ភ្នំពេញៈ សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៧ ខែមិថុនា បាន​យក​សំណុំរឿង​ជន​ជាប់ចោទ​ ២ ​នាក់ ដែល​សាលាដំបូង​ខេត្តពោធិ៍សាត់​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៣០ ​ឆ្នាំ ក្នុង​សំណុំរឿង​អំពើ​អាបធ្មប់ បង្ក​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​។

ជនជាប់ចោទ​ទាំង​ ២ នាក់​ក៏ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​សង​ប្រាក់​ទៅ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ម្នាក់ៗ​ ៨​ លាន​រៀល​ផងដែរ​។ ជន​ជាប់ចោទ​ទាំង​ ២ ​នាក់ ឈ្មោះ ឃុន ដារ៉ា អាយុ ៥៣ ​ឆ្នាំ និង​ឈ្មោះ ប៊ុន ចាន់ថន អាយុ​ ៥០ ​ឆ្នាំ ជា​បងប្អូន​បង្កើត ត្រូវបាន​សាលាដំបូង​ខេត្តពោធិ៍សាត់​សម្រេច​ផ្ដន្ទាទោស​កាលពី​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ​ ២០២០ ពីបទ​ចោទ​ឃាតកម្ម​គិតទុក​ជាមុន និង ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ ក្រោយពី​កូនស្រី​របស់​ជន​ជាប់ចោទ ឈ្មោះ ឃុន ដារ៉ា ស្លាប់​ដោយសារ​ជំងឺ​ប្រចាំកាយ​។

អំពើ​ឃាតកម្ម​នេះ​ បាន​កើតឡើង​នៅក្នុង​ភូមិ​-​ឃុំ​បឹង​បត់កណ្ដាល ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​ ២០១៨​។ កូន​របស់​ជន​ជាប់ចោទ​មុន​ស្លាប់​បាន​ស្រែកថា អា ធូ ធន បាន​ធ្វើ​អំពើ​អញ​បន្ទាប់មក​នៅ​ថ្ងៃ​ដដែល ស្រាប់តែ​មាន​មនុស្ស​មួយក្រុម​ចូលទៅ​វាយ​ឈ្មោះ ធូ ធន បណ្តាល​ឱ្យ​ស្លាប់​ និង​ប្រពន្ធ​របស់គាត់ រងរបួស​។

លោក ចៅក្រម ងួន រតនា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្រោយ​ប្រើពេល​ជំនុំជម្រះ​ជិត​ ២ ​ម៉ោង​បាន​ថ្លែងថា សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ២៧ មិថុនា​។

ទោះយ៉ាងណា​ក៏ដោយ​ជនជាប់ចោទ​បាន​បដិសេធ​នៅ​ចំពោះមុខ​សវនាការ​ថា ពួកគេ​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ ហើយ​បានទាមទារ​ដល់​អង្គ​សវនាការ​ឱ្យ​ដោះលែង​ពួកគេ​ឱ្យមាន​សេរីភាព​ឡើងវិញ​។ រីឯ​មេធាវី​ជនជាប់ចោទ​មួយរូប​ក៏បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន ក្នុង​អង្គ​សវនាការ​ថា សមត្ថកិច្ច​ចាប់ខ្លួន​កូនក្តី​របស់លោក​ដោយ​គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់ ហើយ​ទាមទារ​ឱ្យមាន​ការដោះលែង​ជនជាប់ចោទ​ដែរ​៕