​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​ក្រសួងការពារជាតិ​ជ្រើសរើស​មន្ត្រី​ទាហាន​ថ្មី​ចំនួន ​៦០០​ នាក់​ ខណៈ​អ្នកវិភាគ​គាំទ្រ​ការជ្រើសរើស​នេះ​ពីព្រោះ​វា​ត្រូវ​នឹង​ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា និង​ពិភពលោក​ដែល​ត្រូវការ​វិស័យ​ការពារជាតិ​ខ្លាំង​សម្រាប់​ការពារជាតិ​។​

លោក​ ហ៊ុន សែន ​បានបញ្ជាក់​ក្នុង​សេចក្តី​សេចក្តីសម្រេច​ចុះ​ថ្ងៃទី ​៩ ខែមិថុនា​ថា​៖ «​អនុញ្ញាតឱ្យ​ក្រសួងការពារជាតិ​ជ្រើសរើស​ពលទាហាន​ថ្មី​ចំនួន​ ៦០០​ នាក់​ ដើម្បី​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​៣​កងវរសេនាតូច​បង្កើត​ថ្មី ចំណុះ​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ អគ្គបញ្ជាការដ្ឋាន​»​។​

លោក ​ឈុំ​ សុជាត ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​មិនអាច​ទាក់ទង​បាន​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បានទេ កាលពី​ថ្ងៃទី​ ៩ ខែមិថុនា​។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៩ ខែមិថុនាថា ការជ្រើសរើស​នេះ​គឺ​វា​សមស្រប​ក្នុងដំណាក់កាល​ថ្មី​នៃ​កំណែទម្រង់​វិស័យ​កងទ័ព​សម្រាប់​កម្ពុជា​ដែលជា​បរិបទ​ដោយឡែក​សម្រាប់​កម្ពុជា​ក៏ដូចជា​បរិបទ​ទូទៅរ​បស់​ពិភពលោក​ផងដែរ​។ បរិបទ​ទូទៅ​ពិភពលោក​មានន័យថា ​ប្រទេស​ទាំងឡាយ ឬ​រដ្ឋ​ទាំងឡាយ​រស់នៅក្នុង​សុខសន្តិភាព​យ៉ាងណាក៏ដោយ​ក៏​ត្រូវតែ​ត្រូវការ​វិស័យ​កងទ័ព​ខ្លាំង​ដែរ​។

លោក​គាំទ្រ​នូវ​ការជ្រើសរើស​នេះ ​ពីព្រោះ​វា​ត្រូវ​នឹង​ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា​ និង​ពិភពលោក​ដែល​ត្រូវការ​វិស័យ​ការពារជាតិ​ខ្លាំង​សម្រាប់​ការពារជាតិ ហើយ​វា​ក៏​ជា​បញ្ហា​ទាន់​សម័យកាល​ផងដែរ​ដែល យកទៅ​បណ្តុះបណ្តាល​ឲ្យ​សមស្រប​នឹង​ការវិវឌ្ឍ​ថ្មី​នៃ​សព្វាវុធ​ក៏ដូចជា​ស្ថាន​ការ​នយោបាយ​ថ្មី​របស់​ប្រទេស​និង​ពិភពលោក​។​

លោក ​យង់ ពៅ ថ្លែងថា​៖ «​នេះ​ជា​តថភាព​យើង​ពិនិត្យមើល​ប្រទេស​មហាអំណាច​និង​ប្រទេស​រីកចម្រើន​ទាំងឡាយ​ គឺ​គេ​អភិវឌ្ឍ​វិស័យ​យោធា​នេះ​ខ្លាំងណាស់​ទាំង​សព្វាវុធ​ទាំង​កងកម្លាំង​។ ដោយឡែក​សម្រាប់​កម្ពុជា​ដូចគ្នា​ដែរ ការអភិវឌ្ឍ​វិស័យ​យោធា ​ដើម្បី​ការពារជាតិ​ជា​ខឿន​ការពារជាតិ​យើង​ចាំបាច់​ត្រូវការ​កម្លាំង​ថ្មី​បន្ថែម​ទៅលើ​កម្លាំង​ចាស់​ដែល​ចូលនិវត្តន៍​ដែល​ចាស់ ដែល​ចំណេះដឹង​មិនទាន់​សម័យ​អី​ជាដើម​»​។​

កាលពី​ថ្ងៃទី​ ២៦ ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ខែ​មុន​ដោយបាន​អនុញ្ញាតឱ្យ​ក្រសួងការពារជាតិ ជ្រើសរើស​ពលទាហាន​ថ្មី​ចំនួន ៤០២ នាក់​ដើម្បី​រៀបចំ​កង​កាំជ្រួច ការពារ​អាកាស​រយៈកម្ពស់​មធ្យម ចំណុះ​បញ្ជាការដ្ឋាន​ការពារ​អាកាស​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ដើមខែ​មុន​បានប្រកាសថា ​កម្ពុជា​មិនត្រូវ​ការចាំបាច់​យក​យន្តហោះ​ទៅ​បាញ់​គ្នា​លើ​អាកាស​ទេ តែ​ត្រូវការ​កម្លាំង​ការពារ​អាកាស ដែល​លោក​ហៅថា «​សំណាញ់​មេឃ​»​។​

ក្នុង​ឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាល​បាន​យល់ព្រម​ជាគោលការណ៍​ឱ្យ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ជិត ៤៦ ០០០ នាក់ សម្រាប់​បម្រើ​ការងារ​នៅតាម​ក្រសួង ស្ថាប័ន​នានា ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​ជំនួស​អ្នក​ចូលនិវត្តន៍​ឡើយ លើកលែងតែ​ក្រសួង​ស្ថាប័ន​ដែលមាន​គោលការណ៍ ដោយឡែក​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។ នេះ​បើតាម​លិខិត​ចុះ​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​លោក ព្រុំ សុខា​៕