។

លោក​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​នា​ថ្ងៃទី ៧ ​មិថុនាថា​៖ «កម្ពុជា​ចាំបាច់​ត្រូវ​តភ្ជាប់​ទំនាក់​ទំនង​ជាយុទ្ធសាស្រ្ត​ជាមួយ​ឥណ្ឌា ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជាអតិបរមា​ពី​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា​-ឥណ្ឌា»៕