ពោធិសាត់ៈ ​លោក កែវ សា​រិ អធិការនគរបាល​ក្រុងពោធិសាត់​ឱ្យដឹង​នៅ​ថ្ងៃទី ៧ មិថុនាថា នគរបាល​ក្រុងពោធិសាត់​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​កាប់​មន្ត្រីនគរបាល​ម្នាក់​ឱ្យ​របួស​ដៃ​ទាំងសងខាង​កាលពី​យប់​ថ្ងៃទី​ ៥ មិថុនា ឆ្នាំ​ ២០២២ ស្ថិត​ក្នុងភូមិ ពាល​ញែក​ទី​២ សង្កាត់ ផ្ទះ​ព្រៃ ក្រុង ពោធិសាត់​។ ប៉ុន្តែ​ក្មេង​ទំនើង​ប្រុស​ស្រី​ចំនួន​ ១០​ នាក់​ដែល​សមត្ថកិច្ច​របស់លោក​ឃាត់ខ្លួន​បណ្តោះអាសន្ន​នោះ​ត្រូវបាន​អនុញ្ញាតឱ្យ​ពួកគេ​វិលត្រឡប់​ទៅផ្ទះ​វិញ​អស់ ហើយ​នៅ​ថ្ងៃទី ​៦ មិថុនា​។​

លោក​ប្រាប់ថា​៖ «​ក្មេងៗ​ប្រុស​ស្រី​ទាំង​ ១០​ នាក់​នោះ​យើង​អនុញ្ញាតឱ្យ​ពួកគេ​វិលត្រឡប់​ទៅផ្ទះ​វិញ​អស់​ហើយដោយ​យើង​តម្រូវឱ្យ​ឪពុកម្តាយ​របស់​ក្មេង​ទាំង​នោះមក​ធានា និង​ធ្វើ​កិច្ចសន្យា​ឈប់​ឱ្យ​បង្ក​ជា​ក្រុម​ពេលយប់​អធ្រាត្រ​ទៀត​»​។​

លោក​បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោងជាង​ ៧​ យប់ ​ថ្ងៃទី ​៥ មិថុនា ឆ្នាំ ២០២២ លោក ស៊ុន កុសល ជា​នាយរង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិសាត់​បានចេញ​ទៅរក​ហូប​អី​ប៉ុន្តែ​គាត់​មិនបាន​ស្លៀកពាក់​ជា​ឯក​ស​ណ្ខា​ន​កងកម្លាំង​នគរបាល​ទេ​។​នៅពេល​យប់នោះ​ ខណៈ​គាត់​កំពុងតែ​ជិះ​ម៉ូតូ​តាមផ្លូវ​ស្រាប់តែ​គាត់​ឃើញ​មាន​ជម្លោះ​កាប់​គ្នា​បង្កឡើង​ដោយ​មនុស្ស​ ២ ​ក្រុម​។ ដោយ​ឃើញ​សភាព​បែបនេះ គាត់​បាន​ចុះ​ពីលើ​ម៉ូតូ​ដើម្បី​ចូលទៅ​ជួយ​ធ្វើ​អន្តរា​គម​តែ​ក៏ត្រូវ​គេ​កាប់​គាត់ បណ្ដាល​ឲ្យ​រងរបួស​ដៃ​ទាំងសងខាង​យ៉ាង​ធ្ងន់ បន្ទាប់មក​ជនបង្ក​បាននាំគ្នា​គេចខ្លួន​បាត់អស់​ទៅ​។​

បើតាម​លោក សា​រិ បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើត​ឡើងមក លោក​បាន​ដឹកនាំ​កម្លាំង​ចេញ​ប្រតិបត្តិការ​ដើម្បី​ស្វែងរក​ក្រុម​ជនដៃដល់​ហើយក៏​ជួប​ក្រុម​ក្មេង​ទំនើង​ ១ ​ក្រុម​ ដែល​សង្ស័យថា​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នេះ​ទើប​សមត្ថកិច្ច​របស់លោក​ហៅ​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិសាត់​។​ ប៉ុន្តែ​ពេល​សមត្ថកិច្ច​សាកសួរ​ទៅ​ក្រុម​ក្មេងប្រុស​ស្រី​ទាំង ​១០ ​នាក់​នោះ មិនឃើញ​មាន​តម្រុយ​ណា​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​មន្ត្រីនគរបាល​ទើប​សមត្ថកិច្ច​របស់លោក​ធ្វើការ​អ​ញ្ចើ​ញ​ឪពុកម្តាយ​របស់​ក្មេងៗ​ទាំង​នោះមក​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការដើរ​លេង​យប់​ហួស​ម៉ោង​ហួស​វេលា​តទៅទៀត​។​

លោក​ប្រាប់ថា​៖ «​ក្រុម​ក្មេង​ទំនើង​ទាំង​ ១០​ នាក់​នោះ គ្មាន​កាំបិត​ដាវ​អី​ជាប់​នឹង​ខ្លួន​ទេ តែ​ពួកគេ​នាំគ្នា​ដើរលេង យប់​ជ្រៅ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ឬក៏​ខ្លួនឯង​។ ពួកគេ​ជិះ​ម៉ូតូ​ប្រមូលផ្តុំ​វា​អាចពាក់ព័ន្ធ​បង្ក​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​»​។​

លោកអធិការ កែវ សា​រិ លើកឡើងថា ចំពោះ​ជនសង្ស័យ​ដែល​បាន​បង្ក​បទល្មើស​កាប់​ម​ន្ត្រី​នគរបាល​ក្រុង​ពោធិសាត់​នោះ សមត្ថកិច្ច​របស់លោក​កំពុង​ស្រាវជ្រាវ​ហើយ​ហើយ​សមត្ថកិច្ច​ក៏បាន​កំណត់​មុខសញ្ញា​ជនដៃដល់​បាន​អស់ហើយ​ដែរ​។ ពេលនេះ​ជនរងគ្រោះ​បាន​ធូរស្បើយ​ច្រើន​ហើយដោយ​សារ​គ្រូពេទ្យ​ខេត្តពោធិសាត់​ធ្វើការ​វៈ​កាត់ត​ស​សៃ​បាន​ជោគជ័យ​៕