កណ្តាលៈ ចាប់​តាំង​ពី​ក្រោយ​ឆ្នាំ​ ១៩៧៩ មក​ដោយ​ខ្លាច​ក្មេង​ៗ​​ជំនាន់​ក្រោយ មិន​ចេះ​អក្សរ លោក គង់ យូ​ ដែល​សព្វថ្ងៃ​មាន​វ័យ ៧៤​ ឆ្នាំ នៅ​ភូមិ​ក្អម​សំណ ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក បាន​លះបង់ ទាំង​កម្លាំង​កាយ​ចិត្ត​​​បើក​បង្រៀន​បំប៉ន​បន្ថែម​​​ក្មេង​ៗ​ ក្នុង​ស្រុក​ភូមិ នៅ​​ក្រោម​ផ្ទះ​រយីក​រយាក​​របស់​លោក​​ដោ​យ​មិន​យក​​ប្រាក់​កម្រៃ​អស់​រយៈ​ពេល​​ជាង ​៤០​ ឆ្នាំ​មក​ហើយ​។

លោក គង់ យូ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ពី​គំនិតដែល​នាំ​ឱ្យ​លោក​បើក​បង្រៀនក្មេងៗ​នេះ​​ថា​៖ «ខ្ញុំ​មាន​គំនិត​ខ្លួនឯង​តែ​ម្ដង គ្មាន​អ្នកណា​បង្ខំ​ទេ​។ ខ្ញុំ​ចាប់ផ្ដើម​បង្រៀន​តាំង​ពី​ឆ្នាំ ១៩៧៩ ដោ​យសារ​ខ្ញុំ​គិត​ថា​ ជំនាន់​ក្មេងៗ​ក្រោយ​ច្បាស់​ជា​អត់​ចេះ​អក្សរ ព្រោះ​នៅ​ជំនាន់​ ប៉ុល ពត​ គេ​មិន​អាច​រៀន មិន​អាច​បង្រៀន​ក្មេង​បាន​ដល់​ទៅ ៣-៤ ​ឆ្នាំ អ៊ីចឹង​ខ្ញុំ​មាន​គំនិត​ចង់​ឱ្យ​ក្មេងៗ​វា​ចេះ​»​។

នៅក្រោយ​ឆ្នាំ​ ១៩៧៩ លោក​គង់ យូ ​មាន​វ័យ ៣៣-៣៤ ​ឆ្នាំ ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ​ស្រែ​-​ចម្ការ​លោក​ក៏​ឆ្លៀត​​បង្រៀន​ពេល​យប់​​ដោយ​ការ​​ដុត​ចង្កៀង ហើយ​ហែក​ក្រដាស​បង្រៀន​។ លោក​ថា កាល​នោះ គឺ​មិនបាន​បើក​សៀវភៅ​ពុម្ព​បង្រៀន​អី​ទេ គឺ​លោក បង្រៀន​តាម​អ្វី​ ដែល​លោ​ក​​ចេះ​ទាំង​អក្សរ​ និង​លេខ​។

លោក ​គង់ យូ ដែល​រៀន​បាន​​ត្រឹម​ថ្នាក់​ទី​៧ កាល​ពី​សម័យ​មុ​ន​សព្វថ្ងៃ​លោក​ក៏​បង្រៀន​គួរ​ត្រឹម​កម្រិត​​ថ្នាក់​បឋម​ប៉ុណ្ណោះ​​ចាប់ពី​មត្តេយ្យ​ទៅ រហូតដល់​​ថ្នាក់​ទី៥។ ​សព្វថ្ងៃ​លោក​បាន​​បង្រៀន​កូន​ប្រ​ជាពលរដ្ឋ​ក្រីក្រ​ ៣ ​ភូមិ គឺ​ភូមិ​រាំងជួរ ក្អម​សំណ​លើ និង​ក្អម​សំណ​ក្រោម​ និង​ក្មេង​ក្រីក្រ​មក​ពីភូមិ​មួយ​ចំនួន​ទៀត​ឱ្យតែ​អ្នក​​ណា​មាន​ចិត្ត​ចង់​រៀន​។

លោកបញ្ជាក់​ដែរ​ថា​៖ «ខ្ញុំ​បង្រៀន​ដោយ​មិន​គិត​ជា​ប្រាក់​កម្រៃ​អី​ទេ​។ តែ​ក៏​មាន​ឪពុក​ម្ដា​យ​​សិស្ស​មាន​ឱ្យ​ជា​តែ ជា​នំ លុយ ១-២​ ម៉ឺន​​រៀល​។ បើ​គេ​ឱ្យ​ខ្ញុំ​ទទួលតែ​បើ​ដាក់​កំហិត​គេ​ជា​ប្រាក់​ខែ​អី​គឺ​ខ្ញុំអត់​ទេ​ ហើយ​បើ​គេ​​មិន​ឱ្យ​ក៏​មិន​អី​ដែរ​»។

ដោយ​ធ្វើ​​ជា​អនុប្រធាន​ភូមិ​ក្អម​សំណ​ផងនោះ​ លោក​គង់​ យូ បង្រៀន​បាន​ប្រហែល​ជា ៣-​​៤​ ម៉ោង ក្នុង​ ១ ថ្ងៃ ជា​រៀង​រា​ល់​​ថ្ងៃអាស្រ័យលើ​ពេល​ទំនេរ​ លើក​លែង​ថ្ងៃ​អាទិត្យ​​និង​ថ្ងៃ​ដែល​លោ​ក​ជាប់​រវល់​ខ្លាំង​។ ក្នុង​ ១ ថ្ងៃ​លោក បង្រៀន ៣​ ពេល ព្រឹក ថ្ងៃ និង​ល្ងាច​។ នៅ​ពេល​ព្រឹក​ចន្លោះ ពី​ម៉ោង ៦-៧ ថ្ងៃចន្លោះ​ម៉ោង ១១​ កន្លះ និង​ថ្នាក់​ល្ងាច​ម៉ោង ៤​។

លោក​ឱ្យ​ដឹង​ដែរ​ថា៖​ «ថ្នាក់​ខ្លះ​មាន​​សិស្ស​ចំនួន ២០-៣០​ នាក់ ដូច្នេះខ្ញុំ​ក៏​ចែកចេញ​ជា​ព្រឹក​ល្ងា​ច​​។ សិស្ស​ទាំង​នេះ គាត់​រៀន​នៅ​សាលា​រដ្ឋ​ធម្មតា​។ អ្នកណា​រៀន​ព្រឹក ក៏​មក​រៀន​ជាមួយ​ខ្ញុំ ថ្ងៃ ល្ងា​ច ហើយ​អ្នក​រៀន​ថ្ងៃ​ក៏​រៀន​ជាមួយ​ខ្ញុំ​ព្រឹក​តាម​ពេល​ដែល​ពួកគាត់​ទំនេរ​»។

លោក ឡែវ ឡឺង មេភូមិ​ក្អម​​សំណ​ក៏​បាន​អះអាង​ដែរ​ថា លោ​ក គង់ យូ ដែល​ជា​អនុ​ប្រធា​ន​ភូមិ​​របស់​លោកពិតជា​មាន​ចិត្ត​ មា​ន​ចំណាប់​អារម្មណ៍ មាន​និស្ស័យ​ជាមួយ​ការបង្រៀន​នឹង​ណាស់ ដោយ​គាត់​ចេះ​តែ​ហៅ​ក្មេងៗ​មក​បង្រៀន ក្រោម​ផ្ទះ ហើយ​ផ្ទះ​​របស់​គាត់​មិនមែន​ធំ​​ដុំ​អី​ទេ គឺ​ដាច់​ដោច​ពុក​ផុយ​អស់​ហើយ​។

លោក​មេភូមិ​បញ្ជាក់​ថា​៖ «មុន​ដំបូង​គាត់​បង្រៀន​កូនក្មួយ​ជិត​ៗ​​ហ្នឹង ដល់​បង្រៀន​ទៅ​ល្អ ក្មេង​អាច​យល់​បាន និង​អាច​ចេះ​ចាំ​បា​ន ហើយ​បង្រៀន​ដោយ​ឥត​គិត​លុយ​ គិត​កាក់​អី​ទេ ក៏​មាន​គេ​ចាប់​អារម្មណ៍​រៀន​ច្រើន គាត់​ក៏​ទៅ​ច្នៃកាត់​តុ កាត់​ក្ដារ និង​មាន​ឪពុក​ម្ដាយ​សិស្ស​ចូលរួម​ជួយ​ខ្លះៗ​ផងដែរ»។

លោក គង់ យូ បាន​ថ្លែង​ទៀត​ថា លោក​​មាន​បំណង​ចង់​​ជួយ​សហគមន៍​ តាមរយៈ​ការ​បង្រៀ​ន​ឱ្យ​ក្មេង​ៗមាន​ការ​ចេះ​ដឹង បាន​ក្លាយជា​មន្រ្តី​រាជការ​ ដើម្បី​ជួយ​ដល់​សហគមន៍ និង​ក្នុង​ភូមិ​បន្ត​ទៀត​ ​ខណៈ​​ក្នុង​ស្រុក​ភូមិ មាន​​ពល​រដ្ឋ​ជា​ច្រើន​​មិន​ចេះអក្សរ​​​​។

លោក​​បាន​ឱ្យ​ដឹង​​ថា​ កន្លង​មក​​ក៏​មាន​កូន​សិស្ស​លោក​ខ្លះ ​បាន​ធ្វើការ​ជា​មន្រ្តី​រាជការហើ​យ​​បាន​ ​អរគុណ និង​ជូន​ជា​​អំណោ​យ​ដល់​​រូប​លោក​​ដែល​បាន​ប្រឹង​ប្រែ​ង​បណ្ដុះ​​បណ្តាល​ដល់​ពួកគេ​​។

លោក​ គង់ យូ ថា​៖ «តែ​ខ្ញុំ​នឹក​ឃើ​ញ​ថា​ គេ​អរគុណ ឬ​មិន​អរ​គុ​ណ ​មិន​អី​ទេ ខ្ញុំធ្វើ ព្រោះ​ចង់​ឃើញ​ប្រជា​សហគមន៍​ខ្ញុំ​រីក​ចម្រើន​។ រាល់ថ្ងៃ​ខ្ញុំ​គិត​តែ​ប៉ុណ្ណឹង​»។

ចំពោះ​ស្ថានភាព​បង្រៀន​និង​រៀន​​នា​ពេល​បច្ចុប្បន្ន លោក​ គង់ យូ​ ថា ​មាន​ផល​លំបាក​ខ្លះ​ដែរ ព្រោះ​ផ្ទះ ​របស់​លោក​ធ្លុះ​ធ្លាយ​​អស់​ហើយ ជួន​កាល​មាន​ភ្លៀង​សាច ខ្យល់​ខ្លាំង ​មិនបាន​បង្រៀ​ន​ទេ ហើយ​ក៏​សម្បូរ​មូស​ព្រោះ​មិន​មាន​បន្ទប់​បិទ​ជិត​ត្រឹមត្រូវ​។

យោង តាម ​លោក ឡែវ ឡឺង ផ្ទះ​​លោក​ គង់ យូ ​គ្មាន​អ្នក​ណា​គេ​ជួយ​ទេ មាន​តែ​​បង្រៀន​នៅក្រោម​ផ្ទះ​ហ្នឹង ហើយ​កៅ​អី​តុ​​សម្រាប់​ក្មេង​អង្គុយ​រៀន​ក៏​បាក់​បែក​ដែរ ព្រោះ​កាល​ធ្វើ​ឈើ​ក៏​មិនមែន​ល្អ​អី​ដែរ បើ​និយាយ​ថា​ឪពុកម្ដាយ​សិស្ស​ជួយ​គឺ​មាន​ខ្លះ​ៗ តែ​បើ​មាន​អ្នក​ចង់​ជួយ​សាង​ស​ង់​សាលា ឬ​បន្ទប់​តូច​មួយ​សម្រា​ប់​រៀន​គឺ​មិន​ទាន់​មាន​ទេ​។

លោក​មេភូមិ​បញ្ជាក់​​ថា​៖ «ក្មេង​​មក​ពី​ភូមិ​ណា​ឃុំ​ណា​ក៏​ដោយ បើ​ចង់​រៀន​ក៏​មក​រៀន​មក​ ហើយ​ជា​គំនិត​ខ្ញុំ បើសិន​មាន​បងប្អូន​សប្បុរស​ជន​ណា​ អាច​ជួយ​​ជា​ខ្ទម ជា​កន្លែង​អី​តូច សម្រាប់​ជា​កន្លែង​សមរម្យ​អាច​បង្រៀន​ក្មេងៗ​បាន​កុំ​ឱ្យ​ទទឹក​ពេល​មាន​ភ្លៀង​ខ្ញុំ​នឹង​អរ​ណាស់​សម្រាប់​ក្មេងៗ​»។

ពាក់ព័ន្ធ​នឹងបញ្ហា​នេះ លោក ចេង សំអ៊ុល ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​កណ្តាល បាន​ថ្លែង​ថា លោក​នឹង​ឱ្យ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់ ពីស្ថាន​ភាព​នៃ​ការ​បង្រៀន​គួរ​ដោយ​មិន​យក​ប្រាក់​របស់​លោក គង់ យូ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នឹងឱ្យ​ក្រុការងារចុះពិនិត្យ​ ថា​​តើ​គាត់​បង្រៀន​គួរ​បែប​ណា​? ហើយ​តាម​សៀវភៅ​អ្វី​? សិស្ស​ប្រភេទ​ណា​? ហើយ​ចាប់​តាំង​ពី​ឆ្នាំ​ណា​? ដើម្បី​ខ្ញុំ​ឱ្យ​អប់រំ​ស្រុក ឬ​លោក​នាយក​នៅ​ជិត​នោះ​គា​ត់​​ចុះ​ទៅ​ពិនិត្យ​មើល​ពី​ស្ថានភាព​នៅ​កន្លែង​ដែល​គាត់​បង្រៀន

​ផង​ដែរ​»។

លោក តា គង់យូ អាច​ទំនាក់​​ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ ០៩៧ ៨៦៧ ៦៦ ៥៥៕