ភ្នំពេញៈ​តុលា​ការ​កំពូល​​នៅ​ថ្ងៃទី​ ៨​ មិថុនា ​បានលើក​យក​សំណុំ​រឿង​បាក់​រលំ​អគារ​ស្លាប់​កម្មករ​ ២២​ នាក់ ​និង​របួស​ ២៤​ នាក់​នៅ​ខេត្ត​ព្រះ​សីហនុ​ កាលពី​ឆ្នាំ ២០១៩​ មក​ជំនុំ​ជម្រះ ខណៈ​បុរស​ជាប់​ចោទ​​ជន​ជាតិចិន​ម្នាក់​ជា​ម្ចាស់​អគារ ​ព្រម​សង​ទៅ​ដើម​បណ្ដឹង​រដ្ឋប្ប​វេណី​ចំនួន​ ៥៣​ នាក់ ​សរុប​ត្រឹមតែ ​​៣ ម៉ឺន​ដុល្លារ​​។

នៅ​ក្នុង​បន្ទប់​សវនា​ការ​នៅ​ថ្ងៃទី​ ៨​ មិថុនា លោក​ គង់ តារា​ឆាត​ ដែល​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ពី​លោក​ ជីវ ​កេង​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលា​ការ​កំពូល​ បាន​អាន​អង្គ​ហេតុ​នៅ​ចំពោះ​មុខ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ប្រុស​ស្រី​ចំនួន​ ៣០ ​នាក់់​ថា សំណុំ​រឿង​នេះ​មាន​ជន​ជាប់​ចោទ ​៤​ នាក់។ ជន​ជាប់​ចោទ​ទី១- ឈ្មោះ CHENG KUN ភេទប្រុស អាយុ​ ៤២ ​ឆ្នាំ ជា​ជន​ជាតិ​ចិន និង​ជា​ម្ចាស់​អគារ​រលំ។ ទី២- ឈ្មោះ​ DENG XIN GUL ជន​ជន​ជាតិ​ចិន ជា​ម្ចាស់​ក្រុម​ហ៊ុន​ម៉ៅ​ការ​សំណង់​។ទី៣- ឈ្មោះGAO YU ភេទ​ប្រុស ជា​ជន​ជាតិ​ចិន​ និង​ជា​អ្នក​មើល​ការ​ខុសត្រូវ​ជា​ង​សំណង់ ​និង​ឈ្មោះ​ XIE YA PING ភេទ​ស្រី​ ជា​ជន​ជាតិ​ចិន​ ហើយក៏​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ដ្ឋាន​សំណង់​ផង​ដែរ​។

លោក​បន្ត​ថា ម្ចាស់អគារត្រូវបាន​សាលាដំ​បូង​ខេត្ត​ព្រះសី​ហនុ​បើកស​វនាការ​ជំនុំ​ជម្រះនិ​ង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី​ ៣០ កក្កដា ឆ្នាំ​ ២០២០ ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គា​រ ៣​ ឆ្នាំ​ ចោទពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា បង្កឱ្យ​មាន​របួស​ស្នាម​ដោយ​អចេត​នានិ​ង​បទ​ធ្វើ​ឱ្យ​ខូច​ខាត​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​សារ​ការបង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ។ ការ​ចោទ​ប្រកាន់​នេះ​ផ្អែក​តាម​មាត្រា ២​០៧ មាត្រា ២៣៦ មាត្រា ២៩ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។

ចំណែក​ឈ្មោះ ​ដេ​ង ហ្ស៊ី​ន​ហ្គុ​ល (DENG XIN GUL)ឈ្មោះ​ ហ្គៅ​ យូ (GAO YU) និង​ឈ្មោះ​ហ្ស៊ី យ៉ា​ពីង (XIE YA PING)​ ឱ្យជាប់ពន្ធនាគារ៣ឆ្នាំដូចគ្នា ចោទ​ពីបទ​សម​គំនិ​តក្នុង​អំពើ​មនុស្ស​ឃាត​ដោយ​អ​ចេត​នា បង្ក​ឱ្យ​មាន​របួស​ស្នាម​ដោយ​អចេត​នា​និ​ង​បទ​ធ្វើ​ឱ្យ​ខូច​ខាត​មាន​ស្ថាន​ទម្ងន់​ទោស ​ដោយ​សារ​ការ​បង្ក​របួស​ស្នា​ម​ដល់​អ្នក​ដទៃ ។​

តាម​អង្គ​ហេតុ​របស់​តុលា​ការ​កំពូល​បង្ហាញ​ថា​ ក្រៅ​ពី​ការ​ផ្តន្ទា​ទោស​នេះ គឺ​តុលា​ការ​បង្គាប់​ឱ្យ​ជ​នជាប់​ចោទ​ទាំង​ ៤​ នាក់ ​រួមគ្នា​សង​សំណង​ទៅ​ជន​រង​គ្រោះ​ស្លាប់​ទាំង ​២២ ​នាក់ ​ដែល​ក្នុង​សព​ម្នាក់​ត្រូវ​សង​ជំងឺចិត្ត​ ៦០​ លាន​រៀល។ រីឯ​អ្នក​របួស​ទាំង ​២៤ ​នាក់​ ត្រូវ​ចេញ​សំណង​ ២០​ លាន​ទៅ ​២០០ ​លាន​រៀល​។

តាម​អង្គ​ហេតុ​ដដែល​បង្ហាញ​ទៀត​ថា ដោយ​មិន​សុខចិត្ត​នឹង​សាល​ក្រម​របស់​សាលា​ដំបូង​ខេត្ត​ព្រះសី​ហនុ ​ជន​ជាប់​ចោទ​ទាំង​៤​នាក់​បាន​ប្តឹង​ឧទ្ធ​រណ៍​ខេត្ត​ព្រះ​សីហនុ​ ហើយ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ព្រះ​សីហនុបើក​សវនា​ការ ​និង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី​ ៦ ​ឧសភា ​ឆ្នាំ ​២០២១​ ដោយ​បាន​តម្កល់​ទោស​នោះ​​ដដែល​។

លោក​ចៅក្រ​ម តារា​ឆាត​ បាន​ថ្លែង​ថា៖ «តុលាកា​រ​បាន​សម្រេច​ថា ប្រសិន​បើ​ជន​ជាប់​ចោទ​គ្មាន​ប្រាក់​ក្នុង​ការ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​ជន​រង​គ្រោះ​ទេ​នឹង​ត្រូវ​ឃុំខ្លួន​បន្ត​ទៀត​ដោយ​គិត​ទូទាត់​នឹង​ថ្លៃ​សំណង។​ជនជាប់​ចោទ​បើទោះ​ជា​ផុត​កំណត់​ទោស​ជាប់​ពន្ធនា​គារ​ក៏ដោយ​ក៏​មិន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ដែរ​ បើ​មិន​ទាន់​ទូទាត់​សំណង​អស់​ទៅ​ជន​រង​គ្រោះ»​។

ជនជា​ប់ចោទ​ CHENG KUN បាន​និយាយ​ប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវ​នាការ​តុលា​ការ​កំពូល​នៅ​ថ្ងៃទី ​៨ ​មិថុនា តា​មរយៈ​អ្នក​ប​កប្រែ​ថា គាត់​សុខ​ចិត្ត​ទទួល​ខុស​នូវ​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ទៀប​ភ្លឺ​ថ្ងៃទី​ ២២​ ខែ មិថុនា ឆ្នាំ ២០១៩​។ ប៉ុន្តែ​គាត់​មាន​លទ្ធ​ភាព​សង​សំណង​ទៅ​ដើមប​ណ្តឹង​រដ្ឋ​ប្បវេណី​ទាំង ៥៣ ​នាក់​តែ​ ៣​ ម៉ឺន​ដុល្លារ​ទេ។​

ជន​ជាប់​ចោទ​និយាយ​ថា៖​ «ខ្ញុំ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធ​នា​គារ​ផុត​កំណត់​៣ឆ្នាំ​ហើយ​ហេតុ​អ្វី​ខ្ញុំ​នៅ​តែ​ជាប់គុក​ទៀត​? ខ្ញុំ​សុំ​ឱ្យ​តុលា​ការ​កំពូល​ដោះ​លែង​ខ្ញុំ​បាន​ទៅ​ប្រទេស​ចិន​វិញ​»។

លោក​ស្រី​ ទន់ គីម​ហ៊ួ​យ ជា​មេធាវី​ការ​ពារ​សិទ្ធិ​ឱ្យ​ជន​ជាប់​ចោទ CHENG KUN បាន​សន្និ​ដ្ឋាន​ក្នុង​ពេល​សវនា​ការ​នៅ​ថ្ងៃទី​ ៨​ មិថុនាថា កូន​ក្តី​របស់​លោក​ស្រី​បាន​ចុះកិច្ច​សន្យា​ជា​មួយ​អ្នកម៉ៅការ​សំណង់​ត្រឹម​ត្រូវ​ ហើយ​លោក​ស្រី​បាន​ទាក់​ទង​ទៅ​ស្ថាន​ទូត​ចិន​នៅ​កម្ពុជា​ដែល​ខាង​ទូត​ចិន​ប្រាប់​លោកស្រី​ថា​ លោក​នាយក​រដ្ឋមន្ត្រី​បាន​ឧបត្ថម្ភ​ប្រាក់​ដល់​ជន​រង​គ្រោះ​អស់​ហើយ​។

លោក អែម ប៊ុ​ន្នី ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​ ២​ នាក់ ដែល​ការពា​រ​សិទ្ធិ​ឱ្យ​ជន​រងគ្រោះនិ​ង​គ្រួសារ​សព​ជា​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ទាំង​ ៥៣​ នាក់​បាន​ថ្លែង​ថា ជន​ជាប់ចោទ​មានប្រាក់តែ ​៣ ម៉ឺន​ដុល្លារ​ទេ ​សង​ទៅ​ជនរ​ងគ្រោះ ​ប៉ុន្តែ​ប្រាក់​ ៣ ម៉ឺន​ដុល្លារ​នេះ ​មិន​សម​នឹង​ការ​ខូច​ខាត​និង​បា​ត់បង់​ជីវិត​មនុ​ស្សដ​ល់​ទៅ ២២ នាក់ទេ ​រួម​នឹង​របួស ២​៤ នាក់​ផង​។

លោក​បាន​បន្ត​ថា តាម​ពិត​សំណង់​អគារ​នោះ​គ្មាន​ច្បាប់​ពី​អាជ្ញា​ធរ​ដើម្បី​ឱ្យ​សាង​សង់​ទេ​ ហើយ​ជន​ជាប់​ចោទ CHENG KUN ជា​ម្ចាស់​សំណង់​អគារ​មាន​សិទ្ធិ​ចេញ​ចូល​ត្រួត​ពិនិត្យ​សំណង់​អគារ​នោះ ​ព្រោះ​មុន​កើត​ហេតុ​ខាង​វិស្វករ​ថា ​តួ​អគារ​នោះបា​ន​ទ្រេត​ចេញពី​ជំហរ​ដើម ​២​ តឹក​ ចុះ​ហេតុ​អ្វី​នៅ​តែ​ឱ្យ​ជាង​សង់​បន្ថែម​ ២​ ជាន់​ទៀត​?

លោក​បាន​បញ្ជាក់​ថា៖ ​«សំណង់​នេះ​មិន​សម​នឹង​ការ​បាត់​បង់​ជីវិត​មនុស្ស​ទេ ហើយ​កុំ​យក​ជំនួយ​មនុស្ស​ធម៌​របស់​សម្តេច​ ហ៊ុន​ សែន​ ទៅ​ជា​សំណង់​រដ្ឋ​ប្បវេ​ណី​អី។ ករណីនេះ​​ខ្ញុំ​ស្នើ​សុំ​តុលា​ការ​កំពូល​ពិចា​រណា»។​

លោក ​ប៉ែន ​សា​រ៉ា​ត តំណាង​មហា​អយ្យ​ការ​នៃ​តុលា​ការ​កំពូល​បាន​សន្និ​ដ្ឋាន​ថា ករណីនេះ​​ក្នុងនា​ម​លោក​ជា​តំណាង​មហា​អយ្យ​ការ​ លោក​ស្នើ​សុំ​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធ​រណ៍​ព្រះសីហ​នុ​ទុក​នៅដដែល​។

កញ្ញា ​សូ ម៉ី ​អាយុ ​២១ ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ទទឹង ​ឃុំអង្គ​សុ​ភី ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត ​ដែល​មាន​បង​ប្រុស ឈ្មោះ​ សូ ​សំណាង ​អាយុ​ ២៦​ ឆ្នាំ និង​ប្អូន​ប្រុស​ឈ្មោះ ​សូ ភ័​ត្រា ភេទ​ប្រុស​អាយុ​ ១៦ ​ឆ្នាំ​ស្លាប់​ក្នុង​ហេតុកា​រណ៍​នោះ បាន​និយាយ​ក្រោយ​ចេញ​ពី​អង្គ​សវនា​ការ​ក្នុង​ចំណោម​គ្រួសារ​ជន​រងគ្រោះ​ទាំង​ ៣០​ នាក់​ថា​ ជន​ជាប់​ចោទ​ព្រម​សង​តែ​ ៣ ម៉ឺន​ដុល្លារ​ទៅ​ជន​រង​គ្រោះ​ទាំង​អស់ តែ​នាង​មិន​យល់​ព្រម​ទេ​។

កញ្ញា​ថ្លែង​ថា​ កាល​ពី​បង​ប្អូន​នាង​ស្លាប់​ភ្លាម​ គ្រួសារ​របស់​នាង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ​សែន ​ក្នុងស​ពម្នា​ក់ ១ ម៉ឺន​ដុល្លារ៖ ​«កាលពី​ដំបូង​ឪពុក​ខ្ញុំ​ដាក់​ពាក្យ​បណ្តឹង​ទារ​សព​ម្នាក់​ ៦​ ម៉ឺន​ដុល្លារ​ ហើយ​ខ្ញុំ​មកនេះ​គឺ​ចង់​ទាម​ទារ​សំណង​នេះ​ឯង»​។

ក្រោយ​ជំនុំ​ជម្រះ​ប្រមាណ ​២​ ម៉ោង​មក​ លោក ចៅក្រម​ ជីវ​ កេង​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថ្លែង​ថា​ សាល​ដីកា​នេះ​នឹង​ប្រ​កាស​នៅ​ថ្ងៃទី​ ១៥ ​មិថុនា​ ខាង​មុខ​នេះ​​៕