ស្វាយ​រៀងៈ វត្ថុតាង​ឧប​ករណ៍​នេ​សា​ទ្រ​ខុស​ច្បាប់​ជា​ច្រើន​ប្រភេទ​ រួម​មាន លូ​ស្បៃ​មុង លប​កន្ទុយ​កណ្ដុរ ​របាំង​ស្បៃ​មុង និងរ​បាំង​សាច់​អួន​សរុប​ជាង​ ១ ២០០​ ម៉ែត្រ​ ត្រូវបាន​សមត្ថ​កិច្ច​ខ​ណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ស្វាយ​រៀង ​សម្រេច​ដុត​កម្ទេច​ចោល​កាល​ពី​ថ្ងៃទី ៨​ ខែ​ មិថុនា ឆ្នាំ​ ២០២២ ​ក្រោម​ការ​ចូល​រួម​ត្រួត​ពិនិត្យ​ពី​តំណាង​អយ្យ​ការ​អម​សា​លា​ដំបូង​ខេត្ត​ និង​អាជ្ញា​ធរ​ក្រុង​ស្វាយ​រៀង។

លោក​ ស្រេង ​គ្រី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ស្វាយ​រៀង​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅថ្ងៃទី​ ៩​ មិថុនាថា ឧ​បរ​ណ៍​នេសា​ទ​ទាំង​នោះត្រូ​វបាន​ក្រុម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជល​ផលរួ​មសហការ​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​មូល​ដ្ឋាន​ចុះ​បង្ក្រាប​ចាប់​បាន​ជា​បន្ត​បន្ទាប់​ចាប់​ពី​ថ្ងៃទី​ ២៨​ ខែឧសភា មក​ដល់​ព្រឹក​ថ្ងៃទី​ ៨ ខែ​មិ​ថុនា​ ។

លោក​បាន​បញ្ជាក់​ថា៖​ «នៅ​ពេល​នេះ​មន្ត្រី​របស់​យើង​កំពុង​ធ្វើការ​ស្រាវ​ជ្រាវស្វែង​រក​អត្ត​សញ្ញាណ​នៃ​ក្រុម​ជន​ប្រព្រឹត្ត​បទ​ល្មើស​ជល​ផល​ទាំង​នោះ ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ចាត់​វិធាន​ការ​តាម​នីតិ​វិធី​ច្បាប់»​។

បើ​តាម​លោក​ ស្រេង គ្រី បទ​ល្មើស​នេ​សាទ​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ភាគ​ច្រើន​កើត​ឡើង​នៅ​ចំណុចខាង​ត្បូង​ស្ពាន​តា​ហោ​ ជាប់​ដង​ទន្លេ​វ៉ៃ​គោ​ស្ថិត​ក្នុង​ភូមិ​មេ​ភ្លើង សង្កាត់-​ក្រុង​ស្វាយ​រៀង ​ហើយ​ជា​ទូទៅ​កើត​ឡើង​នៅ​ក្នុង​រដូវ​វស្សា​ដែល​មាន​ទឹក​ជន់​ជោរ​ពី​គ្រប់​កន្លែង​។

លោក​បាន​បន្ត​ថា​ ដោយ​សារ​រដូវ​នេះ​ជា​រដូវ​ត្រី​ពង​កូន​ដូច្នេះ​ការធ្វើ​របរ​នេ​សាទ​ត្រូវបាន​ហាម​ឃាត់លើក​លែង​តែ​ការ​នេ​សាទ​ជា​លក្ខ​ណៈ​គ្រួសារ​ដែល​មាន​ប្រើ​សំណាញ់ លប​ឫស្សី ​និង​សន្ទូច​សម្រាប់​រក​ត្រី​ក្នុង​ចំនួន​តិច​តួច​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា៖​«ដើម្បី​ការ​ពារ​ និង​អភិរក្ស​ធន​ធាន​មច្ឆ​ជាតិ​ឲ្យសម្បូ​រ និង​ធានា​បាន​នូវ​និរ​ន្ត​រ​ភាព​ស្បៀងអាហារសម្រាប់​មនុស្ស​គ្រប់​ជំនាន់ យើង​ចាំ​បាច់​ត្រូវ​ចូលរួម​លុប​បំបាត់​បទ​ល្មើស​នេសាទ​ទាំង​អស់​គ្នា ​»។

ទន្ទឹម​នឹង​នេះ​ លោក ​សេង សីលា អភិ​បាល​រង​ខេត្ត​ស្វាយ​រៀង​បាន​ថ្លែង​ដែរ​ថា ទន្លេ​វ៉ៃ​គោ​មាន​ជម្រៅ​ជ្រៅ អាច​ផ្ទុក​ទឹកជា​ច្រើន​លាន​ម៉ែត្រ​គុប​សម្រាប់​បម្រើ​ឲ្យវិស័យ​កសិកម្ម​និង​ផ្ដល់​ពូជ​ត្រី​គ្រប់​ប្រភេទ​សម្រាប់​ផ្គត់​ផ្គង់​ដល់​ជីវភាព​ប្រជាជ​ន​មួយ​ភាគ​នៃ​ខេត្ដ​ស្វាយ​រៀង។ ទន្លេ​នេះ​ត្រូវ​បាន​បែង​ចែក​ជា២​ផ្នែកគឺ​​ទន្លេ​វ៉ៃ​គោ​ខាង​លិច​ដែល​មាន​ប្រភព​នៅ​ស្រុក​បាភ្នំ​ ខេត្ត​ព្រៃ​វែង​ និង​ទន្លេ​វ៉ៃ​គោ​កើត​ មាន​ប្រភព​ពី​ទន្លេ​តូច​ក្នុង​ខេត្ដ​កំពង់​ចាម។​នៅ​រដូវ​វស្សា​ទឹក​ទន្លេ​នេះ​បាន​ហូរ​ធ្លាក់​ចុះ​មក​ចូល​ទន្លេ​ក្រា​ច់​យ៉ូ​វ ​របស់​ប្រទេស​វៀត​ណាម​ តាម​ប្រព័ន្ធ​ដៃ​អូរ និង​ព្រែក​នានា ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​។

លោក​បាន​ថ្លែង​ថា៖ «ដោយ​សារ​ទន្លេ​នេះ ​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ស្វាយ​រៀង​មួយ​ភាគ​ធំមិន​ខ្វះ​ត្រី ​បង្កង ក្ដាម ​ហូប​នោះ​ទេ។​ ប៉ុន្តែ​យើង​ចាំ​បាច់ការ​ពារ​និង​អភិរក្ស​ធន​ធាន​ជល​ផល​របស់​យើង​ដោយ​ត្រូវ​បង្ក្រាប បទ​ល្មើស​នេសាទ​គ្រប់​ប្រភេទ ​កុំ​ឲ្យ​កើត​មាន បើ​ពុំនោះ​ទេធន​ធាន​មច្ឆ​ជាតិ​របស់​យើង​នឹង​ត្រូវ​បាត់​បង់»។

បើតាម​លោក ផល្លី ការ​បង្ក្រាប​បទល្មើ​ស​នេ​សាទ មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រីរ​ដ្ឋ​បាល​ជល​ផល​ផ្ដាច់​មុខ​នោះទេ​​គឺ​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ។ទន្ទឹម​នឹងនេះ​លោក​បាន​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ជួយ​រាយ​ការណ៍​ដល់​សមត្ថកិច្ច​ក្នុង​ករណី​ប្រទះ​ឃើញ​មាន​បទ​ល្មើស​នេ​សាទ​កើត​ឡើង​នៅ​កន្លែង​ណា​មួយ​ដើម្បី​ឲ្យ​សមត្ថ​កិច្ច​ចុះ​ទៅ​បង្ក្រាប​បាន​ទាន់​ពេល​វេលា​ ៕