
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៥ មិថុនា ។ រូបថត AKP
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចចំការបោះឆ្នោតបានទទួលបណ្តឹងមកពីគណបក្សនយោបាយសរុបជិត ២០០ បណ្តឹង ទាំងក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនិងក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ ខណៈនៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២២ គ.ជ.ប បានសម្រេចលើបណ្ដឹង/សំណុំរឿងចំនួន ៨ និងបិទផ្លូវតវ៉ា។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែមេសាថា ក្នុងចំណោមបណ្តឹងទាំងអស់នេះ បណ្តឹងមួយចំនួនត្រូវបានដោះស្រាយបញ្ចប់នៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត,គណៈកម្មការរាជធានីរៀបចំការបោះឆ្នោតនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងមួយចំនួនទៀតកំពុងត្រូវបានដោះស្រាយ។
ពាក់ព័ន្ធនឹងបណ្តឹងនេះនៅថ្ងៃទី ៩ ខែមិថុនា គ.ជ.ប បានសម្រេចលើបណ្ដឹង/សំណុំរឿងចំនួន ៨ លេខ ១៥០ ១៥១ ១៥២ ១៥៣ ១៥៤ ១៥៧ ១៥៨ និងលេខ ១៥៦ ដែលប្តឹងតវ៉ានិងប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់គណៈកម្ម-ការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញនិងខេត្តត្បូងឃ្មុំពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា។
សំណុំរឿងលេខ ១៥០ ១៥១ ១៥២ ១៥៣ ១៥៤ ១៥៧ និង លេខ ១៥៨ គ.ជ.ប ចាត់ទុកថាសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញដែលបានសម្រេចឱ្យគណបក្សភ្លើងទៀនរាជធានីភ្នំពេញបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឃោសនាបោះឆ្នោតដែលផ្ទុយពីច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោតនិងក្រមសីលធម៌របស់គណបក្សនយោបាយមានលក្ខណៈធួនល្មមទៅនឹងទង្វើប្រព្រឹត្តកំហុសរបស់គណបក្សភ្លើងទៀន រាជធានីភ្នំពេញហើយ។
ដោយឡែកចំពោះសំណុំរឿងលេខ ១៥៦ គ.ជ.ប បានសម្រេចបដិសេធពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះ សុខ ស្រីនួន ដោយតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំដែលសម្រេចផាកពិន័យឈ្មោះ សុខ ស្រីនួនចំនួន ៥ ០០០ ០០០ (ប្រាំលាន) រៀល ស្ថិតក្នុងកម្រិតអប្បបរមាស្របតាមមាត្រា ១៨១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ហើយ។
ជាមួយគ្នានេះ គ.ជ.ប នៅថ្ងៃទី ៩ ខែមិថុនា បានជូនដំណឹងថានឹងទទួលសម្ភារ និងឯកសារដែលបម្រើឱ្យកិច្ចប្រតិបត្តិការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងដឹកបញ្ជូនមកពីគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ នៅចន្លោះពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២២ នៅទីស្តីការ គ.ជ.ប និងនៅឃ្លាំង គ.ជ.ប ៕