
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងក្នុងពិធីបើកសិក្ខាសាលាវគ្គវិក្រឹតការពិសេសមគ្គុទេសក៏ទេសចរណ៍តំបន់សៀមរាប-អង្គរ។ រូបថត ANA
សៀមរាបៈ អជ្ញាធរជាតិអប្សរាកំពុងបញ្ជ្រាបការយល់ដឹងអំពីរបកគំហើញថ្មីៗ ដែលបានរកឃើញក្នុងរយៈពេលពីបីឆ្នាំចុងក្រោយទៅដល់មគ្គុទេសក៏ទេសចរណ៍តំបន់សៀមរាបអង្គរ ដើម្បីឲ្យអ្នកទាំងនោះអាចធ្វើការផ្សព្វផ្សាយបន្តដល់ជនបរទេស បានត្រឹមត្រូវច្បាស់លាស់ចៀសវាងការប្រើគំនិតយោបល់ជាលក្ខណៈផ្ទាល់ខ្លួនដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ថ្លែងនៅថ្ងៃទី ៨ ខែមិថុនាថា អាជ្ញាធរជាតិអប្សរាបានរកឃើញរបកគំហើញថ្មីៗជាច្រើនក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងបរិបទកូវីដ ១៩ បានរកឃើញសំណង់ឈើអាយុកាលជិត ១ ០០០ ឆ្នាំ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា ក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងប្រាសាទអង្គរវត្ត។ រកឃើញឡដុតកុលាលភាជន៍ ដែលអាចស្ថិតក្នុងសម័យអង្គរ ឬសម័យក្រោយអង្គរនៅខាងជើងខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ រួមនឹងរូបព្រះពុទ្ធបដិមាជាច្រើនទៀតផងដែរ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាប្រាប់ថា របកគំហើញទាំងនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាយកមកផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ដល់មគ្គុទេសក៏ទេសចរណ៍តំបន់សៀមរាបអង្គ សរុបចំនួន ៦៥ នាក់ តាមរយៈវគ្គវិក្រឹតការពិសេសរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ នេះ។ ក្នុងវគ្គសិក្សានោះអាជ្ញាធរជាតិអប្សរាក៏បង្ហាញពីទស្សនវិស័យរបស់បុព្វបុរសខ្មែរក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានលំដាប់លំដោយ និងការគ្រប់គ្រងទឹកដីបានល្អ។ ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរា ក៏បង្ហាញពីការដឹកនាំ ទស្សនវិស័យនៃការរៀបចំការងារអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរផងដែរ។
លោកថ្លែងថា៖ «យើងបញ្រាបឲ្យគាត់យល់ពីទស្សននៃការដឹកនាំ ចាត់ចែងភារកិច្ច ការងាររបស់យើងក្នុងរមណីយដ្ឋានឲ្យគាត់ពន្យល់ទៅភ្ញៀវទេសចរវិញទី១ ទី២ ឲ្យគាត់ខ្លួនឯងយល់ដឹងបានច្បាស់ដែរ កុំឲ្យគាត់ស្រពេចស្រពិលមិនច្បាស់លាស់ហើយប្រើគំនិតយោបល់គាត់ផ្ទាល់ខ្លួនធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពជាតិយើង»។
លោក ឡុង កុសល បញ្ជាក់ថា ការរៀបចំវង់ទស្សនាចរគឺជាផលិតផលទេសចរណ៍ថ្មីសំខាន់ ព្រោះវង់ទស្សនាចរនឹងអាចធ្វើការគ្រប់គ្រងលំហូរទេសចរបានល្អប្រសើ ហើយភ្ញៀវទេសចរមិនខាតពេលវេលាដើរទស្សនាចំណុចល្អៗ។
លោកថ្លែងថា៖ «វង្សទស្សនាចរគឺអនុញ្ញាតឲ្យយើងធ្វើការគ្រប់គ្រងលំហូរនៃ ទេសចរបាន បើមិនអ៊ីចឹងទេគឺថាដើរពេញទឹកពេញដីចឹងទៅធ្វើឲ្យបាត់បង់ឱកាសនៃការទស្សនាចំណុចល្អៗនៅក្នុងប្រាសាទ»។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងថា ថ្លែងក្នុងពិធីបើកវគ្គវិក្រឹតការនេះថា វគ្គនេះក្នុងគោលបំណងចម្បងចំនួន ២។ ទី១ ចែករំលែកចំណេះដឹង និងណែនាំផលិតផលទេចរណ៍ថ្មីនៅតំបន់សៀមរាប-អង្គរទៅដល់អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ព្រោះថា អ្នកមគ្គុទ្ទេសក៍ទេសចរណ៍អាចត្រូវចាត់ទុកជាទូតដែលមានឥទ្ធិពលខ្លាំងបំផុត ដើម្បីផ្សព្វផ្សាយពីរបកគំហើញថ្មីៗនៃការស្រាវជ្រាវ និងសមិទ្ធផលការងារថ្មីៗ វប្បធម៌ខ្មែរក្នុងការបញ្ជាក់ពីតម្លៃពិតរបស់តំបន់រមណីយដ្ឋានអង្គរ។ ទី២ គឺចង់ឱ្យអ្នកមគ្គុទ្ទេសក៍ទេសចរណ៍សហការជាមួយភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាតាមរយៈការគ្រប់គ្រងភ្ញៀវទេសចរតាមបែបគន្លងថ្មី នៅតំបន់អង្គរក្រោយសម័យកូវីដ។
លោក ពេជ្រ ឆដា មគ្គុទេសក៏ទេសចរភាសាជប៉ុន ថ្លែងនៅថ្ងៃទី ៨ ខែមិថុនា ថ្វីបើវគ្គសិក្សានេះទើបចាប់ផ្តើមដំណើរការដល់ថ្ងៃទី ២ ប៉ុន្តែវគ្គវិក្រឹតការនេះមានសារប្រយោជន៍ដល់អ្នកមគ្គុទេសក៏ទេសចរ ព្រោះធ្វើឲ្យអ្នកមគ្គុទេសក៏ទេសចរ មានការយល់ដឹងស៊ីជម្រៅជាងមុន ជាពិសេសទទួលបានចំណេះដឹង និងព័ត៌មានមួយចំនួនដែលអ្នកមគ្គុទេសក៏ទេសចរមិនធ្លាប់បានដឹងពីមុនមកទាក់ទងនឹងរបកគំហើញ ការធ្វើកំណាយ ការបង្ហាញពីរចនាសម្ព័ន្ធក្រោមអង្គរដែលគ្រប់គ្នាមិនធ្លាប់បានដឹង។
លោកថ្លែងថា៖ «ខ្ញុំគិតថា វានឹងបង្កើនសមត្ថភាពរបស់យើងទៀតក្នុងការឆ្លើយតបទៅកាន់អ្នកទេសចរព្រោះរយៈពេលកន្លងមកយើងក៏មានចំណុចមួយចំនួនភ្ញៀវសួរមកយើងធ្លាប់ចាល់ដែរ យើងសុំពេលគាត់ដើម្បីស្រាវជ្រាវដែរ។ អ៊ីចឹងឥឡូវបានបន្ថែមនូវចំណុចដែលយើងអត់ដឹងពីមុន ហើយវគ្គនេះនឹងជួយយើងឆ្លើយតបភ្ញៀវទេសចរកាន់តែទូលំទូលាយជាងមុន»៕