ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការបរិភោគ​ចំណីអាហារ​របស់​ខ្លួន ក្រុមគ្រួសារ និង​ជាពិសេស​ត្រូវអនុវត្ត​ឱ្យបាន​ល្អ​នូវ​សុវត្ថិភាព​អនាម័យ​ចំណីអាហារ ដោយ​ចៀសវាង​នូវ​អាហារ​ណា​ដែល​ហួស​សុពលភាព​។

លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ថ្លែង​ដូចនេះ​ក្នុងឱកាស​ទិវា​សុវត្ថិភាព​ម្ហូបអាហារ​ពិភពលោក​ឆ្នាំ​ ២០២២ ក្រោម​ប្រធានបទ​ «​សុវត្ថិភាព​ចំណី​អាហារ​ប្រសើរ ដើម្បី​សុខភាព​ល្អប្រសើរ​» ថ្ងៃទី​ ៧ ខែមិថុនា​។

លោកស្រី​ថ្លែងថា​៖ «​សុវត្ថិភាព​ចំណីអាហារ គឺជា​កត្តា​សំខាន់​មួយ​នៅក្នុង​ចំណោម​កត្តា​ផ្សេងៗ​ទៀត សម្រាប់​ការរក្សាបាន​នូវ​សុខភាព​ល្អ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​។ ប្រសិនបើ​ការបរិភោគ​ចំណីអាហារ របស់​យើង​អនុវត្ត​មិនបាន​ត្រឹមត្រូវ​នូវ​អនាម័យ ក៏ដូចជា​ការរក្សាបាន​នូវ​សុវត្ថិភាព​ចំណីអាហារ​នេះ វា​នឹង​ផ្តល់នូវ​ផលប៉ះពាល់​ធំ​ដល់​សុខភាព រហូត​អាច​ឈានដល់​ការបាត់បង់​ជីវិត​ផងដែរ​»​។

លោកស្រី​បន្ថែមថា ការអនុវត្ត​នូវ​អនាម័យ​ដៃ​ក៏​ជា​ចំណុច​សំខាន់​ដែរ មុននឹង​ចាប់​កាន់​អាហារ ដោយ​ត្រូវ​លាង​សម្អាត​ដៃ​ឱ្យបាន​ស្អាត​ផងដែរ មុននឹង​ចាប់​កាន់​ចំណី​អាហារ និង​ត្រូវ​លាង​សម្អាត​បន្លែ ត្រី សាច់ និង​សម្ភារ​សម្រាប់​ដាក់ ឬ​ធ្វើ​ម្ហូប​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។

លោកស្រី ​ឱ វណ្ណឌីន ថ្លែងថា​៖ «​នៅពេល​ដែល​បងប្អូន​មាន​បញ្ហា​សុខភាព​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​ ឬ​មាន​ការ​សង្ស័យថា​ចេញ​នូវ​ជំងឺ​ផ្សេងៗ​ត្រូវ​រាយការណ៍​ទៅ​ក្រុមគ្រូពេទ្យ ឬ​អាជ្ញាធរ ដើម្បី​ចៀសវាង​បាន​នូវ​ហានិភ័យ​នានា និង​ការបាត់បង់​ជីវិត​ផងដែរ​»​។

កុមារ​តម្រង់​ជួរ​ទទួល​អាហារ​ក្នុង​សាលារៀន​សំរោង ខេត្ត​កំពង់ធំ ពីថ្ងៃ​ទី​ ៦ ​មិថុនា​។​រូប WFP

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បង្កើត​ទិវា​សុវត្ថិភាព ចំណីអាហារ​ពិភពលោក ក្នុង​ឆ្នាំ​ ២០១៨ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​សុវត្ថិភាព​ចំណីអាហារ​។ អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ស្បៀងអាហារ និង​កសិកម្ម នៃ​អង្គការ​សហប្រជាជាតិ (FAO) ក៏បាន​រួមគ្នា​ជួយ​សម្រួល​ដល់​ការ​ប្រារព្ធ​ទិវា​សុវត្ថិភាព​ចំណី​អាហារ​ពិភពលោក ដោយ​សហការ​ជាមួយ​រដ្ឋ​សមាជិក និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ផងដែរ​។

យោងតាម​អង្គការ​សុខភាព​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ​កុមារ​ ២២០ ​លាន​នាក់ កើត​ជំងឺ​រាករូស ហើយ​ ៩៦ ០០០ ​នាក់​ស្លាប់ ដោយ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​។ ចំណីអាហារ​គ្មាន​សុវត្ថិភាព​បាន​បង្កើត​វដ្ត​ដ៏កាច​សាហាវ​នៃ​ជំងឺ​រាករូស និង​កង្វះ​អាហារូបត្ថម្ភ ដែល​គំរាមកំហែង​ដល់​ស្ថានភាព​អាហារូបត្ថម្ភ​របស់​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​។

ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ​នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង របស់​ក្រសួង​សុខាភិបាល​បង្ហាញថា ចាប់តាំងពី​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ​ ២០២១ មាន​មនុស្ស​ ១១៩ នាក់​បាន​ស្លាប់​ក្នុងករណី​ពុល​ចំណីអាហារ និង​មាន​អ្នករងគ្រោះ​ចំនួន ​៤ ៦៩៩​ នាក់​។

លោក​ សុខ ស៊ីឡូ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ឱ្យដឹងថា ទិវា​សុវត្ថិភាព​ចំណីអាហារ​ពិភពលោក​ (WFSD) ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ​៧ ខែមិថុនា ជា​រៀងរាល់ឆ្នាំ ដើម្បី​ទាក់ទាញ​ការយកចិត្ត​ទុកដាក់ និង​ជំរុញ​សកម្មភាព ដើម្បី​ជួយ​ទប់ស្កាត់ ការស្វែងរក និង​គ្រប់គ្រង​ហានិភ័យ ដែល​បណ្តាល​មកពី​អាហារ ការរួមចំណែក​ដល់​សន្តិសុខ​ស្បៀង សុខភាព​មនុស្ស វិបុលភាព​សេដ្ឋកិច្ច ផលិតកម្ម​កសិកម្ម ការទទួល​បាន​ទីផ្សារ​ទេសចរណ៍ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។

លោក​ថ្លែងថា​៖ «​ប្រធានបទ​នៅ​ឆ្នាំនេះ​នឹង​ផ្តោតលើ​វិធី​ដែល​ធ្វើឱ្យ​អាហារ​មាន​សុវត្ថិភាព​ជួយ​ធ្វើឱ្យ​សុខភាព និង​សុខុមាល​ភាពប្រសើរ​ឡើង ដែល​វា​មិន​ត្រឹមតែ​ជួយ​ដល់​សុខភាព​រាងកាយ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ដល់​សត្វ និង​បរិស្ថាន​ផងដែរ​។ សុវត្ថិភាព​ចំណីអាហារ គឺជា​មូលដ្ឋានគ្រឹះ សម្រាប់​ប្រព័ន្ធ​អាហារ​ប្រកប​ដោយ​និរន្តរភាព ក្នុង​ការសម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​ (SDG)»​។

លោក​ សុខ ស៊ីឡូ បន្តថា «​សុវត្ថិភាព​ចំណីអាហារ គឺជា​អាជីវកម្ម​របស់​មនុស្ស​គ្រប់គ្នា​» គឺជា​ពាក្យ​ស្លោក​សម្រាប់​ទិវា​សុវត្ថិភាព​ចំណីអាហារ​ពិភពលោក​នៅ​ឆ្នាំនេះ​។ វា​ជាការ​ក្រើនរំឭក​ឱ្យ​គ្រប់គ្នា​ដឹងថា ទាំងអស់​គ្នា​មាន​តួនាទី​ក្នុង​ការរក្សា​សុវត្ថិភាព​ចំណីអាហារ​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​កំណត់​អាទិភាព​សុវត្ថិភាព​ចំណីអាហារ​ពេញ ១ ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ទាំងមូល​ចាប់ពី​កសិដ្ឋាន​រហូតដល់​តុ​អាហារ​»​។

កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ក៏​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែរ​ស្តីពី​អាហារ​សុវត្ថិភាព និង​អនាម័យ​សម្រាប់​អាហារ​នៅ​សាលា​ដែលមាន​សុខភាព​ល្អ​៖ របៀប​ដែល​សាលា​បឋមសិក្សា​នៅតាម​ជនបទ​ប្រកាន់យក​ស្តង់ដា​សុវត្ថិភាព​អាហារ​។

អ្នកស្រី​អ៊ឹម ឡូន ជា​ចុងភៅ​ ១ ​រូប ក្នុង​សាលាបឋមសិក្សា​សំរោង​នៅ​ខេត្ត​កំពង់ធំ ដែល​ត្រូវបាន​ស្រង់​សម្តី ក្នុង​សេចក្តី​ប្រកាស​នេះ បង្ហាញ​ពី​ក្តី​ពេញចិត្ត​ថា គាត់​សប្បាយចិត្ត​ជាមួយ​នឹង​កន្លែង​ចម្អិន​អាហារ​ថ្មី ដែល​ត្រូវ​បាន​រៀបចំ​ឱ្យ​ដោយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក សម្រាប់​កម្មវិធី​ផ្តល់​អាហារ​តាម​សាលា​នៅ​ប្រទេស​កម្ពុជា​។

អ្នកស្រី​ អ៊ឹម ឡូន បន្តថា​៖ «​គ្រឿងបរិក្ខារ​ថ្មី​ទាំងនេះ​ពិតជា​ជួយ​ខ្ញុំ​ឱ្យ​ប្រាកដ​ថា អ្វី​គ្រប់យ៉ាង​ដែល​ចេញពី​ផ្ទះបាយ​នេះ​គឺ​ស្អាត​។ ផ្ទះបាយ​ចាស់​មិនត្រូវ​បាន​រចនា​ល្អ​ទេ ដូច្នេះ​ធូលី​ហុយ​ចូលទៅក្នុង​របស់របរ​នានា​ក្នុង​ចង្ក្រាន ដែល​វា​ធ្វើឱ្យមាន​ការពិបាក​ក្នុងការ​ប្រកាន់ខ្ជាប់​បាន​នូវ​លក្ខខណ្ឌ​អនាម័យ ប៉ុន្តែ​ឥឡូវនេះ​វា​បាន​ផ្លាស់ប្តូរ​ទាំងអស់​»​។

បន្ទាប់ពី​ធ្វើការ​រយៈពេល​ ១០ ​ឆ្នាំ ជាមួយ​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន អ្នកស្រី​ ឡូន ​បានដឹង​ច្បាស់​ពី​សារៈសំខាន់​នៃ​សុវត្ថិភាព​ចំណីអាហារ​ក្នុង​ការ​លើកកម្ពស់​សុខភាព និង​អាហារូបត្ថម្ភ​ក្នុងចំណោម​សិស្សសាលា​។ អ្នកស្រី​ថា​៖ «​ភាព​ស្អាត និង​សុវត្ថិភាព មាន​សារៈសំខាន់​ខ្លាំងណាស់​ដែល​ជួយ ឱ្យ​សិស្ស​មាន​សុខភាព​ល្អ និង​ចៀសវាង​ជំងឺ​នានា​ផងដែរ​»៕