
លោក សួស យ៉ារ៉ា ពិភាក្សាជាមួយអង្គទូតពីម្សិលមិញ។ រូប យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជាបានប្រាប់អង្គទូតប្រចាំកម្ពុជាចំនួន ៣១ ថា គណបក្សភ្លើងទៀនអាចទទួលបានអាសនៈជាង ២០ នៅក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ ២០២៣ ខាងមុខនេះ បើផ្អែកលើសំឡេងគាំទ្រដែលគណបក្សនេះទទួលបានពីប្រជាពលរដ្ឋ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ។
លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ការពិគ្រោះយោបល់ជាមួយទូតបរទេសនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២ ថា បច្ចុប្បន្ននេះ រដ្ឋសភាមានវត្តមានតែគណបក្សប្រជាជនកម្ពុជា ប៉ុន្តែបើពិនិត្យមើលលទ្ធផលដែលគណបក្សភ្លើងទៀននៅរក្សាដដែល នឹងអាចមានគណបក្សនេះមានវត្តមាននៅក្នុងរដ្ឋសភានៅឆ្នាំក្រោយ។
លោកថ្លែងថា៖ «តាមតួលេខបឋមនេះ យើងមើលឃើញថា អាចបាន ២០ ទៅ ២១ កៅអី ប៉ុន្តែបើយើងគិតតាមរូបមន្តដែលច្បាប់អនុញ្ញាតប្រហែលជាគាត់មានលើសហ្នឹងទៅទៀត។ ១០ ទៅ ២០ កៅអី វាច្រើនណាស់សម្រាប់គណបក្សមួយ។ អ៊ីចឹងអ្វីដែលអ្នកឯងត្រូវធ្វើនោះ គឺត្រូវសហការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយស្មោះត្រង់ដោយមិនយកបរទេសជាធំ»។
លោកបន្តថា ដូច្នេះ អ្វីដែលរដ្ឋសភាពិភាក្សាជាមួយមន្ត្រីទូតបរទេសគឺចង់ប្រាប់ពួកគាត់ថា កម្ពុជារាប់អានពួកគាត់ជាមិត្តមិនអាចយកមិត្តភាពចាប់ដៃជាន់ជើងបានទេ។ កម្ពុជាចង់បានសហការមួយដោយស្មោះត្រង់។
បើតាមលោក សួស យ៉ារ៉ា រដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋសភាដើរតួនាទីជាស្ពានដើម្បីបង្រួបបង្រួមជាតិ សន្តិភាព និងការអត់ឱនដែលនេះគឺជាចំណុចមួយដែលកម្ពុជាជោគជ័យធំជាងគេហើយប្រទេសទាំងអស់ត្រូវតែទទួលស្គាល់ថា ប្រទេសក្នុងតំបន់ទន្លេមេគង្គគឺកម្ពុជានៅតែឈរមុខគេក្នុងការនាំគោរពលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ទោះជាយ៉ាងណា លោកថា ការព្យាករនេះមិនទាន់អាចយកជាការបានទេ ព្រោះវាជាការបោះឆ្នោត ឃុំ សង្កាត់ មិនមែនការបោះឆ្នោតថ្នាក់ជាតិនោះទេ។
ប៉ុន្តែ អ្វីដែលកម្ពុជាចង់ប្រាប់ទៅអង្គទូតឱ្យដឹងថា បើតាមតួលេខ និងការខិតខំប្រឹងប្រែងរបស់គណបក្សភ្លើងទៀននឹងអាចទទួលបាននូវចំនួនអាសនៈនេះនៅក្នុងរដ្ឋសភា។ ប៉ុន្តែអាចនឹងមានការធ្លាក់ចុះវិញ បើពួកគេមិនមានការខិតខំប្រឹងប្រែង។ ទោះបីជាយ៉ាងណា រង់ចាំមើលការបោះឆ្នោតនៅពេលខាងមុខ។
ភ្នំពេញប៉ុស្តិ៍ មិនអាចទាក់ទងលោក ថាច់ សេដ្ឋា និងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនសុំធ្វើអត្ថាធិប្បាយជុំវិញការព្យាករនេះបានទេនៅ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៨ ខែមិថុនាថា បើពិនិត្យមើលសម្ទុះរបស់គណបក្សភ្លើងទៀនអាចនឹងទទួលបានសំឡេងគាំទ្រលំដាប់ទី ២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សភ្លើងទៀនមានសំឡេងច្រើនជាងគណបក្សក្រៅរដ្ឋាភិបាលផ្សេងៗទៀតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំសង្កាត់អាណត្តិទី ៥ នេះ។
លោកថ្លែងថា៖ «បើពិនិត្យមើលទៅលើសម្ទុះនេះ ដូចឯកឧត្តម សួស យ៉ារ៉ា គាត់លើកឡើងហើយ ប៉ុន្តែចំនួនប៉ុន្មានកៅអី គឺយើងមិនទាន់ដឹងនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺប្រព័ន្ធបោះឆ្នោត ត្រូវធ្វើយ៉ាងណា រៀបចំកែសម្រួលមួយចំនួន ទាំងបរិយាកាសនយោបាយក៏ត្រូវធានាកុំឱ្យមានការធ្វើទុក្ខបុកម្នេញ មិនមែនទៅលើគណបក្សភ្លើងទៀនទេ គណបក្សផ្សេងទៀតក៏ត្រូវធានាដែរ»។
ទោះជាយ៉ាងណា លោកថា បើទោះមានវត្តមានគណបក្សភ្លើងទៀនក្នុងរដ្ឋសភាក៏កម្ពុជាមិនទាន់មានលទ្ធិប្រជាធិបតេយ្យពេញលេញដែរ លុះត្រាតែមានការប្រកួតប្រជែងការបោះឆ្នោតមួយពិតប្រាកដ និងធានាបាននូវជំនឿទុកចិត្តពីភាគីពាក់ព័ន្ធ និងការកែប្រែនូវច្បាប់ និងលក្ខខណ្ឌមួយចំនួនទៀត ដើម្បីឱ្យមានការចូលរួមដោយបើកចំហ និងប្រកួតប្រជែងស្មើភាពគ្នា។
លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ភ្នំពេញប៉ុស្តិ៍ថា គ.ជ.ប មិនអាចទស្សន៍ទាយ ឬព្យាករចំពោះគណបក្សណាមួយទទួលបានសំឡេង និងអាសនៈប៉ុន្មាននោះទេ។ គ.ជ.ប ជាស្ថាប័នរៀបចំការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ តម្លាភាព លទ្ធិប្រជាធិបតេយ្យ និងជាស្ថាប័នអនុវត្តច្បាប់។
លោកបន្តថា ចំពោះការលើកឡើងរបស់ លោក សួស យ៉ារ៉ា គ្រាន់តែការបញ្ចេញមតិយោបល់របស់បុគ្គលមួយរូបនោះទេ។ អ្វីដែល គ.ជ.ប ត្រូវធ្វើគឺធានាឱ្យការបោះឆ្នោតអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ និងស្របទៅតាមច្បាប់ជាធរមាន។
តាមទិន្នន័យដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេង ៥ ៣៧៧ ៧៥៤ ស្មើនឹង ៧៤,៣២ ភាគរយ គណបក្សភ្លើងទៀនទទួលបានសំឡេង ១ ៦១០ ៤៣៤ ស្មើនឹង ២២,២៦ ភាគរយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២៕