ភ្នំពេញៈ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នឹង​រៀបចំ​សន្និ​បាត​គណៈ​កម្មាធិ​ការ​កណ្តាល​វិសា​មញ្ញ​រយៈ​ពេល​ ២ ​ថ្ងៃ​ នៅ​ខែ​កក្កដា​ ឆ្នាំ ២០​២២​ ដើម្បី​វាយ​តម្លៃ​ពី​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ និង​ត្រៀម​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បន្ត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ​ ២០២៣​។​ យោង​តាម​អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំ​ណាច​​។​​

យោង​សេច​ក្តី​ជូន​ដំណឹង​របស់​ប្រធាន​ខុទ្ទកា​ល័យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ចុះ​ថ្ងៃទី​ ៧ ​ខែ​មិថុនា​នេះ បាន​ឱ្យ​ដឹង​ថា​ គណៈ​អចិ​ន្ត្រៃយ៍នៃ​គណៈ​កម្មាធិ​ការ​កណ្តាល​ បាន​សម្រេច​កោះ​ប្រជុំ​សន្និបាត​គណៈ​កម្មាធិ​ការ​កណ្តាល​វិសា​មញ្ញ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នៅ​ថ្ងៃទី​ ៩-​១០​ ខែ​ កក្កដា​ ឆ្នាំ​ ២០​២២​ នៅ​វិមាន ​៧​ មករា រាជ​ធានី​ភ្នំពេញ​​។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​លោក ​សុខ​ ឥសាន​ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៨ ខែ​មិថុនា​នេះ​​ថា​ លោក​មិន​ទាន់​បាន​ទទួល​នូវ​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នោះ​នៅ​ឡើយ​ទេ​។​​ ​ប៉ុន្តែ​លោក​ថា ​តាម​ការ​ប៉ាន់ស្មាន​ កិច្ច​ប្រជុំ​នោះ​ នឹង​ផ្តោត​សំខាន់​ទៅ​លើ​ការវាយ​តម្លៃ​ដក​ពិសោធ​ អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ ថ្មីៗ​កន្លង​ទៅ​នេះ​ ដើម្បី​ដាក់​ទិស​ដៅ​យក​ជ័យ​ជម្នះ ​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ ​២០២៣ ​ជ្រើស​តាំង​តំណាង​រាស្ត្រ​។

លោក​ថា​៖ «​តាម​តួរ​លេខ​នៃ​ការ​បោះឆ្នោត​កន្លង​ទៅ​ថ្មី​នេះៗ​ ជា​តួរ​លេខ​ដែល​មាន​សូចនា​ល្អ​ ហើយ​យើង​វា​តម្លៃ​ថា​ការ​បោះឆ្នោត​នេះ​ ជា​ជោ​គ​ជ័យ​របស់​ប្រជា​ជន​កម្ពុជា​ទូទាំង​ប្រទេស​ ដែល​ប្រជា​ជន​បាន​សម្តែង​ឆន្ទៈ​ក្នុង​ការ​ជ្រើស​រើស​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​មាន​កម្មវិធី​នយោ​បាយ​ត្រឹមត្រូវ​ល្អ​ ដើម្បី​បម្រើ​ប្រទេស​ជាតិ​ និង​ប្រជា​ជន​ឱ្យ​មាន​ការ​រីក​ចម្រើន​ត​ទៅ​មុខ​ទៀត​»​​។​​

លោក​បាន​គូស​បញ្ជាក់​ថា​ លោក​មិន​ទាន់​ដឹង​ពី​របៀប​វារៈ​ផ្សេង​នោះទេ​ ក៏ប៉ុន្តែ​ជា​សំខាន់​ គឺ​ចៀស​មិន​ផុត​អំពី​ការ​វាយ​តម្លៃ​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​ និង​ជ័យ​ជម្នះ​ ដែល​គណបក្ស​បាន​ទទួល​យ៉ាង​ធំធេង​ចំពោះ​ការ​បោះឆ្នោតឃុំ-​សង្កាត់​កន្លង​ទៅ​ថ្មីៗ​នេះ​។

លោក​បាន​បន្តថា​ ចំពោះ​ចំណុច​ខ្សោយ​មិនមែន​ជា​គោល​នយោ​បាយ​ ឬ​កម្មវិធី​នយោបាយ​របស់​គណ​បក្ស​ទេ​ ប៉ុន្តែ​ចំណុច​ខ្សោយ​កើត​ឡើង​ចំពោះ​មន្ត្រី​មួយ​ចំនួន​តូច​ដែល​មាន​ការ​យល់​ដឹង​ទាប​ ដែល​យក​គោល​នយោ​បាយ​របស់​បក្ស​ទៅ​ប្រើ​ខុស​គោល​ដៅ​។ ​

លោក​ថា​៖ «ព្រោះ​យើង​ដឹង​ហើយ​ថា​មន្ត្រី​យើង​រាប់ពាន់​ រាប់​សែន​នាក់​ របស់​គណ​បក្ស​ប្រជា​ជន​ មិន​មាន​ការ​យល់​ដឹង​ដូចៗ​គ្នា​ទេ​ ដូច្នេះ​ការ​អនុវ​ត្ត​ យក​កម្ម​វិធី​នយោ​បាយ​របស់​គណបក្ស​ប្រែ​ក្លាយ​ទៅ​ជា​ការ​អនុវត្ត​ជាក់​ស្តែង​ ក៏​មាន​លក្ខណៈ​ខុសៗ​គ្នា​ដែរ​ ចំណុ​ច​ខ្សោយ​ទាំងនេះ​ហើយ ​ដែល​គណ​បក្ស​នឹង​លើក​បញ្ហា​នេះ ​ដក​ពិសោធ ​និង​កែ​លម្អ​ឡើង​វិញ​ចំពោះ​អ្នក​ដែល​មាន​សកម្ម​ភាព​ខ្វះខាត​ទៅ​លើ​ចំណុច​មួយ​ចំនួន​តូច​នោះ​»​​។​​

ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា​លោក​ ប៉ា ​ចន្ទ​​រឿន ​ថ្លែង​ថា​ សន្និបាត​នោះ​ គឺ​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​ ដោយ​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ថា​ គណ​បក្ស​កាន់​អំណាច​នឹង​លើក​យក​ចំណុច​សំខាន់ៗ​អ្វី​ខ្លះ​មក​ពិភា​ក្សា​នោះ​ទេ​។ ​ប៉ុន្តែ​ការ​កោះ​ប្រជុំ​នាពេល​នេះ​ គណ​បក្ស​ប្រជា​ជន​នឹង​ផ្តោត​សំខាន់​លើ​ជុំវិញ​លទ្ធផល​បោះឆ្នោត​ ដើម្បី​ដាក់​ចេញ​នូវ​គោល​យោ​បាយ​បន្ត​បន្ទាប់​។​

លោក​ថា​៖ «​មើល​ជា​រួម​ថា​ អាច​ប្រជុំ​បូក​សរុប​អំពី​ដំណើរ​ការ​នៃ​ការ​ចូល​រួម​ប្រកួត​ប្រ​ជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ក៏​ដូច​ជា​ឆ្លុះប​ញ្ចាំង​​ទៅ​លើ​លទ្ធ​ផល និង​គិត​អំពី​យុទ្ធ​សាស្ត្រ​ត្រៀម​សម្រាប់​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ​»​។​​

លោក​ថ្លែង​ថា​ សម្រាប់​គោល​នយោ​បាយ​ទាំង​ប៉ុន្មាន​ចំណុច​របស់​គណ​បក្ស​ប្រជាជន​ មិន​មាន​អី​ប្លែក​ខ្លាំង​ខុស​ពី​អ្វី​ដែល​រដ្ឋាភិ​បាល​ក៏​ដូច​ជា​ស្ថាប័ន​ ឃុំ-សង្កាត់​ ដែល​ស្ថិត​នៅ​ក្រោម​ការងារ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​ដែល​ជា​គណ​បក្ស​កាន់​អំ​ណាច​ទេ​។​ ប៉ុន្តែ​អ្វី​ដែល​គណ​បក្ស​ខ្វះខាត​នោះ​ គឺ​ការ​សន្យា​របស់​គណ​បក្ស​ដែល​មិន​ទាន់​បំពេញ​បាន​ត្រឹម​ត្រូវ​ជូន​ម្ចាស់​ឆ្នោត​ បើ​ទោះ​បី​ជា​គណ​បក្ស​មាន​គោល​នយោ​បាយ​ល្អ​ក៏ដោ​យ​។

លោក​ថា​៖​ «​ឧទា​ហរណ៍​ជាក់​ស្តែង ​ទាក់​ទង​រឿង​ភូមិ​-ឃុំ​ មាន​សុវត្ថិ​ភាព ​ការ​ថែ​រក្សា​បរិស្ថាន​ ឬ​ការ​ដោះ​ស្រាយ​នៅ​មូល​ដ្ឋាន​ជូន​ប្រជា​ពលរដ្ឋ​ទាន់​ពេល​វេលា និង​បញ្ហា​ជា​ច្រើន​ដែល​នៅ​មិនទាន់​ដោះ​ស្រាយ​បាន​។​ អ្វី​ដែល​ជា​បញ្ហា​​គឺ​កង្វះ​ការ​ត្រួត​ពិនិត្យ​តាម​ដាន​អំពី​ការ​ឆ្លើយ​តប​ និង​ការ​បំពេញ​ពាក្យ​សន្យា​របស់​គណបក្ស​ ដែល​បាន​ដាក់​ចូល​ទៅ​ក្នុង​គោល​នយោ​បាយ​»​។​​

យ៉ាង​ណា​ក៏​ដោយ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ លោក​ សុខ​ ឥសាន​ បាន​លើក​ឡើង​ថា​ គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​មាន​ការ​កែប្រែ​កម្ម​វី​ធី​នយោ​បាយ​បក្ស​ធំដុំ​ទេ​ ព្រោះ​គណ​បក្ស​មាន​បទ​ពិសោធ​រួចមក​ហើយ​ទើប​ធ្វើ​ឱ្យ​គណ​បក្ស​នៅ​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ប្រ​ជា​ជន​ទូទាំង​ប្រទេស​​។​​​

លោ​ក​ថា​បន្តថា​ កម្ម​វី​ធី​នយោ​បាយ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មាន​លក្ខណៈ​ត្រឹមត្រូវ​ ល្អ​ប្រសើរ​ ដែល​ផ្សារ​ភ្ជាប់​នឹង​ផល​ប្រ​យោជន៍​ជាតិ ​និង​ប្រជា​ជន​។​ បក្ស​មាន​បទ​ពិសោធ​ដោយ​សារ​មន្ត្រី​ គ្រប់​ជាន់​ថ្នាក់​របស់​គណ​បក្ស​ធ្វើ​ការ​ដោយ​ដាក់​ខ្លួន​ដាក់​កាយ​បម្រើ​ប្រជា​ជន​ ដោយ​សារ​ស្មោះ​ត្រង់​ ដើម្បី​គិតគូរ​ជាធំ​ផល​ប្រ​យោជន៍​របស់​ប្រជា​ជន​ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រជា​ជន​ មាន​មនោស​ញ្ចេត​នា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ របស់​គណ​បក្ស​។ បក្ស​បាន​ខិតខំ​កសាង​នូវ​បណ្តា​សមិទ្ធ​ផល​នានា​​ទូទាំ​ង​ប្រទេស​តាំង​ពី​ជន​បទ​រហូត​ដល់​ទីក្រុង​ ឃើញ​ថា​ សុទ្ធ​តែ​ជា​សមិទ្ធ​ផល​ដែល​ជា​ស្នា​ដៃ​របស់​គណ​បក្ស​ប្រជា​ជន​។​​

លោក​គូស​បញ្ជាក់​ថា​៖​ «​ចំណុច​ (​ខាង​លើ​នេះ​) ​ហើយ​ដែល​ជា​គន្លឹះ ​ធ្វើ​ឱ្យ​ប្រជា​ជន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា កម្ម​វិធី​នយោ​បាយ​ត្រឹម​ត្រូវ​ ឆ្លុះ​បញ្ចាំង​អំពី​ផល​ប្រ​យោជន៍​ប្រជា​ជន ​ការ​ដាក់​ខ្លួន​ដាក់​កាយ​បម្រើ​ប្រជា​ជន​ដោយ​ស្មោះ​ត្រង់​ ក៏​វា​ផ្សារ​ភ្ជាប់​ទៅ​នឹង​ផល​ប្រ​យោជន៍​ជាតិ​ និង​ប្រជា​ជន​ ទាំង​នេះ​ហើយ​ដែល​ធ្វើឱ្យ​ប្រជា​ជន​នៅ​បន្ត​គាំទ្រ​គណ​បក្ស​ប្រជា​ជន​ភ្លូក​ទឹក​ភ្លូក​ដី​ ចំពោះ​ការ​ដឹក​នាំ​របស់​គណ​បក្ស​៕