ភ្នំពេញៈ ក្រុម​ហ៊ុន ​Meta ​នឹង​ដាក់​ដំណើរការ​យុទ្ធនាការ​រយៈពេល​ ៣ ថ្ងៃ ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រ​សប្តាហ៍​នេះ ​នៅ​រាជធានី​ភ្នំពេញ​ ដោយ​ប្រមូល​ផ្តុំ​សិល្បករ​ វិចិត្រករ​គំនូរ​ និង​អ្នកបង្កើត​មាតិកា​លើ​បណ្តាញ​សង្គម​ផ្សេង​ទៀត​ ដើម្បី​លើកកម្ពស់​ការយល់​ដឹង​អំពី​ឯកជនភាព ​តាមរយៈ​គេហទំព័រ​ «ប្រូហ្វាល​របស់​អ្នក​ ផ្ទះ​របស់​អ្នក​ (Your Profile, Your Home)។

យុទ្ធនាការ​ដែល​នឹង​ដាក់​ដំណើរការ​នៅ​ថ្ងៃទី ១០ ​ខែមិថុនា ​និង​បញ្ចប់​នៅ​ថ្ងៃទី ១២ ​ខែមិថុនា ​នៅ ​Factory Phnom Penh ​នៅរាជធានី​ភ្នំពេញ ​នឹង​មាន​ការចូលរួម​ពី​វិចិត្រករ ​ដែល​មាន​ទេពកោសល្យ ​ក្នុង​ស្រុក ​២ រូប ​គឺ​លោក ​Fonki ​និង​លោក​កេត មុន្នីរ័ក្ស ​ដែល​នឹង​ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​ដ៏អស្ចារ្យ​របស់​ពួកគាត់ ​ដូចដែល​មាន​បង្ហាញ​ក្នុង​គេហទំព័រ ​«ប្រូហ្វាល​របស់​អ្នក​ ផ្ទះ​របស់​អ្នក»។

ព្រឹត្តិការណ៍​នេះ ​ក៏នឹង​មាន​ការចូលរួម​ផងដែរ​ ពី​អ្នកបង្កើត​មាតិកា​លើ​បណ្តាញ​សង្គម​មួយចំនួន ​ដែលមាន​អ្នកតាមដាន​ ច្រើន​ក្នុង​ប្រទេស​កម្ពុជា ​ដែល​នឹង​ជួយ​ផ្សព្វផ្សាយ​សារ​ឯកជនភាព​អនឡាញ​នេះ។ គេហទំព័រ​នេះ​អនុញ្ញាតឱ្យ​អ្នក​ទស្សនា​ជ្រើសរើស​ចំណង់​ចំណូលចិត្ត​ឯកជនភាព ​របស់​ពួកគេ ​តាមរយៈ​ការរចនា​អន្តរទំនាក់​ទំនង ​(interactive design)។ ជម្រើស​ឯកជនភាព​មាន​ភាពខុសគ្នា ​រាប់​ចាប់ពី ​ឯកជន​ខ្លាំង ​(very private) ​រហូតដល់ ​បើកចំហ​ខ្លាំង ​(very open)។

អ្នកចូល​មើល​គេហទំព័រ ​ក៏អាច​ស្វែងយល់​អំពី​ប្រភេទ​ផ្សាយ​ពាណិជ្ជកម្ម ​និង​ការកំណត់ ​(Settings) ​ផងដែរ ​ដើម្បី​ជួយ​ពួកគេ​ធ្វើឱ្យ ​Profile​ របស់​ខ្លួន ​មាន​លក្ខណៈ​ឯកជន ​តាមដែល​ពួកគេ​ចង់​បាន។ នៅពេល​ដែល​អ្នកចូល​មើល​គេហទំព័រ​បាន​ធ្វើការ​ជ្រើសរើស​ជម្រើស​របស់​ខ្លួន​ហើយ ​បញ្ជី​ត្រួតពិនិត្យ​សុវត្ថិភាព​មួយ​ត្រូវបាន​បង្ហាញ​ឱ្យ​ពួកគេ​ឃើញ ​ដើម្បី​រំឭក​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​ត្រូវការ ​ដើម្បី​រក្សា​សុវត្ថិភាព​នៅលើ​អ៊ីនធឺណិត។

លោក​ស្រី ​Arianne T. Jimenez ​ប្រធាន​ផ្នែក​គ្រប់គ្រង​ឯកជនភាព ​និង​គោល​នយោបាយ​សាធារណៈ​របស់​ក្រុមហ៊ុន​ Meta ​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ​ថ្លែងថា ​ការធានា​ឯកជនភាព​របស់​មនុស្ស ​គឺ​សំខាន់​ណាស់​សម្រាប់​អាជីវកម្ម ​និង​ផលិត​ផល។ ការការពារ​ឯកជនភាព​របស់​មនុស្ស ​គឺជា​ចំណុច​សំខាន់​នៃ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ Meta​ ក្នុង​ពេល​អនាគត។

លោកស្រី​ថ្លែងថា​៖ «យើង​នឹង​ដាក់​ដំណើរការ​យុទ្ធនាការ ​“ប្រូហ្វាល​របស់​អ្នក ​ផ្ទះ​របស់​អ្នក”។ នេះ​ជាមួយ​ព្រឹត្តិការណ៍​ផ្ទាល់​នៅ​ភ្នំពេញ ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​កម្ពុជាឱ្យ​ស្វែងយល់​អំពី​ឧបករណ៍​ឯកជនភាព​ផ្សេងៗ ​ដែលមាន​នៅលើ​ភ្លែតហ្វម​ (Platform) ​របស់​ក្រុមហ៊ុន​ Meta ​ដូចជា ​Facebook ​ជាដើម»។

លោកស្រី​បន្តថា​៖ «តាម​រយៈ​យុទ្ធនាការ​នេះ ​យើង​សង្ឃឹមថា ​ពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់ ​ដែល​ប្រើ ​Facebook ​នឹង​យល់​កាន់​តែ​ច្បាស់​ អំពី​មុខងារ​ឯកជនភាព​ទាំងនេះ ​ដែល​ពួកគេ​អាច​រកបាន ​ដែល​អាច​ជួយ​រក្សា​ព័ត៌មាន ​របស់​ពួកគេ​ឱ្យ​មាន​សុវត្ថិភាព»។

វិចិត្រករ​ក្នុង​ស្រុក ​នឹង​បង្ហាញ​ការបកស្រាយ ​របស់​ពួកគេ ​ដែល​តំណាងឱ្យ​កម្រិត​ផ្សេងៗ​គ្នា​ នៃ​ឯកជនភាព ​នៃ​ប្រូហ្វាល​ Facebook ​ដែល​កម្រិត​ឯកជនភាព​នេះ ​មាន​ចាប់ពី ​ឯកជន​ខ្លាំង​ (very private) ​ រហូតដល់ ​សាធារណៈ​ខ្លាំង​ (very public)។

លោក ​ហេង ភក្តី ​ប្រធាន​គ្រប់គ្រង​ផ្នែក​គោល​នយោបាយ​សាធារណៈ ​Facebook ​ប្រចាំ​នៅ​កម្ពុជាថ្លែងថា ​ក្នុង​នាម​ជាអ្នក​តំណាង​នៅ​កម្ពុជា ​របស់​ក្រុមហ៊ុន​ Meta ​លោក​មាន​មោទនភាព​ណាស់ ​ដែល​បាននាំ​យក​យុទ្ធនាការ​«ដ៏មាន​អត្ថន័យ»​នេះ​មក​កម្ពុជា​និង​ធ្វើការ​ជាមួយ​វិចិត្រករ​ក្នុង​ស្រុក ​ដើម្បី​ផ្សព្វផ្សាយ​សារ​អំពី​ឯកជនភាព។

លោក​ថ្លែងថា​៖«ដោយ​ក្រុមហ៊ុន ​Meta ​ក្នុង​ប្រទេស​កម្ពុជា​ ទទួលបាន​ការនិយម​ប្រើប្រាស់​ច្រើន ​យើង​ចង់​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការជ្រើសរើស​កម្រិត​ឯកជនភាព ​និង​សុវត្ថិភាព​ផ្ទាល់​របស់​ពួក​គេ»។

ក្រុម​ហ៊ុន​ Meta ​នៅ​កម្ពុជា​អំពាវនាវ​ដល់​សាធារណជន​កុំ​ស្ទាក់ស្ទើរ ​ក្នុង​ការចូលរួម​ព្រឹត្តិការណ៍​ជាសាធារណៈ​លើក​ដំបូង​មិន​ធ្លាប់​មាន​របស់​ក្រុមហ៊ុន ​Meta​ នៅ​កម្ពុជា ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ឯកជនភាព​អនឡាញ ​របៀប​ភ្ជាប់​ទំនាក់ទំនង​ប្រកប​ដោយ​សុវត្ថិភាព​ជាមួយ​មិត្តភក្តិ ​និង​ក្រុមគ្រួសារ ​ជួប​ជាមួយ​វិចិត្រករ ​និង​អ្នកបង្កើត​មាតិកា​លើ​បណ្តាញ​សង្គម​ផ្សេង​ទៀត។ ការតាំង​ពិព័រណ៍ ​និង​សកម្មភាព​ទាំងអស់​នេះ​ចូលរួម​ដោយ​មិន​គិត​ថ្លៃ។

វិចិត្រករ​គំនូរ​តាម​ដង​ផ្លូវ​ដ៏​ឆ្នើម ​Fonki ​បានទទួល​ជោគជ័យ​ក្នុង​អាជីព ​ជាវិចិត្រករ​គំនូរ​ នៅលើ​ឆាក​អន្តរជាតិ ​មុន​ពេល​មក​ដល់​ប្រទេស​កម្ពុជា។ Fonki ​កើត​នៅ​ប្រទេស​បារាំង​ដែលមាន​ឪពុក​ម្តាយ​ជាជនជាតិ​ខ្មែរ។ សិល្បៈ​របស់​លោក​គឺជា​គំនូរ​បែប​ប្រពៃណី​ខ្មែរ។

លោក​ កេត មុន្នីរ័ក្ស ​បានទាក់​ទាញ​ឱ្យ​មាន​ការតាម​ដាន​ (Followering)​ នៅលើ ​Instagram ​ដោយសារ​ស្នាដៃ​ការងារ​រចនា​របស់​លោក​សម្រាប់​ម៉ាក​យីហោ ​និង​ស្ថាប័ន​ល្បីៗ​មួយចំនួន​នៅ​ក្នុង​ប្រទេស។ លោក​ មុន្នីរ័ក្ស ​និង​លោក​ Fonki ​នឹង​បង្ហាញ​ចំណាប់​អារម្មណ៍​សិល្បៈ​របស់​ពួកគាត់ ​ដើម្បី​ពន្យល់​បង្ហាញ​ពី​ “ប្រូហ្វាល​របស់​អ្នក ​ផ្ទះ​របស់​អ្នក”៕