ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គជប) ​ស្វាគមន៍​រាល់​គណបក្ស​នយោបាយ​ដែលមាន​បំណង​ជួប​ជាមួយ​ស្ថាប័ន​នេះ ​ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា​ជុំវិញ​ភាពមិន​ប្រក្រតី ​សម្រាប់​ការបោះឆ្នោត ​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥ ​ដែល​ត្រូវបាន​បិទបញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ ​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ ឆ្នាំ២០២៣ ។

លោក​ សោម សូរីដា ​អ្នកនាំពាក្យ ​គ.ជ.ប.​ ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ៩ ​មិថុនា​ថា ​គ.ជ.ប.​ ស្វាគមន៍​ជានិច្ច​ ចំពោះ​គោលបំណង​របស់​គណបក្ស​នយោបាយ​ដែល​ចង់​ជួប​ពិភាក្សា​ការងារ​ជាមួយ​គ្នា ​ព្រោះ​ជានិច្ចកាល ​គ.ជ.ប.​ តែងតែ​លើក​ទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ជាពិសេស​គណបក្ស​នយោបាយ​ដែលបាន​ចូលរួម​ប្រកួត​ប្រជែង​ការបោះ​ឆ្នោត។

លោក​ថ្លែងថា​៖ «នៅពេល​ដែល​មាន​សំណើ ​ស្នើសុំ​ជួប​គជប ​ដើម្បី​ជជែក​ពិភាក្សាគ្នា ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ប្រឈម​ដែល​គណបក្ស​នយោ​បាយ​ទាំងនោះ​ជួប ​និង​រកឃើញ​ក្នុង​ពេល​បោះឆ្នោត ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ​កែលម្អ​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ ២០២៣ ​ខាងមុខ​នេះ ​គឺជា​អ្វី​ដែល​គជប ​ចង់​បាន»។

ទោះជា​យ៉ាងណា ​លោក​ថា ​គជប ​នឹង​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល ​នៃ​ការបោះឆ្នោត ​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែកក្កដា ​ឆ្នាំ២០២២​ខាងមុខ​នេះ។ ពេល​នោះ ​គឺជា​ឱកាស​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ការបោះឆ្នោត​ អាច​ផ្តល់​មតិយោបល់​នូវ​បញ្ហា​ប្រឈម​នានា ​ដែលបាន​រកឃើញ ​យកមក​ជជែក​គ្នា​ពេល​នោះ​បាន។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​កាលពី​ថ្ងៃទី ៨ ​ខែមិថុនា ​បានប្រកាស​ប្រមែប្រមូល​គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ដូចគ្នា​ ជួបជុំ​គ្នា​ក្នុង​ពេល​ឆាប់ៗ​ ដើម្បី​ចែករំលែក ​និង​បូកសរុប​នូវ​បទពិសោធ ​ដែល​ជួបប្រទះ​ក្នុង​ដំណើរការ ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ ​ដើម្បី​ស្វែងរក​នូវ​បញ្ហារួម ​និង​រក​ដំណោះ​ស្រាយ។

គណបក្ស​នេះ​បញ្ជាក់ថា ​គំនិត​ផ្តួចផ្តើម​នេះ ​វា​ជា​ឧទាហរណ៍​មួយ​ទៀត ​នៃ​ការតស៊ូ​មតិ​រួមគ្នា​ជាមួយ ​គជប ​និង​រដ្ឋាភិបាល​ទៅលើ​ការកែលម្អ​ប្រព័ន្ធ​បោះឆ្នោត ​និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា។

លោក​ ថាច់ សេដ្ឋា ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៩ ​ខែមិថុនា ​ថា ​គណបក្ស​របស់​លោក​កំពុង​ប្រមែប្រមូល​ឯកសារ​ដែល​ពាក់ព័ន្ទ​ទៅនឹង​ភាពមិន​ប្រក្រតី ​ និង​មិនទាន់​មាន​ការជជែក​គ្នា​ជុំវិញ​ការអំពាវនាវ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នោះ​ទេ។ ព្រោះ​បច្ចុប្បន្ន​ គណបក្ស​របស់​លោក ​កំពុងតែ​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។

ទោះជា​យ៉ាងណា ​លោក​បង្ហើបថា ​គណបក្ស​ភ្លើងទៀន​ ក៏អាច​នឹង​ចូលរួម​ជាមួយ​គណបក្ស​ណា​ដែល​មាន​ជំហរ​ដូចគ្នា ​ដើម្បី​រួមគ្នា​ទៅ​ជជែក​ពិភាក្សា​ជាមួយ ​គជប​ ដើម្បី​ដោះស្រាយ​ភាពមិន​ប្រក្រតី ​ដែល​គណបក្ស​បានរក​ឃើញ​ក្នុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កន្លង​មក​នេះ ​ព្រោះ​គណបក្ស​ភ្លើងទៀន ​ក៏ជា​តំណាងឱ្យ​ប្រជាពលរដ្ឋ​ដ៏​សំខាន់​មួយ​ដែរ។

លោក​ថ្លែងថា​៖ «គជប ​ត្រូវតែ​ទទួលយក​នូវ​ការពិត ​នូវ​អ្វី​ដែល​កើត​ឡើង​ចំពោះ​ការបោះ​ឆ្នោត​នេះ ​ហើយ​វា​ត្រូវតែ​កែសម្រួល​លើ​ចំណុច​មួយ​ចំនួន។​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ ​ក៏ត្រូវ​មាន​កែសម្រួល​ទៅលើ​សមត្ថភាព​ដឹកនាំ​របស់ ​គជប ​ដែរ​ដើម្បី​ឱ្យ​ការបោះឆ្នោត​ត្រឹម​ត្រូវ។ យើង​ឃើញ​ថា​ គជប​ កែសម្រួល​តែ​បច្ចេកទេស​ហ្នឹង​ រីឯ​សមាសភាព​នៅ​ដដែល​ហ្នឹង»។

លោក​ អ៊ូ ច័ន្ទរ័ត្ន ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ៩ ​ខែមិថុនាថា ​ពាក់ព័ន្ធ​នឹង​ការចូលរួម​ជាមួយ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​ដើម្បី​ទៅ​ជជែក​ជាមួយ​នឹង ​គជប ​ជុំវិញ​ភាពមិន​ប្រក្រតី​នៅ​ពេល​បោះឆ្នោត ​គណបក្ស​របស់​លោក ​កំពុង​ជជែក​ក្នុង​គណបក្ស​ រួបរួម​គ្នា​សិន។ ទោះជា​យ៉ាងណា ​លោក​ថា ​គណបក្ស​របស់​លោក ​អាច​នឹង​ចូលរួម​ដែរ ​ដើម្បីឱ្យ​មាន​ការកែប្រែ​នូវ​ស្ថាប័ន​នេះ ព្រោះ​កន្លងមក​គណបក្ស​របស់​លោក ​ក៏ធ្លាប់​បាន​ជជែក​គ្នា​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ​ដែរ។

លោក​ថ្លែងថា​៖ «បើសិនជា ​គជប ​បើកឱ្យ​ទូលំ​ទូលាយ​មែនទែន ​ ហើយ​ទទួល​យក​មតិ​ចូលរួម​ វា​ជារឿង​ល្អ​សម្រាប់ ​គជប ​ក្នុង​ការរៀបចំ​ការបោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយៗ​ទៀត។ ប៉ុន្តែ ​អ្វី​ដែល​សំខាន់ ​សម្រាប់ ​គជប ​នៅ​ពេលនេះ ​ខ្ញុំ​មើល​ឃើញ​ថា សមាសភាព​ដឹកនាំ​សុទ្ធតែ​ចេញមក​ពី​គណបក្ស​នយោបាយ»។

លោក​ យ៉ង គិមអេង ​នាយក​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ​ដើម្បី​សន្តិភាព ​និង​ការអភិវឌ្ឍន៍ ​ដែល​ចូលរួម​សង្កេតការណ៍​ក្នុង​ដំណើរការ​បោះឆ្នោត​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​លោក​គាំទ្រ​គណបក្ស​នយោបាយ​ដែល​ប្រមូលផ្តុំ​គ្នា​កំណត់​នូវ​អនុសាសន៍​រួម​លើ​ភាពមិន​ប្រក្រតី​ដែលបាន​រកឃើញ​ពីការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ គជប ​មិនអាច​មិនយល់​ព្រម​ទេ ​ព្រោះ​គណបក្ស​នយោបាយ​ត្រូវការ​បែប​នោះ​ហើយ។

លោក​ថ្លែងថា​៖ «ខ្ញុំ​ថា ​រឿង​ហ្នឹង​ គឺជា​រឿង​មួយ​ល្អ ​បើសិនជា​គណបក្ស​នយោបាយ​អាច​ស្រុះស្រួល​គ្នា។ អាហ្នឹង​ជាបញ្ហា ​និង​ជាឧបសគ្គ ​នៅក្នុង​ការបោះ​ឆ្នោត ​ការរាប់​សន្លឹក​ឆ្នោត​ជាដើម ​និង​ដំណើរការ​ឃោសនា​បោះឆ្នោត ​គឺ​ត្រូវតែ​មាន​ការដោះ​ស្រាយ។ នៅពេល​ដែល​មាន​ការដោះ​ស្រាយ​រួច​ហើយ​នឹង​ធ្វើឱ្យ​កាន់តែ​មាន​ការជឿជាក់ ​ទៅលើ​ការរៀបចំ​ការបោះ​ឆ្នោត​កាក់តែ​ខ្លាំង​ឡើង»។

លោក ​សុខ​ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៩ ​ខែមិថុនា​ថា ​បើ​គណបក្ស​នយោបាយ​ចង់​តវ៉ា​អ្វី​មួយ​តាម​ច្បាប់ ​គឺ​ត្រូវ​រៀបចំ​ជាពាក្យ​បណ្តឹង​នៅតាម​ការិល័យ​បោះឆ្នោត​នៅពេល​ដែល​ឃើញ​មាន​ភាពមិន​ប្រក្រតី​ណាមួយ ​ ប៉ុន្តែ​មកដល់​ពេលនេះ​ គជប ​បាន​ផុត​កំណត់​ហើយ។ លោក​ថា​ចំពោះ​គណបក្ស​នយោបាល​ដែល​ចង់​ជួប​ជាមួយ​គជប ​ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ណា​មួយ​នោះ​ គឺ​គ្មាន​ប្រសិទ្ធភាព​ទេ ​បើ​គ្មាន​ភ័ស្តុតាង​អ្វី​មួយ​ច្បាស់​លាស់ ​ហើយ​គណបក្ស​នយោបាយ​ទាំង​នោះ ​ចេះតែ​ចោទ​ផ្តេស​ផ្តាស។

លោក​ថ្លែងថា​៖ «គេ​ចោទ ​គជប ​លម្អៀង​មក​គណបក្ស​កាន់​អំណាច ​សួរថា ​លម្អៀង​អ្វី​ខ្លះ? ​ព្រោះ​គជប ​គេ​ធ្វើ​តាម​ច្បាប់ ​និង​បង្កើត​ឡើង​តាម​ច្បាប់​ស្តីពី​ការរៀបចំ ​និង​ប្រព្រឹត្ត​ទៅ​របស់ ​គជប ​ហើយ​ខ្លួន​ឯង​មិនទទួល​ព្រម​ចាញ់ ​ មិន​ដឹង​ធ្វើ​ម៉េច​ទេ ​បែប​ហ្នឹង​នោះ»៕