ភ្នំពេញៈ ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​កន្លងមកនេះ សាលា​ភូមិន្ទ​រដ្ឋបាល​បាន​បណ្តុះបណ្តាល​មន្ត្រីរាជការ​ចំនួន ១៦ ៦០៦ ​អង្គ​/​នាក់​។

សាលា​ភូមិន្ទ​រដ្ឋបាល​ចាត់ទុកថា សមិទ្ធផល​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​ពី​ផល​វិជ្ជមាន និង​ដំណើរ​បន្ត​ឆ្ពោះទៅមុខ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​សម្រាប់​វិស័យ​សាធារណៈ​។

សាលា​ភូមិន្ទ​រដ្ឋបាល​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ៩ ខែមិថុនា ថា​៖ «​ចាប់តាំងពី​ឆ្នាំ​ ១៩៩២ រហូត​មកទល់​ពេលនេះ សាលា​ភូមិន្ទ​រដ្ឋបាល​បាន​បណ្តុះបណ្តាល​មន្ត្រីរាជការ​សរុប​ចំនួន ១៦ ៦០៦ ​អង្គ​/​នាក់ ដែលមាន​ទាំង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​វែង និង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​សមិទ្ធផល​ទាំងអស់​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ផល​វិជ្ជមាន​ និង​ដំណើរ​បន្ត​ឆ្ពោះ​ទៅមុខ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​សម្រាប់​វិស័យ​សាធារណៈ និង​បាន​សបញ្ជាក់​ផងដែរ​ពី​ជំហរ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​ដល់​ការបណ្តុះបណ្តាល​សមត្ថភាព មន្ត្រី​រាជការ​នៃ​រាជរដ្ឋាភិបាល​ក្នុង​មុខតំណែង​ដឹកនាំ​ និង​គ្រប់គ្រង​អង្គភាព​នៅ​គ្រប់​កម្រិត​»​។

ប្រភព​ដដែល​បញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ឆ្នាំ​ ២០២០-២០២១ និង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ឆ្នាំ​ ២០២២ របស់​សាលា​ភូមិន្ទ​រដ្ឋបាល​នៅ​ថ្ងៃទី ​១៣ ខែមិថុនា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

សាលា​ភូមិន្ទ​រដ្ឋបាល​បញ្ជាក់ថា ព្រឹត្តិការណ៍​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​ជា​លើក​ទី​ ១ ​ហើយ​សម្រាប់​សាលា​ភូមិន្ទ​រដ្ឋបាល បន្ទាប់ពី​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​បាន​ធូរស្បើយ ហើយ​ការរស់នៅ​ និង​ការប្រកប​ការងារ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ទូទៅ​បាន​វិល​ត្រឡប់​មក​ប្រក្រតីភាព​ឡើងវិញ​ស្ទើរតែ​ទាំងស្រុង​៕