ភ្នំពេញៈ ជប៉ុន​ស្នើសុំ​ឱ្យ​កម្ពុជា​ចាត់​អង្គភាព​ស៊ីម៉ាក់​ឱ្យ​បន្ត​ជួយ​គាំទ្រ​ដល់​ការហ្វឹកហ្វឺន​ផ្នែក​សកម្មភាព​មីន​ដល់​នាយទាហាន​កូឡុំប៊ី​រយៈពេល​ ៣​ ឆ្នាំ​ទៀត ចាប់ពី​ឆ្នាំ​ ២០២៣ ដល់​ឆ្នាំ ​២០២៥ បន្ទាប់ពី​ជប៉ុន​យល់ព្រម​តាម​សំណើ​ថ្មី​របស់​កូឡុំប៊ី​ឱ្យ​បន្ត​ជួយ​គាំទ្រ​ដល់​ការហ្វឹកហ្វឺន​នេះ​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) សរសេរ​នៅលើ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ៩ ខែមិថុនា ថា រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA) បាន​គាំទ្រ​អង្គភាព​ស៊ីម៉ាក់​ក្នុងការ​ផ្តល់​ការហ្វឹកហ្វឺន​ពង្រឹង​សមត្ថភាព ជំនាញ និង​ចែករំលែក​បទពិសោធ​លើ​វិស័យ​មីន​រវាង​ប្រទេស​កម្ពុជា និង​កូឡុំប៊ី​។

លោក​បន្តថា ចាប់ពី​ឆ្នាំ​ ២០១០ ដល់​ខែមិថុនា ឆ្នាំ ​២០២២ ​នេះ អង្គភាព​ស៊ីម៉ាក់​បាន​ផ្ដល់​ការហ្វឹកហ្វឺន​ជំនាញ​សកម្មភាព​មីន​ដល់​នាយទាហាន​កូឡុំប៊ី​បាន​ចំនួន​ ២ ​ដំណាក់កាល ដែល​ចែកចេញ​ជា​ ១០ ​វគ្គ និង​សិក្ខាកាម​ចូល​រួមមាន​ចំនួន​ជាង​ ១៨០ ​នាក់​។

លោក ហេង រតនា សរសេរ​ថា ដោយ​មើលឃើញ​ពី​ភាពជោគជ័យ​ក្នុងការ​ហ្វឹកហ្វឺន​កន្លង​មក រដ្ឋាភិបាល​កូឡុំប៊ី​បានដាក់​សំណើសុំ​ជាថ្មី​ដល់​រដ្ឋាភិបាល​ជប៉ុន​ឱ្យ​បន្ត​ជួយ​គាំទ្រ​ដល់​ការហ្វឹកហ្វឺន​ដល់​នាយទាហាន​កូឡុំប៊ី​សម្រាប់​រយៈពេល​ ៣ ​ឆ្នាំ​ទៀត ចាប់ពី​ឆ្នាំ​ ២០២៣ ដល់​ឆ្នាំ​ ២០២៥​។

លោក​បន្តថា​៖ «​រដ្ឋាភិបាល​ជប៉ុន​យល់ព្រម​តាម​សំណើ​ថ្មី​នេះ និង​បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចាត់​អង្គភាព​ស៊ីម៉ាក់​ឱ្យ​បន្ត​ការហ្វឹកហ្វឺន​ជូន​តាម​សំណើ​របស់​រដ្ឋាភិបាល​កូឡុំប៊ី​។ ដើម្បី​សម្រេចបាន​នូវ​គម្រោង​ថ្មី​នេះ គណៈប្រតិភូ​អង្គភាព​ស៊ីម៉ាក់ និង​ធ្វើដំណើរ​ទៅ​ប្រទេស​កូឡុំប៊ី​នៅ​ចុងខែ​មិថុនា​នេះ​»​។

កាលពី​ថ្ងៃទី ​៩ ខែមិថុនា វគ្គ​ហ្វឹកហ្វឺន​ជូន​នាយទាហាន​ផ្នែក​សកម្មភាព​មីន​នៃ​ក្រសួង​ការពារ​ជាតិ​កូឡុំប៊ី​លើ​ប្រធានបទ​ស្តីអំពី «​ការគ្រប់គ្រង​គុណភាព និង​បទដ្ឋាន​ប្រតិបត្តិការ​» ត្រូវបាន​បិទ​បញ្ចប់​នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ​។

ពិធី​បិទ​វគ្គ​នេះ​ក៏មាន​ការចូលរួម​ពី​លោកស្រី Ana Miria Prieto ឯកអគ្គរាជទូត​ប្រទេស​កូឡុំប៊ី​ប្រចាំ​កម្ពុជា លោក Okada Naoya លេខា​ទី​ ២ ​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោក Yanagawa Shinji អនុប្រធាន JICA​។

វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​រយៈពេល​ ២ ​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​ ៣០ ឧសភា ដល់​ថ្ងៃទី​ ៩ ខែមិថុនា ឆ្នាំ ២០២២ ដែលមាន​នាយទាហាន​ជា​សិក្ខាកាម​ចូលរួម​ចំនួន​ ១៥ ​រូប​៕