ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាននិង​កំពុង​បន្ត​អនុវត្ត​ការរៀន​ និង​បង្រៀន​ផ្ទាល់​ពេញលេញ​នៅ​សាលា​ទូទាំង​ប្រទេស​ដោយ​បន្ត​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​របស់​ក្រសួង ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​សិក្សា នៃ​ដំណើរការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​តាម​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​វិស័យ​អប់រំ​។ នេះ​បើតាម​លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​។

លោក រស់ សុវាចា ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ៧ មិថុនា​ថា ក្រសួង​អប់រំ បាននិងកំពុង​បន្ត​អនុវត្ត​ការរៀន​ និង​បង្រៀន​ពេញលេញ​នៅ​ទូទាំង​ប្រទេស ដោយ​បន្ត​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​សិក្សា​នៃ​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​តាម​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​វិស័យ​អប់រំ ជាពិសេស​បន្ត​អនុវត្ត​វិធានការ ៣​ ការពារ​ ៣​ កុំ​។

លោក​ថា​៖ «​នេះ​ជាការ​យោងតាម​ស្មារតី​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​សិក្សា​ ២០២០-២០២១ និង​លើក​ទិសដៅ​ការងារ នៅ​ឆ្នាំ​សិក្សា​ ២០២១-២០២២ កាលពី​ថ្ងៃ ២៥-២៧ មេសា ២០២១ ស្របតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​»​។

បើតាម​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​បាន​ថ្លែង​ពេល​បើក​សន្និបាត​បូកសរុប​ការងារ​អប់រំ​កាលពី​ថ្ងៃទី ​២៥ ខែមេសា​ថា គិត​ត្រឹម​ឆ្នាំ​សិក្សា​ ២០២១-២០២២ សាលាមត្តេយ្យ​សិក្សា និង​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ទាំង​សាធារណៈ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ១៨ ៤៣០ ក្នុងនោះ មត្តេយ្យសិក្សា​សហគមន៍​ចំនួន ៣ ០៨៣ កន្លែង គ្រឹះស្ថានសិក្សា​ចំណេះទូទៅ​សាធារណៈ ១៣ ៦៨១ និង​គ្រឹះស្ថានសិក្សា​ឯកជន ១ ៦៦៦ ​កន្លែង​។ សិស្ស​សរុប​មាន​ចំនួន ៣ ៥៨៩ ០២៥ នាក់ សិស្សស្រី ៥០,៤ ភាគរយ ក្នុងនោះ​សិស្ស​មត្តេយ្យ​សិក្សា​សហគមន៍ ៧១ ៣៩៩ នាក់ ស្រី ៥១,៧ ភាគរយ សិស្ស​គ្រឹះស្ថាន​-​សិក្សា​ចំណេះ ទូទៅ​សាធារណៈ ៣ ២៧៧ ០៧៦ នាក់ ស្រី ៥០,៤ ភាគរយ និង​សិស្ស​គ្រឹះស្ថានសិក្សា​ឯកជន ២៤០ ៥៥០ នាក់ ស្រី ៤៩,០ ភាគរយ​។ នេះ​បើតាម​លោក ណារ៉ុន​។

ចំណែក​គ្រឹះស្ថាន​ឧត្តមសិក្សា​សរុប​មាន​ចំនួន ១៣០ ក្នុងនោះ​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ ៤៨ និង​គ្រឹះស្ថាន​ឧត្តមសិក្សា​ឯកជន ៨២​។ និស្សិត​កំពុង​សិក្សា​នៅ​កម្រិត​ឧត្តមសិក្សា​សរុប​មាន​ចំនួន ១៩៨ ៣៦៣​ នាក់​ស្រី ៤៩,៧ ភាគរយ​។

លោក​ថ្លែងថា​៖ «​ថ្វីដ្បិត ដំណើរការ​រៀន និង​បង្រៀន​ក្នុង​រយៈពេល ២ ឆ្នាំកន្លងមក​ត្រូវបាន​អាក់ខាន​ដោយ​អន្លើ ដោយសារ​វិបត្តិ​កូវីដ​ ១៩ ក្រសួង​អប់រំ បាន​បន្ត​អនុវត្ត​កម្មវិធី​កំណែទម្រង់ និង​បានប្រែក្លាយ​វិបត្តិ​កូវីដ​ ១៩ ទៅជា​ឱកាស​»​។

ក្រសួង​បាន​បន្តធ្វើ​បច្ចុប្បន្នកម្ម​ក្រុមប្រឹក្សា​កុមារ​កម្ពុជា និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​នៅ​តាម​គ្រឹះស្ថានសិក្សា ដើម្បី​ជំរុញ​ចលនា “​បី​ល្អ កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ដែលជា​យន្តការ​ដ៏មាន​សារៈសំខាន់​ក្នុង​ការ​លើកកម្ពស់​ការ​សិក្សា​ការងារ​ស្វ័យគ្រប់គ្រង​សាលារៀន​គាំទ្រ​សកម្មភាព ក្លិប ការងារ​ស្ម័គ្រចិត្ត និង ជួយ​បំប៉នបន្ថែម​ដល់​សិស្ស​ត្រៀមប្រឡង​ថ្នាក់​ទី​ ១២​។

លោក យី គីមថាន នាយករង​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា សង្កេតឃើញ​ថា បច្ចុប្បន្ននេះ​កុមារ​ភាគច្រើន​បាន​ត្រឡប់មក​ចូលរៀន​វិញ ហើយ​សាលារៀន​នីមួយៗ​នៅ​តាម​រាជធានី ខេត្ដ ក៏បាន​អនុវត្ដ​ការរៀន និង​ការបង្រៀន​ទៅតាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​។

លោក​ថ្លែងថា​៖ «​យើង​ឃើញថា វា​មិនសូវ​ជាមាន​ផល​អវិជ្ជមាន ឬ​ផល​ជះ​ច្រើន​ទៅលើ​កុមារ​ទេ ដោយសារ​យើង​មាន​កម្មវិធី​ច្រើន​ក្នុង​ការជួយ​លើក​ទឹកចិត្ដ និង​ជំរុញ​ឱ្យ​កុមារ​ត្រឡប់មក​រៀន​វិញ​»​។

លោក​បញ្ជាក់ថា អង្គការ​ភ្លែន​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​គ្រួសារ​ដែល​ក្រីក្រ​នៅក្នុង​ខេត្ដ​គោលដៅ ដើម្បី​ជួយ​ឱ្យ​កុមារ​បាន​ត្រឡប់មក​រៀនសូត្រ​នៅ​សាលារៀន​វិញ​៕