ភ្នំពេញៈ​ បច្ចុប្បន្ន​មាន​ជន​ជាប់ឃុំ​ប្រមាណ ៣៨ ០០០ នាក់ កំពុង​ជាប់​ឃុំ​​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែ​ប្រែទាំង​ ២៨ នៅ​ទូទាំង​ប្រទេស​​ ដោយ​ក្នុងនោះ​មាន​​ជន​ជាប់​ឃុំ​ប្រមាណ ៥៤ ភាគ​រយ​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន ខណៈ​អគ្គនា​យក​ពន្ធនា​គារ គឺជា​អ្នក​ធ្វើ​សមាហរ​ណកម្ម​ជន​ជាប់ឃុំ​ ទៅក្នុង​សង្គម​វិញ និង​ទប់​ស្កាត់​ការ​ប្រព្រឹត្ដ​ល្មើសសា​ជាថ្មី​។

តាមច្បាប់​ស្ដីពី​ពន្ធនាគារ​ ជន​ជាប់​ឃុំ​ សំដៅដល់​ជន​ត្រូវ​ចោទ ឬជន​ជាប់​ចោទ ឬពិរទ្ធជន ​ឬទណ្ឌិត​ដែល​ត្រូវ​បាន​បញ្ជូន​មក​​ឃុំ​ខ្លួន​នៅក្នុង​​ពន្ធ​នាគារ តាម​លិខិត​ឃុំ​ខ្លួន​ចេញ​ដោយ​អាជ្ញាធរ​តុលាការ​។

ជនជាប់​ឃុំត្រូវ​បាន​គ្រប់គ្រង​ដោយ​អគ្គ​នា​យក​​ដ្ឋាន​ពន្ធនាគារ ដើម្បី​ឱ្យ​ធានាបាន​សន្ដិ​សុខ​សុវត្ថិ​ភាព សុខ​ភាព មនុស្ស​ធម៌ ស្រប​តាម​ច្បាប់​ជាតិ ​គោល​ការណ៍​អន្តរ​ជាតិ​ និង​វិធាន​ការ​​សហ​ប្រ​ជាជាតិ ​សម្រាប់​ការពារ​អនីតិ​ជន​ដែល​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​សេរីភាព​។

ដើម្បី​ឱ្យ​ធានាបាន​សន្ដិសុខ​សុវត្ថិភាព សុខភាព មនុស្ស​ធម៌ ស្រប​តាម​ច្បាប់​ស្ដីពី​ពន្ធនាគារ និង​​គោល​ការណ៍​អន្តរ​ជាតិ និង​វិធាន​​ការ​​សហ​ប្រ​ជាជាតិ​ សម្រាប់ការពារ​អនីតិជន​ ដែល​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​សេរីភាព​ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​អនុវត្ដ​នូវ​ស្ដងដារ​អប្បរិមា​ ក្នុង​ការ​ផ្ដល់​សេវា​ផ្សេងៗ​ដល់​ជន​ជប់​ឃុំ ក្នុង​នោះ​មាន​សេវា​រស់នៅ​​ប្រចាំ​ថ្ងៃ សេវា​សុខភាព​ សេវា​បន្សាប​គ្រឿង​ញៀន និង​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ មុខរបរ​ទៅដល់​ជន​ជាប់ឃុំ​​។

លោក នុត សវនា អ្នកនាំ​ពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ ថ្លែង​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ពេល​ថ្មីៗនេះថា​​ ជាទូទៅ​ការ​ផ្ដល់​សេវា​ផ្សេងៗ​ដល់​ជន​ជាប់​ឃុំ​ អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​អនុវត្ដ​​ស្ដង់​ដារ​អប្បរិមា​ ក្នុង​ការ​កំណត់​ ក៏ដូចជា​ចែង​នៅក្នុង​លិខិត​បទដ្ឋាន​របស់​រាជ​រដ្ឋាភិបាល​ និង​​ក្រសួង​មហាផ្ទៃ​​ និង​​ច្បាប់​ស្ដីពី​ពន្ធនា​គារ​។

លោក​បាន​ឱ្យដឹង​ថា នៅ​ពន្ធនា​គារ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំង​អស់​ នៅ​កម្ពុជា​ រាជរដ្ឋា​ភិបាល​បាន​ផ្ដល់​របប​អាហារ​សម្រាប់​ជន​​ជាប់​ឃុំ​ ក្នុង​ ១ នាក់ ទទួល​បាន ៣ ៥០០ រៀល ក្នុង​១ថ្ងៃ​ សម្រាប់​ចំណាយ​លើ​របបអាហារ​។ ក្រៅពីនេះ​ ពន្ធនាគារ​ក៏​អនុញ្ញាត​ឱ្យក្រុម​គ្រួសារ​ជន​ជាប់​ឃុំ យក​អាហារ​ឱ្យ​បន្ថែម​​មួយ​ចំនួន​ផង​ដែរ​​។

បន្ថែមពីនេះ​ដើម្បី​​ផ្គត់ផ្គង់​​ម្ហូប​អាហារ​សម្រាប់​ជន​ជាប់ឃុំ​បរិភោគ ​ពន្ធនាគារ​មួយចំនួន ​ក៏បាន​ដាំ​បន្លែ​ខ្លះៗ នៅក្នុង​​ពន្ធនាគារ​ ដើម្បី​​ផ្គត់​ផ្គង់​បន្ថែម​។ លោក សវនា បញ្ជាក់​ថា ថ្វីដ្បិត​តែ​បច្ចុប្បន្ន​ទំនិញ​ឡើង​ថ្លៃ ប៉ុន្ដែ​ស្ដង់​ដា​នៃការ​ផ្ដល់​សេវា​ម្ហូប​អាហារ​ដល់​​ជន​ជាប់​ឃុំ មិនមាន​ការ​ធ្លាក់ចុះ​ឡើយ​ គឺ​បាន​ខិត​ខំ​​រក្សា​ស្ដង់ដា​ អប្បរិមា​លើ​ការ​ផ្ដល់​សេវា​នេះ​ដល់​ជនជាប់ឃុំ​​។​

លោកថ្លែង​ថា​៖«ការ​ចម្អិន​ម្ហូប​អាហារ ​សម្រាប់​ជនជាប់ឃុំ​បរិភោគ គឺយើង​មាន​ការ​រៀប​ចំ​​ជា​កាឡូរី ដែល​បាន​កំណត់​ដោយ​ក្រុម​ការងា​​រ​ត្រួត​ពិនិត្យ​ម្ហូប​អាហារ​របស់​ជន​ជាប់ឃុំ​។ ក្រុម​ការងារ​ត្រួត​ពិនិត្យ​ម្ហូប​អាហារ​របស់​ជន​ជាប់ឃុំ​ បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅតាម​ផ្ទះ​បាយ និង​កន្លែង​ចម្អិន​អាហារ​នានា​ក្នុង​ពន្ធនា​គារ​»។

ក្រៅពីការ​ផ្ដល់​ម្ហូប​អាហារ ​ដែល​មាន​ស្ដង់ដារ អគ្គនា​យក​ដ្ឋាន​ពន្ធនា​គារ ក៏បាន​ផ្ដល់​ពេល​វេលា សម្រាប់​ការ​ហាត់ប្រាណ ហាត់​កីឡា ដល់ជន​ជាប់ឃុំ​ផងដែរ​​។ លោក សវនា បាន​បញ្ជាក់ថា​ ពន្ធនាគារ​​ក៏អនុញ្ញាត​ឱ្យជន​ជាប់ឃុំ​មាន​ពេល​​ចេញ​មកក្រៅ​ដើម្បី​ហាត់​ប្រាណ លេង​កីឡា អាន​សៀវភៅ​ នៅតាម​បណ្ណា​ល័យ និង​ធ្វើ​កិច្ច​ការ​ផ្សេងៗ និង​​ជួប​ជាមួយគ្រួសារ​ដែល​ទទួលបន្ទុក​ដែល​បាន​សុំ​ការ​អនុញ្ញាត​មក​លេង​ផង​ដែរ​។

សម្រាប់​ការងារ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដល់ជន​ជាប់​ឃុំ លោក សវនា បាន​ឱ្យដឹង​ថា អ្នក​ដែល​ត្រូវ​បាន​តុលាការ​​កាត់​ទោស​រួចហើយ ពន្ធនា​គារបាន​​​អនុញ្ញាត​ឱ្យ​ពួកគេ​ រៀន​ជំនាញ​វិជ្ជាជីវៈផ្សេងៗ ក្នុងនោះ​មានជំនាញ​ផ្នែក​​អគ្គិសនី ជំនាញ​ជួសជុល​បរិក្ខា​ម៉ាស៊ីន​​​ត្រជាក់ ជំនាញ​ជួសជុល​ម៉ូតូ ជំនាញ​បាញ់​ថ្នាំឡាន ជំនាញ​ចម្លាក់ និង​បច្ចេកទេ​ស​ដាំបន្លែ​ផ្សេងៗ​ផង​ដែរ​​។

លោក​ថ្លែង​ថា​៖ «នៅក្នុង​ពន្ធនា​គារ និង​មណ្ឌល​សុខភាព ​មាន​សេវា​ច្រើន​សម្រាប់​ផ្ដល់​ដល់​ជនជាប់​ឃុំ ក្នុងនោះ​មាន​ទាំង​សេវា​សុខភាព សេវា​អប់រំ​ផ្លូវចិត្ដ សេវា​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ មុខរបរ ជា​ដើម​។ ពេលខ្លះ​បើមាន​អតិថិជន​គេ​កម្មង់​ឱ្យធ្វើ​ការងារ​លើ​ជំនាញ​ដែល​ជនជាប់ឃុំ​ចេះធ្វើ ​ពួកគាត់​ក៏ទទួល​បាន​កម្រៃ​ខ្លះៗ​ដែរ​ ពីកម្លាំ​ង​ពលកម្ម​របស់​ពួក​គាត់»​។ ​

ទាក់ទង​នឹង​បញ្ហា​សុខ​ភាព លោក សវនា បាន​ឱ្យដឹង​ថា បើមាន​​ករណីជន​ជប់ឃុំ មាន​បញ្ហា​សុខភាព​ហើយ​ត្រូវ​ការ​ថ្នាំ​ប្រើ​ប្រាស់​ គឺអនុញ្ញាត​ឱ្យ​មាន​ការ​បញ្ជូន​ថ្នាំ​ពីខាង​ក្រៅ​មក ដើម្បី​ព្យាបាល​ដល់​ជន​ជាប់ឃុំ​​។ ក្រៅពីនេះនៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនា​គារ ក៏មាន​ប៉ុស្ដិ៍​សុខភាព​នៅ​ទីនោះ​ស្រាប់​សម្រាប់​ពិនិត្យ​ ព្យាបាល​លើ​បញ្ហា​សុខភាព​ស្រាលៗ​។ បើជន​ជាប់ឃុំ​មាន​ជំងឺ ជាករណី​ចាំបាច់​ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅខាង​ក្រៅ ពន្ធនាគារ​នឹង​​គិតគូរ​រៀបចំ​បន្ថែម​ទៀត​ដល់​ពួកគេ​​។

លោក​បញ្ជាក់​ថា៖ «យើង​ដឹង​ថា ទណ្ឌិត​ភាគច្រើន​ ប្រព្រឹត្ដ​បទ​ល្មើស​ដោយសារ​បញ្ហា​ជីវភាព ​ក៏ដូចជាការ​សេព​គប់​មនុស្ស​​ខិល​ខូច​​ខុស​នៅក្នុង​សង្គម ​ទើប​បណ្ដាល​ឱ្យគាត់​ធ្លាក់ខ្លួន​មកជាអ្នកទោស​។​ អ៊ីចឹង​ យើង​ព្យាយាមដោះ​ស្រាយ​យ៉ាង​ម៉េច​​ដើម្បី​ធ្វើ​ឱ្យ​ជនជាប់ឃុំ​ ទទួល​បាន​ជំនាញ ពេល​រួចទោស​ចេញទៅកាន់​គ្រួសារ និង​សហគមន៍​វិញពួក​គាត់​អាច​ប្រកប​របរ​ រក​ស៊ីសុច្ច​រិត​ត្រឹម​ត្រូវ​បាន​»។

ទាក់ទង​នឹង​ការ​ផ្ដល់សេវា​ដល់​ជន​ជាប់​ឃុំ ក្នុង​ពន្ធនាគារ​នេះ លោក​ អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​​ លើក​ឡើង​ថា ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា នា​ពេល​បច្វុប្បន្ន​នេះ មានភាព​ចង្អៀត​ណែន​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​ចំនួន​មន្ត្រី​​នៅ​តាម​ពន្ធនាគារ​ មិន​សមាមាត្រ និ​ង​ចំនួន​អ្នក​ជា​ប់​ឃុំ។ មូល​ហេតុ​នេះ​ ក៏​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​សេវា​ដល់​ជន​ជាប់​ឃុំ​រួមមាន​​ទាំង​អនាម័យ ម្ហូប​អាហារ សម្ភា​រប្រើប្រាស់ រួម​ទាំង​សេវា​សុខភាព ក៏ដូចជា​ការអប់​រំ និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ផ្សេ​ងៗ​។

លោក​ថា​ ពន្ធនាគារ​ជា​កន្លែង​មួយ​ ដែល​ទទួល​យក​អ្នក​ជាប់​ឃុំ​ ដែល​តុលា​ការ​ចោទ​ប្រកាន់​សម្រាប់​ការ​ឃុំ​ខ្លួន​បណ្តោះ​​អាសន្ន និង​​អ្នកជាប់​ឃុំ ដែល​មានសាល​ក្រម​ឬសាលដីកា​ស្ថាពរ​ទៅអប់​រំ​ និង​ការ​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ​ផ្សេងៗ​ឱ្យ​ពួក​​គេ​កែ​ប្រែ​ខ្លួន​ឈប់​​ប្រព្រឹត្ត​បទល្មើស​បន្តទៀត​ ពេល​ដែល​ពួក​គេ​ អនុវត្តទោស​ជាប់ពន្ធនាគារ​ចប់​ ឬ​ត្រូវ​បាន​ដោះ​លែង​ពីពន្ធ​នា​គា​រ​​វិញ​។

លោក​បន្តថា​៖«ប៉ុន្តែ​តាម​ការ​សង្កេត​របស់​ខ្ញុំ បច្ចុប្បន្ន​នេះ​ អ្នក​ជាប់​ឃុំ ​មិនទាន់​បាន​ទទួល​សេវាតាម​គោល​ការណ៍ និង​តាម​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ពន្ធនាគារ​ពេញ​លេញ​នោះ​ទេ ហើយ​ក៏មិន​ទាន់​បាន​ការ​អនុវត្ត​តាម​បទ​ដ្ឋាន​ស្តង់ដារ​នោះ​ដែរ។ បញ្ហា​ទាំង​អស់​នេះ​ហើយ ដែល​យើង​បាន​ឃើញ​អ្នក​ជាប់​ឃុំ​មួយ​ចំនួន​ ដែល​អនុវត្ត​ទោស​ចប់ត្រូវ​បាន​ដោះលែង​ គឺបា​ន​ប្រព្រឹត្ត​បទ​ល្មើស​ដដែលៗ​​»។

លោក​ សំអាត បញ្ជាក់​ថា​៖«យើង​ជា​អង្គការ​សិទ្ធិមនុស្ស​ចង់​ឃើញ​ការដោះ​ស្រាយ​ភាព​ចង្អៀត​ណែន​ក្នុងពន្ធនា​គារ ដើម្បី​​ផ្តល់​ឱកាស​ដល់មន្រ្តី​អាច​អនុវត្ត​បាន​ពេញ​លេញ នូវ​បទ​ដ្ឋាន​ស្តង់ដារ​ ក្នុង​ការគ្រប់​គ្រង​អ្នកជាប់​ឃុំ​និង​ការ​ផ្តល់​សេវា​ផ្សេង​ៗ​ស្រប​តាម​ស្តង់​ដារ និង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ពន្ធនាគារ ដែល​ជា​កន្លែង​អប់រំ កែ​ប្រែអ្នក​ជាប់​ឃុំ និង​មាន​ជំនាញ​វិជ្ជា​ជីវៈ​​ខ្លះ​សម្រាប់​ពេល​គាត់​ត្រូវបាន​ដោះ​លែង ហើយ​វិល​ត្រលប់​ទៅរស់នៅ​ជួប​ជុំគ្រួសារ និង​សហគមន៍​ដោយ​សុខ​ដុម​រមនា មិន​ប្រ​ព្រឹត្ត​បទ​ល្មើស​តទៅ​ទៀត »។

លោក សវនា បាន​ឱ្យ​ដឹង​ថា បើសិន​ជា​ជន​ជាប់​ឃុំ ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​ អគ្គនាយក​ដ្ឋាន​ព​ន្ធនាគារ​​ក៏មាន​កម្មវិធី​បន្សាប​គ្រឿង​ញៀន​ នៅ​តាម​មណ្ឌល និង​តាម​ពន្ធនាគារ​ដែរ​។

លោក​ថា​៖ «កម្មវិធី​នេះ​ ឋិត​នៅក្នុង​កម្រិត​មួយ​ មិន​មែន​ថា ​អស្ចារ្យ​ជា​លក្ខណៈ​អាជីព​ទេ ​គ្រាន់តែ​យើង​តាម​ដាន​មើល​ទៅ​កម្មវិធី​បន្សាប​គ្រឿង​ញៀន យើង​វា​មាន​ប្រសិទ្ធភាព​ ក្នុង​កម្រិត​​មួយ​ដែរ​»​។

លោក​បន្តថា​៖ «អ៊ីចឹង​យើង​ព្យាយាម​ធ្វើ​ម៉េច​ឱ្យ​ពួក​គាត់មាន​ការ​កែប្រែ ពាក្យថា អប់រំ កែ​ប្រែ​នេះ គឺកែ​ប្រែ​ពីខូច​មក​ល្អនេះ​ជា​ទិស​ដៅ​​ចម្បង​របស់​អគ្គនាយក​ដ្ឋាន​ពន្ធនា​គារ​យើង​»។

បើតាម​លោក សវនា បច្ចុប្ប​ន្ន​នៅ​កម្ពុជា​មាន ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ សរុប​ចំនួន ២៨ កន្លែង​ក្នុង​នោះ​មណ្ឌល​អប់រំ​កែប្រែ​ចំនួន ៤ កន្លែង​ ប៉ុន្ដែ​ទៅថ្ងៃ​មុខ អគ្គនាយក​ដ្ឋាន​ពន្ធានា​គារ មាន​គម្រោង​​ពង្រីក​បន្ថែម​​ជា​បន្ត​បន្ទាប់​ទៀត​។

​បច្ចុប្ប​ន្ន​មាន​ជន​ជាប់ឃុំ​នៅតាម​ពន្ធនា​គារ និង​មណ្ឌលអប់រំ​កែប្រែសរុប​​ប្រមាណ ៣ ៨០០០ នាក់​ ក្នុង​នោះ​ជនជាប់ឃុំ​ប្រមាណ​ ៥៤ ភាគ​រយ​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ ខណៈ​មន្ត្រី​ពន្ធនា​គារ​នៅទូទាំង​ប្រទេស​មាន​ចំនួន​ ២ ៩៧៥ នាក់។

លោក​សវនា​បញ្ជាក់​ថា​៖ «អត្រា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស មិនរាង​ចាល ក្នុង​ចំណោម​ជន​ល្មើស ១០០ នាក់ អាច​មាន​ក្នុង​រង្វង់​ប្រមាណ ១៥ នាក់​៕

វីដេអូ៖