ភ្នំពេញៈ​ តារាង​បាល់​ទាត់​ហ្វូ​ត​សាល ​១ ​កន្លែង ​នៅ​ភូមិ​គោក​ចំបក់​ក្នុង​សង្កាត់​ចោម​ចៅ​ទី១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រា​ជធានី​ភ្នំពេញ ​បាន​ដួល​រលំខូច​ខាត​ជាខ្លាំង ​បន្ទាប់​ពី​មាន​ភ្លៀង​ខ្យល់​ ១​ មេ​ធំ​ កាលពី​ល្ងាច​ថ្ងៃទី​ ៧ ខែ​មិថុនា​ ប៉ុន្តែ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ឡើ​យ។ នេះ​បើតា​ម​សម្ដី​មន្ត្រី​នគរបាល​មូល​ដ្ឋាន​។

លោក​ សាយ ​ចំរើន​ នាយ​ប៉ុស្ដិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ទី១ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅថ្ងៃទី​ ៨​ មិថុនាថា មុនពេល​មាន​​ភ្លៀង​ខ្យល់​កើត​ឡើង​ មាន​យុវជន​ ២ ​ក្រុម​បាន​នាំ​គ្នា​លេង​ទាត់​បាល់​នៅ​ក្នុង​តារា​បាល់​នោះ។​ លុះ​ដល់​កន្លះ​ម៉ោង​ក្រោយ​ពី​ពួកគេ​ឈប់​លេង​ក៏​មាន​ភ្លៀង ​១​ មេ​ធំ​កើត​ឡើង​ព្រម​ទាំង​មាន​ខ្យល់​កន្ត្រាក់​បក់​បោក​ចំ​ទីតាំង​តា​រាង​បាល់​ទាត់​នោះ​បណ្ដាល​ឲ្យ​ដួល​រលំ​ខូច​ខាត​ជា​ខ្លាំង​។

លោក​បាន​បញ្ជាក់​ថា៖ «វា​ពិតជា​គួរ​ខ្លាចព្រោះ​សូម្បីតែ​បង្គោល​តារាង​បាល់​នោះ​សង់​ពី​ដែក ​និង​ចាក់​សាប​ជាប់​ទៅ​នឹង​ដី​ហើយក្ដី ក៏​ខ្យល់​កន្ត្រាក់​នោះ​បក់​កញ្ឆក់​ទាញ​ផ្ដួល​រំលំ​បាន។ វា​ក៏​ជា​សំណាង ​១​ ដែរ​ ដែល​ក្រុមយុវជន​ទាំង ​២​ ក្រុម​នោះ​ បាន​នាំគ្នា​ឈប់​លេង​មុន​ហេតុកា​រណ៍​កើត​ឡើង​ដែល​មិន​បង្ក​ឲ្យ​មាន​អ្នក​រងរបួស​ និង​ស្លាប់»​។

ជុំវិញ​ករណី​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​នេះ ក្រសួង​ធន​ធាន​ទឹកនិ​ងឧតុនិយម​នៅ​ថ្ងៃ ៧​ ខែមិថុនា បាន​ចេញ​សេចក្ដី​ជូនដំ​ណឹង​ថា ក្នុង​សប្ដាហ៍​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ​ដោយ​អន្លើ​និង​មាន​លាយ​ឡំ​ខ្យល់​កន្ត្រាក់​និង​ផ្គរ​រន្ទះ​កើត​ឡើង​ផង​ដែរ ​ជាពិសេស​នៅ​តាម​តំបន់​វាល​ទំនាប​កណ្ដាល និ​ង​តំបន់​ទី​ទំនាប​ជាប់​ជួរ​ភ្នំ​ក្រវាញ ភាគ​ពាយ​ព្យ។​

ផ្អែក​តាម​ការ​ពិនិត្យ​អំពី​ស្ថាន​ភាព​អាកាស​ធាតុ​ប្រចាំ​ថ្ងៃឃើញ​ថា​ ឥទ្ធិ​ពល​ពី​ជ្រលង​សម្ពាធ​ទាប ​ដែល​អូស​​បន្លាយ​នៅលើ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ​ និង​​វៀត​ណាម​ព្រមជា​មួយ​ខ្យល់មូ​សុង​និរតី​បក់​ក្នុង​ល្បឿន​មធ្យម​ផង​នោះ ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​ឧតុ​និយម​បាន​ព្យាករថា ប្រទេស​កម្ពុជា ​ចាប់​ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី​ ១៤ ខែ​មិថុនា​ ខាង​មុខ​នេះ ​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​លាយ​ឡំ​ទៅដោយ​ផ្គរ ​រន្ទះ និង​ខ្យល់​កន្ត្រាក់​បក់​បោក​ខ្លាំង​។

សេច​ក្ដីជូ​នដំណឹង​នោះបាន​បញ្ជាក់​ថា៖ «តំបន់​វាល​ទំនាប​កណ្ដាល​ និង​ភាគ​ពាយព្យ​រួមទាំ​ង​តំបន់​វាល​ទំនាប​ជាប់​ខ្ពង់​រាប​ឦ​សាន​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ​ព្រម​ទាំង​មាន​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​កើត​មាន​ច្រើន​ផង​ដែរ​។ ពល​រដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​សាស្ត្រ​នៃ​តំបន់​ទាំង​នេះគ​ប្បី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន»​។

គ្រោះធ​ម្មជាតិ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ ​និង​ផ្គរ​​រន្ទះក្នុង​រ​យៈ​ពេល ​៥ ខែ​ ដើម​ឆ្នាំ​ ២០២២ បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ​២៥ ​នាក់​ស្លាប់​ និង ​៣៣ នា​ក់​ទៀតបាន​​រងរបួស​ធ្ងន់​ និង​ស្រាល។ នេះ​បើ​តាម​ទិន្ន​ន័យ​របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហ​ន្តរាយ (គ.ជ.​គ.ម) ដែល​ ភ្នំពេញ ​ប៉ុស្តិ៍​ ទទួល​បាន​នៅ​ថ្ងៃទី ៨ ​ខែ មិថុនា​ ឆ្នាំ​ ២០២២​។

ទិន្ន​ន័យ​នោះបា​ន​បង្ហាញ​ថា បា​តុភូត​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​ចំនួន​ ៧៩​ លើក បង្ក​ប៉ះពាល់​ និង​ខូច​ខាត​ផ្ទះ​ប្រជា​ពលរដ្ឋ​សរុប​ ២ ៣២៥ ​ខ្នង​ ក្នុងនោះ​ផ្ទះ​ចំនួន ​៥៣៧ ​ខ្នង​ បាន​ដួលរលំ​ខូចខា​ត​ទាំង​ស្រុង ព្រម​ទាំង​ខូច​ខាត​ដំបូល​អគារ​សាលា​រៀន​ចំនួន ១​៨ អ​គារ ហើ​យ «មនុស្ស​ចំនួន​ ៣ នាក់​បាន​ស្លាប់ និង​ ១៦​ នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ដោយ​ករណី​បាក់​រលំ​ផ្ទះ​សង្កត់​លើ» ​។

តាម​រយៈ​ទិន្ន​ន័យ​ដដែល​នោះ​បាតុភូ​ត​ផ្គរ​រន្ទះ​ ឬបា​តុភូត​រន្ទះបា​ញ់​បាន​កើត​ឡើង​ចំនួន​ ៤៦ លើក​ បណ្ដាលឱ្យ «មនុស្ស​ចំនួន​ ២២ ​នាក់​ស្លាប់​ និង ​១៧ ​នាក់​ទៀត​រង​របួស​ព្រមទាំង​បណ្ដាល​ឲ្យ​ងាប់​សត្វ​គោក្រ​បីប្រជាព​លរដ្ឋ​សរុប​ចំនួន ​៥៣ ​ក្បាល»​៕