សៀមរាបៈ នគរបាល​ក្រុង​សៀមរាប​ ​នឹងបញ្ជូន​យុវជន ​២ នាក់ ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប នៅ​ថ្ងៃ ៩ មិថុនា​ ក្រោយ​ពី​ចាប់​​ខ្លួន​បាន ២ ថ្ងៃ​ ករណី​កែច្នៃ​រំសេវ​ផាវ​បំផ្ទុះ​ដាក់​ភាគី​ទំនាស់​​ម្ខាង​ទៀត​ ប្រព្រឹត្ត​នៅ​យប់ថ្ងៃទី ៣ មិថុនា ឆ្នាំ ២០២២ នៅ​ភូមិស្វាយ​ដង្គំ សង្កាត់ស្វាយ​ដង្គំ ក្រុងសៀម​រាប។

លោក ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប​ឱ្យដឹង​នៅ​ថ្ងៃទី ៨ មិថុនាថា ជន​សង្ស័យ​មាន​ឈ្មោះ សេង សុកន ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​ ជា​សិស្ស​រៀន​ជួសជុល​ម៉ូតូ ​ស្នាក់នៅ​បណ្តោះអាសន្ន​ បន្ទប់​ជួល​ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ​ក្រុង-ខេត្តសៀមរាប​ និងឈ្មោះ រ៉​ន ដា​រ៉ុង ហៅ​ហ៊ីង ភេទ ប្រុស អាយុ ២០ ឆ្នាំ ​ជាសិស្ស​រៀន​ជួសជុល​ម៉ូតូ ​រស់នៅ​ភូមិព្រៃ​ស្រមោច ឃុំកំពង់​ឃ្លាំង ស្រុកសូទ្រ​និគម ខេត្តសៀម​រាប។

លោក​ថ្លែងថា៖ «សមត្ថ​កិច្ច​ក្រុង​សៀមរាប​ បានបញ្ចប់​នីតិវិធី​ស៊ើបសួរ​ជនសង្ស័យ​​ហើយ​នៅថ្ងៃនេះ ​(ថ្ងៃទី ៨ ​មិថុនា) ហើយ​ខ្ញុំ​នឹង​បញ្ជូន​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ នៅ​ថ្ងៃស្អែក ​(ថ្ងៃទី ​៩ មិថុនា)។ ក្រុម​ជន​សង្ស័យ​សង្ស័យ​គ្រាន់តែ​បំផ្ទុះ​រំសេវ​ផាវ​ទេ»។

លោក ដា ចំរើន ​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​ជិត ៨ យប់​ថ្ងៃទី ៣ មិថុនា ឆ្នាំ ២០២២ សមត្ថកិច្ច​របស់លោក​ទ​ទួល​បាន​សេចក្តី​រាយ​ការណ៍​ ពី​សមត្ថកិច្ច​មូលដ្ឋាន​ថា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បំផ្ទុះ​គ្រាប់រំសេវ​នៅលើ​ផ្លូវ​បេតុង​ ស្ថិតនៅ​ខាងកើត​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ភូមិស្វាយដង្គំ សង្កាត់ស្វាយ​ដង្គំ ក្រុង-ខេត្ត​សៀម​រាប បង្ក​ឡើង​ដោយ​ជន​សង្ស័យ ​មិន​ស្គាល់​អត្ត​សញ្ញាណ​ជិះ​ម៉ូតូ​មួយ​គ្រឿង ។

លោក​បន្តថា ក្រោយ​ពី​ទទួលបាន​សេចក្តីរាយ​ការណ៍​មក កម្លាំង​សមត្ថកិច្ច​របស់លោក​ បាន​ចុះ​ដល់ទី​តាំង​កើត​ហេតុ និង​បាន​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​អស់​រយៈពេល​ ៣ ​ថ្ងៃ ទើប​កំណត់​បាន​មុខសញ្ញា​ជន​សង្ស័យ និង​ចាប់បាន​នៅ​ថ្ងៃទី ៧ ខែ​ មិថុនា ឆ្នាំ ២០២២។

ជន​សង្ស័យ​បាន​ឆ្លើយ​សារភាពថា មិត្ត​របស់​គាត់​ប្រាប់ថា ​ត្រូវគេ​វាយ ​ហើយ​គាត់​ប្រាប់​ទៅ​មិត្ត​របស់គាត់​ថា គាត់​ចេះ​ផលិត​គ្រាប់​រំសេវ​ផ្ទុះ។

បន្ទាប់មក​គាត់ បាន​ទៅរក​ទិញ​ផាវ​គ្រាប់​បាល់​យកមក​ផលិត​ជា​គ្រឿងផ្ទុះ ដោយ​យក​រំសេវ​ផាវ​គ្រាប់​បាល់ មក​លាយ​ជាមួយ​នឹង​ថ្មខ្មៅ​ម៉ិច រួច​ដាក់​ចូលក្នុង​ថង់​ ហើយ​រុំ​ស្គុ​ត​ឱ្យ​ណែន​ធ្វើបាន ​៥​គ្រាប់។

បន្ទាប់មក​ជន​នេះ ​ក៏​ជិះ​ម៉ូតូ​ទៅ​បោក​តែម្តង​តែ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​គ្រោះថ្នាក់​ទេ៕