ភ្នំពេញៈ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ប្រមាណ​ ៣​ ពាន់​លាន​ដុល្លារ​ធ្វើ​ផ្លូវ​កាត់​តាម​បណ្ដា​ខេត្ត​នានា​ដែលមាន​ចម្ងាយ​សរុប​ជាង​ ៣ ​ពាន់​គីឡូម៉ែត្រ ក្នុង​រយៈពេល​ជាង ​១០ ​ឆ្នាំ ខណៈ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ និង​រថភ្លើង​តភ្ជាប់​ភ្នំពេញ​ទៅ​វៀតណាម​កំពុងស្ថិត​ក្នុង​គម្រោង​ ៥ ​ឆ្នាំ​រំកិល​ទៅខាង​មុខ​ទៀត ដែល​សមិទ្ធផល​ទាំងនេះ​បាន​មកពី​ជំនួយ​ និង​កម្ចី​របស់​ចិន​។ យោងតាម​លោក វ៉ាស៊ឹម សុរិយា អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សាធារណការ និង​​ដឹកជញ្ជូន​។

លោក សុរិយា ថ្លែងថា គម្រោង​ផ្លូវ​ល្បឿន​លឿន​នឹង​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​បាវិត​នឹង​តភ្ជាប់​ទៅ​វៀតណាម និង​ផ្លូវ​រថភ្លើង​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​ទីក្រុង​ហូជីមិញ ហើយ​គម្រោង​នេះ​បានបញ្ចប់​លើ​ការសិក្សា​រួចរាល់​ហើយ​។

លោក​ថ្លែងថា​៖ «​ពួកខ្ញុំ​អត់​ទាន់​បាន​ប្រជុំ​លម្អិត​លើ​គម្រោង​នេះ​នៅឡើយ​ទេ​។ គម្រោង​នេះ​យើង​សិក្សា​ហើយ ដើម្បី​ពិនិត្យ​លទ្ធភាព​ស្នើសុំ​ថវិកា​ទៅ​រដ្ឋាភិបាល​ចិន​»​។

លោក សុរិយា ថ្លែង​ដោយយោង​តាម​សម្ដី លោក ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ស៊ុន ចាន់ថុល ថា គម្រោង​ដែល​រាជ​រដ្ឋាភិបាល​បាន​អនុវត្ដ​ស្ថាបនា​ផ្លូវថ្នល់​នានា​ក្នុងប្រទេស​កម្ពុជា​រួចហើយ​មាន​ជាង ៣ ពាន់​គីឡូម៉ែត្រ ក្នុងនោះ​មាន​ស្ពាន​ចំនួន ១២ សរុប​ជា​ថវិកា​ដែល​ជំនួយ​ពី​មិត្ដ​ចិន​មាន​ប្រហែល ៣ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ជាង ១០ ​ឆ្នាំ មកនេះ​។

ចំណែក​គម្រោង ៥ ឆ្នាំ​រំកិល​ដែល​បានដាក់​ស្នើ​ទៅ​មិត្ត​ចិន​នោះ លោក សុរិយា ថា ក្រសួង​មិនទាន់​ដឹងថា ត្រូវ​ប្រើប្រាស់​ថវិកា​សរុប​ប៉ុន្មាន​នៅឡើយ​ទេ​។ ប៉ុន្ដែ​គ្រាន់តែ​ក្នុង​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​បាវិត​តភ្ជាប់​រវាង​កម្ពុជា និង​វៀតណាម​ត្រូវ​ប្រើប្រាស់​ថវិកា​ប្រមាណ ២ ពាន់​លាន​ដុល្លារ​។

លោក ស៊ុន ចាន់ថុល ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​ ៧ ខែមិថុនា​នេះ​ថា សម្រាប់​គម្រោង ៥ ឆ្នាំ​រំកិល​ដែល​កម្ពុជា​បានដាក់​ស្នើ​ទៅ​មិត្ត​ចិន​ក្នុងនោះ​រួមមាន គម្រោង​សាងសង់​ផ្លូវ​បាត់ដំបង​-​សៀមរាប គម្រោង​សាងសង់​ផ្លូវ​កំពង់ធំ​-​កំពង់ឆ្នាំង គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​បាវិត ម៉ុកបៃ ព្រំដែន​វៀតណាម​។

ក្រៅពីនេះ​ក៏មាន គម្រោង​សិក្សា​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​កម្ពុជា និង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ ដូចជា​គម្រោង​សិក្សា​រថភ្លើង​ក្រោម​ដី ប្រព័ន្ធ​រថភ្លើង​អាកាស (Monorail) និង​ប្រព័ន្ធ​រថភ្លើង​គ្មាន​អ្នកបើក (AGT) ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ដែលជា​បញ្ហា​កង្វល់​ដ៏ធំ​ក្នុង​រាជធានី​-​ភ្នំពេញ ដើម្បី​រាយការណ៍​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ពិនិត្យ​លទ្ធភាព​រក​ថវិកា​សាងសង់​ជម្រើស​ណាមួយ​ដែល​សមស្រប​នឹង​ស្ថានភាព​នៃ​ការដឹកជញ្ជូន​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​គម្រោង​ដ៏ធំ​មួយទៀត គឺ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត តភ្ជាប់​រវាង​កម្ពុជា និង​វៀតណាម គម្រោង​ផ្លូវ​រថភ្លើង​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​ក្រុង​ហូជីមិញ ដែលជា​គម្រោង​ដ៏ធំ​មួយ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ និង​គម្រោង​សិក្សាការ​ដឹកជញ្ជូន​ផ្លូវទឹក​ទន្លេបាសាក់​ពី​ភ្នំពេញ​ឆ្ពោះ​ត្រង់​ទៅកាន់​សមុទ្រ​កម្ពុជា ដែល​អាច​ផ្ដល់​ផលចំណេញ​យ៉ាងច្រើន​កាត់បន្ថយ​ពេលវេលា​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន និង​នីតិវិធី​គ្រប់បែប​ផងដែរ​»​។

លោក​បាន​ថ្លែងថា ជំនួយ​ជា​ប្រាក់កម្ចី​សម្បទាន​ការប្រាក់​ទាប​របស់​មិត្ត​ចិន​ធ្វើឱ្យ​កម្ពុជា​អាច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង​គ្រប់​ទីកន្លែង​ ដើម្បី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ធូរធារ និង​ល្អ​ជាង​មុន សេដ្ឋកិច្ចជាតិ​មាន​ការ​រីកចម្រើន អនុញ្ញាត​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​ ២០៣០ និង​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា មិត្ត​ចិន​នឹង​នៅ​បន្ត​ផ្ដល់​ជំនួយ​​ឥត​សំណង ក៏ដូចជា​ប្រាក់កម្ចី​ការប្រាក់​ទាប ដើម្បី​អនុវត្ត​គម្រោង​កសាង​ផ្លូវ ស្ពាន និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​»៕