បាត់ដំបងៈ មណ្ឌល​ស្តារនីតិសម្បទា និង​បន្សាប​អ្នកញៀន​គ្រឿងញៀន​ត្រូវបាន​បង្កើតឡើង​បន្ថែមទៀត ដើម្បី​ជួយ​ការពារ​សុខ​សុវត្ថិភាព​ប្រជាជន និង​ជួយ​ជនរងគ្រោះ ដោយសារ​គ្រឿងញៀន ខណៈ​បញ្ហា​នេះ​នៅតែ​ស្ថិតក្នុង​ស្ថានភាព​គួរឱ្យ​បារម្ភ​ចំពោះ​កម្ពុជា ដោយ​ក្នុង​ត្រីមាស​ទី​ ១ ​ឆ្នាំនេះ កម្លាំង​សមត្ថកិច្ច បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​ ១ ៦៩៤ ​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៣ ៧១០​ នាក់​។

វេជ្ជបណ្ឌិត កែ ស៊ីនួន ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង និង​ជា​ប្រធាន​មន្ទីរពេទ្យ កែ ស៊ីនួន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ៩ មិថុនា ថា លោក​បាន​ពិភាក្សា​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ស្តីពី​ការបង្កើត​មណ្ឌល​ស្តារនីតិសម្បទា និង​បន្សាប​គ្រឿងញៀន​។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ជម្រាប​ពី​គោលការណ៍ និង​កម្មវិធី​របស់​យើង ហើយ​សម្ដេច​ [​ស ខេង​] ​បាន​គាំទ្រ​ ១០០% ​ចំពោះ​ការសាងសង់​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​នេះ និង​ចង់ឱ្យ​ប្រកបដោយ​ស្ដង់ដា និង​ជា​គំរូ​មួយ​ដល់​ស្រុក​ខ្មែរ​។ គាត់​គាំទ្រ ព្រោះ​គាត់​ឃើញថា ខ្ញុំ​ជា​ពេទ្យ​ស្រាប់​»​។

ចំពោះ​កម្រិតស្តង់ដា លោក​បាន​បញ្ជាក់ថា គឺ​លោក​មាន​គ្រប់​តាម​ស្តង់ដា ដែល​ក្រសួង​ដាក់ឱ្យ ទី​ ១ គឺមាន​ទីតាំង​ធំ​ទូលាយ ដី​ដល់​ ១៥ ​ហិកតា ដែល​អំណោយ​ផល​ក្នុង​ការបើក​មជ្ឈមណ្ឌល​។ ទី​ ២ គឺ លោក​មាន​ជំនាញ​ខាង​វេជ្ជសាស្ត្រ​ស្រាប់​។

លោក​បានរៀបចំ​តាំងពី​អគារ​ស្នាក់នៅ​របស់​អ្នកញៀន​គ្រឿងញៀន មន្ទីរពេទ្យ ការអប់រំ ការហាត់​កីឡា ល្បែង​កម្សាន្ត សិល្បៈ ការបង្រៀន​វិជ្ជាជីវៈ ដូចជា ជំនាញ​ជាង​ឡាន ម៉ូតូ តុ ទូ ឆ្លាក់ ផ្នែក​កសិកម្ម រៀន​ភាសា​អង់គ្លេស និង​កុំព្យូទ័រ​។

បើតាម​លោក​វេជ្ជបណ្ឌិត មូលហេតុ​នាំឱ្យ​លោក​វេជ្ជបណ្ឌិត កែ ស៊ីនួន មាន​គំនិត​បើក​មជ្ឈមណ្ឌល លោក​បាន​សិក្សា​ឃើញ​ប្រជាជន​ខ្មែរ​ខ្លះ ភាគច្រើន កម្មករ ឬ​បុគ្គលិក​ខាង​សំណង់​ប្រើ​ថ្នាំញៀន​ច្រើន​។ ម្យ៉ាង ការ​បន្សាប​គ្រឿងញៀន​ក៏​ទាក់ទង​នឹង​ជំនាញ​ពេទ្យ លោក​មាន​កូនចៅ​ស្រាប់ និង​មាន​ដី​នៅ​តំបន់​ហ្នឹង ក៏​គិតថា ចង់​បើក​ដើម្បី​ជួយ​សង្គម ស្ដារនីតិសម្បទា​ដល់​អ្នក​ញៀន​។

បើតាម​លោក​វេជ្ជបណ្ឌិត លោក​មាន​បុគ្គលិក​ស្រាប់ ដូចជា ពេទ្យ បុគ្គលិក​ផ្នែក​សង្គមកិច្ច និង​មាន​កិច្ចសហការ​ជាមួយ​កងរាជ​អាវុធហត្ថ​។ ចំពោះ​ផ្នែក​សង្គមកិច្ច អ្នកមាន​ជំនាញ​ខាង​បណ្ដុះបណ្ដាល ផ្នែក​ផ្លូវចិត្ត អំពី​ជំងឺ​គ្រឿងញៀន ប្រហែល​ជា​ត្រូវការ​ ៥ ​នាក់ សន្តិសុខ​ការពារ​សុវត្ថិភាព​ប្រហែលជា​ ១០ ​នាក់ ចុងភៅ និង​ផ្នែក​សម្អាត ដូច្នេះ​ប្រហែល​ជា​ត្រូវការ​បុគ្គលិក ២០-៣០ ​នាក់​។

លោក​ឱ្យដឹង​ដែរ​ថា លោក​មាន​គម្រោង តាំងពី​ ១ ឆ្នាំមុន តែ​ទើបបាន​រៀបចំ​ចាប់​ផ្ដើម​សាងសង់​ប្រហែល​ជា​ ១​ ខែ និង​សង្ឃឹម​អាច​បញ្ចប់​នៅ​ ៥​ ខែ​ខាងមុខ​។

លោក​វេជ្ជបណ្ឌិត បាន​បង្ហើប​ពី​ថវិកា​ដែល​នឹងត្រូវ​សាងសង់​ថា​៖ «​យើង​បាន​រៀបចំ​ ១៤ ​ហិកតា សិន​។ យើង​ធ្វើ​អគារ ១ ​ការេ ២០០-២២០ ​ដុល្លារ យើង​ធ្វើ​ដំបូង​ប្រហែលជា​អស់​ត្រឹម​កន្លះ​លាន​សិន​។ បើ​តម្រូវការ​មាន​ច្រើន​ប្រហែល​យើង​ត្រូវ​ពង្រីក​បន្តបន្ទាប់​ដល់ ​១៥​ ហិកតា និង​អាច​ចំណាយ ៤-៥ ​លាន​។ ក្នុងនោះ យើង​នឹងមាន​បែងចែក​អគារ​បន្ទប់​ធម្មតា បន្ទប់ VIP និង VVIP តាម​លទ្ធភាព​ក្រុមគ្រួសារ ឬ​អាណាព្យាបាល​ដែល​គេ​ចង់បាន​»​។

នៅពេល​អ្នកញៀន​គ្រឿងញៀន​ចូល​មកដល់​មណ្ឌល លោក​វេជ្ជបណ្ឌិត​ប្រាប់​ថា ទី​ ១ មណ្ឌល នឹងធ្វើ​ការវាយតម្លៃ​ទៅតាម​កម្រិត​ញៀន​ថា ជា​កម្រិត​ស្រាល កម្រិត​មធ្យម ឬ​កម្រិតធ្ងន់ ហើយនឹង​ពន្យល់​ណែនាំ​គ្រួសារ​ជនរងគ្រោះ​ថា គួរ​ស្នាក់នៅ ៦ ​ខែ ៩​ ខែ ឬ​ ១-២​ ឆ្នាំ​។ ដោយ​ក្នុងនោះ ជនរងគ្រោះ​នឹង​រៀន​ជំនាញ​។ ជំនាញ​ខ្លះ​ ៣ ​ខែ ៦ ​ខែ ឬ​ ១ ​ឆ្នាំ​។

លោក​បញ្ជាក់ថា​៖ «​ពេល​រៀន​ចប់​យើង​ចេញ​វិញ្ញាបនបត្រ​លើក​ទឹកចិត្ត​គាត់​។ ​ពេលចេញ​យើង​អាចជួយ​រក​ការងារ​ខាងក្រៅ​។ យើង​អាចទាក់ទង​តាម​អាជីវករ ឬ​ខាង​រដ្ឋាភិបាល​។ បើ​គាត់​រៀន​ជាង​ឡាន យើង​ដាក់​ខាង​ឡាន បើ​រៀនភ្លើង យើង​ដាក់​ខាង​រដ្ឋាករ បើ​រដ្ឋបាល យើង​ដាក់​ខាង​ប៉ូលិស ទាហាន​ទៅតាម​ជំនាញ​គាត់​»​។

ចំនួន​គ្រឿងញៀន​ដែល​ចាប់បាន​មាន​ការ​កើនឡើង​ជាង ៣ ៤០៥​ គ.ក្រ ឬ​កើន​លើស​ ១៩ ​ដង បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១​។ ក្រសួង​សុខាភិបាល ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២​ នេះ​បាន​ដំណើរការ​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត និង​ការ​ញៀន​គ្រឿងញៀន​បាន​ចំនួន​ ៤៥៤ ​កន្លែង​នៅ​ទូទាំង​ប្រទេស​។

ថ្មីៗ​នេះដែរ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំ​ ២០២២ បាន​អញ្ជើញ​ចុះ​ពិនិត្យ មជ្ឈមណ្ឌល​ស្តារនីតិសម្បទា និង​បន្សាប​អ្នកញៀន​គ្រឿងញៀន កែ ស៊ីនួន នៅ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​។

លោក​ អំ សំអាត នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ការសាងសង់​មជ្ឈមណ្ឌល​បន្សាប និង​ព្យាបាល​គ្រឿងញៀន​នេះ​។

លោក​ សំអាត ថ្លែងថា​៖ «​ខ្ញុំ​យល់ថា ជា​រឿង​ល្អ ដែល​មាន​ការបង្កើត​មជ្ឈមណ្ឌល​បន្ថែម​ ដើម្បី​ធ្វើការ​ព្យាបាល​ និង​បន្សាប​គ្រឿងញៀន ពីព្រោះ​យើង​ឃើញ​ហើយ​ថា បច្ចុប្បន្ន​បញ្ហា​គ្រឿងញៀន​នេះ វា​បាន​វាយលុក​ទូទាំង​ប្រទេស​រហូត​ទៅដល់​តាម​ជនបទ​ទៀត​»​។

លោក​ថា មណ្ឌល​ទាំងអស់​ត្រូវតែ​ប្រកប​ដោយ​ស្តង់ដា ដើម្បី​ជួយ​ជនរងគ្រោះ ដោយសារ​បញ្ហា​គ្រឿងញៀន​។ ព្រោះ​កន្លងមក ឃើញ​មាន​របាយការណ៍​ច្រើន​ទាក់ទង​នឹង​មណ្ឌល​មួយចំនួន​មិនទាន់​ប្រកប​ដោយ​ស្តង់ដា​ទេ ហាក់ដូចជា​ជនរងគ្រោះ​ ដោយសារ​គ្រឿងញៀន​មួយ​ចំនួន​រង​បញ្ហា​នៅ​មណ្ឌល​ទៅវិញ​។

មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​បន្តថា​៖ «​ពេលខ្លះ​គាត់​រងគ្រោះ​ពី​បញ្ហា​គ្រឿងញៀន ហើយ​បញ្ហា​អំពើហិង្សា​ទៀត​ពេល​ទៅ​មណ្ឌល​។ អ៊ីចឹង​យើង​ចង់ឱ្យ​មានការ​មើលថែ យកចិត្ត​ទុកដាក់ ហើយ​ចាត់ទុក​អ្នក​ទាំងអស់​ហ្នឹង​ជា​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​»​។

លោក​ អំ សំអាត បាន​បញ្ជាក់ថា​៖ «​យើង​ត្រូវធ្វើ​យ៉ាងណា​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុងការ​បង្ក្រាប ទប់ស្កាត់​លំហូរ​ចូល និង​ការជួញដូរ​គ្រឿងញៀន​។ ទី​ ២ ជនរងគ្រោះ​ ដោយសារ​គ្រឿងញៀន​ត្រូវតែមាន​ការព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​»៕