រតនគិរីៈ មន្ត្រីបរិស្ថានខេត្តរតនគិរីបានបោះបង្គោលព្រំនៅតំបន់ដែនជម្រកសត្វព្រៃលំផាត់ បានចំនួនជាង ១០០ បង្គោលហើយ គិតចាប់ពីឆ្នាំ ២០២១ មកដល់ ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២២។ ការបោះបង្គោលព្រំនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ និងដើម្បីងាយស្រួលដល់ការ គ្រប់គ្រង ទប់ស្កាត់កុំឱ្យមានការទន្ទ្រាន រុករានដីរដ្ឋដោយខុសច្បាប់។

លោក សឿង ខេមរៈ ប្រធានការិយាល័យដែនជម្រកសត្វព្រៃលំផាត់ នៃមន្ទីរបរិស្ថានខេត្តរតនគិរី ថ្លែងនៅថ្ងៃទី ៩ ខែមិថុនាថា បង្គោលព្រំដែលបានបោះហើយជាង ១០០ បង្គោលនោះ គឺបោះនៅគោលដៅជុំវិញព្រំតំបន់ការពារធម្មជាតិបានចំនួន ៨៤ បង្គោល ជាការឧបត្ថមពីក្រសួងបរិស្ថាន និង ១០ បង្គោលជាជំនួយរបស់ អង្គការជីវិតធម្មជាតិនៅកម្ពុជា បូកចូលគ្នាបានចំនួន ៩៤ បង្គោល គិតជាភាគរយគឺប្រមាណ ១០ ភាគរយ។ ក្រៅពីនោះ ៤៥ បង្គោលទៀតជាអនុបង្គោល គឺបោះនៅទិដៅជុំវិញតំបន់ស្នូល និងតំបន់អភិរក្ស នៃដែនជម្រកសត្វព្រៃលំផាត់ គិតជាភាគរយបានចំនួនប្រមាន ៨ ភាគរយ។

លោកប្រាប់ថា មន្ត្រីបរិស្ថានកំពុងបន្តធ្វើការបោះបង្គោលព្រំនៅតំបន់ដែនជម្រកសត្វព្រៃលំផាត់ជាបន្តបន្ទាប់ទៀត ទោះបីជារដូវធ្លាក់ភ្លៀងមានការ ពិបាកខ្លះក្នុងការធ្វើក៏ដោយ។ លោកថ្លែងថា៖ «យើងបោះបង្គោលនេះគឺចាប់ពីចំណុចអូរវាក់ ឆ្ពោះទៅខាងចំណុចស្រែជ្រៃ ហើយចាក់ទៅខាងចំណុចអូច្បារ គោលដៅយើង ៨៤ បង្គោលហ្នឹង ជាព្រំប្រទល់ជុំវិញតំបន់ការពារ។ ចំណែកតំបន់ស្នូលយើងដាំចាប់ពីចំណុចអូរល្ហាទៅ គឺចេញពីអូរល្ហាព័ទ្ធជុំវិញតំបន់ស្នូលយើងហ្នឹងរហូតជុំវិញ»។

លោកប្រធានការិយាល័យដែនជម្រកសត្វព្រៃលំផាត់ នៃមន្ទីរបរិស្ថានខេត្តរតនគិរី បានឲ្យដឹងថា ការបោះបង្គោលព្រំធំសម្រាប់ជុំវិញតំបន់ការពារ គឺមានចន្លោះ ពីបង្គោលមួយទៅបង្គោលមួយគម្លាត ៥០០ ម៉ែត្រ និងចន្លោះពីបង្គោលព្រំធំ ទៅអនុបង្គោលចន្លោះ ២៥០ ម៉ែត្រ យ៉ាងណាចន្លោះគម្លាតនៃអនុបង្គោលពី ១ ទៅ ១ គឺប្រវែង ៥០០ ម៉ែត្រដូចការបោះបង្គោលព្រំធំដែរ។ លោកប្រាប់ថា បង្គោលព្រំធំមានកម្ពស់ ១ ម៉ែត្រ ២ តឹក ទំហំប្រមាណ ៣០ គុណ ៤០ សង់ទីម៉ែត្រ ដាំចុះទៅក្នុងដីជម្រៅ ៤ តឹក ចំណែកអនុបង្គោល មានទំហំ ២០ សង់ទីម៉ែត្រ ៤ ជ្រុង កម្ពស់ ១ ម៉ែត្រកន្លះ ដាំចុះក្នុងដីជម្រៅ ៤ តឹកដូចគ្នា។

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបកម្ពុជាថ្លែងនៅថ្ងៃទី ៩ ខែមិថុនាថា ការបោះបង្គោលព្រំនេះជាការងារជំនាញរបស់ក្រសួងបរិស្ថាន ដែលរាជរដ្ឋាភិបាលបានដាក់ថវិកាមួយចំនួនធំរួចហើយ ប៉ុន្តែដោយខាងអង្គការលោកមានថវិកាមួយចំនួនដែរទើបចូរួមចំណែកជាមួយក្រសួងបរិស្ថាន ដោយផ្តល់ជូនបង្គោលព្រំចំនួន ១០ ដើម ដែលបង្គោលទាំងនោះ បានបោះរួចរាល់អស់ហើយ។

លោកថ្លែងថា៖ «ខាងខ្ញុំ ខ្ញុំឃើញទីតាំង នៅជាប់ព្រំប្រទល់រតនគិរី និងមណ្ឌលគិរី ហ្នឹងវាជាទីតាំងដែល ត្រូវការពារទប់ស្កាត់ការទន្ទ្រានចូលក្នុងដែន អ៊ីចឹងយើងក៏សុំការឧបត្ថម្ភក្នុងការបោះបង្គោលបាន ១០ បង្គោលនោះទៅ»។

នាយកកម្មវិធីអង្គការជីវិតស្វតស្លាបកម្ពុជាថ្លែងថា ការបោះបង្គោលព្រំនេះជាសកម្មភាពអាទិភាពដែលគួរតែធ្វើ ដើម្បីទប់ស្កាត់ការទន្ទ្រានយកដីខុសច្បាប់ ហើយក្នុងនាមអង្គការដៃគូជាមួយក្រសួងបរិស្ថាន គឺគាំទ្រឲ្យមានសកម្មភាពបែបនេះ ដើម្បីពន្លឿន ការបោះបង្គោលឲ្យឆាប់រួចរាល់។

សូមជម្រាបថា តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៧ បានសម្រេចកំណត់បែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដីសរុបទំហំ ពីរសែនប្រាំម៉ឺនហិកតា ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងដែននេះ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន និង សាធារណជនក្នុងការការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិនេះ៕