
វេជ្ជបណ្ឌិត ចាន់ បញ្ញាសុខា ឯកទេសបេះដូង នៅមន្ទីរពេទ្យព្រះអង្គឌួង។ រូប សហការី
ភ្នំពេញៈ អ្នកជំងឺលើសឈាម ទឹកនោមផ្អែម អ្នកជក់បារី និងអ្នកដែលធាត់លើសជាតិខ្លាញ់ គឺសុទ្ធតែងាយប្រឈមទៅនឹងជំងឺបេះដូង ហើយបើមានអាការញ័រទ្រូង ចុកទ្រូង ឬណែនទ្រូងខុសពីធម្មតា វាគឺជារោគសញ្ញានៃជំងឺបេះដូង។ នេះបើយោងតាមគ្រូពេទ្យជំនាញខាងបេះដូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យព្រះអង្គឌួង។
បើទោះបីជាបច្ចុប្បន្ន មិនមានតួលេខផ្លូវការពីចំនួនអ្នកស្លាប់ ឬក៏ចំនួនអ្នកឈឺដោយសារជំងឺបេះដូងយ៉ាងណាក៏ដោយ ក៏ក្នុងរយៈពេលជាបន្តបន្ទាប់ទៅនេះ គេឃើញមានការផ្សព្វផ្សាយព័ត៌មាន និងការបង្ហោះជាបន្តបន្ទាប់នៅតាមបណ្តាញសង្គមពីអ្នកទទួលមរណភាពដោយសារជំងឺគាំងបេះដូង។
ក្នុងនោះក៏មានលោក ឯក មាត្រា មន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីវ័យជាង ៥០ ឆ្នាំ លោក ឫទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ក្រោនវ័យជាង ៤០ ឆ្នាំ បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង និងកាលពីថ្ងៃទី ៦ មិថុនា ថ្មីៗនេះដែរ តារាសម្ដែងស្រី វ័យជាង ២០ ឆ្នាំ គង់ ម៉ូនីកា ក៏បានទទួលមរណភាព ដោយមានព័ត៌មានថា ដោយសារការគាំងបេះដូងផងដែរ។ល។ ដោយសារតែជំងឺគាំងបេះដូងអាចធ្វើឱ្យបាត់បង់ជីវិតតែក្នុង ១ ប៉ប្រិចភ្នែកបានធ្វើឱ្យអ្នកប្រើបណ្តាញសង្គមមួយចំនួនបានប្រៀបប្រដូចជំងឺគាំងបេះដូងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ័យខ្លាច។
ជុំវិញបញ្ហានេះ ភ្នំពេញ ប៉ុស្តិ៍ បានសម្ភាសជាមួយវេជ្ជបណ្ឌិតជំនាញបេះដូង ២ រូបតាមទូរស័ព្ទ គឺលោកវេជ្ជបណ្ឌិត ហួត វុទ្ធី ឯកទេសជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យមិត្តភាព-ខ្មែរ-សូវៀត និងវេជ្ជបណ្ឌិត ចាន់ បញ្ញាសុខា ឯកទេសបេះដូងនៅមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីបានដឹងពីមូលហេតុដែលនាំឱ្យកើតជំងឺបេះដូងរហូតដល់គាំងបេះដូងនេះ ដើម្បីចាត់វិធានការបង្ការ និងទប់ស្កាត់។
លោកវេជ្ជបណ្ឌិត ហួត វុទ្ធី ប្រាប់ថា៖ «មូលហេតុនាំឱ្យមានការកើតជំងឺបេះដូង គឺដោយសារការស្ទះសរសៃឈាម ឬកំណកខ្លាញ់កកនៅសរសៃឈាម»។ ចំណែកអ្នកដែលប្រឈមនឹងការកើតជំងឺបេះដូង មានដូចជា អ្នកជំងឺលើសឈាម ទឹកនោមផ្អែម អ្នកជក់បារី អ្នកធាត់លើសជាតិខ្លាញ់ ឬអ្នកដែលមានអាយុច្រើនចាប់ពី ៦៥ ឆ្នាំឡើង។ លោកមានប្រសាសន៍ថា៖ «នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត យើងមិនមានតួលេខច្បាស់លាស់ទេ តែចំពោះអ្នកដែលយើងបើកសរសៃឈាមធ្វើការថតឆ្លុះ ដោយសារគាត់មានបញ្ហាបេះដូង គឺ ១ ខែ អាចមានពី ២០-៣០ នាក់»។
ចំណែកលោក ចាន់ បញ្ញាសុខា ក៏បានឱ្យដឹងដែរថា ជាទូទៅ គេបែងចែកជំងឺគាំងបេះដូងទៅលើមនុស្សចាស់ និងវ័យក្រោម ៣៥ ឆ្នាំ។ ប្រសិនបើវាកើតឡើងលើក្មេងៗដែលមានអាយុ ២០ ឆ្នាំជាង អាចដោយសារវិបត្តិចង្វាក់បេះដូងពីកំណើត ដោយសារជាតិអ៊ីយ៉ុង សូដ្យូម បូតាស្យូម កាល់ស្យូមក្នុងខ្លួនមិនប្រក្រតីនៅក្នុងកោសិកាបេះដូង។ នៅពេលណាដែលវិបត្តិចង្វាក់បេះដូងវាភ្ញោចឡើងមកធ្វើឱ្យគាំងបេះដូងតែម្ដង។ ប៉ុន្តែ វាក៏អាចមានមូលហេតុទាក់ទងនឹងជាតិស្ករ បញ្ហាខួរក្បាល តំណពូជ ឬមិនតំណពូជផងដែរ។
លោក បញ្ញាសុខា ប្រាប់ថា៖ «ខ្ញុំមិនទាន់មានទិន្នន័យសរុបទេអំពីចំនួនអ្នកកើតជំងឺបេះដូងដែលមកទទួលការព្យាបាលក្នុងមន្ទីរពេទ្យព្រះអង្គឌួងយើងទេ។ តែវិបត្តិចង្វាក់បេះដូងទៅលើអ្នកដែលមានវ័យចន្លោះពី ២០-៣០ ឆ្នាំ បើនិយាយចំពោះអ្នកជំងឺមកជួបខ្ញុំ ១០០ នាក់ អាចមាន ២-៣ នាក់។ ដោយភាសាបច្ចេកទេសយើងហៅជំងឺនេះថា Brugada syndrome វាប៉ះពាល់អាយុជីវិតធ្វើឱ្យអ្នកជំងឺមានវិបត្តិចង្វាក់បេះដូងគាំងភ្លាមៗ»។
Brugada syndrome ជាទូទៅអ្នកជំងឺមានរោគសញ្ញាវិលមុខ ធីងធោង បេះដូងលោតខុសចង្វាក់ និងពេលខ្លះមានកន្ត្រាក់ដៃ កន្ត្រាក់ជើង ដោយសារបញ្ហាបេះដូងរបស់គាត់។
Brugada syndrome នេះមាន ៣ ប្រភេទ ប្រភេទទី១ ប្រភេទទី២ និងប្រភេទទី៣ ដោយប្រភេទកាចជាងគេ ដែលអាចឱ្យអ្នកជំងឺគាំងស្លាប់ភ្លាមៗគឺប្រភេទទី ១។ លោកបានណែនាំថា អ្នកជំងឺអាចទៅឆែកសុខភាពនៅមន្ទីរពេទ្យ និងបន្តធ្វើការតាមដានសុខភាពខ្លួនឯងនៅផ្ទះ។ បើមានអាការញ័រទ្រូង ចុកទ្រូង ឬណែនទ្រូងខុសពីធម្មតា ពេលណាញ៉ាំជាតិកាហ្វេអ៊ីន ហើយបាត់ទៅវិញនោះមានន័យថា បេះដូងលោតខុសប្រក្រតីហើយ ដែលនេះជារោគសញ្ញានៃជំងឺបេះដូង។
លោក បញ្ញា សុខា បញ្ជាក់ថា៖ «យើងត្រូវមកជួបគ្រូពេទ្យ ដើម្បីឱ្យគេពិនិត្យចង្វាក់បេះដូងមើល។ ជាទូទៅ អ្នកជំងឺមុននឹងកើតជំងឺបេះដូង គាត់ចាប់ផ្ដើមមានរោគសញ្ញាតិចៗ ហើយតែគាត់មិនចាប់អារម្មណ៍»។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត វុទ្ធី ក៏បានបញ្ជាក់ដែរថា៖ «អ្នកជំងឺគួរទៅពិគ្រោះជាមួយគ្រូពេទ្យបេះដូង ជាពិសេសអ្នកដែលប្រឈមនឹងជំងឺដូចខាងលើ ឬគាត់មានប្រវត្តិគ្រួសារ ដែលធ្លាប់មានបញ្ហាបេះដូង គាំងបេះដូង ខ្យល់គគេងស្លាប់ផ្សេងៗ ដែលអាចជាបញ្ហាបេះដូង»។
លោកគ្រូ បញ្ញាសុខា បន្ថែមថា ការទៅឆែកបេះដូង ឆែកសុខភាពយ៉ាងហោចណាស់ក៏វាអាចចាប់ចង្វាក់បេះដូងមួយ ដើម្បីទាត់ចោលរឿងមានវិបត្តិចង្វាក់បេះដូងពីកំណើត និងដើម្បីចាប់ចង្វាក់បេះដូង ព្រោះវាអាចទាត់ចោល Brugada syndrome ព្រោះ Brugada syndrome អាចមើលនៅលើចង្វាក់បេះដូងរបស់គាត់បាន។ លោកបានលើកឡើងពីរបបអាហារ ដែលមានផលប៉ះពាល់ដល់បេះដូង និងអ្នកទូទៅ ដែលថាអាហារដែលមានជាតិខ្លាញ់ ដូចជាម្ហូបចៀន បំពង និងកាហ្វេអ៊ីន ឬភេសជ្ជៈប៉ូវកម្លាំងមួយចំនួន ជាពិសេសជាតិប្រៃ ដែលធ្វើឱ្យសម្ពាធឈាមឡើង ហើយភ្ញោចចេញជាបញ្ហាចង្វាក់បេះដូងហ្នឹងតែម្ដង។
ទាក់ទងនឹងការព្យាបាល លោកវេជ្ជបណ្ឌិត ហួត វុទ្ធី ប្រាប់ថា វិធីព្យាបាលគឺអាចឱ្យថ្នាំលេប និងការបើកសរសៃឈាមបេះដូង ដោយការវះកាត់តសរសៃឈាម។ លោកបន្ថែមថា៖ «យើងត្រូវគ្រប់គ្រងកត្តាប្រឈមឱ្យបាន ដូចជាអ្នកជំងឺទឹកនោមផ្អែម ត្រូវទទួលការព្យាបាលឱ្យបានត្រឹមត្រូវជាមួយវេជ្ជបណ្ឌិត។ បើគាត់លើសឈាម ត្រូវពិសាថ្នាំព្យាបាលឱ្យបានជាប់លាប់ជាមួយគ្រូពេទ្យបេះដូង ឬគ្រូពេទ្យទូទៅត្រូវឈប់ពិសាបារី»។ ចំពោះអ្នកធាត់ គឺត្រូវបន្ថយគីឡូ ដោយការហាត់ប្រាណ ហើយរបបអាហារត្រូវហូបឱ្យបានត្រឹមត្រូវចៀសវាងម្ហូបអាហារដែលមានជាតិខ្លាញ់ច្រើន។
លោកវេជ្ជបណ្ឌិត បញ្ញាសុខា ក៏បានផ្តល់ការណែនាំពីវិធីថែទាំសុខភាពផងដែរថា៖ «យើងឱ្យយោបល់ ឱ្យអ្នកជំងឺ (បេះដូង) ហាត់ប្រាណយ៉ាងហោចណាស់ឱ្យបាន ៣០ នាទីក្នុង ១ ថ្ងៃ តមអាហារសម្រន់ ជាពិសេសអាហារដែលមានជាតិខ្លាញ់ និងតមប្រៃ»៕