
ជនជាតិដើមភាគតិច៣នាក់ ក្នុងចំណោម៤នាក់ដែលបានចូលទៅបំភ្លឺនៅតុលាការនៅថ្ងៃទី៧មិថុនា។ រូបថត សហការី
មណ្ឌលគិរីៈ ជនជាតិដើមភាគតិចព្នង ៤ នាក់ បានចូលទៅបំភ្លឺតាមការកោះហៅ របស់តំណាងអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី ៧ ខែមិថុនា បន្ទាប់ពីតុលាការ បានកោះហៅជាលើកទី២ ពាក់ព័ន្ធករណី បរិហាកេរ្តិ៍ ជាសាធារណៈ និងបទ ញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ ក្នុងរឿងវិវាទដីធ្លី ប្រព្រឹត្តនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ។
លោក គ្រឿង តុលា អ្នកប្រឹក្សាយោបល់ ក្រុមការងារបណ្តាញសហគមន៍ ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្រោយចូលបំភ្លឺនៅតុលាការនៅថ្ងៃទី ៧ ខែមិថុនាថា លោកបានឆ្លើយបំភ្លឺទៅតុលាការថា មិនបានញុះញង់ឱ្យប្រជាពលរដ្ឋមានការប្រមូលផ្តុំធ្វើការតវ៉ាក្នុងរឿងវិវាទដីធ្លីនោះទេ គឺលោកគ្រាន់តែជួយអន្តរាគមន៍ ទៅកម្លាំងសមត្ថកិច្ចសូមឱ្យជួយហាមឃាត់ប្រជាពលរដ្ឋកុំឱ្យមានអំពើហិង្សា ធ្វើការដុតគ្រឿងចក្រក្រុមហ៊ុន វីឡាឌីវេលឡុបមេន ឬប្រើអំពើហិង្សាណាមួយ ពេលពលរដ្ឋទៅឃាត់គ្រឿងចក្រក្រុមហ៊ុន ដែលបានឈូសឆាយចូលដល់ដីអាស្រ័យផលរបស់ជនជាតិដើមភាគតិចព្នងប៉ុណ្ណោះ។
លោកថ្លែងថា៖ «ខ្ញុំអត់ចង់ឱ្យពីណាមួយមានអំពើហិង្សាទេ អ៊ីចឹងបានខ្ញុំតេសុំទៅស្នងការ សុំឱ្យជួយធ្វើយ៉ាងណាឱ្យក្រុមហ៊ុនគាត់បញ្ឈប់សកម្មភាពទៅវិញ ហើយខ្ញុំក៏អន្តរាគមន៍ទៅប្រជាពលរដ្ឋ ឱ្យត្រឡប់ទៅវិញផងដែរ ដោយចាំដោះស្រាយបញ្ហាគ្នានៅលើតុ អ៊ីចឹងទៅ»។
អ្នកស្រី ផ្លឹក ភីរុំ ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី ក៏បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្រោយចូលបំភ្លឺនៅតុលាការផងដែរថា កាលពីថ្ងៃទី ១៥ ខែមីនា ប្រជាពលរដ្ឋសរុបប្រមាណ ៥០ នាក់បានចុះទៅឃាត់ផ្អាកគ្រឿងចក្រចំនួន ២ គ្រឿង ដែលកំពុងឈូសឆាយដីព្រៃកាយព្រំឱ្យក្រុមហ៊ុនវីឡាឌីវេឡុបមេន នៅភូមិសុខដុម ក្រុងសែនមនោរម្យ ។
អ្នកស្រីបន្តថា ការឃាត់នោះព្រោះមានការព្រួយបារម្ភ ខ្លាចក្រុមហ៊ុនវីឡាឌីវេឡុបមេន ទន្ទ្រានយកដីដែលជនជាតិដើមភាគតិចព្នងខំរក្សាទុក សម្រាប់អាស្រ័យផល ពីពោះបើមានការឈូសឆាយនឹងធ្វើឱ្យបាត់បង់ដើមជ័រទឹកប្រមាណ ១ ០០០ ដើម ដែលកំពុងអាស្រ័យផលនៅទីនោះ។
ការឃាត់គ្រឿងចក្រក្រុមហ៊ុនកាលនោះ គ្មានបំណងបង្កបញ្ហាណាមួយឡើយ គឺគ្រាន់តែចង់ថែរក្សាដីសហគមន៍ជនជាតិដើមភាគតិចប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖ «ខាងក្រុមហ៊ុនគេប្រាប់ទៅតុលាការថា គេអត់បានទន្ទ្រានអីទេ ប៉ុន្តែការពិតធាតុពិត គឺក្រុមហ៊ុនហ្នឹងជាអ្នកបំពានហ្នឹងឯង។ ក្នងរឿងនេះ ខ្ញុំនឹងពិភាក្សាជាមួយមេធាវី ថាត្រូវធ្វើយ៉ាងណាទៀត ប្រហែលអាចនឹងប្តឹងត្រឡប់វិញ ព្រោះបើមិនប្តឹងទេ ខាងក្រុមហ៊ុន ឈូសឆាយដីហ្នឹងទៀត គឺចប់ហើយ អត់មានព្រៃអាស្រ័យផលទៀតទេ» ។
តាមដីកាកោះ របស់លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី ចុះថ្ងៃទី ២៨ ខែមេសា បានឱ្យដឹងថា តំណាងអយ្យការបានកោះហៅបុគ្គល ៤ នាក់ ឱ្យចូលបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីនៅថ្ងៃទី ៧ ខែមិថុនា ដើម្បីសាកសួរ និងបំភ្លឺ ពីដំណើររឿង ពាក់ព័ន្ធនឹងបណ្តឹងរបស់ឈ្មោះ កាក់ រតនា ប្តឹងឈ្មោះ ភ្លឹក ភីរុំ ឈ្មោះ ភ្លឹក ណារី ឈ្មោះខ្លើង ទុំ និងឈ្មោះ គ្រឿង តុលា ករណីបរិហាកេរ្តិ៍ជាសាធារណៈ និងបទ ញុះញង់ឱ្យប្រព្រឹត្ត បទល្មើសឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅភូមិមេម៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក ស៊ាវ ងីឈន់ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ថ្លែងនៅថ្ងៃទី ៧ ខែមិថុនាថា ជុំវិញរឿងនេះតំណាងអយ្យការ នៅមិនទាន់បានសម្រេចយ៉ាងណានៅឡើយទេ គ្រាន់តែអញ្ជើញអ្នកទាំងនោះ មកបំភ្លឺប៉ុណ្ណោះ ខណៈករណីនេះនៅត្រូវបន្តធ្វើការស៊ើបអង្គេតបន្តទៀត៕