
ប្រជាពលរដ្ឋបោះឆ្នោតនៅក្រុងតាខ្លៅ ខេត្តកណ្ដាល កាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២២។ ហេង ជីវ័ន
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ (គជប) ទទួលបានបណ្តឹងនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតពីគណបក្សនយោបាយនានាមានចំនួន ៦៥ បណ្តឹង ពាក់ព័ន្ធនឹងភាពមិនប្រក្រតី និងផ្តន្ទាទោសនៅ (ថ្ងៃស) និងនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែមិថុនា ថា ក្នុងចំណោមចំនួន ៦៥ បណ្តឹងនោះ មកពីគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានក្នុងនោះមានបណ្តឹង ២ ត្រូវបានប្តឹងផ្ទាល់ទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត គឺប្តឹងចំពោះគណៈកម្មការឃុំរៀបចំការបោះឆ្នោតក្នុងខេត្តកំពង់ចាម និងសៀមរាបដែលភាគច្រើនមកពីគណបក្សភ្លើងទៀន និង ៣ បណ្តឹងទៀតនៅខេត្តព្រះវិហារ តែត្រូវបានចារបដិសេធ។
លោកថ្លែងថា៖ «កម្មវត្ថុនៃបណ្តឹងនេះចែកចេញជា ២ ករណីគឺការប្តឹងសុំផ្តន្ទាទោសចំនួន ៣៦ និងបណ្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីមាន ២៩ បណ្តឹង។
បណ្តឹងសុំផ្តន្ទាទោសនេះ គឺជាករណីបណ្តឹងទៅបុគ្គលរំលោភលើទោសបញ្ញត្តិនៃជំពូកទី ១៤ និងចំណែកបណ្តឹងភាពមិនប្រក្រតីគឺពាក់ព័ន្ធនឹងដំណើរការដែលនាំឱ្យប៉ះពាល់ដល់ដំណើរការលទ្ធផលបោះឆ្នោត»។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងនៅក្នុងសន្និសីទសារព័ត៌មានពីថ្ងៃ ៦ ខែមិថុនាថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ នេះមានការគំរាមកំហែង និងមិនមានសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយអះអាងថាគណបក្សភ្លើងទៀនមើលឃើញភាពមិនប្រក្រតីមួយចំនួន និងបានដាក់ពាក្យប្តឹងផងដែរ។
យ៉ាងនេះក្តីលោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជួបតំណាងថ្មីនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នាថ្ងៃទី ៧ មិថុនាថា មិនមាននរណាម្នាក់អាចបង្ខំសិទ្ធិពលរដ្ឋក្នុងការទៅបោះឆ្នោតនោះទេហើយការគូសសញ្ញាគាំទ្រគណបក្សណាមួយគ្មាននរណាម្នាក់មើលដឹងទេ ព្រោះគាត់បានគូសក្នុងប្រអប់បិទជិតដែលមានចែងនៅក្នុងច្បាប់។
លោកបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់បានឆ្លើយតបនូវភាពត្រឹមត្រូវនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងធានាដល់ការបោះឆ្នោតរៀងរាល់ ៥ ឆ្នាំម្តង។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាអ្នកតាមដានបញ្ហានយោបាយនៅកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការប្តឹងផ្ដល់ពីភាពមិនប្រក្រតីរបស់គណបក្សនយោបាយ ជាពិសេសពីគណបក្សភ្លើងទៀន នៅមានតិចជាងឆ្នាំ ២០១៧។ ទោះជាយ៉ាងណា ប្តឹងឬមិនប្តឹង មិនសំខាន់ ប៉ុន្តែអ្វីដែលសំខាន់គឺឯករាជភាព និងភាពត្រឹមត្រូវរបស់ (គជប) បង្ហាញ ឬបង្កឱ្យមហាជនអាចទទួលយកបានដែរឬទេ?
លោកថ្លែងថា៖ «ខ្ញុំយល់ថាការប្តឹងផ្ដល់នេះ មិនមែនថា មិនមានប្រសិទ្ធភាពទេ គ្រាន់តែវាអត់មានតម្លៃជាសកល និងតម្លៃប្រជាធិបតេយ្យ។ ត្រង់ចំណុចនេះកម្ពុជាមិនគួរបែងចែកស្តង់ដាកម្ពុជា ឬស្តង់ដាសកលទេ ពីព្រោះកម្ពុជាទទួលយកច្បាប់រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ វាដូចគ្នានឹងធម្មនុញ្ញរបស់កម្ពុជាអ៊ីចឹងដែរ»។
ទាក់ទិននឹងករណីនេះ អង្គការសង្គមស៊ីវិលចំនួន ៥ ដែលបានសហការគ្នាដាក់អ្នកសង្កេតការណ៍ដំណើរការបោះឆ្នោតនេះបានចេញរបាយការណ៍សង្ខេបបឋម នៅថ្ងៃទី ៧ ខែមិថុនា ដោយបានអះអាងពីការសង្កេតឃើញមានភាពមិនប្រក្រតីមួយចំនួននៅពេលបោះឆ្នោត និងដំណើរការរាប់សន្លឹកឆ្នោតដូចជា រារាំងអ្នកសង្កេតការណ៍មិនឱ្យចូលសង្កេត ឬ/និងមិនឱ្យថតដំណើរការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យមួយចំនួនជាដើម។
រីឯគណបក្សកម្ពុជានិយមក៏បានចេញសេចក្តីថ្លែងការណ៍ពីថ្ងៃទី ៦ មិថុនា ដោយសម្តែងការសោកស្តាយចំពោះដំណើរការបោះឆ្នោតនេះ និងបានអះអាងថា ពុំអនុវត្តបានពេញលេញតាមគោលការណ៍ដោយសេរី និងយុត្តិធម៌។
បើតាមគណបក្សកម្ពុជានិយមមានករណីមួយចំនួននៅមុនពេលបោះឆ្នោត និងថ្ងៃបោះឆ្នោតមានការបំពានដែនសមត្ថកិច្ចពីអាជ្ញាធរភូមិឃុំលើស្ថាប័នរៀបចំការបោះឆ្នោត មានការគំរាមកំហែងពលរដ្ឋដែលចង់ឈរឈ្មោះជាបេក្ខជន មិនមានសិទ្ធិស្មើគ្នាក្នុងការលើកស្លាកសញ្ញាគណបក្សមានរថយន្តបិទសញ្ញាគណបក្សចូលក្នុងមណ្ឌលបោះឆ្នោត ការិយាល័យខ្លះពុំបានបិទទម្រង់ ១១០២ និងការរាប់សន្លឹកឆ្នោតពុំបានធ្វើជាចំហ។
ទោះជាយ៉ាងណា គ.ជ.ប ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះត្រូវបានអបអរសាទរពីគ្រប់ភាគីពាក់ព័ន្ធ និងមានគណបក្សនយោបាយចូលរួមប្រកួតប្រជែង រួមទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ក៏បានវាយតម្លៃថា ប្រព្រឹត្តទៅដោយរលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា។
ដោយឡែកមានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះដែលបានវាយតម្លៃផ្ទុយពីការអបអរសាទរខាងលើ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សភ្លើងទៀនបានលើកឡើងខុសពីច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ថែមទៀត ដើម្បីបំភាន់សាធារណៈមតិឱ្យយល់ខុសមកលើ គ.ជ.ប ក៏ដូចជាការរៀបចំការបោះឆ្នោតទាំងមូល។
ទោះជាយ៉ាងណាតាមគោលការណ៍នៃច្បាប់ស្ដីពីការបោះឆ្នោតគឺ គ.ជ.ប បើកសិទ្ធិឱ្យគណបក្សនយោបាយប្ដឹងជុំវិញភាពមិនប្រក្រតីណាមួយដែលខ្លួនបានសង្កេតឃើញ។
គ.ជ.ប នឹងរង់ចាំទទួលដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត ឬភាពមិនប្រក្រតីណាមួយដែលកើតឡើងស្របតាមច្បាប់ និងប្រកាន់នូវគោលការណ៍យុត្តិធម៌ជានិច្ច ដូចមានចែងក្នុងបាវចនារបស់ គ.ជ.ប។
ជាមួយគ្នានេះ នៅថ្ងៃទី ៧ ខែមិថុនា គ.ជ.ប បានចេញសេចក្ដីណែនាំដល់គណបក្សនយោបាយ ឬបេក្ខជនដែលមានការសុំលាលែង ឬមរណភាព ឬបាត់បង់សមាជិកភាពត្រូវធ្វើឡើងតាមគណបក្ស នយោបាយសាមី ដោយត្រូវធ្វើលិខិតជូនដំណឹង ជាបន្ទាន់មកគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ពាក់ព័ន្ធឱ្យបានមុនថ្ងៃ (គធ.ខប) ស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត៕
វីដេអូ៖