ពោធិ៍សាត់​/​កំពង់ធំៈ គិត​មកទល់​ពេលនេះ​ផ្ទៃដី​ក្នុង​តំបន់​ ២​ និង​តំបន់​ ៣​ ជិត ១៤ ០០០ ​ហិកតា ត្រូវបាន​រាជរដ្ឋាភិបាល​ត្រៀម​កាត់​ឆ្វៀល​ផ្ដល់ជូន​ពលរដ្ឋ​ជិត​ ៧ ​ពាន់​គ្រួសារ​ក្នុង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ដែល​បានរស់នៅ និង​អាស្រ័យ​ផល​មុន​ឆ្នាំ​ ២០១២​។ ​នេះ​បើតាម​ទិន្នន័យបឋម​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ពីថ្ងៃ​ទី​ ៧ ខែមិថុនា​ឆ្នាំនេះ​។

ក្នុង​ចំណោម​ផ្ទៃដី​ជិត ១៤ ០០០ ​ហិកតា​នេះ រាជរដ្ឋាភិបាល​បាន​កាត់ឆ្វៀល​ជូន​ពលរដ្ឋ​ចំនួន ១ ៦៥៨ ​គ្រួសារ​នៅ​ស្រុក​កណ្ដៀង ស្រុក​ក្រគរ និង​ស្រុក​បាកាន ក្នុង​ខេត្តពោធិ៍សាត់​នូវ​ផ្ទៃដី​ទំហំ ៣ ៤៤៨ ​ហិកតា និង​ ៧៧ ​អា​ដែល​ដី​នោះ​ត្រូវបាន​កាត់​ចេញពី​តំបន់​ ៣​ ដាក់បញ្ចូល​ទៅក្នុង​ដី​តំបន់​ ២​។​

រីឯ​ផ្ទៃដី​ទំហំ ៦ ៣៨៥​ ហិកតា ត្រូវ​ផ្ដល់ជូន​ពលរដ្ឋ​ចំនួន ១ ៧៤៩ ​គ្រួសារ​ក្នុងស្រុក​តាំងគោក និង​ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់ធំ ហើយ​ផ្ទៃដី​ទំហំ​ ៥៥ ​ហិកតា​ ១៦ ​អា​ និង​ ៦៨​ សង់ទីអា​ទៀត ត្រូវ​ផ្ដល់ជូន​ពលរដ្ឋ​ចំនួន​ ២២​ គ្រួសារ​នៅ​ភូមិ​កាបៅ ភូមិ​កំពង់​ក្រសាំង ឃុំ​ភ្នំលៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។ នេះ​បើតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ២៧ ​និង​ថ្ងៃទី​ ៣១ ​ខែឧសភា​ឆ្នាំ​ ២០២២ ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

ចំណែក​ផ្ទៃដី​ដែល​នៅសល់​ពី​ការកាត់​ឆ្វៀល​ជូន​ពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​ ៣ ​ខាងលើនេះ រាជរដ្ឋាភិបាល​គ្រោង​នឹង​ផ្ដល់ជូន​ដល់​ពលរដ្ឋ ១ ១៧២ ​គ្រួសារ នៅ​ស្រុក​កំពង់លែង​ក្នុង​ខេត្តកំពង់ឆ្នាំង​ចំនួន ៣ ៧៥០​ ហិកតា និង​ ៤​ អា និង​ផ្ដល់ជូន​ពលរដ្ឋ​ ១ ៤០០​ គ្រួសារ​នៅក្នុង​ស្រុក​មោងឫស្សី​ និង​ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង​។ ​នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​លោក មូល ធន នាយក​រដ្ឋបាល​ខេត្តបាត់ដំបង​។

កាលពី​ថ្ងៃទី​ ១ ខែមិថុនា ឆ្នាំ​ ២០២២ ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ដី​តំបន់​ ២ ​និង​តំបន់​ ៣ ​នៃ​បឹង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង លោក​ ជា សុផារ៉ា បាន​ប្រាប់​ពលរដ្ឋ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គិតគូរ​ពី​ជីវភាព​របស់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​ទើប​លោក​ចាត់​ក្រុមការងារ​រាជរដ្ឋាភិបាល​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ឱ្យប្រញាប់​ចុះ​ពិនិត្យ និង​ធ្វើការ​វិនិច្ឆ័យ​ដី​តំបន់​ ៣ ​ដើម្បី​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ​ដែល​បាន​តាំង​លំនៅ​ចាប់ពី​ ១០ ​ឆ្នាំ​ឡើងទៅ​។

​លោក​បាន​ថ្លែងថា​៖ «​ឃុំ​សំរោងសែន​ និង​ឃុំ​ផ្លូវ​ទូក​នៃ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​មាន​វត្តអារាម ដែលមាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាច្រើន​តំណ​មកហើយ តំបន់​ទាំង​ ២ ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​កាត់​ឆ្វៀល​ដី​តំបន់​ ៣ ​ជូន​ពលរដ្ឋ​ចំនួន ១ ១៧២​ គ្រួសារ​ក្នុង​ ១ ​គ្រួសារ ទទួលបាន​ដី​លំនៅឋាន​ក្បាល​ ២០​ ម៉ែត្រ​ X១០០ ​ម៉ែត្រ និង​ដី​បង្កបង្កើនផល​ក្នុង​ ១ ​គ្រួសារ​ ៣ ​ហិកតា​»​។

លោក​បាន​បន្ថែមថា​៖ «​ការ​កាត់​ឆ្វៀល​​ដី​ជូន​ពលរដ្ឋ​គឺ​មានតែ​ប្រមុខ​រាជរដ្ឋាភិបាល​តែ​ម្នាក់​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​អាច​កាត់​ឆ្វៀល​ដី​តំបន់​ ៣ ជូន​ប្រជាពលរដ្ឋ​បាន​»​។

ចំណែក​លោក មូល ធន នាយក​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ៧ ខែមិថុនា​ថា​ពេលនេះ អាជ្ញាធរ​កំពុង​បន្ត​ចុះ​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ​ក្នុងស្រុក​មោងឫស្សី និង​​ស្រុក​ឯកភ្នំ ដើម្បីឱ្យ​ពួកគាត់​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​ទុក​ផ្ទៀងផ្ទាត់​បញ្ជី​ក្បាលដី​ដែល​ពួកគាត់​បាននិង​កំពុង​រស់នៅ​ និង​អាស្រ័យផល​។

លោក​ថ្លែងថា ថ្មីៗ​នេះ រដ្ឋបាលខេត្ត​បានធ្វើ​សំណើសុំ​កាត់​ឆ្វៀល​ដី​តំបន់​ ២ ​ទំហំ​៩៨៧​ហិកតា​ និង​ ៩៥ ​អា ក្នុងស្រុក​មោងឫស្សី​មក​ដាក់បញ្ចូល​ជា​ដី​តំបន់​ ១ ​សម្រាប់​ផ្ដល់ជូន​ពលរដ្ឋ​ចំនួន ១ ២០៩ ​គ្រួសារ​ក្នុង​ឃុំ​ចំនួន ​៥ រួមមាន ឃុំ​តាលាស់ ព្រែកតូច កកោះ ឫស្សី​ក្រាំង និង​ឃុំ​ជ្រៃ ហើយ​បាន​ស្នើសុំ​កាត់ឆ្វៀល​ដី​តំបន់​ ៣ ទំហំ​ ៤០២​ ហិកតា​ និង​ ៤​ អា ដាក់បញ្ចូល​ទៅ​ដី​តំបន់​ ២​ ក្នុងស្រុក​ឯកភ្នំ​សម្រាប់​ផ្ដល់ជូន​ពលរដ្ឋ​ ១៩១ ​គ្រួសារ ក្នុង​ឃុំ​ព្រែកនរិន្ទ និង​ឃុំ​ពាមឯក ដើម្បី​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ​ និង​សម្រេច​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ធ្វើសំណើ​សម្រាប់តែ​ពលរដ្ឋ​ដែល​រស់នៅ​ និង​​អាស្រ័យផល​មុន​ឆ្នាំ​ ២០១២​ ប៉ុណ្ណោះ​។ សម្រាប់​គ្រួសារ​ចំណូល​ថ្មី​មិនត្រូវ​បានដាក់​បញ្ចូល​នៅក្នុង​សំណើ​នោះទេ​»​។

បើតាម​លោក មូល ធន បច្ចុប្បន្ន​ក្រុមការងារ​ថ្នាក់​ខេត្ត​កំពុង​បន្ត​ចុះ​បោះបង្គោល​កំណត់​ព្រំប្រទល់​ដីព្រៃលិច​ទឹក​ទាំង​ក្នុង​តំបន់​ ៣ និង​តំបន់​ ២​ ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច ការពារ និង​អភិរក្ស​ធនធាន​ព្រៃ​លិច​ទឹក មច្ឆជាតិ​របស់​រដ្ឋបាល​ជលផល​។

រីឯ​លោក សុខ ថុល នាយក​រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មកទល់​ពេលនេះ រដ្ឋបាល​ខេត្ត​នៅ​មិនទាន់​ចុះ​ពិនិត្យ និង​ស្រង់​ទិន្នន័យ​អំពី​ក្បាលដី​របស់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ និង​អាស្រ័យផល​នៅក្នុង​ដី​តំបន់​ ៣​ និង​ដី​តំបន់​ ២ ដែល​ត្រូវបាន​ការពារ​ និង​អភិរក្ស​ដោយ​អនុក្រឹត្យ​នោះ​នៅ​​ឡើយ​ទេ ដោយសារ​កន្លងមកនេះ​ជាប់រវល់​កិច្ចការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ក្រុម​ការងារ​ថ្នាក់​ខេត្ត​យើង​បាន​ប្រមូល​ទិន្នន័យ​ខ្លះ​ហើយ ប៉ុន្តែ​ការងារ​ចុះ​ត្រួតពិនិត្យ​ និង​ប្រមូល​ស្រង់​ទិន្នន័យ​ក្បាលដី​ និង​ចំនួន​ពលរដ្ឋ​ដែល​បាន​ស្នាក់នៅ​អចិន្រៃ្តយ៍​ក្នុងភូមិ​ចាស់ៗ​ដែលមាន​ប្រវត្តិសាស្ត្រ​យូរលង់​មួយចំនួន​នៅ​មិនទាន់​ចប់​នៅឡើយ​ទេ​។ ​នៅពេល​យើង​ចុះ​ពិនិត្យ​ចប់សព្វគ្រប់​ហើយ​ក្រុមការងារ​យើង​នឹងធ្វើ​សំណើ​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​ និង​សម្រេច​»​។

យ៉ាងណា​ក៏ដោយ ពលរដ្ឋ​នៅ​ភូមិ​អង្គ្រង ឃុំ​ជ្រៃ ស្រុក​មោងឫស្សី លោក យុត រ៉េត បាន​សម្ដែង​ក្ដី​ត្រេកអរ​ជាខ្លាំង នៅពេល​ទទួលបាន​ដំណឹង​ថា​​រដ្ឋបាលខេត្ត​បាត់ដំបង​បានដាក់​សំណើ​ ដើម្បី​កាត់​ឆ្វៀល​ដី​សម្រាប់​ផ្ដល់ជូន​ពលរដ្ឋ​វិញ​។ ដោយ​អះអាងថា មាន​ដីស្រែ​ ៣ ​ហិកតា ស្ថិតក្នុង​តំបន់​ព្រៃ​លិចទឹក​ដែល​ត្រូវការពារ​ និង​អភិរក្ស លោក រ៉េត បានស្នើ​សុំឱ្យ​អាជ្ញាធរ​​ពាក់ព័ន្ធ​ជួយ​ពន្លឿន​កិច្ចការ​នេះ​ឱ្យបាន​ឆាប់ ដើម្បី​អាច​បង្កបង្កើនផល​ស្រូវ រដូវវស្សា​ឆ្នាំនេះ​បាន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនដឹងថា នីតិវិធី​នៃ​ការអនុវត្ត​របស់​រដ្ឋ​អំណាច​ថ្នាក់​ខេត្ត​ ឬ​ក្រសួង​បែបណា​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​អាច ខ្ញុំ​សុំឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​អនុញ្ញាតឱ្យ​ពួកយើង​ជា​ប្រជាជន​ចាស់​ដែល​ធ្លាប់​រស់នៅ និង​អាស្រ័យផល​ជា​យូរ​មកហើយ​បាន​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នេះ​ផង​ចុះ​»​។

ជុំវិញ​ករណីនេះ លោក​ អំ សំអាត អនុប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​គាំទ្រ​ចំពោះ​ឆន្ទៈ​របស់​ប្រមុខ​រាជ ដ្ឋាភិបាល​ក្នុងការ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​ និង​អាស្រ័យផល​ជា​យូរ​ឆ្នាំ និង​ការផ្តល់​បណ្ណ​កម្មសិទ្ធិ​ជូន​ពួកគាត់​។ ​ទន្ទឹមនឹងនេះ​លោក​បាន​ជំរុញ​ឱ្យមាន​ការអនុវត្ត​កិច្ចការ​​នេះ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ ដើម្បី​កុំឱ្យ​ដី​ដែល​កាត់​ឆ្វៀល​ទាំងនោះ​ធ្លាក់​ទៅក្នុង​ដៃ​ឈ្មួញ​ និង​អ្នកមាន​​អំណាច​ដែល​មិនមែន​ជា​អ្នករស់នៅ​អចិន្រៃ្តយ៍​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​រីករាយ​ និង​គាំទ្រ​ចំពោះ​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​ឆ្វៀល​ដី​ជូន​ដល់​ពលរដ្ឋ​ដែល​ធ្លាប់​កាន់កាប់​ និង​អាស្រ័យផល​ពិតប្រាកដ ហើយ​យើង​សង្ឃឹមថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​ក្រសួង​ពាក់ព័ន្ធ​នឹង​អនុវត្ត​កិច្ចការ​នេះ ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​»​។

ចំពោះ​ការបែងចែក​ដី​ជូន​ពលរដ្ឋ​នេះ​កន្លងមក លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្លាប់បាន​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ដែនដី​ត្រូវធ្វើ​កិច្ចការ​ឱ្យបាន​ហ្មត់ចត់ និង​ហាម​កាត់​ឆ្លៀត​ដី​កេង​យក​ចំណែក​ខ្លួនឯង​ពី​​ការបែងចែក​ដី​ជូន​ពលរដ្ឋ បើ​ពុំនោះ​នឹង ​«​ត្រូវ​ទទួលទោស​ជា​កំហិត​»​។

លោក​បាន​បញ្ជាក់ថា​៖ «​មន្ត្រី​អ្នក​មាន​អំណាច និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ​ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់​ហើយ ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​»៕