The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សវនាការ​សំណុំរឿង​ «​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស​» ​លើក​ទី​៤៣ របស់​លោក ​កឹម សុខា មាន​ភាព​តានតឹង

សវនាការ​សំណុំរឿង​ «​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស​» ​លើក​ទី​៤៣ របស់​លោក ​កឹម សុខា មាន​ភាព​តានតឹង

Content image - Phnom Penh Post
លោក កឹម សុខា ពេល​ចេញពី​សវនាការ​នាពេល​កន្លងមក​។ ហុង មិនា

សវនាការ​សំណុំរឿង​ «​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស​» ​លើក​ទី​៤៣ របស់​លោក ​កឹម សុខា មាន​ភាព​តានតឹង

ភ្នំពេញៈ សវនាការ​លើ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ទី​៤៣ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពីបទ «​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស ឬ​ឃុបឃិត​ជាមួយ​បរទេស​» ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​» ​នៅ​ព្រឹក​ថ្ងៃទី​ ៨ ខែមិថុនា គឺមាន​ភាពតានតឹង ខណៈ​មេធាវី​ដើមបណ្តឹង​ការពារ​ឱ្យ​រាជរដ្ឋាភិបាល និង​តំណាង​អយ្យការ​បាន​បន្ត​សួរ​ដេញដោល​លោក​ កឹម សុខា លើ​ការធ្វើ​បាតុកម្ម នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​ ២០១៣​។

លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី​ ៨ ខែមិថុនា​ថា ក្នុង​សវនាការ​លើក​នេះ មេធាវី​ដើមបណ្តឹង ការពារ​ឱ្យ​រាជរដ្ឋាភិបាល និង​តំណាង​អយ្យការ​បាន​សួរដេញដោល​ជនជាប់ចោទ លោក កឹម សុខា ពី​ការដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំង​ទៅនឹង​ការបោះឆ្នោត​ឆ្នាំ​ ២០១៣​។ ក្នុង​សវនាការ លោក កឹម សុខា បាន​ឆ្លើយតប​ទៅនឹង​សំណួរ​ដែល​បាន​ចោទសួរ​ពាក់ព័ន្ធ​ទៅនឹង​ការដឹកនាំ​ធ្វើបាតុកម្ម ប៉ុន្តែ​លោក​ថា លោក​មិន​ចាំ​អស់​នោះទេ​។ លោក ប្លង់ សុផល បាន​ដកស្រង់​សម្តី​លោក​ កឹម សុខា ​ថា​៖ «​ច្រើនណាស់ ខ្ញុំ​ (​កឹម សុខា​) ​ចាំ​មិន​បានទេ​»​។

លោក ចាន់ ចេន សហមេធាវី លោក កឹម សុខា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ៨ មិថុនា​ថា នៅក្នុង​សវនាការ លើក​ទី​ ៤៣ នេះ សំណួរ​របស់​អយ្យការ និង​ដើម​បណ្តឹងរដ្ឋប្បវេណី គឺ​តែងតែ​សួរ​ភ្ជាប់​លោក កឹម សុខា ជាមួយ​នឹង​លោក សម រង្ស៊ី ដែលមាន​នៅក្នុង​វីដេអូ និង​រូបភាព​។

សំណួរ​ទាំងអស់​នេះ​បាន​ឈានដល់​របៀបវារៈ​ថ្មី ដែល​និយាយ​ពី​ប្រទូសរ៉ាយ​ដែលមាន​ការធ្វើ​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​ជាដើម​។ លោក​បន្តថា ទាំង​លោក កឹម សុខា និង​សហមេធាវី ក៏​បញ្ជាក់ដែរថា សំណុំរឿង​នេះ ត្រូវបាន​បំបែកចេញ​ជា ​២ រួចហើយ ប៉ុន្តែ​បើសិន​តំណាង​អយ្យការ និង​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចង់​សួរ​ពាក់ព័ន្ធ​ជាមួយនឹង​លោក សម រង្ស៊ី អាច​សួរ​ទៅ​លោក សម រង្ស៊ី ទៅ​។

លោក​កត់សម្គាល់​ថា ក្នុង​សវនាការ​លើក​នេះ​មាន​ភាពតានតឹង​រវាង​លោក កឹម សុខា និង​តំណាង​អយ្យការ និង​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​។ លោក​បញ្ជាក់ថា​៖ «​ឯកឧត្តម កឹម សុខា បាន​ឆ្លើយ​សំណួរ​យ៉ាងច្រើន​ទៅនឹង​តំណាង​អយ្យការ និង​មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី ប៉ុន្តែ​អ្វី​ជាការ​ឆ្លើយ​រួម គឺ​ឯកឧត្តម កឹម សុខា ​ឆ្លើយថា មិន​គុំកួន មិន​សងសឹក មិន​យក​ខ្មែរ​ណា​ធ្វើជា​សត្រូវ​ទាំង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សង្គ្រោះជាតិ គឺ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត​ជាក់ស្តែង គឺ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ច្រើន​មែន​»​។

លោក​បញ្ជាក់ថា ចុងក្រោយ លោក កឹម សុខា បាន​ឱ្យ​ចាក់​វីដេអូ​មួយ​ដែល​នៅក្នុង​ខ្លឹមសារ ក្នុង​វីដេអូ​នោះ​បញ្ជាក់​ពី​គោលជំហរ​របស់​លោក កឹម សុខា គឺ​មិន​គុំកួន មិន​សងសឹក និង​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ​រួបរួម​គ្នា ដើម្បី​អភិវឌ្ឍ​ជាតិ​ទាំងអស់​គ្នា​។

លោក​ថ្លែងថា​៖ «​តំណាង​អយ្យការ និង​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី នៅតែ​ព្យាយាម​សួរ​នូវ​រូបភាព និង​វីដេអូ ដែល​ឯកឧត្តម កឹម សុខា និង​លោក សម រង្ស៊ី នៅក្បែរ​គ្នា ប៉ុន្តែ​ឯកឧត្តម កឹម សុខា បានបញ្ជាក់​យ៉ាងច្បាស់​ហើយ​ថា មិនមែន​ឈរ​ក្បែរ​គ្នា​ជា​ការបង្ហាញ​ពី​ទស្សនៈ​គាំទ្រ​ទេ ព្រោះ​លោក សម រង្ស៊ី បាន​ដើរ​ចេញពី​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​»​។

បើតាម​លោក ចាន់ ចេន ក្រោយ​បញ្ចប់​សវនាការ លោក កឹម សុខា​បាន​ទៅ​ជួប អ្នកគាំទ្រ​លោក ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅឯ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក​ប្រមាណ ៣០០ ​នាក់​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍