ស្វាយ​រៀងៈ បុរសជា​ឪពុក​វ័យ​ចំណាស់​ម្នាក់​ដែល​ស្រវឹងស្រា​ បាន​ដុត​ផ្ទះ​បណ្តាល​ឱ្យ​ឆេះស្លាប់​ និង​ធ្វើ​ឱ្យ​​កូន​ប្រសារ​ប្រុសរបស់​គាត់​ ​រង​របួស​ធ្ងន់ នៅ​ចំណុច​ភូមិ​បឹង​អណ្តែង ឃុំតាសួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយ​រៀង កាល​ពីវេលា​ម៉ោង​ ៧ យប់​ថ្ងៃទី ​៧ ខែ ​មីនា ឆ្នាំ​ ២០២២។

លោក​ ពិន អាន អធិការ​ស្រុក​ស្វាយ​ជ្រុំ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នៅថ្ងៃទី​ ៨​ មិថុនា​ថា បុរស​រងគ្រោះ​ជាឪពុក​ ដែល​បាន​ស្លាប់​នៅក្នុង​​គ្រោះថ្នា​ក់​ភ្លើង​ឆេះផ្ទះនោះ​ឈ្មោះ ម៉ម យ៉ាវ អាយុ ៧២​ ឆ្នាំ រស់​នៅ​ផ្ទះជា​មួយ​កូន​ប្រុស​ របស់​គាត់​​ឈ្មោះ នឹម និត អាយុ​ ៣២ ​ឆ្នាំ ជាកម្មករ​សំណង់​ មាន​ទីលំនៅ ក្នុង​ភូមិ-ឃុំ កើត​ហេតុ​ខា​ង​លើ។

ចំណែកកូន​ប្រសារ​ប្រុស​របស់​គាត់ ដែល​រង​របួស​ធ្ងន់​ នៅក្នុ​ង​ហេតុ​ការណ៍​ភ្លើង​ឆេះ​ផ្ទះនោះ​ដែរ ឈ្មោះ ឈួន សារី អាយុ​ ៥០ ​ឆ្នាំ មានមុខ​របរជា​កសិករ និង​មាន​ទីលំ​នៅ​ក្បែរ​ផ្ទះ​កើត​ហេតុ។

លោក​បាន​បញ្ជាក់​ថា៖​ «តាម​សម្ដី​ជន​រង​គ្រោះ​ជាកូន​ប្រសារ ករ​ណី​អគ្គិភ័យ​នេះ ​បណ្ដាល​មក​ពីបុរស​ជាឪពុក​ក្មេក ស្រវឹង​ស្រា ហើយមាន​ចេតនា​ដុត​ផ្ទះ​ចោល​ក្នុង​គោល​បំណ​ង​ធ្វើ​អត្ត​ឃាត»។

លោក​បាន​បន្ត​ថា នៅ​ពេល​បុរស​ជា​ឪពុក ធ្វើ​សកម្ម​ភាព ​កូន​ប្រុស​គាត់​ឈ្មោះ នឹម និត និង​កូន​ប្រសារ​ស្រី ដែល​ជាប្រពន្ធ​របស់​ នឹម និត​នោះ​ នៅមិន​ទាន់​ត្រឡប់​ពីធ្វើ​ការ​វិញ​ទេ គឺ​មាន​តែ​ចៅ​របស់​គាត់ ​២-៣​ នាក់​តូចៗ​ប៉ុណ្ណោះ។

យោង​ទៅ​លើការ​បំភ្លឺ​របស់​ក្មេងៗ ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​ផ្ទាល់​ភ្នែក ដំបូង​បុរស​រង​គ្រោះ​ឈ្មោះ ម៉ម យ៉ាវ បាន​ផឹក​ស្រា​ស្រវឹង​ ហើយ​ឡើង​លើផ្ទះ​ចាក់​សោរ​ទ្វារ​ផ្ទះ មិន​ឱ្យចៅៗ​របស់​គាត់​ឡើង​នោះ​ទេ បន្ទាប់​មក​គាត់​បាន​កេះ​ដែក​កេះ​ដុត​ក្រមា ​និង​សម្លៀក​បំពាក់​ចាស់​ៗរបស់​គាត់ ហើយ​បន្ត​ដុត​ខ្នើយ ភួយ មុង និង​កន្ទេល ដែល​គាត់​ដេក បណ្ដាល​ឱ្យ​ឆេះរនៀប​ក្ដារ​ផ្ទះ​ បង្ក​ជាអគ្គិភ័យ​ឆេះផ្ទះ​ តែម្ដង​។

បន្ទាប់​ពីឃើញ​ភ្លើង​ឆេះ​ផ្ទះ ក្មេងៗ​បាន​រត់​ទៅ​ប្រាប់​ឪពុក​ធំ​របស់​គេ គឺ​លោក ឈួន សារី ឱ្យ​មក​ជួយ​។

លោក​បាន​បន្ថែម​ថា​៖ «លោក​សារី​ បាន​ទៅ​ជួយ​ទំលាយ​ទ្វារ​ផ្ទះ ចូល​ទៅ​ជួយ​ឪពុក​ក្មេក​របស់​គាត់ដែរ​ តែជួយ​មិន​បាន ​ថែម​ទាំង​ធ្វើ​ឱ្យ​គាត់​ឆេះរ​លាក​ពេញ​ទាំង​ខ្លួន​ទៀត ព្រោះពេល​ដែល​គាត់​ទៅ​ដល់ អណ្ដាត​ភ្លើង​​ឆាប​​ឆេះយ៉ាង​ពេញទំ​ហឹង ហើយ​ឪពុក​ក្មេក​របស់​គាត់ ​បាន​ថប់​ដង្ហើម​ស្លាប់បាត់ទៅ​ហើយ។ បច្ចុប្ប​ន្ន​គាត់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​»។ ​

បើតាម​លោក ពិន អាន ក្រៅពី​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ និង​រង​របួស អគ្គិ​ភ័យ​នោះ​ បាន​បង្កការ​ខាត​បង់​ផ្ទះ​សង់អំ​ពីឈើទំ​ហំ ៧ ម៉ែត្រ​ X ៨ ម៉ែត្រ ដំបូល​ប្រក់​ស័ង្ក​សី ក្រាល​ក្ដារ​ អស់​ជាង​៦០​ភាគ​រយ ខាត​បង់​មាស ៥ ​ជី ប្រាក់​ដុល្លារ​ ៦០០​ ដុល្លារ​ ស្រូវ​ ១៥ ​​បាវ​ ទូដាក់​ខោអាវ​១ និង​ឯកសារ​ប្លង់​ដីចំនួន​២​ប្លង់​ក្បាលដី ​អត្តសញ្ញាណ​ប័ណ្ណ ​សំបុត្រ​កំណើត​ សៀវ​ភៅ​ ក២.ក៤​ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ។ ប៉ុន្តែ​មិន​​បាន​ឆេះ​រាល​ដាល​ដល់ផ្ទះ​អ្នក​ដទៃ​នោះ​ទេ៕​