ភ្នំពេញៈ លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​បាន​ច្រានចោល​ជាថ្មី​ទៀតថា កម្ពុជា​មិនបាន​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នោះទេ​។

លោក​ ទៀ បាញ់ បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បើក​ការដ្ឋា​ន​សាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្តារ​ឃ្លង​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ក្រោម​ជំនួយ​ឥតសំណង​របស់​ចិន​នៅ​ថ្ងៃទី​ ៨ ​ខែមិថុនា​។

ការថ្លែង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស លោក ប្រាក់ សុខុន នៅ​ថ្ងៃទី​ ៧ ​មិថុនា ក៏បាន​ច្រានចោល​ជាថ្មីទៀត ចំពោះ​ការចុះផ្សាយ​តាម​បណ្តាញ​សារព័ត៌មាន​មួយចំនួន​ដែលថា កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន មាន​វត្តមាន​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​។

លោក ទៀ បាញ់ ថ្លែង​ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​នា​ថ្ងៃទី​ ៨ ​ខែមិថុនា​ថា ការ​សាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្តារ​ឃ្លង​នៅ​មូលដ្ឋាន​សមុទ្រ​រាម​នេះ​នឹង​លើកកម្ពស់​វិស័យ​ការពារជាតិ ជាពិសេស​កងទ័ព​ជើងទឹក​ឱ្យមាន​តម្លាភាព​ឡើង​មួយកម្រិត​ថែមទៀត ដែល​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​សន្តិសុខ​ការពារជាតិ​ក្នុង​ការទទួល​រ៉ាប់រង​ថែរក្សា និង​ការពារ​បូរណភាព​ទឹកដី​លើ​ដែនសមុទ្រ​។

លោក​ ទៀ បាញ់ ​បាន​បញ្ជាក់ថា ការធ្វើ​ទំនើបកម្ម​មូលដ្ឋានទ័ព​រាម​នេះ គឺ​មិនមែន​ជា​ការប្រគល់​ភារកិច្ច​ផ្តាច់មុខ​ដល់​កងទ័ព​ចិន​នោះទេ ពីព្រោះ​នេះ​គឺជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដែលមាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​សម្រេច​ធ្វើ​ទំនើបកម្ម​ត្រឹម​កម្រិតណា​ទៅតាម​លទ្ធភាព​ដែល​កម្ពុជា​មាន​។

លោក​បាន​អះអាង​ថា​៖ «​វា​គ្មាន​អី​ទាល់តែ​សោះ មិនមាន​ដូច​ការចោទប្រកាន់​ថា ផែ​រាម​នេះ ការធ្វើ​ទំនើបកម្ម​រាម​នេះ ប្រគល់​ភារកិច្ច​ផ្តាច់មុខ​ទៅឱ្យ​កងទ័ព​រំដោះប្រជាជន​ចិន​ប្រើប្រាស់ គ្មានទេ រឿង​ទាំងនោះ អត់​មាន​ទាល់តែ​សោះ ហើយ​យើង​គឺ​ចេះតែ​ម៉ៃ​យក​តាមតែ​ខ្លួន​ចង់បាន​ចង់ឱ្យ​វា​ទៅ​របៀប​ហ្នឹង​ទៅ​មិន​រួច​ទេ​»​។

លោក​ ទៀ​ បាញ់ បន្ថែមថា​៖ «​កុំ​កង្វល់​ពេក​ចំពោះ​ផែ​រាម​នេះ​។ តូច​ណាស់ តួច​មួយ​ដែល​ធ្វើ​ហើយក៏​មិនធំ​ដូច​កន្លែង​មួយចំនួន​ទេ​។ កន្លែង​មួយចំនួនធំ​សឹង​អី​។ កុំ​កង្វល់​ពេក​ធានា​អះអាងថា គ្មាន​គំរាមកំហែង​ដល់​កន្លែង​គេ​កន្លែង​ឯង​កន្លែង​ណា​នោះទេ​។ នេះ​គឺជា​រឿង​ពិត​ជាក់ស្តែង​»​។

លោក​ វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​នេះ​ថា ក្រោយ​គម្រោង​សាងសង់​ជា​ស្ថាពរ នឹង​លើកស្ទួយ​សមត្ថភាព​កងទ័ព​កម្ពុជា​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី ហើយ​និង​ក្លាយទៅជា​វេទិកា​សំខាន់​សម្រាប់​ការពង្រឹង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​បរទេស និង​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ វា​ក៏​នឹង​ក្លាយទៅជា​និមិត្តរូប​ដ៏​សំខាន់​នៃ​មនោសញ្ចេតនា​ដែកថែប​កងទ័ព​នៃ​ប្រទេស​ចិន និង​កម្ពុជា និង​ជា​វិមាន​ដ៏ស្កឹមស្កៃ​នៃ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​។

លោក​ ទៀ បាញ់ ក្នុង​ពិធី​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រាម​។ រូប ក្រសួង​ការពារជាតិ

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា កងទ័ព​ចិន​នឹង​ផ្តល់ជំនួយ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​ដល់​កងទ័ព​កម្ពុជា ដូច​នាពេល​កន្លងមក ជំរុញ​កិច្ចសហប្រតិបត្តិការ​យោធា​ឡើង​កម្រិត​ថ្មី និង​ទទួល​វឌ្ឍនភាព​ឥតឈប់ឈរ​»​។

ក្រសួង​ការបរទេស​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ៧ ខែមិថុនា​បានឱ្យ​ដឹងថា​៖ «​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន បាន​ច្រានចោល ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ទាំងនោះ​មកលើ​កម្ពុជា ដោយ​បញ្ជាក់​ជាថ្មី​នូវ​ការប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​របស់​កម្ពុជា​ ចំពោះ​រដ្ឋធម្មនុញ្ញ​របស់ខ្លួន ដែល​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន ឬ​វត្តមាន​កងទ័ព​បរទេស​ណាមួយ​នៅលើ​ទឹកដី​កម្ពុជា​ឡើយ​»​។

លោក ​ប្រាក់ សុខុន ​ថ្លែង​ដូច្នេះ ជាការ​ឆ្លើយតប​ចំពោះ​ការ​សាកសួរ​របស់​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោកស្រី Penny Wong ជុំវិញ​ព័ត៌មាន​ថ្មីៗ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​សារព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នៅក្នុង​ជំនួប​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​ ៧ ខែមិថុនា​។

កាសែត The Washington Post ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​ ៦ ខែមិថុនា បាន​ដកស្រង់​សម្តី​មន្ត្រី​បស្ចិមប្រទេស​មក​ចុះផ្សាយ​ថា ប្រទេស​ចិន​កំពុង​សាងសង់​កន្លែង​កងទ័ព​ជើង​ទឹក​ដោយ​សម្ងាត់​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​ការប្រើប្រាស់​យោធា​ផ្តាច់មុខ ប៉ុន្តែ​ប្រទេស​ទាំង​ ២ បាន​បដិសេធ​ចំពោះ​ករណីនេះ​។

លោក​ ប្រាក់ សុខុន បញ្ជាក់​ថា ការកែលម្អ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នេះ គឺធ្វើឡើង ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​របស់​កម្ពុជា​ ដើម្បី​ការពារ​បូរណភាព​ដែនសមុទ្រ​របស់ខ្លួន​ និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​តាម​ដែនសមុទ្រ​។ លោក​បន្តថា ការអនុញ្ញាត​ឱ្យ​អនុព័ន្ធ​យោធា​បរទេស​នៅ​ភ្នំពេញ​ទៅ​ទស្សនា​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នាពេល​កន្លងទៅ​គឺជា​កាយវិការ​ដ៏ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មិន​ធ្លាប់​ត្រូវបាន​អនុវត្ត​ពីមុនមក​ដោយ​ប្រទេស​ណាមួយ​ឡើយ​ក្នុងការ​អនុញ្ញាត​ឱ្យ​បរទេស​ចូល​ទស្សនា​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​។

បើតាម​លោក​ ប្រាក់ សុខុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ពេល​ថ្មីៗ​នេះ​បានបញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត «​យ៉ាង​ម៉ឺងម៉ាត់​» នូវ​បទប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​កងទ័ព​បរទេស​ណាមួយ​នៅលើ​ទឹកដី​កម្ពុជា​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៨ ខែមិថុនា ថា ការបកស្រាយ​របស់​លោក​ ប្រាក់ សុខុន គឺជា​មធ្យោបាយ​ ១​ ដើម្បី​បញ្ជាក់​ទៅកាន់​សមភាគី​អន្តរជាតិ​នានា ប៉ុន្តែ​ការធ្វើឱ្យ​ប្រាកដប្រជា​ថែមទៀត​នូវ​ជំហរ​អព្យាក្រឹត​របស់​កម្ពុជា​តាម​អ្វីដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ វារឹតតែ​វិសេសវិសាល​ថែមទៀត​។ កម្ពុជា​ក៏ត្រូវ​តែ​បង្ហាញ​ឱ្យ​អន្តរជាតិ​ឃើញថា កម្ពុជា​ដើរ​នៅលើ​ផ្លូ​អព្យាក្រឹត​ដោយ​គ្មាន​លម្អៀង​សម្រាប់​ទំនាក់​ទំនង​អន្តរជាតិ​របស់ខ្លួន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា ប្រហែលជា​កម្ពុជា​ត្រូវតែ​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ​គេ​ជឿជាក់​ថែមទៀត​ថា ទំនាក់ទំនង​រវាង​កម្ពុជា-​ចិន គឺ​គ្រាន់តែ​ជា​ទំនាក់ទំនង​នៅក្នុង​ការផ្លាល់ប្តូរ​បច្ចេកវិទ្យា​ក្នុង​ការផ្លាស់ប្តូរ​បទពិសោធ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស ប៉ុន្តែ​មិនមាន​ចេតនា​ណាមួយ​នៅក្នុង​ការដាក់​ទាហាន​បរទេស ឬ​មូលដ្ឋាន​កងទ័ព​បរទេស​នៅលើ​ទឹកដី​កម្ពុជា​»​។

លោក យង់ គិមអេង បន្តថា ការ​ធ្វើដូច្នេះបាន​គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​ការបង្ហាញ​នូវ​ការប្តេជ្ញា​ចិត្តការ​បង្ហាញ​នូវ​តឹកតាង​ណាមួយ ដែល​អាចជួយ​ឱ្យ​សហគមន៍​អន្តរជាតិ​ជឿជាក់​បាន​និង​ការព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​លោក​ខាងលិច​ ដើម្បី​ឱ្យ​កាន់​តែមាន​ការជឿ​ទុកចិត្ត​ថែម​ទៀតថា កម្ពុជា​មាន​ទិសដៅ​នៃ​ទំនាក់ទំនង​ការបរទេស​របស់ខ្លួន​គឺ​មិនមែន​ឆ្ពោះទៅ​រកតែ​ប្រទេស​ចិន​ទេ គឺត្រូវធ្វើ​ជា​មិត្ត​ជិតស្និទ្ធ​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​ទាំងអស់​នៅលើ​សកលលោក​ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​។

កាលពី​ឆ្នាំ​ ២០១៩ មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើង​ថា កម្ពុជា​បាន​ចុះហត្ថលេខា​សម្ងាត់​ជាមួយ​ចិន​ដែល​នឹង​អនុញ្ញាត​ឱ្យ​យោធា​ចិន ប្រើប្រាស់​មូលដ្ឋានទ័ព​ជើងទឹក​កម្ពុជា​នៅ​រាម​។ យ៉ាងណា​ក៏ដោយ​កម្ពុជា​បាន​ច្រានចោល​ការចោទប្រកាន់​បែបនេះ​ជា​បន្តបន្ទាប់​៕

វីដេអូ៖