ភ្នំពេញ់ៈ សាធារណៈ​រដ្ឋ​កូរ៉េ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្ដិការ​អន្ដរជាតិ​កូរ៉េ ​(កយកា) ​និង​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា ​បានរៀបចំ​ពិធីប្រគល់ ​និង​ទទួល​រថយន្ដ​ ៧ គ្រឿង ​កាលពី​ព្រឹក​ថ្ងៃទី ៨​ ខែមិថុនា ​នៅ​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ។

កម្មវិធី​នេះ ​ត្រូវបាន​ធ្វើឡើង​ក្រោម​គម្រោង​បង្កើត​ប្រព័ន្ធ​ធុរកិច្ច​ថ្មី ​រវាង​សាកលវិទ្យាល័យ ​និង​វិស័យ​ឧស្សាហកម្ម​នៅ​ប្រទេស​កម្ពុជា ​និង​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន ​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍។ ពិធី​នេះ​មាន​ការចូលរួម​ជាអធិបតី​ ពី​លោក​ហ៊ាង ស៊ីណេ ​អនុរដ្ឋ​លេខាធិកា​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​ជាមួយ​លោក​ Hyunjun RHO ​ប្រធាន​តំណាង​កយកា​ប្រចាំ​ប្រទេស​កម្ពុជា ​និង​លោក​ ជេត ជាលី ​សាកល​វិទ្យាធិកា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

លោក ​ហ៊ាង ស៊ីណេ ​ដែល​ទទួលកូន​សោ​យក្ស​តំណាង ​ថ្លែង​ក្នុង​ឱកាស​នោះ​ថា​៖ «ថ្ងៃនេះ ​ខ្ញុំ​មាន​សេចក្ដី​រីករាយ​ ដោយ​បាន​ចូលរួម​ជាអធិបតី​ក្នុង​ពិធីប្រគល់​-ទទួល​រថយន្ដ​ចំនួន ​៧ គ្រឿង ​សម្រាប់​គាំទ្រ​ដល់​គម្រោង​ចំនួន ​២»។

រថយន្ដ​ ២ គ្រឿង ​នឹង​ត្រូវបាន​ផ្ដល់​ឱ្យ​មជ្ឈមណ្ឌល​ជាតិ​បណ្ដុះបណ្ដាល​ធុរកិច្ច​ថ្មី​នៃ​កម្ពុជា ​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​ការងារ​គម្រោង​បង្កើត​ប្រព័ន្ធ​ធុរកិច្ច​ថ្មី។ រីឯ​រថយន្ដ​៥គ្រឿង​ទៀត ​ត្រូវបាន​ផ្ដល់ឱ្យ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​និង​មន្ទីរអប់រំ​ យុវជន ​និង​កីឡា ​នៅ​ខេត្ដ​ចំនួន​ ៣ ​សម្រាប់​គាំទ្រ​ដល់​ដំណើរការ​គម្រោង​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍។

លោក​បន្ដថា​៖ «ទី១ ​គម្រោង​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ ​នៅ​ខេត្ដ​កំពង់​ឆ្នាំង​ កំពង់ធំ ​និង​ពោធិ៍សាត់ ​ហើយ​គម្រោង​ទី២​ គឺ​បង្កើត​ការបណ្ដុះ​បណ្ដាល​ធុរកិច្ច​ថ្មី ​រវាង​សាកល​វិទ្យាល័យ ​និង​ឧស្សាហកម្ម​នៅ​កម្ពុជា»។

លោក ​Hyunjun RHO ​បានថ្លែង​ដែរថា​៖ «កម្មវិធី​នេះ​ គឺជា​ជំនួយ​បន្ថែម​ពី​លើ​គម្រោង​ដំណើរ​ការងារ​គម្រោង​បង្កើត​ប្រព័ន្ធ​ធុរកិច្ច​ថ្មី ​និង​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍»។

គម្រោង​បង្កើត​ប្រព័ន្ធ​ធុរកិច្ច​ថ្មី​ រវាង​សាកល​វិទ្យាល័យ ​និង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ ស្ថិត​ក្រោម​ជំនួយ​ឥត​សំណង​របស់​សាធារណៈ​រដ្ឋ​កូរ៉េ ​ដែល​មាន​ទឹកប្រាក់​៨លាន​ដុល្លារ ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្ដិការ​អន្ដរជាតិ​កូរ៉េ ​(កយកា) ​ដែល​ត្រូវបាន​អនុវត្ដ​ដោយ ​Korea Productivity Center (KPC) ​ក្រោម​កិច្ចសហ​ប្រតិបត្ដិការ​ជាមួយ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​និង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ពី​ឆ្នាំ ២០១៩ ​ដល់​ឆ្នាំ ២០២៣។

យោង​តាម ​កយកា ​គម្រោង​នេះ​មាន​គោលបំណង​បង្កើត​ប្រព័ន្ធ​ធុរកិច្ច​ថ្មី ​និង​បណ្ដាញ​ទីផ្សារ​នៅ​កម្ពុជា ​តាមរយៈ​ការពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​អ្នកចាប់​ផ្ដើម​ធុរកិច្ច​ថ្មី ​និង​លើកកម្ពស់​កម្មវិធី​គាំទ្រ​ការបង្កើត​ធុរកិច្ច​ថ្មី ​ដែលនឹង​ចូលរួម​ចំណែក​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម ​(industrial diversification) ​និង​ជួយ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្ដរភាព។

ចំពោះ​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ ​វា​មាន​រយៈពេល ​៥ ឆ្នាំ ​ពី​ឆ្នាំ ២០២០​ ដល់​ឆ្នាំ ២០២៤ ​ដែល​ត្រូវបាន​អនុវត្ដ​ក្រោម​ជំនួយ​ឥតសំណង​របស់​សាធារណៈ​រដ្ឋ​កូរ៉េ ​តាមរយៈ ​កយកា ​ក្នុង​ថវិកា​ប្រមាណ​ ១០ លាន​ដុល្លារ។

កយកា​ឱ្យដឹងថា ​គម្រោង​នេះ​អនុវត្ត​នៅតាម​សាលា​បឋមសិក្សា​ចំនួន​ ២៧២ ​ដែល​មាន​ចំនួន​សិស្ស​សរុប​ ២៩ ០៣២ នាក់​ ក្នុង​ខេត្ដ​កំពង់ឆ្នាំង​ កំពង់ធំ ​និង​ពោធិ៍សាត់។

លោក ​ស៊ីណេ​ បន្ដថា​៖ «ក្នុង​នាម​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​និង​ក្នុងនាម​ខ្ញុំផ្ទាល់​ ខ្ញុំ​សូម​សម្ដែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល ​និង​ប្រជាជន​សាធារណៈ​រដ្ឋ​កូរ៉េ ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្ដិការ​អន្ដរជាតិ​កូរ៉េ ​ដែលបាន​ផ្ដល់​ថវិកា​ប្រមាណ​ ១៧ លាន​ដុល្លារ ​ចាប់ពី​ឆ្នាំ ២០១៩ ​រហូត​ដល់​ពេល​បច្ចុប្បន្ន ​ដើម្បី​គាំទ្រ​ដល់​គម្រោង​កម្មវិធី​ទាំង​២ខាង​លើ»។

លោក​ឱ្យដឹងថា ​ក្រសួង​បានដាក់​បញ្ចូល​សូចនាករ​ពាក់ព័ន្ធ​នឹង​ការផ្ដល់​អាហារ​តាម​សាលារៀន​ក៏ដូចជា ​សូចនាករ​ទាក់ទង​ការបណ្ដុះ​បណ្ដាល​ធុរកិច្ច​ថ្មី ​រវាង​សាលារៀន ​និង​ឧស្សាហកម្ម​កម្ពុជា ​ក្នុង​ផែនការ​យុទ្ធសាស្ដ្រ​វិស័យ​អប់រំ ​ឆ្នាំ ២០១៩-២០២៣។

ការផ្ដល់​អាហារ​តាម​សាលារៀន ​ដែល​កម្ពុជា​បានអនុវត្ដ​កម្មវិធី​ផែនការ​យុទ្ធសាស្រ្ត​ផ្ទេរ​-ទទួល​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលា​រៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​តាំងពី​ឆ្នាំ ២០២០ ​កម្ពុជា​បានចូល​ជាសមាជិក​ពេញសិទ្ធិ​សម្ព័ន្ធភាព​ នៃ​រដ្ឋ​អនុវត្ដ​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន ​កាលពី​ខែសីហា ​ឆ្នាំ ២០២១។ វា​បានជួយ​ដល់​កុមារ​ស្ថិត​ក្នុង​សហគមន៍​ក្រីក្រ​ដែល​មាន​បញ្ហា​អសន្ដិសុខ​ស្បៀង ​និង​កង្វះ​អាហារូបត្ថម្ភ ​ឱ្យទទួល​បាន​នូវ​សេវាកម្ម​សុខភាព ​និង​សេវា​អប់រំ​កាន់តែ​ល្អប្រសើរ​នៅ​បឋម​សិក្សា។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ស៊ីណេ។

ក្នុង​ឆ្នាំ​ ២០២១-២០២២​ នេះ ​រាជរដ្ឋាភិបាល ​បានអនុញ្ញាត​ឱ្យ​ក្រសួង​ពង្រីក​វិសាលភាព​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ពី​ចំនួន​ ២០៥-២៩០ សាលា ​ក្នុង​ខេត្ដ​គោលដៅ​ចំនួន ​៩ ​បើទោះ​បីជា​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ ១៩។

លោក​ ស៊ីណេ​ បញ្ជាក់ថា​៖ «ផែនការ​យុទ្ធសាស្ដ្រ​ផ្ទេរ​-ទទួល​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន ​ក៏ត្រូវបាន​អនុម័ត​ដោយ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​និង​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ​ដើម្បី​ធានា​ឱ្យ​ការអនុវត្ដ​ប្រព័ន្ធ​ជំនួយ​សង្គម​កាន់តែ​មាន​គុណភាព​ គណនេយ្យភាព ​សង្គតិភាព ​ចីរភាព ​និង​បរិយាបន្ន ​សម្រាប់​ឆ្នាំ ២០២៣ ​ដល់​ឆ្នាំ ២០២៨»៕