កំពង់ស្ពឺៈ កម្ពុជា​គ្រោង​បញ្ជូន​កងទ័ព​មួក​ខៀវ​ដែល​ជា​កង​កម្ទេច​គ្រឿងផ្ទុះ (EOD) ​ចំនួន​ប្រមាណ​ ១០០​ នាក់​បន្ថែមទៀត​ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការ សហប្រជាជាតិ នៅ​រដ្ឋធានី​ប៊ែងហ្គី (Bangui) ​នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​នៅក្នុង​អំឡុង​ត្រីមាស​ទី​ ៣ ​ឆ្នាំ​ ២០២២​។

លោក សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​ថ្លែងថា កង​ថ្មី​ដែលជា​កង​កម្ទេច​គ្រឿងផ្ទុះ​ចំនួន​ ៩៨ ​នាក់​ត្រូវបាន​ក្រុមមន្ត្រី អ.ស.ប ៤ ​នាក់​ធ្វើការ​វាយតម្លៃ​សមត្ថភាព និង​ជំនាញ​វិជ្ជាជីវៈ​ប្រើប្រាស់​សម្ភារ​កម្ទេច​គ្រឿង​ផ្ទុះ​ និង​ត្រួតពិនិត្យ​សម្ភារ​គ្រឿង​បំពាក់​នានា​។ ក្រុមមន្ត្រី អ.ស.ប ក៏បាន​ធ្វើ​របាយការណ៍​ទៅ​ស្នាក់ការ​កណ្តាល អ.ស.ប ដើម្បី​រៀបចំ​បញ្ជូន​កង​ថ្មី​ ១ ​កង​នេះ​ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព អ.ស.ប នៅ​រដ្ឋធានី​ Bangui​ បន្ថែមទៀត​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំនេះ​។

លោក សែម សុវណ្ណនី ថ្លែង​ដូច្នេះ​ថា មធ្យោបាយ​សម្ភារ គ្រឿង​បំពាក់ អគារ​ស្នាក់នៅ និង​អគារ​ផ្ទះបាយ​ចល័ត​ ដើម្បី​រៀបចំ​កង​កម្ទេច​គ្រឿងផ្ទុះ​ថ្មី​សម្រាប់​បញ្ជូន​ចេញទៅ​បំពេញ​បេសកកម្ម​សន្តិភាព​របស់​អសប​នៅ​អាហ្វ្រិក​កណ្តាល​នា​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម ខេត្ត​កំពង់ស្ពឺ ដើម្បី​ប្រជុំ​ចុងក្រោយ​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​មន្ត្រី​ក្រុម​ការងារ​វាយតម្លៃ​របស់ អ.ស.ប នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។

លោក សែម សុវណ្ណនី ដែលជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​បាន​ថ្លែងថា កម្ពុជា​បាន​បញ្ជូន​ទ័ព​មួក​ខៀវ​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព អ.ស.ប នៅ​តំបន់​ Bria​ នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​លើកដំបូង​នៅ​ឆ្នាំ ​២០១៥​។ មកដល់​ឆ្នាំ​ ២០២២ កម្ពុជា​បាន​បញ្ជូន​ទ័ព​មួក​ខៀវ​ប្តូរ​វេន​ប្រចាំឆ្នាំ ១​ ឆ្នាំ​ម្តង​មាន​ចំនួន​ជាង ​២០០ ​នាក់ បាន​ចំនួន​ ៨​ លើក ដោយឡែក​ការបញ្ជូន​ប្តូរ​វេន​លើក​ទី​៨ ​ក្នុង​ឆ្នាំ​ ២០២២​ នេះ ភាគី អ.ស.ប បាន​ស្នើ​កម្ពុជា​បន្ថែម​កងកម្លាំង​ចំនួន​ ១៥ ​នាក់​បន្ថែមទៀត ដើម្បី​ពង្រីក​បេសកកម្ម​ដូចជា សាងសង់​សំណង់​ផ្តេក សាងសង់​សំណង់​បញ្ឈរ ដោះមីន កម្ទេច​គ្រឿង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជីក​អណ្តូងទឹក​ជួយ​ជន​ស៊ីវិល​ផ្នែក​មនុស្សធម៌ និង​ការពារ​ជនស៊ីវិល​នៅ​តំបន់​មាន​ជម្លោះ​សង្គ្រាម​នៅ​តំបន់​ Bria ជាដើម​។

កម្ពុជា​គិត​ចាប់ពី​ឆ្នាំ​ ២០០៦ រហូតមកដល់​ឆ្នាំ ​២០២២​ នេះ​បាន​បញ្ជូន​កងកម្លាំង​សរុប​ជាង ៨ ០០០ ​នាក់​ក្នុង​នោះ​មាន​នារី​ចំនួន​ជាង​ ៥០០ ​នាក់​ទៅកាន់​បេសកកម្ម​ចំនួន​ ១១ ក្នុងប្រទេស​ចំនួន ​៩​ ប្រទេស​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​។ ដោយឡែក​នៅក្នុង​ឆ្នាំ​ ២០២២ ​នេះ កម្ពុជា​មាន​កងទ័ព​មួកខៀវ​ចំនួន​ជិត​ ៨០០​ នាក់​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅតាម​បណ្តា​ប្រទេស​ចំនួន​ ៤ ​រួមមាន ប្រទេស​ស៊ូដង់​ខាងត្បូង លីបង់ អាហ្វ្រិក​កណ្តាល និង​ប្រទេស​ម៉ាលី​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ថ្លែងថា ការបញ្ជូន​កងទ័ព​មួកខៀវ​របស់​កម្ពុជា​នៅក្រោម​ឆត្រ អ.ស.ប គឺជា​កាតព្វកិច្ច​ក៏ដូចជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ការបរទេស​កម្ពុជា​ដែល​លើកកម្ពស់ សន្តិសុខ​សកល និង​ការថែរក្សា​អាយុជីវិត​មនុស្ស​។ បច្ចុប្បន្ន​កម្ពុជា​កំពុង​ជំរុញ​តួនាទី​ជា​អ្នកថែរក្សា​សន្តិសុខ​សកល ព្រោះថា​កម្ពុជា​យល់ច្បាស់​អំពី​គុណ​តម្លៃ​សន្តិភាព​ ដោយសារ​តែ​កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​៕