ភ្នំពេញៈ ប្រមុខ​ការពារជាតិ លោក​ ទៀ បាញ់ ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី នា​ចុងសប្តាហ៍​នេះ​នឹង​ថ្លែងការណ៍​អំពី «​ទំនើបកម្ម​យោធា និង​សមត្ថភាព​ការពារជាតិ​ថ្មីៗ​» ដោយ​ផ្តោតលើ​ទស្សនៈ និង​បញ្ហា​ប្រឈម​នានា ដែល​អាច​បង្កឡើង​ដោយ​ការអភិវឌ្ឍ​វិស័យ​យោធា​យ៉ាង​លឿន​នៅក្នុង​តំបន់ និង​មុខងារ​ដែល​សមត្ថភាព​ថ្មីៗ​ទាំងនោះ​អាច​ដើរតួនាទី​ក្នុង​ការរក្សា​តុល្យភាព​ស្ថិរភាព​តំបន់​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ ពីថ្ងៃ​ទី​ ៧ មិថុនា ឱ្យដឹងថា តប​តាម​ការអញ្ជើញ​របស់​លោក​បណ្ឌិត ចន ឈីបមែន អគ្គនាយក និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក​ ទៀ បាញ់ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​ ១៩ (​កិច្ចសន្ទនា​សាំងហ្គីឡា​) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ១០-១២ មិថុនា ឆ្នាំ​ ២០២២ នៅ​ប្រទេស​សិង្ហបុរី​។

កិច្ចប្រជុំ​កំពូល​ឆ្នាំ​ ២០២២​ នេះ​នឹង​មាន​កិច្ចពិភាក្សា​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ចំនួន​ ៧​ លើ​ប្រធានបទ ដូចជា ទី​ ១ ជំហាន​បន្ទាប់​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សហរដ្ឋ​អាមេរិក​។ ទី​ ២ ការគ្រប់គ្រង​ការប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ពហុប៉ូល​។ ទី​ ៣ ការបង្កើត​ទម្រង់​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​។ ទី​ ៤ ទំនើបកម្ម​យោធា និង​សមត្ថភាព​ការពារជាតិ​ថ្មីៗ​។ ទី​ ៥ ចក្ខុវិស័យ​របស់​ប្រទេស​ចិន​ទៅលើ​សណ្តាប់ធ្នាប់​តំបន់​។ ទី​ ៦ បញ្ហា​ប្រឈម​តាម​អ៊ីនធឺណិត និង​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ការពារជាតិ និង ទី​ ៧ គំនិត​ថ្មី​សម្រាប់​ការធានា​ស្ថិរភាព​ក្នុង​តំបន់​។

កិច្ចប្រជុំ​កំពូល​នេះ ក៏​នឹងមាន​ក្រុម​ពិភាក្សា​តូចៗ​ក្នុង​សម័យ​ប្រជុំ​ពិសេស​ចំនួន​ ៤ ​ផងដែរ ក្នុងនោះ​មាន​ទី​ ១ សន្តិសុខ​អាកាសធាតុ និង​វិស័យ​ការពារជាតិ​បៃតង ទី​ ២ តួនាទី​អាវុធ​នុយក្លេអ៊ែរ​ក្នុង​សន្តិសុខ​តំបន់​។ ទី​ ៣ បញ្ហា​មីយ៉ាន់ម៉ា (​ការស្វែងរក​វិធីសាស្ត្រ​ឆ្ពោះ​ទៅមុខ​) និង​ទី​ ៤ សន្តិសុខ​លម្ហ​សមុទ្រ​ (​ពី​ក្រមសីលធម៌​ឈាន​ទៅ​ទំនាក់ទំនង​នៅពេល​មាន​វិបត្តិ​)​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

សេចក្ដី​ប្រកាស​ឱ្យដឹងថា ក្នុង​ឱកាស​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​ ១៩ លោក​ ទៀ បាញ់ នឹង​អញ្ជើញ​ថ្លែង​សេចក្តី​ថ្លែងការណ៍​ប្រកប​ដោយ​អត្ថន័យ​ខ្លឹមសារ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​ទី​ ៤ ស្តីពី «​ទំនើបកម្ម​យោធា និង​សមត្ថភាព​ការពារជាតិ​ថ្មីៗ​» ដោយ​ផ្តោតលើ​ទស្សនៈ​លើ​បញ្ហា​ប្រឈម​នានា ដែល​អាច​បង្កឡើង​ដោយ​ការអភិវឌ្ឍ​វិស័យ​យោធា​យ៉ាងលឿន​នៅក្នុង​តំបន់ និង​មុខងារ​ដែល​សមត្ថភាព​ថ្មីៗ​ទាំងនោះ​អាច​ដើរតួនាទី​ក្នុង​ការ​រក្សា​តុល្យភាព​ស្ថិរភាព​តំបន់​។

ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ (ADMM) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​ ២០២២​ នេះ លោក​ ទៀ បាញ់ ក៏​នឹង​ថ្លែង​បញ្ជាក់​អំពី​គោលជំហរ របស់​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​តួនាទី និង​សាមគ្គីភាព​អាស៊ាន​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​សន្តិសុខ​នានា ស្របតាម​មូលបទ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​-​អាស៊ាន «​សាមគ្គីភាព​ ដើម្បី​សន្តិសុខ​ប្រកប​ដោយ​ភាពសុខដុម​»​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ដដែល​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា​៖ «​ក្រៅពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ខាងលើ សម្តេច​ពិជ័យ​សេនា [​ទៀ បាញ់​] ក៏​នឹងមាន​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​បណ្តា​ប្រទេស​មួយចំនួន ដូចជា អូស្ត្រាលី ចិន សិង្ហបុរី និង​សហរដ្ឋអាមេរិក ក៏ដូចជា ទទួល​ការ​ចូលជួប​សម្ដែង​ការគួរសម​ពី​សំណាក់​ឥស្សរជន​សំខាន់ៗ រួមមាន នាយក​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​»៕