ភ្នំពេញៈ ក្រសួង​ធនធានទឹក ដោយ​មាន​ការគាំទ្រ​ពី​ភាគី​ចិន​បាន​ធ្វើការ​ស្ដារ​ និង​ពង្រីក​នៅតាម​ទីតាំង​មួយចំនួន​នៃ​ស្ទឹង​ព្រែកត្នោត ដើម្បី​ត្រៀម​បញ្ចៀស​ទឹកជំនន់​ក្នុង​រដូវវស្សា​នេះ ខណៈ​ស្ថាប័ន​ជំនាញ​បាន​សាងសង់​ និង​កំពុងមាន​គម្រោង​សាងសង់​អាង​ស្តុក​ទឹក​បន្ថែមទៀត​ ដើម្បី​រំដោះ​ទឹក​ពី​ស្ទឹង​ព្រែកត្នោត​នេះ​។

លោក ម៉ៅ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម រាជធានី​ភ្នំពេញ ថ្លែង​នៅ​ថ្ងៃទី​ ៧ មិថុនា ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត មន្ទីរ​ធនធានទឹក និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​ទទួលបាន​ការគាំទ្រ​ពី​ភាគី​ចិន បាន​ស្ដារ​ស្ទឹង​ព្រែក​ត្នោត តាម​តំបន់​ដែលមាន​ការកកស្ទះ និង​មាន​ស្ថានភាព​រាក់ និង​បាន​ពង្រីក​តំបន់​ណា​ដែល​រួម​តូច​។ ប៉ុន្ដែ​ការងារ​ស្ដារ​នេះ​មិនទាន់​រួចរាល់​ទាំងស្រុង​ទេ គឺ​ត្រូវ​បន្ត​ស្ដារ​បន្ថែមទៀត​នៅ​រដូវប្រាំង​ឆ្នាំក្រោយ​។

លោក​ថ្លែងថា​៖ «​ក្នុង​ឆ្នាំ​ ២០២២ ​នេះ​យើង​បាន​សាងសង់​រួចហើយ​នូវ​ទំនប់​សណ្ដ​ស្ទឹង ដើម្បី​ទប់ទឹក​ជំនន់​។ ទំនប់​នេះ​យើង​បាន​លើកឡើង​ដល់​កម្ពស់​ជាង ១ ម៉ែត្រ និង​មាន​ប្រវែង ៧ ៩០០ ម៉ែត្រ​។ ទំនប់​សណ្ដ​ស្ទឹង​នេះ យើង​បានធ្វើ​ចាប់ពី​តំបន់​កន្ទួត​ទៅដល់​ស្ពាន​ព្រែកជ្រៃ ស្ថិតក្នុង​ខណ្ឌដង្កោ​។ ក្រៅពីនេះ​ភាគី​ចិន ក៏បាន​ជួយ​ពង្រីក​ការរៀប​សំណាញ់​ថ្ម ការពារ​ការបាក់​ច្រាំង​ស្ទឹង ដើម្បី​ការពារ​ជំនន់​នា​រដូវវស្សា​នេះ​»​។

លោក ប៊ុនធឿន ឱ្យដឹងថា នា​រដូវវស្សា​នេះ អ្នកជំនាញ​ចិន​នៅ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​បន្ត​សង្កេត​ស្ថានភាព​ករណី​មាន​ទឹកជំនន់​ជន់​លិច​នៅ​ស្ទឹង​ព្រែកត្នោត ដើម្បី​ចាត់​យន្តការ​ដោះស្រាយ​នៅតាម​ទីតាំង​ដែលមាន​ហានិភ័យ​ខ្ពស់​។ ចំណែក​ក្រសួង​ធនធានទឹក​ក៏បាន​ត្រៀម​សម្ភារ គ្រឿងចក្រ សម្រាប់​ដោះស្រាយ​បញ្ហា​ទឹកជំនន់​នៅ​ស្ទឹង​ព្រែកត្នោត​នេះ​រួចហើយ​ដែរ​។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា ស្ទឹង​ព្រែក​ត្នោត មាន​ការជន់​លិច​ខ្លាំង​តាំងពី​ដើម​មក​ម្ល៉េះ​មិនមែន​ទើបតែ​មានការ​ជន់លិច​នោះទេ​។

លោក​ឱ្យដឹងថា ដើម្បី​បញ្ចៀស​ការ​ជន់​លិច នៅតាម​ស្ទឹង​នេះ​កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ មាន​អ្នកជំនាញ​របស់​ប្រទេស​ជប៉ុន​បាន​ចុះមក​សិក្សា​ ដើម្បី​រក​ទីតាំង​សាងសង់​ទំនប់​អាងទឹក ដើម្បី​រំដោះ​ទឹកជំនន់​ពី​ស្ទឹង​នេះ​រួចហើយ ប៉ុន្ដែ​ដោយសារ​សង្គ្រាម​ក៏​អាក់ខាន ហើយ​ទីតាំង​ដែល​គ្រោង​សាងសង់​ទំនប់​អាងទឹក​ស្ថិតនៅ​ក្នុងស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ​។ ប៉ុន្តែ​នាពេល​បច្ចុប្បន្ន ទីនោះ​ក៏ត្រូវ​បាន​ប្រជាពលរដ្ឋ​រាប់ម៉ឺន​គ្រួសារ​ចូលទៅ​រស់នៅ​។ ដូច្នេះ​បច្ចុប្បន្ន​ក្រសួង​បាន​បង្វែរ​ការសាងសង់​ទំនប់​អាងទឹក​ទៅ​ទីតាំង​ផ្សេង​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​ហើយ ទើប​យើង​ធ្វើការ​ស្ដារ​ស្ទឹង​ព្រែកត្នោត និង​ពង្រីក​បន្ថែម​ ដើម្បី​បង្កើន​សមត្ថភាព​រំដោះ​ទឹក​នៅក្នុង​ពោះ​ស្ទឹង​នេះ​។ ឥឡូវនេះ យើង​កំពុង​សហការ​ជាមួយ​ភាគី​ចិន ស្ដារ​ស្ទឹង​ព្រែក​ត្នោត​ដែល​ខ្ញុំ​បានលើកឡើង​នេះ ដែល​ហៅថា ប្រព័ន្ធ​ការពារ​ទឹកជំនន់ និង​ប្រព័ន្ធ​ស្រោចស្រព​ស្ទឹង​ព្រែកត្នោត​។ អាហ្នឹង​គឺ​នៅ​ផ្នែក​ខាងក្រោម​នៃ​ស្ទឹង​ព្រែកត្នោត​ចាប់​ស្ដារ​ផ្នែក​ខាងក្រោម​ទំនប់ ៧ ​មករា (​កំពង់ទួល​) ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ ក្នុង​ស្រុក​កណ្តាលស្ទឹង​»​។

បើតាម​លោក យុត្ថា គ្រាន់តែ​ការសិក្សា​លើ​លក្ខណៈ​បច្ចេកទេស សម្រាប់​ដោះស្រាយ​បញ្ហា​ជំនន់​ស្ទឹង​ព្រែកត្នោត​នេះ​ទាមទារ​យ៉ាង​ហោចណាស់​រយៈពេល ៣ ឆ្នាំ នេះ​សម្រាប់​ក្រុម​ជំនាញ​ជា​ខ្មែរ​។ ប៉ុន្ដែ​បើ​ក្រុម​អ្នកជំនាញ​ជប៉ុន និង​កូរ៉េ​ខាងត្បូង​ជា​អ្នកសិក្សា​លើ​បញ្ហា​បច្ចេកទេស​នេះ​វិញ គឺ​ត្រូវការ​ពេលវេលា​ចាប់ពី ៦ ​ទៅ​ ៧​ ឆ្នាំ​។

លោក​បានឱ្យ​ដឹងថា កាលពី​ដើមឡើយ តំបន់​នេះ​មាន​លំហូរ​ទឹក​ដោយ​សេរី ពេល​ទឹក​ជន់​លិច​ទឹក​ហូរ​ទៅក្នុង​តំបន់​សណ្ត​ស្ទឹង​នោះ​ល្វឹងល្វើយ​គ្មាន​ការកកស្ទះ​ទេ​។ ប៉ុន្ដែ​បច្ចុប្បន្ន តាម​សណ្ត​ស្ទឹង​មាន​សំណង់​វត្ដអារាម ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ចំណែក​ទឹក​ហូរ​បានតែ​នៅ​ពោះ​ស្ទឹង​ប៉ុណ្ណោះ​។ បើតាម​លោក យុត្ថា ដើម្បី​រំដោះ​ទឹកជំនន់​នៅ​ស្ទឹង​ព្រែកត្នោត​នេះ ក្រសួង​បាន​បង្វែរ​ការសាងសង់​ទំនប់​អាងទឹក​ចំនួន ៣ ស្ថិតក្នុង​ស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ​នោះ​រួមមាន ទី​១ ទំនប់​អាងទឹក​តាសាល ស្ថិតក្នុង​ឃុំ​តាសាល មានលទ្ធភាព​ស្តុក​ទឹកបាន​ប្រមាណ ១៥៤ លាន​ម៉ែត្រគុប​ត្រូវបាន​ក្រសួង​ធនធាន​ទឹក ធ្វើការ​សាងសង់​ឡើង​ក្នុង​ឆ្នាំ​ ២០១១ និង​បានបញ្ចប់​ការងារ​ជំហាន​ទី ១ កាលពី​ខែកក្កដា ឆ្នាំ​ ២០១៤​។ ចំណែក​ទី​២ ទំនប់​អាងទឹក​ស្វាហាប់ ឬ​អាងទឹក​ស្វាស្លាប់ ស្ថិតក្នុង​ភូមិសាស្ត្រ​ទំនប់​ចម្លង​ទីវ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច​។ ទំនប់​អាង​នេះ​អាច​ស្តុក​ទឹកបាន​ប្រមាណ ១៣០ លាន​ម៉ែត្រគុប​។ ទី​៣ ទំនប់​អាងទឹក​ស្ទឹង​ឃ្លាច នៅ​ស្រុក​ឱរ៉ាល់​ដែរ​។ ទំនប់​អាងទឹក​នេះ អាច​ស្តុក​ទឹកបាន​ប្រហាក់​ប្រហែល​នឹង​ទំនប់​អាងទឹក​តាសាល​ដែរ​។ គម្រោង​ទំនប់​អាងទឹក​ស្ទឹង​ឃ្លាច​នេះ កាលពី​ពេល​ថ្មីៗ​នេះ​ក្រុម​ការងារ​ជំនាញ​ក្រសួង​ និង​អភិបាលខេត្ដ​កំពង់ស្ពឺ​បាន​ចុះ​ពិនិត្យ​ទីតាំង​រួចហើយ បច្ចុប្បន្ន​ក្រុមការងារ​កំពុង​រៀបចំ​នីតិវិធី​ ដើម្បី​ស្វែងរក​ថវិកា​សាងសង់​ទំនប់​អាងទឹក​នេះ​៕

វីដេអូ៖